28 C
Phnom Penh

របាយការណ៍​របស់​អាមេរិក​មាន​ការ​លើក​ឡើង​ពី​កង្វល់​សិទ្ធិមនុស្ស​យ៉ាង​ច្រើន​នៅ​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​សុក្រ ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក ​បាន​ចេញ​របាយការណ៍​វាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ ដែល​ក៏មានការ​កត់​សម្គាល់​ពីការ​សម្លាប់​​​​​អ្នក​ឈរ​មើល​ការ​តវ៉ា​ម្នាក់​​ដោយ​កង​កម្លាំង​នគរ​បាល​ និង​​ពីកង្វល់​សិទ្ធិ​មនុស្ស​ផ្សេង​ៗ​ទៀត​ក្នុង​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្សនៅ​ជុំវិញ​ពិភព​លោក​នេះ​។

របាយការណ៍​១0.៨០០ពាក្យ​ពាក់ព័ន្ធ​នឹង​កម្ពុជា​ដែល​មាន​ការ​វាយ​តម្លៃ​ពីក្រសួង​ការ​​​បរទេស​អាមេរិកលើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​​​ក្នុង​ប្រទេស​កម្ពុជា​​ពីខែ​មករាដល់​ខែ​ធ្នូឆ្នាំ​២០១៣​នេះមាន​ខ្លឹម​សារថា“ ក្រៅ​ពី​ដំណើរ​ការ​បោះ​​​​ឆ្នោត​ដែ​ល​មាន​ភាព​មិន​ប្រក្រតី​​​ បញ្ហា​សិទ្ធិ​មនុស្ស​​​​​ធំៗ​បំផុតទំាងបី​រួម​មាន ប្រព័ន្ធ​តុលា​ការ​គ្មាន​ប្រសិទ្ធភាព​ និង​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ ការ​ដាក់​កម្រិត​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​និង​ការ​ជួប​ជុំគ្នា​ និង​ការ​​រំលោភ​បំពាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​”។

របាយការណ៍​នេះមានខ្លឹម​សារ​​បន្ថែម​ថា “ រដ្ឋាភិបាល​បាន​កាត់ទោស​មន្ត្រីមួយ​ចំនួន​ ដែល​បាន​ធ្វើ​សកម្ម​ភាព​បំពាន​នេះ​ ក៏ប៉ុន្តែ​និទណ្ឌភាព​សម្រាប់​អំពើពុក​រលួយ​ និង​ការ​​បំពានភាគ​ច្រើនគឺ​​នៅ​តែ​បន្ត​ដដែល​”។

របាយការណ៍​នេះ​មាន​ការ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជាតិ​ខែកក្កដាដែល​គណបក្ស​ប្រជា​​ជន​​កម្ពុជា​ទទួល បាន​​ជ័យ​ជម្នះ​ដោយ​ភាព​ចម្រូង​ចម្រាស​ ខណៈ​គណបក្ស​ប្រឆាំង​បន្ត​ធ្វើ​ពហិ​ការ​សភា​នោះ គឺ​មាន ​“ចន្លោះ​ប្រហោង​ និង​គ្រប​់​គ្រង​មិន​បាន​ល្អ” ដោយ​នាំ​ឲ្យ​មាន​ការ​ “បាត់​ឈ្មោះអ្នក​មានសិទ្ធិ​បោះ​ឆ្នោត​យ៉ាង​ច្រើន​”​។

ដំណើរការ​បោះឆ្នោត​នេះ​ក៏មាន “ចន្លោះ​​​ប្រហោង​ជា​ច្រើនទៀត​ដែរ​​ ក្នុង​នោះ​រួម​មាន​​​​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​​ការ​ទទួល​បាន​ឱកាស​ផ្សព្វ​ផ្សាយគោល​នយោ​បាយ​បក្ស​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយមិន​ស្មើ​ភាព​គ្នា និង​ការ​ចេញលិខិត​បញ្ជាក់​អត្ត​សញ្ញាណ​​​ដល់​អ្នក​បោះឆ្នោត​ក្នុង​ចំនួន​យ៉ាង​ច្រើន​ខុស​ប្រក្រតី” ​នៅ​ថ្ងៃ​បោះឆ្នោត​។

ក្រៅពីនេះ“ អាជ្ញាធរ​បាន​រក្សា​ការ​​ក្ដោប​​ក្ដាប់​យ៉ាង​ណែន​​លើកម្លាំង​សន្តិ​សុខ​” ទោះ​បីជា“ កង​កម្លាំង​សន្តិសុខ​បាន​​រំលោភ​បំពាន​សិទិ្ធ​មនុស្ស​ក៏ដោយ​​”។

ចំណុច​នេះ​មាន​លក្ខណៈគួរ​ឲ្យ​កត់​សម្គាល់​​​​បំផុត​ក្រោយ​ការ​បោះឆ្នោត​ជាតិ​​ ពេល​គណ​បក្ស​ប្រឆាំង​ធ្វើបាតុកម្ មទ្រង់​ទ្រាយ​ធំ​ និង​​ដង្ហែ​ក្បួន​ក្នុង​រាជ​ធានីភ្នំពេញ។

របាយការណ៍​នេះមាន​ខ្លឹម​សារ​បន្ត​ថា “កង​​​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​​​បាន​ឆ្លើយ​តប [ចំពោះ​ការ​ធ្វើ​បាតុកម្ម] ដោយ​ដាក់​កម្លាំង​តិច​បំផុត​នៅ​កន្លែង​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​។នគរ​​​បាល​ និង​ជន​ស៊ីវិល​មួយ​ចំនួន​​បាន​រង​របួស​ ហើយ​មនុស្ស​ម្នាក់​បាន​ស្លាប់​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​​នៅ​កន្លែង​បិទ​ផ្លូវ[នៅ​ក្បាលថ្នល]​ ដែល​ស្ថិត​នៅ​ឆ្ងាយពី​កន្លែង​ធ្វើ​បាតុកម្ម​”។

របាយការណ៍​នេះ​មាន​ការ​កត់​សម្គាល់​ថា អាជ្ញាធរ​មិន​បានធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​លើ​ការ​ស្លាប់​របស់​អ្នក​ឈរ​មើល​ការ​តវ៉ា​ម្នាក់​ គឺ​លោក ម៉ៅ សុខចាន់ អាយុ​​២៩​ឆ្នាំ ដែល​ត្រូវ​បាន​បាញ់​ចំក្បាល​ទេ​​។

ក្នុង​ចំណោម​បញ្ហា​សិទ្ធិមនុស្ស​ទាំង​បី​ដែល​​​ក្រសួង​ការ​បរទេស​អាមេរិក​បាន​លើក​ឡើង​​​ បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​ គឺ​កង្វះ​ប្រសិទ្ធភាព​​របស់​តុលាការ​ក្នុង​ការ​​បំពេញ​ការ​ងារ​ដោយ​ឯករាជ​្យពីគណបក្ស​កាន់​អំណាច​។

របាយការណ៍​នេ​ះ​មាន​ខ្លឹម​សារ​ថា “តុលា​ការ​ទន់​ខ្សោយ​ ដែលពេល​ខ្លះមិនអាច​ផ្ដល់​ភាព​​​​យុត្តិធម៌​ក្នុង​ដំណើការ​កាត់​ក្ដី​នោះ​គឺ​នៅ​តែ​ជា​​​​បញ្ហា​សិទ្ធិមនុស្ស​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​​ព្រោះ​​​តែ​មួយ​ផ្នែក​ធំនៃ​សង្គម​ពុំ​​​អាច​ទទួល​បាន​យុត្តិ​​ធម៌​​​ក្នុង​ការ​​កាត់​ក្ដី​” ដោយ​មាន​ការ​បន្ថែម​​​​ថា តុលាការ​ពុក​រលួយ​ និង​ស្ថិត​នៅ​ក្រោម​​សម្ពាធ​នយោ​​បាយ​​។

របាយការណ៍​នេះមាន​ខ្លឹម​សារ​បន្ត​ថា “សេចក្ដីរាយការណ៍ព័ត៌មាន​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ពិសេស​គឺ​តាម​ទូរទស្សន៍​ ច្រើន​តែ​មាន​ភាព​លម្អៀង​​​ក្នុង​ការ​ផ្សាយ​ និង​មាន​ទំនោរ​ទៅ​​រក​គណបក្ស​កាន់​អំណាច​”។

“ ឆ្មាំពន្ធនាគារ​ និង​នគរ​បាលគឺ​បានបំពាន​អ្នក​ជាប់​ឃុំ ភាគ​ច្រើន​គឺ​ដើម្បីទទួល​បាន​ការ​សារភា​ព​ ហើយ​ស្ថាន​ភាព​នៅក្នុង​​ពន្ធនាគារ​ គឺ​លំបាក​ខ្លាំង​ណាស់​​។ ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​រាយការណ៍អំពីការ​ចាប់​ខ្លួន​តាម​អំពើ​​ចិត្ត និង​ការ​ឃុំខ្លួន​​រង់​​​ចាំ​​​ការ​កាត់​ក្ដី​ហួស​កាល​កំណត់​​”។

ខណៈ​របាយការណ៍​នេះ​ពុំមានការ​បញ្ចេញ​​​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ ឬ​មេដឹកនាំ​គណ​​បក្ស​នេះ​ គឺ​​លោក សម រង្ស៊ី នោះ ក្រសួង​​​​ការ​បរទេស​​អាមេរិក​ក៏បាន​​ធ្វើ​ការ​កត់​សម្គាល់​​ពី​ “ការ​បំផុស​ខ្លាំង​​ឲ្យ​​​ពល​រដ្ឋ​ខ្មែរ​​ប្រឆាំង​វៀត​ណាម​” និង​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​របស់​លោក​​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ទំនោរ​ទៅ​រក​វៀតណាម​ផង​ដែរ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា លោក​បាន​ដឹង​ពីរបាយការណ៍​េនះ​ដែរ​ ប៉ុន្តែ​ពុំ​ទាន់​បាន​​​អាន​ទេ​។ ទោះ​ជា​ដូច្នេះក្ដី​ លោក​បាន​និយាយ​​​ថា “វា​មិន​ត្រឹម​ត្រូវ​​​ទេ​” ។

លោក​បាន​មាន​ប្រសាសន៍​ថា “មានចំណុច​​​ជា​ច្រើន​ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ច្រើន​នៅ​កម្ពុជា​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ ហើយ​បញ្ហាជា​ច្រើន​ក៏ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​​ដែរ​។ លទ្ធផល​នៃ​ការ​សម្រេច​បាន​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មានភាព​រីក​រាយ​ជាង​មុន​ និង​បង្ក​លក្ខណៈងាយ​ស្រួលជាង​មុន​។

ពាក់​ព័ន្ធ​នឹង​ការ​យល់​ឃើញ​របស់​​អាមេរិក​​​វិញ លោក​ ផៃ ស៊ីផាន មិន​ចាប់​អារម្មណ៍​ទេ ដោយ​​​​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ចង់​​តប​ត​នឹង​របាយការណ៍នេះ​ទេ​។ ពួកគេ​អាច​និយាយ​​អ្វី​ក​៏​បាន​តាមចិត្ត​ចង់​។ ពួកគេ​ធ្វើ​ការ​ប្រៀប​ធៀប​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ និយាយទៅ​ពួក​គេ​ញ៉ាំ​ហាំប៊ើហ្គើ យើង​ញ៉ាំបាយ​”៕សេរីវុធ​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស