37 C
Phnom Penh

ព័ត៌មាន​លម្អិត​ទាក់​ទិន​នឹង​ការ​ដោះ​ដូរ​ដី​របស់​ក្រសួង​បរិស្ថាន​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ឆ្នាំ​២០១១​ ក្រសួង​បរិស្ថាន​បាន​ចុះ​​កិច្ច​សន្យា​​ជា​មួយ​ក្រុម​ហ៊ុន​ Ratana Cooperation and Construction ដើម្បី​ដោះ​ដូរ​ដី​ដ៏​មាន​តម្លៃ​​​របស់​ខ្លួន​ទំហំ​២.៤០០​ ម៉ែត្រ​ក្រឡា​​​ដែល​មាន​ទី​តាំង​តាម​បណ្តោ​យ​​មហា​វិថី​ព្រះ​សីហនុ​​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ដ​ី​​ទំហំ​៩.០០០​ម៉ែត្រ​ក្រឡា​​វិញ​ ដើម្បី​សាង​សង់​អគារ​​ថ្មីនៅ​ខណ្ឌ​មាន​ជ័យ​ដែល​មាន​ចម្ងាយ​ពី​ទីតាំង​ចាស់​២០គីឡូម៉ែត្រ​។

ប៉ុន្តែ​ឥឡូវ​នេះ​ មន្ត្រី​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា ខ្លួន​បាន​ប្រគល់​ដី​និងអគារ​​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​​​ Ratana Cooperation and Construction វិញ​ហើយ​។​ ស្រប​ពេល​នោះ​ដែរ​ ក្រសួង​បរិ​ស្ថាន​ ​​បាន​យល​់​ព្រម​ឲ្យ​ក្រុមហ៊ុន​នេះបន្ត​កាន់​កាប់​ដី​ដែលមាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ​ដដែល​។ ដី​នេះ​មាន​តម្លៃ​យ៉ាង​តិច​ ១៤, ៤លាន​ដុល្លារ​​ នេះ​បើយោង​តាម​តួ​លេខ​​​នៃ​ការ​វាយ​តម្លៃ​អំពីអចលនទ្រព្យ​កាល​ពី​​ឆ្នាំ​២០១៣​។ ហើយ​ឥឡូវ​នេះ​ ក្រសួង​បរិ​​​ស្ថាន​មាន​គម្រោង​ចំណាយ​ប្រាក់៥លាន​ដុល្លារ​ដើម្បី​សាង​សង់​អគារ​ថ្មី​មួយ​ទៀត​នៅ​លើ​ដី​ដែល​គ្រប​់​គ្រង​ដោយ​រដ្ឋចម្ងាយ​១,៥​គីឡូ​ម៉ែត្រ​ពី​​ក្រសួង​បរិស្ថាន​នា​ពេល​សព្វ​ថ្ងៃ​។​

លោក សែម​ សារឿន​ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​នៅ​ក្រសួង​បរិស្ថាន​បាន​​មាន​​​ប្រសាសន៍​ថា “ ទី​តាំង​របស់​ក្រសួង​បរិ​ស្ថាន​​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​សី​ហ​នុ​គឺ​ជា​​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Ratana Cooperation and Construction។​ ទីតាំង​នៃ​​ក្រសួង​បរិស្ថាន​ដែល​ស្ថិត​នៅ​តាម​បណ្តោ​យ​​​​​ផ្លូ​វ​ជាតិ​លេខ​១​ ក៏​ជា​របស់​ក្រុម​ហ៊ុន​​នេះ​ដែរ​ ព្រោះ​ក្រុមហ៊ុន​មិន​បាន​ប្រគល់​អគារ​​នោះ​មក​ឲ្យ​ក្រសួង​បរិស្ថាន​វិញ​ឡើយ​”។

ដី​នៅ​ក្នុង​ខណ្ឌ​មាន​ជ័​យ​​ ដែល​ឥឡូវ​ជា​កម្ម​​សិទ្ធិ​របស់​ក្រុមហ៊ុន​ Ratana Cooperation and Construction គឺ​មាន​តម្លៃ​ចន្លោះ​ពី​ ៣០០ដុល្លារ​ទៅ​១.៥០០​ដុល្លារ​ក្នុងមួយ​​ម៉ែត្រ​ក្រឡា​​ កាល​ពី​ឆ្នា​ំ​២០១២​ ដោយ​ធ្វើ​ឲ្យ​ដីនេះ​មាន​តម្លៃ​យ៉ាង​តិច​ ២,៧​លាន​ដុល្លារ​។

មន្ត្រី​ចំនួន​ពីរ​រូប​នៅ​ក្រសួង​បរិស្ថាន​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ព្រោះ​ខ្លាច​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន Ratana Cooperation and Construction ​ បាន​ប្រគល់​ប្រាក់​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​សន្យា​ដោះ​​ដូរ​អំឡុង​លោក​ ម៉ុក​ ម៉ារ៉េត​ នៅ​កាន់​តំណែ​ង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​។

ពួកគេ​មិន​ច្បាស់​ទេ​ថា តើ​ការ​ដោះ​ដូរ​នេះ​​មាន​ចំនួន​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​​​នោះ​ ប៉ុន្តែ​ពួក​គេ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គ្រប់​រូប​នៅ​ក្នុង​ក្រសួង​នេះ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ ព្រោះ​ថា លោក​ ម៉ុក ម៉ារ៉េត​ មិន​ចែក​រំលែក​ប្រាក់​ខ្លះ​ឲ្យ​ពួក​គេ​ឡើយ​ បន្ទាប់​ពី​ការ​ដោះ​ដូរ​ដី​រួច​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​សាយ​​​​ សំអាល់​ ​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ថ្មី​បាន​ចែក​រំលែក​ប្រាក់​ រ៉ាប់​មឺុន​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​មាន​ចំនួន​សរុប​៥៨៦​នាក់​។

មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​ក្រសួង​បរិស្ថាន​ទាំង​អស់​បាន​និយាយ​ថា “ រដ្ឋ​មន្ត្រី​ថ្មី​បាន​យក​ប្រាក់​ដែល​​នៅ​សល់​ពី​ការ​ដោះ​ដូរ​ដី​មក​ចែក​ឲ្យ​​មន្ត្រី​ទាំង​៥៨៦​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​៥០០​ដុល្លារ​ រួម​ទាំង​រដ្ឋ​មន្ត្រី​ផង​ដែរ​ ហើយ​មន្ត្រី​ជាប់​កិច្ច​សន្យា​ជាង​៣០​នាក់​ទទួល​បាន​១០០​ដុល្លារ​ក្នុង​ម្នាក់ៗ”។​

មន្ត្រី​រូប​នេះ​បាន​បន្ត​ថា “ មន្ត្រី​ទាំង​អស់​សុទ្ធ​តែ​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​រដ្ឋមន្ត្រី​ថ្មី​ ព្រោះ​​​​​គាត់​ផ្តល់​ភាព​ស្មើ​គ្នា​ទៅ​ឲ្យ​មន្ត្រី​ទាំង​អស់​។​ប្រសិន​បើ​រដ្ឋមន្ត្រី​ចាស់​នៅ​តែ​ដឹក​នាំ​ក្រសួង​នេះ​វិញ​ លោក​នឹង​មិន​ចែក​រំលែ​ក​ប្រាក់់​ទៅ​ឲ្យ​មន្ត្រី​ណា​មួយ​ឡើយ​ ហើយ​យើង​ក៏នឹង​ត្រូវ​​ផ្លាស់​ទៅ​ទី​តាំង​មួយ​ដ៏​ឆ្ងាយ​ផង​ដែរ​”​។

គេ​មិន​អាច​ទាក់​ទង​ក្រុមហ៊ុន​ ​Ratana Cooperation and Construction បាន​ទេ​កាល​ពីម្សិល​មិញ​។

លោក​ សៅ សុភាព​ នាយ​ខុទ្ទកាល័យ​របស់​​​លោក​ សាយ​ សំអាល់​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​​មិញ​ថា​ ការ​សាង​សង់​អគារ​ថ្មី​នៅ​លើ​ដី​ទំហំ​៥.០០០​ម៉ែត្រក្រឡា​ ក្បែរ​សណ្ឋាគា​រ​​និង​កាស៊ីណូ ណាហ្គា​វើល​នឹង​ត្រូវ​ចំណាយ​​​​ប្រាក់​យ៉ាងតិច​៥​លាន​ដុល្លារ​​៕ ស៊ុយឈាង

(រាយការណ៍បន្ថែម​ដោយ​ Joshua Wilwohl)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស