កាលពីថ្ងៃសៅរ៍ មន្ត្រីកងរាជអាវុធហត្ថនិងនគរបាលជាង៦០នាក់បានជូនដំណឹងប្រជាពលរដ្ឋ១៩គ្រួសារ ដែលធ្វើស្រែចម្ការនៅលើដីមួយកន្លែងក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនថា ពួកគាត់ត្រូវតែរើចេញ ពីព្រោះពួកគាត់ធ្វើស្រែចម្ការនៅលើដីរដ្ឋ។
ទោះជាយ៉ាងណា ក្រុមអ្នកភូមិនិងអង្គការសិទិ្ធមនុស្សអាដហុក បានឲ្យដឹងថា លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិននិងជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមបានព្យាយាមបណ្ដេញពួកគាត់ចេញ ដើម្បីឲ្យក្រុមហ៊ុនមួយដែលកាន់កាប់ដោយភរិយារបស់លោក គឺលោកស្រី បាន ស្រីមុំ ដែលក៏ជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាផងនោះ អាចដំាដំឡូងមីនៅលើដីទំហំ៩៥ហិកតានេះវិញ។
លោក អ៊ី ឈាន បានថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញថា “ខ្ញុំបានរានដីនេះដើម្បីដំាដំឡូងមីកាលពីប្រាំឆ្នាំមុន ប៉ុន្តែប្រជាពលរដ្ឋទាំងនេះមកទន្ទ្រានចាប់យកដីរបស់ខ្ញុំ”។ បន្ទាប់មកលោកបានកែពាក្យសម្ដីរបស់លោកវិញដោយអះអាងថា តាមពិតដីទំហំ៩៥ហិកតានេះមិនមែនជាដីរបស់លោកទេ ប៉ុន្តែជាដីរដ្ឋ។
លោកបានអះអាងថា “ដីខ្លះក្នុងចំណោមនោះជាដីរបស់រដ្ឋ ហើយដីខ្លះទៀតជាដីរបស់ក្រុមហ៊ុន”។ នៅពេលសួរនាំអំពីឈ្មោះរបស់ក្រុមហ៊ុន ឬថា តើវាជាក្រុមហ៊ុនភរិយារបស់លោកឬយ៉ាងណានោះ លោកអភិបាលខេត្តបានដាក់ទូរស័ព្ទចុះ។
លោកស្រី ប្រាក់ សុភីម៉ា ជាអ្នកសម្របសម្រួលប្រចាំខេត្តមកពីអង្គការអាដហុកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋ១៩គ្រួសារនេះបានធ្វើស្រែចម្ការនៅលើដីនេះចាប់តាំងពីឆ្នាំ១៩៩៩ ដោយមានការអនុញ្ញាតពីអាជ្ញាធរ។
លោកស្រីបានមានប្រសាសន៍ថា “យើងបានស៊ើបអង្កេត ហើយរកឃើញថា អាជ្ញាធរបានអនុញ្ញាតឲ្យក្រុម អ្នកភូមិរានដីនេះ ហើយណែនាំឲ្យពួកគាត់ធ្វើស្រែនិងដាំពោត”។ លោកស្រីបានបន្ថែមថា ឥឡូវនេះមានក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់លោកស្រី បាន ស្រីមុំ កំពុងដាំដំឡូងមីនៅលើដីនេះ។
លោក ជា ចាន់ឌិន ជាស្នងការរងនគរបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ក្រុមអ្នកភូមិត្រូវបានប្រាប់ឲ្យរើចេញបន្ទាប់ពីគ្រួសារខ្លះក្នុងចំណោមនោះ ដែលជានិច្ចកាលរស់នៅក្នុងភូមិក្បែរនោះ ប៉ុន្តែធ្វើស្រែចម្ការនៅលើដីនេះចាប់ផ្ដើមសង់ខ្ទមនៅលើដីចម្ការនេះ។
លោកបានមានប្រសាសន៍ថា “យើងបានបញ្ជូនមន្ត្រីកងរាជអាវុធហត្ថនិងនគរបាលជាង៦០នាក់ទៅកាន់ទីនោះ កាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីជូនដំណឹងដល់គ្រួសារប្រជាពលរដ្ឋទាំងនោះថា ពួកគាត់ត្រូវតែរើចេញ ពីព្រោះពួកគាត់កំពុងរស់នៅដោយខុសច្បាប់”។
លោកបានមានប្រសាសន៍បន្ថែមថា “ឥឡូវនេះយើងមានមន្ត្រីកងរាជអាវុធហត្ថនិងនគរបាលប្រហែល១០នាក់ ឈរជើងនៅទីនោះ ដើម្បីរារាំងប្រជាពលរដ្ឋកុំឲ្យសង់ផ្ទះបន្ថែមទៀត”។
លោក វ រួម ជំទប់ទី១ឃុំសាលាក្រៅបានមានប្រសាសន៍ថា លោកបារម្ភខ្លាចមានអំពើហិង្សា ប្រសិនបើក្រុមអ្នកភូមិដែលរងផលប៉ះពាល់បដិសេធមិនធ្វើតាមបញ្ជាឲ្យចាកចេញពីតំបន់នេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលបានបទបញ្ជាពីអភិបាលខេត្តឲ្យប្រាប់ប្រជាពលរដ្ឋទាំងនេះថា ពួកគាត់ត្រូវតែចាកចេញ បើមិនដូច្នេះទេ លោកអភិបាលខេត្តនឹងបញ្ជូនអាជ្ញាធរមកបណ្ដេញពួកគាត់ឆាប់ៗនេះហើយ។ ខ្ញុំបានប្រាប់ក្រុមអ្នកភូមិឲ្យចាកចេញ ពីព្រោះខ្ញុំបារម្ភ ខ្លាចមានអំពើហិង្សានៅពេលអាជ្ញាធរខេត្តចាត់វិធានការ”។
នៅពេលសួរថា តើលោកស្រី បាន ស្រីមុំ ជាម្ចាស់ក្រុមហ៊ុនដែលគ្រោងធ្វើចម្ការលើដីនេះឬយ៉ាងណានោះ លោក វ រួម បានមានប្រសាសន៍ថា លោកស្រីគ្មានគម្រោងទេ ប៉ុន្តែបានមានប្រសាសន៍ថា លោកមិនដឹងថា នរណាជាម្ចាស់ដីនេះទេ។
អ្នកស្រី ឱម សំអាត អាយុ៤៤ឆ្នាំ ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលរងការគំរាមបណ្ដេញចេញនេះ បាននិយាយថា អ្នកស្រីបានធ្វើស្រែនៅលើដីមួយផ្នែកទំហំប្រាំហិកតានៃដីនេះចាប់តាំងពីឆ្នាំ១៩៩៩មក ប៉ុន្តែថា នៅក្នុងឆ្នាំ២០១២ ក្រុមហ៊ុនមួយដែលគេស្គាល់ឈ្មោះថា “ក្រុមហ៊ុន បាន ស្រីមុំ បានរានដីនេះ ហើយដំាដំឡូងមីជំនួសវិញ។ អ្នកស្រីបាននិយាយថា “ យើងគ្រាន់តែព្យាយាមការពារដីចម្ការរបស់យើងតែប៉ុណ្ណោះ”៕ សូនី