ព្រះសង្ឃ និងសកម្មជនសិទ្ធិដីធ្លីប្រហែល៦០អង្គនិងនាក់មកពីសហគមន៍ដែលប្រឈមនឹងការបណ្តេញចេញនៅក្នុងតំបន់ បឹងកក់ បុរីកីឡា និងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានធ្វើការតវ៉ានៅខាងក្រៅតុលាការកំពូលកាលពីម្សិលមិញទាមទារឲ្យដោះលែងមនុស្ស២១នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើកូដកម្មកាលពីខែមករា។
អ្នកតវ៉ាបានកាន់ផ្កាឈូក ធូប និងបដា បានហែក្បួនបីលើកជំុវិញប្លុកមួយនៅទីក្រុងដែលតុលាការស្ថិតនៅ និងបានស្រែកទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង២១នាក់។
អ្នកស្រី ទេព វន្នី សកម្មជនប្រឆាំងការបណ្តេញចេញមកពីតំបន់បឹងកក់បាននិយាយថា “ យើងមិនមែនគ្រាន់តែចង់ឲ្យដោះលែងពួកគេនៅក្រៅឃុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងអស់ ពីព្រោះពួកគេគឺជាជនរងគ្រោះ មិនមែនជាអ្នកមានកំហុសទេ”។ អ្នកស្រី ទេព វន្នី បានលើកឡើងថា “ បើទោះជាសាលាដំបូង និងសាលាឧទ្ធរណ៍បដិសេធមិនព្រមដោះលែង [អ្នកជាប់ឃុំទាំង២១នាក់] នៅក្រៅឃុំក៏ដោយ ក៏យើងសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេ ពីព្រោះពួកគេគ្មានកំហុសទេ”។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅកន្លែងតវ៉ានោះរយៈពេលខ្លី ដោយបានឈប់រថយន្តរបស់លោកនៅក្បែរតុលាការ ហើយបានដើរទៅជួបអ្នកតវ៉ាទាំងនោះអស់រយៈពេលប្រហែលពីរបីនាទី។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកចង់បង្ហាញការគាំទ្ររបស់លោកចំពោះអ្នកជាប់ឃុំទាំង២១នាក់ដែលត្រូវបានឃុំខ្លួនអំឡុងការបង្ក្រាបដោយហិង្សាទៅលើកម្មកររោងចក្រកាត់ដេរកាលពីខែមុនពីសំណាក់ទាហាននិងកងរាជអាវុធហត្ថ៕សារុន