28 C
Phnom Penh

ម្ភៃ​ឆ្នាំ​ក្រោយ​មក​ អីុវ៉ាន អំពាវនាវ​ឲ្យ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាលខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហ្គារ៉េត​ អីុវ៉ាន (Gareth Evans)  អតីត​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​​ដែល​បាន​ដើរ​តួនាទី​សំខាន់​មួយ​នៅក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​នយោបាយ​ ដែល​បាន​បញ្ចប់​សង្គ្រាម​សីុវិល​នៅកម្ពុជា​នោះ​បាន​អំពាវ​នាវ​ឲ្យមានការ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាលដែល​​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​មាន​ប្រសាសន៍ថា “មិន​ត្រូវ​បាន​​ដាក់​ទោស​ចំពោះ​ការ​សម្លាប់​មនុស្ស​​” ។

លោក អីុវ៉ាន ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អូស្ត្រាលី​នៅខែ​កញ្ញា​ ឆ្នាំ​១៩៨៨​ គឺ​មាន​រយៈ​ពេល​តែ​ពីរ​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​​មាន​កិច្ចប្រជុំ​លើក​ដំបូង​រវាង​របប​​លោក ហ៊ុន សែន​ ដែល​គាំទ្រ​ដោយ​សូវៀត​ និង​​ក្រុម​តស៊ូ​ដែល​គាំទ្រ​ដោយសហ​រដ្ឋ​​អាមេរិក​​ដឹក​នាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហនុ ហើយ​លោក​ គឺជា​ឥស្សរជន​អន្តរ​ជាតិទី១​ ដែល​បាន​ស្នើ​ជា​ផ្លូវការ​ឲ្យ​ប្រទេស​កម្ពុជា​រួបរួម​គ្នា​ឡើង​វិញ​នៅក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​សម្រេច​​ជា​ផ្លូវការ​កាល​ពីឆ្នាំ​១៩៩៣​។

ពេលសរសេរ​​អត្ថបទ​​​បញ្ចេញ​យោបល់​​កាល​ពី​ថ្ងៃ​ពុធ​​សម្រាប់​អង្គការ​ Project Syndicate​ ដែល​អះអាង​ថា មាន​​ការ​ឧបត្ថម្ភ​ពី​​កាសែត​ជាង​៤០០នោះ លោក​ អីុវ៉ាន ដែល​បាន​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ចាប់​តាំង​ពីមាន​ដំណើរការ​សន្តិភាព​ក្នុង​​ទសវត្សរ៍​ឆ្នាំ​១៩៨០​ និង​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​​នោះ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​សង្ឃឹម​ថា គណបក្ស​កាន់​អំណាច​ចាប់​អារម្មណ៍​លើការ​ការ​ពារ​សិទ្ធិ​មនុស្ស​ ឬ​ប្រជា​ធិបតេយ្យ​សេរី​នៅក្នុង​ប្រទេស​នេះ​ទេ​។

លោក អីុវ៉ាន បាន​សរសេរ​មុន​ពេល​រៀប​រាប់​ពី​ការ​ប្រើ​អំពើ​ហិង្សា​ពីសំណាក់​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​បាញ់​សម្លាប់កម្មករ​រោង​ចក្រកាត់​ដេរ​ដែល​ធ្វើ​ការ​តវ៉ា​ប្រាំនាក់​ និង​បាន​ចាប់​មនុស្ស​ជាង​២០នាក់ទៀត​ដាក់ពន្ធ​នាគារ​កាល​ពីខែមុន​នោះថា “រដ្ឋាភិបាល​កម្ពុជា​​រួច​ផុត​ពី​ការ​ដាក់​ទោស​ចំពោះ​ការ​សម្លាប់​​មនុស្ស​​” ។

លោក អីុវ៉ាន ដែល​​កាល​ពីឆ្នាំ​១៩៩៤​​ត្រូវ​បាន​លោក​ ឈាង​ វុន សមាជិក​សភា​ជាន់​ខ្ពស់មក​ពី​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ចាត់​ទុក​ថា ជា​បិតា​នៃ​ប្រទេស​កម្ពុជា​ នោះ​ បាន​លើក​ឡើង​ថា ការ​សម្លាប់​មនុស្ស​នៅពេល​ថ្មី​ៗនេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រើ​អំពើ​ហិង្សា​​ពី​សំណាក់​រដ្ឋាភិបាល​​នៅពេល​ដែល​អំណាច​របស់ខ្លួន​រង​ការ​គំរាម​កំហែង​។

លោក​បាន​លើក​ឡើង​ពីការ​សម្លាប់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​អ្នក​ប្រឆាំង​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ និង​ការ​ដណ្តើម​យក​អំណាច​​ដឹក​នាំ​​រដ្ឋាភិបាល​ទាំង​ស្រុង​នៅក្នុង​ឆ្នាំ​១៩៩៧​បន្ទាប់​ពីកង​កម្លាំង​របស់​លោក ហ៊ុន សែន បាន​ផ្តួល​រំលំកង​កម្លាំង​​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គម្ចាស់ នរោត្តម រណ  ប្ញទិ្ធ។ លោក​បាន​មាន​ប្រសាសន៍ថា ការ​ដណ្តើម​អំណាច​ដឹក​នាំ​​រដ្ឋាភិ​បាល​ទាំង​ស្រុង​នេះមិន​​បាន​ទទួល​ការ​គាំទ្រ​​ពេញ​លេញ​​ពី​រដ្ឋាភិបាលនៅទូទាំង​ពិភពលោក​ទេ​ ប៉ុន្តែ គួរ​​ធ្វើ​ជា​មេរៀន​សម្រាប់ថ្ងៃ​នេះ​។​​​

​លោក អីុវ៉ាន សរសេរថា “នៅពេល​នោះ ​ខ្ញុំ​ចង់​ជឿ​ថា ឧបសគ្គ​ទាំង​នេះ​គឺ​ជា​ការ​បណ្តោះ​អាសន្ន​​ និង​មាន​មនុស្ស​​​ច្រើន​ណាស់​ដូច​ជា​រូប​ខ្ញុំ​” ។  “ចាប់​តាំង​ពី​ពេល​នោះមក ​នៅពេល​​ការ​ពារ​ប្រជាធិបតេយ្យ​ដែល​មាន​តែ​ឈ្មោះ​នោះ​ លោក ហ៊ុន សែន បាន​ដឹក​នាំ​​ក្នុង​នាម​ជា​ជន​ផ្តាច់​ការ​សម្រាប់គោល​បំណង​​សំខាន់ៗ​ទាំង​អស់​ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា ​មិន​មាន​ការ​គោរ​ព​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​ឲ្យ​បានគ្រប់​គ្រាន់​ឡើយ​ ​និង​​បាន​បង្ក្រាប​ដោយ​ហិង្សា​នៅពេលណា​ដែល​លោក​គិត​ថា ជាការ​ចាំាបាច់​ដើម្បី​រក្សា​អំណាច​​របស់​លោក​ និង​គណបក្ស​របស់​លោក​”។ “ជាយូរ​មក​ហើយ​ លោក ហ៊ុន សែន និង​​​សហការី​របស់​គាត់​តែង​តែ​រួច​ខ្លួន​ចំពោះ​ការ​ប្រើ​អំពើហិង្សា​ ការ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុករលួយ​ និង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​”។

នៅក្នុង​អត្ថ​បទ​របស់​លោក​ លោក អីុវ៉ាន ក៏​បាន​ចាត់ទុក​ថា​ ​សម​ហេតុផល​ដែរ ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​មនុស្ស​ជាង​២០​នាក់​ក្នុង​ចំណោម​មនុស្ស​ជិត​ស្និទ្ធ​​​​បំផុត​របស់​លោក ហ៊ុន សែន ម្នាក់​ៗ​​មាន​​លុយ​​ជាង​១ពាន់​លាន​ដុល្លារ​តាម​រយៈ​ការ​លួច​បន្លំ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។

លោ អីុវ៉ាន បានសន្និដ្ឋានថា “ខ្ញុំ​​ស្គាល់​ ហ៊ុន សែន និង​បានធ្វើ​ការ​ល្អ​ជាមួយគាត់​កាល​ពី​អតីត​កាល​​។ ខ្ញុំ​បាន​ប្រឆាំង​នឹង​ការ​រិះ​គន់​ជា​សាធារណៈ​ខ្លាំង​ៗ​រហូត​មក​ទល់ពេល​នេះ​ ពីព្រោះ​ខ្ញុំ​គិត​ថា មាន​ក្តីសង្ឃឹម​​ទាំង​លើ​រូប​គាត់​ និង​រដ្ឋាភិ​បាល​របស់គាត់​​”​។ លោក​បាន​សរសេរថា “ប៉ុន្តែ ឥរិយា​បថ​​របស់​ពួក​គេ​ឥឡូវ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​។ ​​ដល់​ពេល​​សហគមន៍​អន្តរជាតិ​​ដាក់​ឈ្មោះ​​ ធ្វើ​ឲ្យ​អាម៉ាស់ សុើបអង្កេត និង​ដាក់​ទណ្ឌកម្ម​​មេ​ដឹក​នាំ​​រដ្ឋាភិបាល​កម្ពុជា​​ហើយ​”។

លោក ហ៊ុន សែន និង​លោក អីុវ៉ាន បាន​​ជួប​គ្នា​ជា​សាធារណៈ​ចុង​ក្រោយ​​នៅខែ​កញ្ញា​ឆ្នាំ​២០១០​ ដែល​នៅពេល​នោះ​លោក​ទាំង​ពីរ​ រួម​ជា​មួយ​ព្រះ​អង្គម្ចាស់​ នរោត្តម សិរីវុឌ្ឍ និង​លោក​ មីលថុន អូសប៊ន ប្រវត្តិវិទូ​ខ្មែរ​អូស្ត្រាលី​ ​បាន​ចូល​រួម​នៅក្នុង​កិច្ច​ប្រជុំ​របស់​​ក្រុម​ពិគ្រោះ​យោបល់​​​​មក​ពី​សាកល​វិទ្យា​​​ល័យ​​ម៉េលប៊ន​ នៅក្នុង​ទី​ក្រុង​ភ្នំពេញ​។ នៅ​​​ពេល​នោះ​លោក​ទាំង​ពីរ​បាន​សរសើរ​គ្នា​ទៅវិញ​ទៅមក​ចំពោះការ​ជួយ​ជំរុញឲ្យមាន​សន្តិភាព និង​ស្ថិរភាព​នៅ​កម្ពុជា​។

លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ក្នុង​សន្និសីទនោះថា “ខ្ញុំ​សូម​ស្វាគមន៍​​លោក​សាស្ត្រាចារ្យ​ ហ្គារ៉េត អីុវ៉ាន យ៉ាង​កក់​ក្តៅ​បំផុត​ ចំពោះ​តួនាទី​ និង​ការ​ចូល​រួម​ចំណែក​​ដ៏​​​ធំធេង​របស់​លោក​ដល់​ការ​បង្រួប​​បង្រួម​ជាតិ​​ និង​ការកសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​”។

ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​កោត​សរ​សើរ​​របស់​នាយក​រដ្ឋមន្ត្រី​ លោក អីុវ៉ាន បាន​មាន​ប្រសាសន៍ថា ថ្វីបើ​មាន​បញ្ហា​​ច្រើន​​នៅ​ក្នុង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ តាំង​ពីឆ្នាំ​១៩៩៣​ក៏ដោយ​ ក៏​ប្រទេស​នេះ​បាន​​ រីក​ចម្រើន​នៅក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែរ​។

លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​​​​ដោយ​​កោត​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​កំណើន​សេដ្ឋ​កិច្ច​នៅក្នុង​ប្រទេស​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ថា “មាន​ទឹក​កន្លះកែវ ប្រសើរ​ជាង​គ្មាន​ទឹក​​សោះ​”។

លោក​បាន​បន្ត​ថា “វា​ជាកិត្តិយស​ដ៏ធំ​ធេង​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ក្រុមការ​ងារ​របស់​លោក​ដែល​​មាន​​ការ​ប្តេជ្ញា​ខ្លាំង​ក្លាចំពោះអនាគត​របស់​​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ដែល​​​បាន​គាំ​ទ្រ​ពួកគេ​យ៉ាង​ច្រើន​កុះករ​”។

នៅក្នុង​អត្ថ​បទ​របស់​លោក លោក អីុ​វ៉ាន ​ក៏​បាន​ស្នើ​សុំ​ឲ្យ​លោក​ស្រី ជូលី ប៊ីសប់ រដ្ឋ​មន្ត្រី​ ក្រសួង​ការ​បរទេស​​អូស្ត្រា​លី​បច្ចុប្បន្ន​​​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ភ្នំពេញ​កាល​ពី​សប្តាហ៍មុន​ កាត់​បន្ថយ​ទំនាក់​ទំនង​ការទូត​ស្ងាត់​ៗ​​ និង​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​ក្លា​​ចំពោះ​​​ការ​ដោះ​ស្រាយ​ជាមួយ​ប្រទេស​កម្ពុជា​។

នៅពេល​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែមកាល​ពីម្សិលមិញ លោក អីុវ៉ាន បាន​មាន​ប្រសាសន៍ថា លោកសង្ឃឹម​ថា ការ​រិះ​គន់​​របស់លោក​នឹង​ជួយ​ឲ្យរដ្ឋាភិបាល​ពិចារ​ណា​ពីអ្វីដែល​ខ្លួន​កំពុង​ធ្វើ​​។

លោក​បាន​មាន​ប្រសាសន៍ថា​ “សំឡេង​របស់​ខ្ញុំ​នៅពេល​នេះ​នឹង​ធ្វើ​ឲ្យរដ្ឋាភិបាល​ដឹង​ថា រដ្ឋាភិ​បាល​ត្រូវ​​ផ្លាស់​ប្តូរ​​ឥរិយាបថ​របស់​ខ្លួន​​ជា​មូល​​ដ្ឋាន​ បើ​មិន​ដូច្នោះ​ទេ​ កិត្តិយស​ និង​​កេរ្តិ៍​ឈ្មោះ​​កម្ពុជា​នឹង​គ្មាន​​ទៀត​ទេ​”។

លោក ឈាង វុន សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ចាត់ទុក​លោក​ អីុវ៉ាន ថាជា​បិតា​នៃ​ប្រទេស​កម្ពុជា​ និង​ដែល​ធ្លាប់​ធ្វើ​ជា​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​ អូស្ត្រាលី​បានមាន​ប្រសា សន៍​កាល​ពី​ម្សិល​មិញ​ តិច​តួច​​អំពីសម្តី​រិះគន់​របស់​លោក អីុវ៉ាន​​​ ទៅលើ​គណបក្ស​ និងរដ្ឋាភិបាល​របស់​​លោក​ ហ៊ុន សែន ។ លោក ឈាង​​ វុន បានមាន​​ប្រសាសន៍​ថា “លោក អីុវ៉ាន មិន​ធ្វើ​ឲ្យខ្ញុំ​ឈឺក្បាល​ទេ​”។

លោក​ អីុវ៉ាន ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​ ចន្លោះ​ពីខែ​កញ្ញា​ ឆ្នាំ​១៩៨៨​ ដល់​ខែ​មីនា​ ឆ្នាំ​១៩៩៦​ និង​ក្រោយ​មក​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​អ្នក​ពិគ្រោះ​​យោបល់​ដែល​គួរ​ឲ្យគោរ​ព​នៅ​ក្រុម​ការងារ​ដោះស្រាយ​ វិបត្តិ​អន្តរជាតិ​​នោះ​​​​បាន​​លើក​ឡើង​ជា​គំនិត​ឲ្យប្រទេស​កម្ពុជា​មាន​ការ​រួប​រួម​​​គ្នា​ឡើង​វិញ​ក្រោម​ការ​គ្រប់​គ្រង​របស់​អង្គការ​សហ​ប្រជាជាតិ​ ទៅ​ព្រឹទ្ធ​សភា​អូស្ត្រា​លី​​កាល​ពី​​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៨៩​។

គំនិត​នេះ​ស្ទើរ​តែ​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ភ្លាមៗ​ពី​ក្រសួង​ការបរទេស​វៀត​ណាម​ និង​កង​កម្លាំង​កម្ពុជា​ដែល​តស៊ូ​នៅ​តាម​ព្រំដែន​ថៃ​ ​ហើយ​កាល​ពីខែ​កក្កដា ឆ្នាំ​១៩៨៨​​ ពួក​គេ​បាន​បើកិច្ច​ប្រជុំ​ជា​លើក​ដំបូង​របស់​ខ្លួន​អំពីសន្តិភាព​នៅ​ប្រទេស​កម្ពុជា​ ​បន្ទាប់​ពី​មាន​សង្គ្រាម​ជិត​១០ឆ្នាំ​៕ គឹមហឿន

(រាយការណ៍​បន្ថែមដោយ​ មិុច ដារ៉ា)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស