29 C
Phnom Penh

បុគ្គលិក​មន្ទីរ​ពេទ្យ​ឈប់​តវ៉ា​បន្ទាប់​ពី​មាន​ការ​សន្យា​​សង់​អគារ​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​គ្រូពេទ្យ​ និង​វេជ្ជបណ្ឌិត​​នៅមន្ទីរ​ពេទ្យ​បង្អែក​រាជធានីភ្នំពេញ​បាន​និយាយកាល​ពី​ម្សិលមិញថា ពួកគាត់​​ផ្អាក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដោះដូរ​​​​ស្ងាត់ៗ​មន្ទីរ​ពេទ្យ​​បច្ចុប្បន្ន​​របស់​ខ្លួន​​ បន្ទាប់ពីលោក ម៉ម ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​​ក្រសួង​​​សុខា​ភិបាល​​យល់​ព្រម​តាម​សំណើ​​​សុំ​​អគារ​ថ្មី​ពីរទៀត​សម្រាប់​ពួកគាត់​។

លោករដ្ឋ​​​មន្ត្រី ​ ម៉ម ប៊ុនហេង បាន​ជួប​ជា​​​មួយ​​បុគ្គ​​​​លិក​មន្ទីរពេទ្យកាល​ពីម្សិលមិញ នៅ​​មន្ទី​រ​ពេទ្យ​នេះ ​មួយថ្ងៃ​បន្ទាប់​ពី​វេជ្ជ​​​បណ្ឌិត​ និង​ឆ្មប​ប្រហែល​៨០​នាក់បាន​តវ៉ា​​​ប្រឆាំង​នឹង​បទ​បញ្ជា​​​ឲ្យចាប់​ផ្តើម​រុះរើ​ចេញ​ ពី​មន្ទីរ​ពេទ្យ​បច្ចុ​ប្បន្ន​នៅតាម​​ផ្លូវ​លេខ​១៦៩​​ដើម្បី​ចូល​ទៅ​​ធ្វើ​ការ​នៅ​អគារ​ថ្មី​មួយ​ដែល​មិន​ទាន់​សាង​សង់​រួច​រាល់​។ បុគ្គលិក​មន្ទីរ​​​ពេទ្យ​​​​ ចោទ​អាជ្ញាធរ​ថា​ពុក​រលួយ​ក្នុងការ​ដោះដូរ​ដី​ជាមួយក្រុមហ៊ុន​ឯកជន​​មួយ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ ហើយបាន​និយាយ​ថា អគារ​ថ្មី​នេះ​តូច​ពេក​មិន​អាច​ឆ្លើយ​តប​តាម​តម្រូវ​​ការ​របស់​អ្នក​ជំងឺ​បាន​ទេ​។

កាល​ពី​ម្សិលមិញ លោក ម៉ម ប៊ុនហេង​ បាន​ស្នើសុំ​ដោយ​ផ្ទាល់​ឲ្យ​អ្នក​យក​ព័ត៌មាន​ចាក​ចេញ​ពី​បន្ទប់​មុន​ពេល​ចាប់​ផ្តើម​​ជួប​ពិភាក្សា​ជាមួយ​បុគ្គលិក​មន្ទីរ​ពេទ្យ​ ហើយ​បាន​បដិសេធ​មិន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ​នៅពេល​ក្រោយ​មក​។

បុរស​ម្នាក់​ដែល​ទទួល​ទូរស័ព្ទ​របស់​​លោក​ ម៉ម​ ប៊ុនហេង​ នៅពេល​ក្រោយ​បាន​បដិ​សេធ​មិន​ប្រាប់ឈ្មោះទេ ហើយ​បាន​អះ​អាង​ថា លោក​រដ្ឋ​មន្ត្រី​កំពុង​ជាប់​រវល់​។ ទោះជា​យ៉ាង​ណា បុគ្គលិក​ និង​មន្ត្រី​បាន​​និយាយ​ពេល​ក្រោយ​មក​ថា រដ្ឋ​មន្ត្រី​រូប​នេះ​បាន​សន្យាស្នើ​សុំ​អគា​រ​ថ្មី​ពីរ​ទៀត​សម្រាប់​ពួក​​គេ​ ហើយ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ការក្នុង​អគា​រ​បច្ចុប្បន្ន​រហូត​អគារ​ថ្មីសាង​សង់​រួច​រាល់​។

លោកវេជ្ជបណ្ឌិត​ ហុង លីគួង អនុ​ប្រធាន​​មន្ទីរពេទ្យ​នេះដែលបាន​ចូល​រួម​ការ​តវ៉ា​កាល​ពីថ្ងៃអង្គារ និង​បាន​ចូល​រួម​​កិច្ច​ប្រជុំ​កាល​ពីម្សិលមិញ បាន​បញ្ជាក់​ថា ​លោក​ ម៉ម ប៊ុន​ហេង​ បាន​យល់​ព្រម​តា​មការ​ទាម​ទារ​របស់​ពួកគាត់​។ លោក​វេជ្ជបណ្ឌិត ហុង​ ​ លីគួង បាន​មាន​ប្រសាសន៍ថា “ លោក ម៉ម ប៊ុនហេង ព្រម​​ទទួល​យក​ ហើយ​លោក​នឹង​ធ្វើ​សំណើ​ទៅ​​​រដ្ឋាភិបាល​សុំ​សាង​សង់​អគារ​ពីរ​ទៀត​។ បុគ្គលិកទាំង​អស់​នឹង​បំពេញ​ការ​ងារ​ជាធម្មតា​នៅ​អគារចាស់​រហូត​ដល់​​គេសាង​សង់​អគារ​​​ថ្មី​រួច​រាល់​”។​ លោក​បាន​មាន​ប្រសាសន៍ថា បុគ្គលិក​ព្រម​ព្រៀង​​ឈប់​ធ្វើ​ការ​តវ៉ា​។“ បុគ្គលិក​ទាំង​អស់​មាន​អារម្ម​ណ៍​សប្បាយ​រីករាយ​។ ខ្ញុំគិតថា លោក​រដ្ឋ​មន្ត្រី​អាច​ធ្វើ​បាន​”។

លោក​វេជ្ជ​បណ្ឌិត នេត សុវីរៈ ប្រធាន​មន្ទីរ​ពេទ្យនេះ​បាន​បញ្ជាក់ពីរឿង​នេះ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ប្រាប់​ថា ត្រូវ​ចាក​ចេញ​ពីអគារ​បច្ចុប្បន្ន​នៅពេល​ណា​នោះទេ​ ហើយ​លោក​បានមាន​ប្រសាសន៍ថា លោក ម៉ម ប៊ុនហេង​ មិន​បាន​ប្រាប់​ពីពេល​វេលា​ច្បស់​លាស់​ឡើយ​។ លោក​បានមាន​ប្រសាសន៍ថា “ ផ្អែក​តាម​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ យើង​នឹង​ប្រើ​ទី​តាំង​នេះ​ដើម្បីសាង​សង់​អគារ​ពីរ​ទៀត​។ ខ្ញុំមិន​ដឹង​ថា អគារ​ចាស់​នោះ​នឹង​ត្រូវ​ទុក​សម្រាប់​ធ្វើ​អ្វីទេ​ ប៉ុន្តែ យើង​ត្រូវ​ការ​សាង​សង់​អគារ​ពីរទៀត​”។

ប្រធាន​ផ្នែក​វះកាត់​នៅមន្ទីរ​ពេទ្យ​នេះ​ដែល​​គ្រាន់តែ​ប្រាប់​ថា គាត់​​ឈ្មោះ វុទ្ធី​ ដោយ​សារ​លោក​​​ខ្លាច​មាន​ការ​ស្តីបន្ទោស​ចំពោះ ការ​​និយាយ​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ បារម្ភ​ខ្លាច​​លោក​រដ្ឋមន្ត្រី​មិន​អាច​ធ្វើ​បាន​ ប៉ុន្តែ បាន​មាន​ប្រសាសន៍ថា លោក​ឈប់​ធ្វើ​ការ​តវ៉ា​សិន​នៅ​ពេល​នេះ​។ លោក​បានមាន​ប្រសាសន៍ថា “ យើង​បាន​​ផ្អាក​ធ្វើ​កូដកម្ម​មួយ​រយៈ​សិន​ ហើយ​យើង​នឹង​រង់​ចាំដំណោះស្រាយ​។ ខ្ញុំនឹង​មិន​ចាក​ចេញ​ពីអគារចាស់​ទេ​រហូតដល់​ខ្ញុំ​ដឹង​ថា អគារ​ថ្មី​កម្ពស់ប្រាំជាន់​ត្រូវ​បាន​សាងសង់​រួច​រាល់​”។

លោក​ ពុធ​ ចិត្ថា​វណ្ណ វេជ្ជបណ្ឌិត​ផ្នែក​​​​កុមារ​​នៅ​មន្ទីរពេទ្យនេះ​បាន​មាន​ប្រសាសន៍ថា អគារថ្មី​មួយ​ដែល​កំពុង​សាងសង់​នោះ​​តូច​ពេក​ និង​​ខ្វះ​បន្ទប់​ទឹក​ ហើយ​លោក​ជឿ​ជាក់​តែ​៤០​ទៅ​៥០​ភាគរយ​ប៉ុណ្ណោះថា អាច​សាង​សង់​អគារ​ពីរ​ទៀត​បាន​។ លោក​បាន​មាន​ប្រសាសន៍ថា​ លោក​ក៏​មាន​ការ​ខកចិត្ត​ចំពោះលោក​រដ្ឋ​មន្ត្រីផង​ដែរ​ដោយសារ​មិន​បាន​ឆ្លើយ​ច្បាស់លាស់​នៅ​ពេល​បុគ្គលិក​សួរ​សំណួរចំៗ​អំពី​ព័ត៌មាន​​ពាក់​ព័ន្ធ​នឹង​ការ​ដោះដូរ​ដីនេះ។ លោក​បានមាន​ប្រសាសន៍ថា “ យើង​សោក​ស្តាយ​ដែល​លោក​រដ្ឋ​មន្ត្រី​​លាក់​បាំង​ព័ត៌​មាន​អំពី​ការ​ដោះដូរ​មន្ទីរ​ពេទ្យ​នេះ​។ គ្មាន​បុគ្គ​លិក​​ណា​ម្នាក់​ដឹង​ថា  ក្រុមហ៊ុន​ណា​ទិញ​ដី​ចាស់​នេះទេ​”។

លោក សុខ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិ​បាល​​រាជធានីភ្នំពេញ​បាន​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​មិនចាំឈ្មោះ​ក្រុម​ហ៊ុន​​ឯក​ជន​ដែល​​កាន់​កាប់​​អគារ​មន្ទីរពេទ្យ​បច្ចុប្បន្ន​ជា​ថ្នូរ​នឹង​ការ​សាងសង់​អគារថ្មី​នេះទេ​​ ហើយ​​គេ​មិនអាច​ទាក់​ទង​​លោក​បាន​ទេ​កាល​ពី​ម្សិល​មិញ​។

ប្រធាន​ផ្នែក​សាងសង់​នៅក្នុង​​​ក្រុម​ហ៊ុន​​ Angkor ​International Development  ដែល​គ្រាន់​តែ​ប្រាប់ថា គាត់​​ឈ្មោះ សារ៉ាត់​ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​គាត់​កំពុង​សាង​សង់​អគារ​មន្ទីរ​ពេទ្យថ្មី​នេះ ប៉ុន្តែ ក៏​បាន​និយាយ​ដែរ​ថា គាត់​មិន​ដឹង​ថា នរណា​ជួល​ក្រុមហ៊ុន​គាត់​ឲ្យសាង​សង់អគារ​ថ្មីនេះទេ​៕គឹម​ហឿន​

(រាយការណ៍​បន្ថែម​ដោយ​ ឃី សុវុឌ្ឍី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស