យោងតាមសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ជំនួបលើកទី១នៃគណៈកម្មការរួមរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលមានគោលបំណងបង្កើតក្របខណ្ឌមួយសម្រាប់កែទម្រង់ ប្រព័ន្ធបោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិស្នើសុំឲ្យមានការជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នឹងត្រូវបានរៀបចំ នៅសប្តាហ៍ក្រោយ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានជួបគ្នាបួនលើកមកហើយ ចាប់តាំងពីពេលលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដាត្រូវបានប្រកាស ប៉ុន្តែ មិនបានព្រមព្រៀងគ្នាអំពីការកែទម្រង់ជាក់ស្តែងណាមួយទៅលើដំណើរការបោះឆ្នោតឡើយ។ ការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិ មិនចូលរដ្ឋសភា ដែលបានកោះប្រជុំកាលពីក្នុងខែកញ្ញាឆ្នាំមុន ដើម្បីតវ៉ាចំពោះការដែលគណបក្សប្រជាជនកម្ពុជាមិនបានស៊ើបអង្កេតការបោះឆ្នោត កាលពីខែកក្កដា បានប្រព្រឹត្តទៅអស់រយៈពេលប្រាំមួយខែហើយ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំគណបក្សនេះក្នុងកិច្ចពិភាក្សាអំពីកំណែទម្រង់ការបោះឆ្នោត បានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានស្នើឲ្យមានការលើកពេលនៃកិច្ចពិភាក្សាបន្ទាប់ ដែលនឹងផ្តោតលើទិដ្ឋភាពបច្ចេកទេស នៃការបង្កើតប្រព័ន្ធបោះ ឆ្នោតនៅក្នុងប្រទេសកម្ពុជា ទៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ លោក សុន ឆ័យ បានមានប្រសាសន៍ថា “ យើងបានស្នើឲ្យមានការពិភាក្សានៅថ្ងៃទៅ២៧ ខែកុម្ភៈ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនមិនទាន់បានត្រៀមខ្លួននៅឡើយទេ ហើយយើងបានយល់ព្រមឲ្យមានការពិភាក្សានៅថ្ងៃច័ន្ទ។ ពួកគេ[គណបក្សប្រជាជនកម្ពុជា] លើកឡើងថា ពួកគេមិនទាន់ត្រៀមនៅឡើយទេ ពួកគេបានស្នើឲ្យរង់ចាំរហូតដល់សប្តាហ៍ក្រោយ”។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនំាគណបក្សកាន់អំណាចនេះក្នុងកិច្ចពិភាក្សាដំបូងជាមួយគណបក្សសង្គ្រោះ ជាតិបានបដិសេធមិនឲ្យដឹងថា តើគណបក្សណាមួយជាអ្នកស្នើឲ្យមានការពន្យារពេលនេះទេ។ លោកមានប្រសាសន៍ដូច្នេះថា “ យើង អាចនិយាយបែបនេះបានថា ក្រុមការងារមកពីគណបក្សទាំងពីរកំពុងតែធ្វើការត្រៀមសម្រាប់កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការរួមនេះ… ប៉ុន្តែ មិនមែននៅថ្ងៃទី២៧នោះទេ។ ពេលនេះការបរិច្ឆេទពិតប្រាកដគឺនៅដើមសប្តាហ៍ក្រោយ គឺប្រហែលជាថ្ងៃច័ន្ទ”។ លោកបានមានប្រសាសន៍ថា “ យើងមិនទាន់បានត្រៀមនៅឡើយទេ យើងត្រូវការការត្រៀមរៀបចំផ្នែកបច្ចេកទេស សម្រាប់កិច្ចពិភាក្សានោះ”។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីដើមសប្តាហ៍នេះថា គណៈកម្មការគណបក្សរួមនេះនឹងមិនពិភាក្សាអំពីចំណុចខ្វែងគំនិតគ្នាសំខាន់ៗរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេពោលគឺការបដិសេធរបស់គណបក្សប្រជាជនកម្ពុជាមិនពិចារណាសំណើសុំឲ្យមានការធ្វើការស៊ើបអង្កេតលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតក្នុងខែកក្កដា ឬធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ នោះទេ។
គណបក្សទាំងពីរនេះនឹងរិះរកវិធីបង្កើតគណៈកម្មការមួយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌមួយសម្រាប់កែទម្រង់ការបោះឆ្នោត នៅពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយគណបក្សទាំងពីរ បន្ទាប់ពីជំនួបដំបូងមួយកាលពីថ្ងៃទី១៧ ខែមករា៕ សុធា