31 C
Phnom Penh

គណបក្ស​ធំៗទាំងពីរកំណត់​យកសប្តាហ៍​ក្រោយ​សម្រាប់​ពិភាក្សា​គ្នាអំពីការ​កែទម្រង់​ការបោះ​ឆ្នោត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឲ្យ​ដឹង​ថា ជំនួប​លើក​ទី១​នៃ​គណៈ​កម្ម​ការរួមរវាងគណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែលមានគោល​បំណង​​បង្កើត​ក្របខណ្ឌ​​មួយ​សម្រាប់​​កែ​ទម្រង់​ ប្រព័ន្ធ​បោះ​ឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិស្នើ​សុំ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នឹង​ត្រូវ​បានរៀបចំ​ ​នៅ​សប្តាហ៍​ក្រោយ​។

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​គ្នា​បួន​លើក​មកហើយ ចាប់​តាំង​ពី​ពេលលទ្ធផល​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាលពី​​ខែ​កក្កដាត្រូវ​បាន​ប្រកាស​ ប៉ុន្តែ មិន​បាន​ព្រម​ព្រៀង​គ្នា​អំពី​ការ​កែ​ទម្រង់​ជាក់​ស្តែង​ណាមួយ​ទៅ​លើ​ដំណើរការ​បោះ​ឆ្នោត​ឡើយ​។ ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ចូល​រដ្ឋសភា ដែល​​បាន​កោះ​​ប្រជុំ​កាលពី​ក្នុង​ខែ​កញ្ញាឆ្នាំមុន ដើម្បី​តវ៉ា​ចំពោះ​ការដែលគណបក្ស​ប្រជា​ជន​កម្ពុជា​មិន​បាន​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​ កាលពី​ខែ​កក្កដា បាន​ប្រព្រឹត្តទៅអស់​រយៈពេល​ប្រាំ​មួយ​ខែ​ហើយ​។

លោក សុន ឆ័យ​​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដឹក​នាំ​គណបក្ស​នេះ​ក្នុង​កិច្ចពិភាក្សា​អំពីកំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ បាន​លើក​ឡើង​កាលពី​ម្សិលមិញថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ បាន​ស្នើ​ឲ្យ​មាន​ការលើក​ពេល​នៃកិច្ចពិភាក្សា​បន្ទាប់​ ដែល​នឹង​ផ្តោត​លើ​ទិដ្ឋ​ភាព​បច្ចេកទេស នៃ​ការ​បង្កើត​ប្រព័ន្ធ​​បោះ​ ​ឆ្នោត​នៅ​ក្នុង​ប្រទេសកម្ពុជា ទៅ​​ថ្ងៃ​ច័ន្ទសប្តាហ៍​ក្រោយ។ លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​នៅ​ថ្ងៃ​ទៅ​​២៧ ខែកុម្ភៈ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា ខ្លួន​មិន​ទាន់​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ​ទេ ហើយ​យើង​បាន​យល់​ព្រម​ឲ្យ​មាន​ការពិភាក្សា​នៅ​ថ្ងៃ​ច័ន្ទ។ ពួកគេ​[គណ​បក្ស​ប្រជាជន​កម្ពុជា​] ​លើកឡើងថា ពួក​គេ​មិន​ទាន់​ត្រៀម​នៅ​ឡើយ​ទេ ពួកគេបាន​ស្នើ​ឲ្យ​រង់ចាំរហូតដល់​សប្តាហ៍​ក្រោយ”។

លោក ព្រំ សុខា រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ​មកពីគណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹក​នំា​គណបក្ស​កាន់​អំណាច​នេះ​ក្នុងកិច្ច​ពិភាក្សា​ដំបូង​ជាមួយ​គណបក្ស​សង្គ្រោះ​​ ជាតិ​បាន​បដិសេធ​មិនឲ្យដឹងថា តើ​គណបក្ស​ណា​មួយ​ជាអ្នក​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នេះ​ទេ​។ លោក​មានប្រសាសន៍​ដូច្នេះថា  “ យើង​ អាច​និយាយបែប​នេះ​បាន​ថា​ ក្រុម​ការងារ​មក​ពី​គណបក្ស​ទាំង​ពីរ​កំពុង​តែ​ធ្វើការ​ត្រៀម​សម្រាប់​កិច្ចប្រជុំដំបូង​នៃ​គណៈកម្មាធិការ​រួម​នេះ… ប៉ុន្តែ មិន​មែន​នៅ​ថ្ងៃ​ទី​២៧​នោះ​ទេ។ ពេល​នេះ​ការបរិច្ឆេទ​ពិត​ប្រាកដ​គឺ​នៅ​ដើម​សប្តាហ៍​ក្រោយ​ គឺ​ប្រហែលជា​ថ្ងៃ​ច័ន្ទ​”។ លោកបានមានប្រសាសន៍ថា “ យើង​មិន​ទាន់​​បាន​ត្រៀម​នៅ​ឡើយ​ទេ យើង​ត្រូវការ​ការត្រៀម​រៀប​ចំ​ផ្នែក​បច្ចេកទេស ​សម្រាប់​កិច្ចពិភាក្សា​នោះ​”។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បា​ន​លើក​ឡើង​កាលពី​ដើម​សប្តាហ៍​នេះ​ថា គណៈកម្មការ​គណបក្ស​រួម​នេះ​នឹង​មិន​ពិភាក្សា​អំពី​ចំណុចខ្វែង​គំនិត​គ្នា​​សំខាន់​ៗ​​រវាង​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិទេ​ពោលគឺ​ការ​បដិ​សេធ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពិចារណា​សំណើសុំឲ្យមានការ​ធ្វើការ​ស៊ើប​អង្កេតលើ​ភាព​មិនប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ក្នុងខែ​កក្កដា ឬ​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ពាក់​កណ្តាល​អាណត្តិ​​ នោះ​ទេ។

គណបក្ស​ទាំង​ពីរនេះ​នឹង​រិះរក​វិធី​បង្កើត​គណៈកម្មការ​មួយ​​មាន​សមាសភាពស្មើគ្នា​មក​ពី​គណ​បក្ស​​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ដើម្បី​សិក្សា​ និងរៀប​ចំ​ក្របខណ្ឌ​មួយ​សម្រាប់​​​កែទម្រង់​ការ​បោះ​ឆ្នោត ​នៅ​ពេល​អនាគត​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​​ចេញ​ដោយ​គណ​បក្ស​ទាំង​ពីរ​ បន្ទាប់​ពី​ជំនួប​ដំបូង​មួយ​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស