31 C
Phnom Penh

ក្រុមហ៊ុន​កូកាកូឡា​បញ្ជាក់​ថា​ខ្លួន​បាន​បញ្ជូន​ក្រុម​អ្នក​វាយ​តម្លៃ​ឲ្យ​ចុះមក​ត្រួ​តពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​កូកា​កូឡា​បាន​បញ្ជាក់​ថា ខ្លួន​បាន​បញ្ជូន​អ្នក​វាយ​តម្លៃ​មួយ​ក្រុម​​មក​ប្រទេស​កម្ពុ​ជា​ ដើម្បី​វាយ​តម្លៃអំពី​​ការ​ចោទ​​​​​​​​​ប្រកាន់​ជា​យូរ​មក​ហើយ​ទាក់ទិន​នឹង​ការ​​​រំលោភ​យក​ដី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​​​​នៅ​តំបន់​ចម្ការ​អំពៅ​ដែល​ជួយ​ផ្តល់​គ្រឿង​​​ផ្សំ​ដល់​ការ​ផលិត​ភេសជ្ជៈ​​របស់​ក្រុម​ហ៊ុន​ភេសជ្ជៈ​​​​​ដ៏​ធំ​មួយ​នេះ​។

ការ​ចុះ​មក​វាយ​តម្លៃ​របស់​ក្រុម​អ្នក​វាយ​តម្លៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ហ៊ុន​កូកា​កូឡា​បាន​សន្យា​កាល​ពី​ខែ​វិច្ឆិកា​ថា “ នឹង​មិន​អត់​ឱន​​ជា​ដាច់​ខាត​” ចំពោះ​ការ​រំលោភ​យក​ដី​ពី​សំណាក់​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករស​​មក​ឲ្យ​ខ្លួន​ និង​បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​សន្យា​ថា នឹង​​ធ្វើ​ការ​វាយ​តម្លៃ​ផ្នែក​សង្គម​ បរិស្ថាន​ និង​សិទ្ធិ​មនុស្ស​ទៅលើ​​ក្រុមហ៊ុន​ដែល​ផ្គត់​ផ្គង់​ស្ករស​មក​ឲ្យ​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ដូច​ជា​ក្រុមហ៊ុន ​Mitr Phol ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​​​ប្រទេស​ថៃ​ជាដើម។ ក្រុម​ហ៊ុន​ស្ករស​ដែល​​​​​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ចម្ការ​អំពៅ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​រំលោភ​យក​ដី​ពី​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​។

លោក​ស្រី​ សារ៉ូលីន​ ចយ​ (Sharolyn Choy) អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​កូកា​កូឡា​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ បាន​មាន​ប្រសាសន៍​ការ​ពី​ម្សិល​​មិញ​ថា “ក្រុម​អ្នក​វាយ​តម្លៃ​នឹង​ជួប​ជា​មួយ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​ រួម​មាន​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ជា​ដើម​ ដើម្បី​ចង់​ដឹងដោយ​ផ្ទាល់​​អំពី​ការ​​​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ​​ជា​ពិសេស​​បញ្ហា​ទាក់​ទិន​នឹង​ជម្លោះ​​ដី​ធ្លី​នៅ​ក្នុង​ឧស្សាហកម្ម​ស្ករស​”។

លោក​ស្រី​ សារ៉ូ​លីន ចយ​ បាន​បន្ថែម​ថា “យើង​​​បាន​​​​​ចាប់​ផ្តើម​ទំនាក់​ទំនង​ជាមួយ​ក្រុម​​ហ៊ុន​ផ្គត់​ផ្គង់​ស្ករ​ស​របស់យើង​ហើយ​ តាម​​អ្វី​ដែល​​ក្រុមហ៊ុន​​បាន​សន្យា​ថា នឹ​ង​ចាត់​វិធាន​ការ​​​ចំពោះ​​​ក្រុម​ហ៊ុន​​ណា​ដែលមិន​ធ្វើ​តាម​គោល​​ការ​ណ៍​របស់​ខ្លួន​នោះ​”។

លោក​ស្រី​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​​​​​ផ្សេង​ណាមួយ​ដែល​ទាក់​ទិន​នឹង​​ការ​ងារ​​របស់​ក្រុម​អ្នក​វាយ​តម្លៃ​នៅ​ក្នុង​ប្រទេស​​​កម្ពុជា​ឡើយ​។

លោក​ គ្រីស អេកកេម៉ានស៍ (Chris Eijkemans) ប្រធាន​អង្គកា​រ​ អក់​ហ្វាម  (Oxfam)​ប្រចាំ​ប្រទេស​​​កម្ពុជា​ បាន​ជួប​ជាមួយ​តំណាង​ក្រុម​អ្នក​វាយ​តម្លៃ​របស់​ក្រុម​ហ៊ុន​កូកា​កូឡា​ចំនួន​ពីរ​រូប​​និង​តំណាង​ចំនួន​បី​រូប​ទៀត​មក​ពី​ក្រុមហ៊ុន​ Arch Advisors ជា​ក្រុមហ៊ុន​សវនកម្ម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ជួយ​នៅ​ក្នុង​ការ​វាយ​តម្លៃ​នេះ​។

លោក អេកកេម៉ានស៍​ បាន​ឲ្យ​ដឹង​ថា ការ​ដែល​​​ក្រុមហ៊ុន​កូកា​កូឡា​បាន​បញ្ជូន​ក្រុម​អ្នក​វាយ​តម្លៃ​មក​វាយ​តម្លៃ​អំពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករ​ស​មក​ឲ្យ​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​សញ្ញា​​​ដ៏​ល្អ​មួយ​និង​ជា​គំរូ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ក្រុម​ហ៊ុន​​ផ្សេងៗ​​ដទៃ​ទៀត​ដែល​ទិញ​ស្ករស​ពី​​​ប្រទេស​​​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​​បន្ថែម​ថា ​“អ្នក​វាយ​តម្លៃ​​​របស់​ក្រុម​ហ៊ុន​កូកាកូឡា​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ណាស់ហើយ​ខ្ញុំគិត​ថា ពួក​គេ​នឹង​ធ្វើ​អ្វី​ដូច​​ដែល​​​ខ្លួន​បាន​សន្យា។ពួក​គេ​បាន​ប្រកាស​គោល​នយោ​​​​​​បាយ​មិន​អត់​ឱន​​ជា​ដាច់​​ខាត​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួក​គេ​មិន​អាចធ្វើ​បាន​​ទាំង​ស្រុង​នោះ​ទេ​”។

លោក​ អេកកេ​ម៉ានស៍​ បាន​ឲ្យ​ដឹងទៀត​ថា​ក្រុម​អ្ន​​ក​វាយ​តម្លៃ​កំពុង​តែ​ប្រមូល​ព័ត៌មាន​សម្រាប់​របាយ​ការណ៍​មួយ​ដែល​នឹង​ចេញ​នៅ​ពេល​ក្រោយ​នៅ​ក្នុង​ឆ្នាំ​នេះ​។

អង្គការ​ អក់​ហ្វាម​ (Oxfam) បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​កូកាកូឡា​ និង​សាខា​ទូទាំង​ពិភព លោក​ចំនួន​ប្រាំបួន​ផ្សេង​ទៀត​មិន​បាន​ធ្វើ​អ្វី​គ្រប់​គ្រាន់​ដើម្បី​ធានា​ថា ពួក​គេ​ទទួល​ទិញ​ស្ករស​ប្រកប​ដោយ​ក្រម​សីលធម៌នោះ​ឡើយ​នៅ​ក្នុង​របាយ​​​ការណ៍​​​មួយ​ដែល​អង្គការ​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា​ ហើយ​បាន​ធ្វើ​ការ​សិក្សា​​មួយលើ​ក្រុម​ហ៊ុន​ចម្ការអំពៅ​នៅ​ខេត្ត​កោះ​កុង​ដែល​ផ្គត់​ផ្គង់​ស្ករស​ទៅ​ឲ្យ​ក្រុមហ៊ុន Tate & Lyle ដែល​​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អង់​គ្លេស​​​តាម​រយៈ​ប្រទេស​ថៃ​។

ក្រុមហ៊ុន​ Tate & Lyle បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ​ហើយ​ឥឡូវ​នេះ​កំពុង​តែ​ការ​ពារ​ខ្លួន​នៅ​ក្នុង​តុលា​ការ​អង់​គ្លេស​​តទល់​នឹង​អ្នក​ភូមិ​ចំនួន​២០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ដែល​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​​​​​ចម្ការ​អំពៅ​ថា​បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គាត់​ ហើយ​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​​អង់គ្លេស​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​។

រីឯ​នៅ​ក្នុង​ខេត្ត​ឧត្ត​រមានជ័យឯណោះ​វិញ​ លោក​ ធ្មិន ទី​ ជា​អ្នក​ភូមិម្នាក់​បាន​និយាយ​ថា លោក​​ចង់​ឃើ​ញ​អ្នក​វាយ​តម្លៃ​​ចុះ​មក​វាយ​តម្លៃ​ជាយូរមកហើយ​។

លោក​ ទី​​ បាន​និយាយ​ទៀត​ថា លោក​បាន​​បាត់​បង់​ដី​ស្រែ​អស់​ទំហំ​ប្រាំ​​ហិកតា​​ដោយ​សារ​ក្រុមហ៊ុន​ចម្ការ​អំពៅ​មួយ​ក្នុង​ចំណោ​ម​ក្រុម​ហ៊ុន​ចម្ការ​ចំនួន​បី​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​​ Mitr Phol នៅ​ក្នុង​ខេត្ត​នេះ​។ ចំណែក​​ឯ​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ក្នុង​ស្រុក​វិញ​បាន​លើក​​​ឡើង​ថា បុគ្គលិក​របស់​ក្រុមហ៊ុន​ចម្ការ​អំពៅ​បាន​ប្រាប់​ខ្លួន​ថា​ លោក​ លី​ យ៉ុង​ផាត់​ ស​មាជិក​​ព្រឹទ្ធ​សភា​ ក៏​មាន​ភាគ​ហ៊ុននៅ​ក្នុង​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ទាំងនេះ​ដែរ​​  ប៉ុន្តែ​តំណាង​របស់​លោក​បាន​បដិសេធ​​បញ្ហានេះ​។

លោក​ ទី​ បាន​ឲ្យ​ដឹង​ថា លោក​សប្បាយ​ចិត្ត​  ដែល​បាន​ឃើញ​ក្រុមហ៊ុន​កូកាកូឡា​ចុះ​មក​វាយ​តម្លៃ​អំពី​ស្ថានភាព​ដោយ​ខ្លួន​ឯង​ផ្ទាល់​។ លោក​បាននិយាយថា​ “ខ្ញុំគិត​ថា​វា​រឿង​ល្អ​ដែល​ពួក​គេ​ចុះ​មក​ជួប​ជា​មួយ​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​”៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស