យោងតាមឯកសារថ្មីមួយដែលសាលាក្តីខ្មែរក្រហមចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញថា លោក តា អាន ជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមក្នុងរបបខ្មែរក្រហមនៅក្នុងសំណុំរឿង០០៤នៅតែមិនអនុញ្ញាតឲ្យមើលសំណុំឯកសាររបស់គាត់ដដែល។
ឯកសារចុះថ្ងៃទី១៥ខែមករា ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារនោះ គាំទ្រសេចក្តីសម្រេចកាលពីថ្ងៃទី៣១ខែកក្កដា របស់លោក ម៉ាក ហាម៉ុន សហចៅក្រមសើុបអង្កេតអន្តរជាតិនៅសាលាក្តីខ្មែរក្រហម ក្នុងការបដិសេធមិនឲ្យលោកតា អាន មើលសំណុំឯកសាររបស់គាត់ ព្រោះគាត់មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទល្មើសណាមួយឡើយ។
មេធាវីរបស់លោកតា អាន ដែលជាអតីតលេខារងភូមិភាគកណ្តាលអំឡុងរបប ប៉ុល ពត បានប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់លោកចៅក្រម ម៉ាក ហាម៉ុន ប៉ុន្តែ ចៅក្រមខ្មែរនៅអង្គបុរេជំនុំជម្រះដែលមានសមាជិកចំនួនប្រាំរូបនេះ គឺលោក ប្រាក់ គឹមសាន្ត លោក ន័យ ថុល និងលោក ហួត វុទ្ធី បានច្រានចោលការប្តឹងឧទ្ធរណ៍នេះដោយលើកឡើងថា ពួកគាត់យល់ស្របតាមលោកចៅក្រម ម៉ាក ហាម៉ុន។
ទោះជាយ៉ាងណា ចៅក្រមអន្តរជាតិពីររូបគឺ ចាង ហូជុង និង រ៉ូវ៉ាន់ ដូនីង នៅក្នុងអង្គបុរេជំនុំជម្រះនេះ លើកឡើងថា ពួកគាត់ចាត់ទុក តាអាន ជាជនជាប់ចោទ ហើយថា សេចក្តីសម្រេចរបស់លោកចៅក្រម ហាម៉ុន គួរតែកែប្រែ។
មេធាវីរបស់លោកតា អាន បាននិយាយថា ការបដិសេធមិនឲ្យពួកគាត់មើលសំណុំឯកសារដែលពាក់ព័ន្ធនឹងកូនក្តីរបស់ពួកគាត់មានន័យថា ពួកគាត់មិនដឹងថា តើការសើុបអង្កេតលើកូនក្តីរបស់គាត់នឹងដំណើរការដោយវិធីណាទេ។លោកចៅក្រម ហាម៉ុន បានជំរុញឲ្យមានការសើុបអង្កេតក្នុងសំណុំរឿង០០៤ដែលរដ្ឋាភិបាលជំទាស់មិនឲ្យដំណើរការ។
លោកចៅក្រម យូ ប៊ុនឡេង សហចៅក្រមសើុបអង្កេតដែលជាសមភាគីជាតិរបស់លោកចៅក្រម ហាម៉ុន ដែលគាំទ្រគោលជំហររបស់រដ្ឋាភិបាលនោះ បានចាត់ទុកសំណុំរឿង០០៤ថា ចប់ហើយ ព្រោះវាស្ថិតនៅក្រៅអំណាចរបស់សាលាក្តី នេះ ដែលសើុបអង្កេតតែមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះបទល្មើសនៅក្នុងរបបនោះតែប៉ុណ្ណោះ៕គឹមហឿន