33 C
Phnom Penh

មន្ត្រី​​​រដ្ឋាភិបាល​​​និង​​​សេដ្ឋ​​​វិទូ​​​ថា ស្ថិរភាព​​​សង្គម​​​ពឹង​​​ផ្អែក​​​ទាំង​​​ស្រុង​​​ទៅ​​​លើ​​​ការ​​​បង្កើតការងារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​រដ្ឋាភិបាល​​​និង​​​សេដ្ឋវិទូ​​​បាន​​​​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញ​​​នៅ​​​ឯ​​​សន្និសីទ​​​ស្ដី​​​ពី​​​ទស្សន​​​វិស័យ​​​កម្ពុជាឆ្នាំ​​​២០១៤ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​​​​ឈាន​​​ចូល​​​ដំណាក់​​​កាល​​​ថ្មី​​​មួយ​​​នៃ​​​កំណើន​​​សេដ្ឋកិច្ច​​​ ដែល​​​ក្នុង​​​នោះ​​​ការ​​​អភិវឌ្ឍ​​​កម្លាំង​​​ពលកម្ម​​​ជំនាញ​​​នឹង​​​ក្លាយ​​​ជា​​​កត្តា​​​ដ៏​​​សំខាន់​​​​​​ចំពោះ​​​ស្ថិរភាព​​​សង្គម​​​និង​​​ការ​​​ប្រកួត​​​ប្រជែង​​​នៅ​​​ក្នុង​​​តំបន់​​​។

ថ្លែង​​​​​​សុន្ទរកថាដ៏​​​មាន​​​សារៈសំខាន់​​​នៅ​​​ក្នុង​​​​​​សន្និសីទ​​​នេះ​​​ លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​រដ្ឋបាល​​​ស៊ី​​​ជម្រៅ​​​ និង​​​​​​ការ​​​​​​បង្កើន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​វិស័យ​​​អប់​​​រំ​​​មាន​​​សារៈ​​​សំខាន់​​​ណាស់​​​ចំពោះ​​​ការ​​​ប្រកួត​​​ប្រជែង​​​របស់​​​កម្ពុជា​​​នាពេល​​​អនាគត​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួមក្នុង​​​សន្និសីទ​​​​​​​​​នៅ​​​សណ្ឋាគារ​​​អាំង​​​ទែ​​​កុង​​​​​​ទីណង់​​​តាល់​នេះ​​​​​ថា “កំណែទម្រង់​​​​​​គឺ​​​ជា​​​កិច្ច​​​ការ​​​​​​ចាំបាច់​​​និង​​​​​​បន្ទាន់​​​ ដែល​​​ត្រូវ​​​បន្ត​​​អនុវត្ត​​​​​​ទាំង​​​​​​សម្រាប់​​​​​​បច្ចុប្បន្ន​​​ និង​​​អនាគត​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “នៅ​​​ក្នុង​​​អាណត្តិ​​​នេះ​​​ត្រូវ​​​តែ​​​បង្កើន​​​​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​​​​អំពើ​​​ពុករលួយដើម្បី​​​ពង្រឹង​​​អភិបាល​​​កិច្ច​​​ល្អ​​​និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រសើរឡើង​​​នូវ​​​ការ​​​ផ្ដល់​​​សេវា​​​​​​សាធារណៈ​​​”។

លោក​​​ ហ៊ុន​​​ សែន​​​ តែង​​​តែ​​​មាន​​​ទម្លាប់​​​​​​សន្យា​​​ធ្វើ​​​កំណែ​​​ទម្រង់​​​រដ្ឋបាល​​​​​​ក្នុង​​​រយៈ​​​ពេល​​​​​​ជាង​​​​​​ពីរ​​​ទស​​​វត្សរ៍​​​មក​​​នេះ​​​ក្នុង​​​ឋានៈ​​​លោក​​​ជា​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ប៉ុន្តែ​​​​​​ប្រទេស​​​កម្ពុជា​​​​​​នៅ​​​តែ​​​​​​ស្ថិត​​​ក្នុង​​​ចំណោម​​​បណ្ដា​​​ប្រទេស​​​​​​មាន​​​ចំណាត់​​​ថ្នាក់​​​ទាប​​​បំផុត​​​​​​នៅ​​​ក្នុង​​​សន្ទស្សន៍​​​ពិភព​​​លោក​​​​​​ស្ដីពី​​​អំពើ​​​ពុករលួយ​​​និង​​​តម្លារភាព​​​ ហើយ​​​គណ​​​បក្ស​​​របស់​​​លោក​​​បាន​​​ឈ្នះ​​​ការ​​​បោះឆ្នោត​​​​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា យ៉ាង​​​ប្រកៀកប្រកិត​​​គ្នាស្រប​​​ពេល​​​ដែល​​​ប្រជាពលរដ្ឋ​​​​​​ទូទៅ​​​​​​មិន​​​សប្បាយ​​​ចិត្ត​​​​​​នឹង​​​ការ​​​ដឹកនាំ​​​របស់​​​​​​លោក​​​។

លោក ហ៊ុន​​​ សែន​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរថា ការ​​​បណ្ដុះបណ្ដាល​​​និង​​​​​​ការ​​​បង្កើត​​​ការងារ​​​​​​ គឺ​​​ជា​​​កត្តា​​​ដ៏​​​សំខាន់​​​មួយ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​​​​កំណើន​​​សេដ្ឋកិច្ច​​​ជា​​​ប្រចាំ​​​ ហើយ​​​កំណើន​​​សេដ្ឋកិច្ច​​​នៅ​​​ឆ្នាំ​​​នេះ​​​ត្រូវ​​​បាន​​​ព្យាករ​​​ទុក​​​ថា នឹង​​​នៅ​​​តែ​​​មាន​​​ចំនួន​​​ជាង​​​៧ភាគរយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​​​​ពង្រឹង​​​​​​គុណភាព​​​អប់​​​រំ​​​ គឺ​​​ជា​​​កិច្ច​​​ការ​​​ចាំបាច់​​​ដែល​​​​​​ត្រូវ​​​ធ្វើ​​​ និង​​​ជា​​​ធាតុ​​​ផ្សំ​​​​​​ដ៏​​​សំខាន់​​​មួយ​​​សម្រាប់​​​ការ​​​បង្កើត​​​​​​ការ​​​ប្រកួត​​​ប្រជែង​​​របស់​​​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​នៅពេល​​​អនាគត​​​”។

លោក​បាន​មាន​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​​​ថា “កម្ពុជា​​​​​​ខ្វះ​​​កម្មករ​​​ជំនាញ​​​​​​ទាំង​​​​​​កម្រិត​​​ទាប​​​​​​ទាំង​​​កម្រិត​​​មធ្យម​​​។​​​ អាទិភាព​​​ដ៏​​​ចម្បង​​​មួយ​​​សម្រាប់​​​រដ្ឋាភិបាល​​​​​​នៅ​​​រយៈ​​​ពេល​​​ប្រាំ​​​​​​ឆ្នាំ​​​បន្ទាប់​​​គឺ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​​​​ការ​​​​​​មិន​​​ស៊ី​​​សង្វាក់ ឬ​​​គម្លាត​​​​​​អាជីព​​​ ដែល​​​ឧស្សា​​​ហ​​​កម្ម​​​និង​​​​​​ពាណិជ្ជកម្ម​​​ត្រូវ​​​ការ​​​​​​”។

នៅ​​​ចុង​​​បញ្ចប់​​​ លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​ប្រាប់​​​​​​អ្នក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សន្និសីទ​​​នេះ​​​ថា លោក​​​​​​នឹង​​​​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​​​​គេ​​​ប្រើប្រាស់​​​យុវជន​​​ដើម្បី​​​គោល​​​បំណង​​​នយោបាយ​​​​​​ឡើយ​​​ ប៉ុន្តែ​​​លោក​​​​​​មិន​​​បាន​​​ពន្យល់​​​ឲ្យ​​​បាន​​​ច្បាស់​​ថា លោក​​​ចង់​​​មាន​​​ន័យ​​​​​​យ៉ាង​​​ដូចម្ដេច​​​ឲ្យ​​​ប្រាកដ​​​នោះទេ​​​។

លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​​​សូម​​​បញ្ជាក់ថា ខ្ញុំ​​​នឹង​​​ការពារ​​​​​​ដាច់​​​ខាត​​​​​​នូវ​​​ផល​​​ប្រយោជន៍​​​របស់​​​យុវជន​​​។​​​ ខ្ញុំ​​​នឹង​​​មិន​​​គាំទ្រ​​​សកម្មភាព​​​ដែល​​​សាកល្បង​​​អនាគត​​​របស់​​​​​​យុវជន​​​កម្ពុជា​​​ក្នុង​​​បំណង​​​សម្រេច​​​មហិច្ឆិតា​​​នយោបាយ​​​របស់​​​​​​មនុស្ស​​​មួយ​​​ក្រុម​​​តូច​​​ឡើយ​​​”។

បណ្ដា​​​សេដ្ឋវិទូ​​​ និង​​​​​​មេដឹកនាំ​​​ពាណិជ្ជកម្ម​​​ដែល​​​​​​បាន​​​ចូល​​​រួម​​​នៅ​​​​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​​​​ក្រោយ​​​ពី​​​​​​សុន្ទរកថារបស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី បាន​​​​​​លើក​​​ឡើងថា ការ​​​អនុវត្ត​​​តាម​​​ការ​​​សន្យា​​​​​​ធ្វើ​​​​​​កំណែទម្រង់​​​ប្រកប​​​​​​ដោយ​​​តម្លារភាព​​​ និង​​​ប្រសិទ្ធ​​​​​​ភាព​​​គឺ​​​មាន​សារៈ​​​សំខាន់​​​ចំពោះ​​​ការ​​​ទាក់​​​ទាញ​​​វិនិយោគទុន​​​និង​​​ការ​​​បង្កើត​​​​​​ការងារ​​​។

លោក​​​ ហ្វៃ​​​សាល​​​ អាម៉េត​​​ (Faisal Ahmed) តំណាង​​​មូលនិធិ​​​រូបិយវត្ថុ​​​អន្តរជាតិ​​​​​ IMF ប្រចាំ​​​កម្ពុជា​​​បាន​​​មានប្រសាសន៍​​​ថា “ចំណុច​​​សំខាន់​​​គឺ​​​ការ​​​អនុវត្ត​​​។​​​ នោះគឺ​​​គុណភាព​​​នៃ​​​ការ​​​អនុ​​​វត្ត ដែល​​​​​​នឹង​​​កំណត់​​​គុណ​​​ភាព​​​វិនិយោ​​​គ​​​ទុន​​​ក្នុង​​​ស្រុក​​​​​​និង​​​បរទេស​​​ ដែល​​​នឹង​​​កំណត់​​​​​​គុណភាព​​​នៃ​​​កំណើន​​​”។

លោក​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​​​​បន្ត​​​ថា នៅ​​​ពាក់​​​​​​កណ្ដាល​​​ឆមាសនេះ​​​អាច​​​នឹង​​​ទទួល​​​បាន​​​កំណើន​​​សេដ្ឋកិច្ច​​​​​​​​​​​​ ប៉ុន្តែ​​​នឹង​​​​​​ជួប​​បញ្ហា​​​ប្រឈម​​​​​​ធំៗ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​តាម​​​​​​ក្ដី​​​រំពឹង​​​របស់​​​ប្រជាពល​​​រដ្ឋ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​ចង់​​​បាន​​​អ្វី​​​លើស​​​ពី​​​ការងារ​​​​​​ទៅទៀត​​​​​​។​​​ ពួក​​​គេ​​​ចង់​​​បាន​​​ការងារ​​​ល្អ​​​ប្រសើរ។​​​ សេដ្ឋកិច្ច​​​នយោបាយ​​​​​​​​​កាន់​​​តែ​​​មាន​​​ភាព​​​ស្មុគស្មាញ​​​អំឡុង​​​​​​ពេល​​​​​​សេដ្ឋកិច្ច​​​រីក​​​ចម្រើន​​​”។

លោក​​​​​​ វង្សី វិសុទ្ធ រដ្ឋលេខាធិការ​​​ក្រសួង​​​​​​​​​សេដ្ឋកិច្ច​​​និង​​​ហិរញ្ញវត្ថុ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​​ក្នុង​​​ការ​​​​​​មិន​​​​​​បំពេញ​​​​​​តាម​​​តម្រូវ​​​ការ​​​​​​ការងារ​​​​​​នៃ​​​កម្លាំង​​​ពលកម្ម​​​ ដែល​​​​​​ចេះ​​​តែ​​​រីក​​​ធំឡើង​​​ៗនិង​​​មាន​​​ផល​​​ប៉ះពាល់​​​​​​ប្រកប​​​ដោយ​​​អស្ថិរភាព​​​​​​ដល់​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ការ​​​ងារ​​​​​​សម្រាប់​​​​​​យុវជន​​​ គឺ​​​ជា​​​អាទិភាព​​​ដ៏​​​ចម្បង​​​​​​​​​​​​មួយ​​​។ ប្រសិន​​​បើ​​​យើង​​​​​​មិន​​​ធ្វើ​​​វា​​​ទេ​​​​​​វា​​​ នឹង​​​ក្លាយ​​​ជា​​​បញ្ហា​​​​​​សង្គម​​​ និង​​​​​​បញ្ហា​​​នយោបាយ​​​។​​​យុវជន​​​ងាយ​​​នឹង​​​ត្រូវ​​​​​​អូស​​​ទាញ​​​​​​ដោយ​​​មនោ​​​គមន៍​​​វិទ្យា​​​ណាស់​​​”។

លោក​​​ ចាយអីន មេនណុន (Jayant Mennon) សេដ្ឋវិទូ​​​ជាន់ខ្ពស់​​​​​​​​​មួយ​​​រូប​​​​​​​​​របស់​​​​​​ធនាគារ​​​​​​អភិវឌ្ឍន៍​​​អាសីុ​​​ប្រចាំ​​​តំបន់​​​អាសីុ​​​អាគ្នេយ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ប្រឹង​​​ប្រែង​​​​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​មាន​​​ទំនាក់​​​ទំនង​​​​​​ជិតស្និទ្ធ​​​​​​​​​ទៅ​​​នឹង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​​​​បង្កើត​​​ការងារ​​​​​​ល្អ​ៗ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​​​​សន្និសីទ​​​នេះ​​​ថា  “ខ្ញុំ​​​សូម​​​ភ្ជាប់​​​​​​ទំនាក់​​​ទំនង​​​​​​​​​ដោយ​​​ផ្ទាល់​​​​​​រវាង​​​អំពើ​​​ពុករលួយ​​​ និង​​​កំណើន​​​​​​ ហើយ​​​​​​នឹង​​​ការងារ​​​​​​។​​​ សូចនាករ​​​ទាំង​​​អស់​​​​​​ផ្សេង​​​ទៀត​​​​​​​​​បង្ហាញ​​​ថា វា​​​មាន​​​ការ​​​ពាក់ព័ន្ធ​​​គ្នា​​​ជា​​​មូល​​​ដ្ឋាន​​​រវាង​​​អំពើ​​​ពុករលួយ ​​​​​​អភិបាល​​​កិច្ច​​​ល្អ​​​​​​ និង​​​បរិយាកាស​​​វិនិយោគ”។

អំឡុង​​​កិច្ច​​​ពិភាក្សា​​​ជាក្រុម​​​​​​ស្ដីពី​​​ការ​​​​​​​​​ពង្រឹង​​​​​​ជំនាញ​​​​​​​​​ការងារ​​​​​​ លោក​​​ ហង្ស​​​ ជួន​​​​​​ណារ៉ុន​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់រំ​​​​​​យុវជន និង​​​កីឡា​​​បាន​​​គូស​​​បញ្ជាក់​​​​​​ពី​​​វិធី​​​ផ្សេង​​​ៗ​​​ដែល​​​​​​​​​ប្រព័ន្ធ​​​អប់រំ​​​​​​មិន​​បាន​​​​​​ផ្ដល់​​​​​​ជំនាញ​​​​​​ដល់​​​និស្សិត​​​​​​សម្រាប់​​​​​​កម្លាំង​​​ការងារ​​​ទូទាំង​​​ពិភព​​​លោក​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​ពេល​​​​​​ប្រទេស​​​កម្ពុជា​​​​​​ទទួល​​​បាន​​​ការ​​​ចុះ​​​ឈ្មោះ​​​​​​​​​ស្ទើ​​រ​តែ​​​ទូទៅ​​​នៅ​​​​​​ថ្នាក់បឋមសិក្សា​​​ សិស្សានុសិស្ស​​​មាន​​​តែ​​​២៧​​​ភាគរយ​​​ប៉ុណ្ណោះ​​​ ដែល​​​​​​ទៅ​​​ចុះ​​​ឈ្មោះ​​​​​​ថ្នាក់​​​​​វិទ្យាល័យ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​មនុស្ស​​​​​​ឈប់​​​រៀន​​​មុន​​​ពេល​​​ចូល​​​ដល់​​​​​​មហាវិទ្យាល័យ​​​ ពួក​​​គេ​​​មាន​​​ជំនាញ​​​ទាប​​​ ដូច្នេះ​​​​​​ពួក​​​គេ​​​​​​ក៏​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ដែរ​​​”។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​បន្ថែម​​​ទៀត​​​ថា ​​​នៅ​​​តាម​​​តំបន់​​​ជន​​​បទ​​​គ្មាន​​​​​​គ្រូបង្រៀន​​​គ្រប់​​​គ្រាន់​​​ទេ។

លោក​​​មាន​​​ប្រសាសន៍​​​ថា “គ្រូ​​​បង្រៀន​​​​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។​​​ នេះ​​​គឺ​​​ជា​​​បញ្ហា​​​។​​​ គ្រូបង្រៀន​​​​​​មាន​​​​​​​​​ការងារ​​​ពីរ​​​ ការងារ​​​មួយ​​​​​​ គឺ​​​បង្រៀន​​​ ហើយ​​​ការងារ​​​មួយ​​​ ទៀត​​​ គឺ​​​រក​​​ចំណូល​​​ចិញ្ចឹម​​​ជីវិត​​​។​​​ ពន្ធដា​​​រ​​​គឺ​​​ជា​​​សសរ​​​គ្រឹះ​​​​​​នៃ​​​វិស័យ​​​អប់​​​រំ​​​​​​។​​​ បើ​​​គ្មាន​​​ប្រាក់​​​ទេ​​​ មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ឡើ​​យ​​​”។

លោក​​​ ហង្ស ជួន​​​ណារ៉ុន​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា រដ្ឋាភិបាល​​​​​​​​​ក៏​​​ចាំបាច់​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​​​​ជំនាញ​​​​​​មិន​​​ស៊ីគ្នា​​​នៅ​​​ក្នុង​​​​​​កម្លាំង​​​ពល​​​កម្ម​​​ផង​​​ដែរ​​​ ពីព្រោះ​​​​​ការ​​​ស្ទង់​​​មតិ​​​​​​លើ​​​និយោជក​​​បាន​​​បង្ហាញ​​​ដដែល​​​ៗ​​​ថា និស្សិត​​​​​​បញ្ចប់​​​ការ​​​សិក្សា​​​​​​មិន​​​មាន​​​​​​លក្ខណៈ​​​គ្រប់​​​គ្រាន់​​​​​​​​​តាម​​​ការ​​​​​​រំពឹង​​​ចង់​​​បាន​​​របស់​​​​​​និយោជក​​​នោះ​​​ទេ​​​។​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​ថា “៤​​​ភាគរយ​​​ [នៃ​​​និស្សិត​​​​​​សាកល​​​វិទ្យាល័យ​​] សិក្សា​​​ផ្នែកសេដ្ឋកិច្ច​​​កសិកម្ម​​​”។

លោក​​​ ម៉ាទីន ម៉ាក​​​ខាស៊ី (Martin McCarthy)  នាយកគ្រប់គ្រង​​​​​​ក្រុមហ៊ុន​​​តូតាល​​​់​​​ ខេមបូឌា​​​​​​ (Total Cambodia)​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ស្ទើរតែ​​​រក​​​បុគ្គលិក​​​ដែល​​​​​​មាន​​​សមត្ថ​​​ភាព​​​ឲ្យ​​​ធ្វើការ​​​នៅ​​​ក្នុង​​​ឧស្សា ហកម្ម​​​ប្រេង​​​​​​​​​មិន​​​បាន​​​ខណៈ​​​មាន​​​​​​​​​និស្សិត​​​សាកលវិទ្យាល័យ​​​យ៉ាង​​​ច្រើន​​​ទទួល​​​សញ្ញាបត្រ​​​ផ្នែកគ្រប់គ្រង​​​ និង​​​ហិរញ្ញវត្ថុ។

លោក​​​មាន​​​ប្រសាសន៍​​​ថា​​​ “និស្សិត​​​​​​បញ្ចប់​​​ការ​​​សិក្សា​​​​​​២,៥​​​ភាគរយ​​​ ដែល​​​ចេញ​​​មក​​​ធ្វើ​​​ជា​​​វិស្វករ​​​គឺ​​​មិន​​​គ្រប់គ្រាន់​​​ទេ”។ លោក​​​បាន​​​បន្ត​​​ថា គុណភាព​​​អន់​​​របស់​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​​​​ត្រូវ​​​កា​​​រ​​​ការ​​​វិនិយោគ​​​​​​ធំ​​​លើ​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​​​​បុគ្គលិក​​​ថ្មីៗ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​ជ្រើសរើស​​​វិស្វករ​​​ខ្ញុំ​​​ដឹង​​​ថា ពួក​​​គេ​​​​​​គ្មាន​​​ប្រយោជន៍​​​ទាល់​​​តែ​​​សោះ​​​​​​សម្រាប់​​​​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំដំបូង​​​។ យើង​​​ត្រូវ​​​ការ​​​អ្នក​​​ដែល​​​អាច​​​បង្រៀន​​​បាន​​​ដើម្បី [បណ្ដុះ​​​បណ្ដាល​​​ពួក​​​គេ] ហើយ​​​បច្ចុប្បន្ន​​​វិស័យ​​​អប់រំ​​​​​​គឺ​​​នៅ​​​ទាប​​​ណាស់​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស