មុនពេលអ្នកដឹកនាំរឿងគឺលោក ប៉ាន់ រិទ្ធី បានចាកចេញពីប្រទេសកម្ពុជា លោក ម៉ាង សារិត បានសូនរូបអ្នកដឹកនាំរឿងរូបនេះពីដីឥដ្ឋ គឺរូបក្មេងប្រុសពាក់អាវពងជីងចក់ពណ៌ស៊ីជម្ពូ។ គួរបញ្ជាក់ថា ដំណើរការចាកចេញរបស់លោក ប៉ាន់ រិទ្ធី មានគោលបំណងចូលរួមក្នុងកម្មវិធីប្រកាសពានរង្វាន់អូស្កាដែលជាវគ្គចុងក្រោយសម្រាប់ខ្សែភាពយន្តរបស់លោក ក្រោមចំណងជើងថា “រូបភាពដែលបាត់បង់” ដែលត្រូវដណ្តើមជ័យលាភីជាខ្សែភាពយន្តនិយាយភាសាបរទេសល្អបំផុត។

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក ប៉ាន់ រិទ្ធី បានបង្ហោះរូបភាពរូបសូនតូចៗនេះដែលហោះជំុវិញពិភព លោក ក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គម ទ្វីតធើ (Twitter) ពោលគឺរូបសូននោះធ្វើដំណើរទៅកាន់រដ្ឋឡូសអែនជើឡេស សហរដ្ឋអាមេរិក តាមបែបសម័យទំនើប ហើយរូបសូននោះទទួលទានអាហារពេលល្ងាចនៅលើផ្លែក្រូច និងដើរស្វែងរកទិញស្រាក្រហម។
នៅពេលដែលលោក ប៉ាន់ រិទ្ធី និងវណ្ណកម្មរបស់លោកចូលរួមប្រកួតជាមួយវណ្ណកម្មភាពយន្តផ្សេងៗទៀតទូទាំងសាកលលោកនៅក្នុងកម្មវិធីប្រកាសពានរង្វាន់អូស្កា នៅយប់ថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិក ត្រូវនឹងព្រឹកនេះនៅក្នុងប្រទេសកម្ពុជា លោក សារិត ដែលបានធ្វើរូបសូនប្រហែល៥០០រូបពីដីឥដ្ឋដែលត្រូវបានប្រើប្រាស់នៅក្នុងសាច់រឿង “ រូបភាពដែលបាត់បង់” នោះ និងរង់ចាំទស្សនាកម្មវិធីនោះជាមួយគ្រួសាររបស់លោកពីរាជធានីភ្នំពេញ។
លោក សារិត អាយុ៣៣ឆ្នាំ និងជាបុរសសម្តីផ្អែមមានដៃធំៗ និងពុកចង្កាក្រាស់ បានមានប្រសាសន៍ថា “លោក បា៉ន់ បានចេញទៅប្រកួតជាមួយគូប្រជែងផ្សេងៗទៀត។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងចំពោះគាត់… ប្រសិនបើគាត់អាចនាំយកពានរង្វាន់នោះមកប្រទេសជាតិបាន”។
រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ក្នុងពេលលោក ប៉ាន់ រិទ្ធី បានក្លាយជាផលិតករខ្សែភាពយន្តឯកសារ ដែលទទួលបានការគាំទ្រលើឆាកអន្តរជាតិ លោក សារិត ក៏បានក្លាយជាជាងចម្លាក់ដែលរៀនសូត្រដោយខ្លួនឯង និងបានប្រកបមុខរបរជាអ្នកលក់ស្នាដៃរបស់លោកនៅតាមផ្សារក្នុងស្រុកនានា។
បន្ទាន់ពីមិត្តភក្តិរបស់ឪពុកលោកបានណែនាំឲ្យលោករៀនឆ្លាក់បែបនេះ លោកក៏បានសិក្សាដោយខ្លួនឯង ដោយយកថ្មក្រានីតដែលសម្បូរនៅខេត្តពោធិ៍សាត់ មកឆ្លាក់ជារូបត្រី ជ្រូក និងសត្វផ្សេងៗទៀត។ គួរបញ្ជាក់ថា ឪពុករបស់លោក សារិត ធ្វើការនៅក្នុងជួរកងយោធពលខេមរភូមិន្ទនៅខេត្តនេះផងដែរ។
លោក សារិត បានមានប្រសាសន៍នៅពេលកំពុងអង្គុយជាមួយភរិយា និងកូនស្រីពីរនាក់របស់លោកនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍ បូផាណា (Bophana Audiovisual Resource Center) ក្នុងរាជធានីភ្នំពេញថា “ខ្ញុំគ្រាន់តែចង់មានបាយហូបគ្រប់គ្រាន់ដើម្បីអាចទៅរៀនធ្វើរូបចម្លាក់ផ្សេងៗ… ហើយមិត្តភក្តិរបស់ខ្ញុំអាចយករូបចម្លាក់ទាំងនោះទៅលក់នៅតាមផ្សារនានា និងផ្តល់កម្រៃឲ្យខ្ញុំវិញខ្លះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ដោយប្រើបន្ទះស្តើងៗ ខ្ញុំព្យាយាមឆ្លាក់ចេញជារូបផ្លែឈើ ក៏ប៉ុន្តែ ភាគច្រើនខ្ញុំឆ្លាក់ចេញជារូបសត្វ”។ លោក សារិត បានជួបលោក បា៉ន់ រិទ្ធី ក្នុងឆ្នាំ២០១១ នៅពេលដែលលោកត្រូវបានជួលឲ្យធ្វើការងារនៅក្នុងផ្នែករចនាឆាកសម្រាប់សម្តែងអំពីរឿងព្រានម្នាក់ ដែលត្រូវបានរៀបចំនៅខេត្តសៀមរាប។
មួយរយៈក្រោយមកទៀត លោកក៏ត្រូវបានស្នើឲ្យសូនរូបផ្ទះកាលពីនៅវ័យក្មេងរបស់លោក បា៉ាន់ រិទ្ធី ដែលនឹងត្រូវបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តរឿង “ រូបភាពដែលបាត់បង់” ។ លោក សារិត បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំមិនដែលរំពឹងទេថា រូបសូននោះត្រូវបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តដ៏ធំមួយបែបនេះទេ”។
អស់រយៈពេលប្រាំបួនខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០១២ លោក សារិត បានធ្វើការសហការជាមួយលោក ប៉ាន់ រិទ្ធី ក្នុងការសូនរូបពីដីឥដ្ឋជាច្រើនរយរូប ដែលនឹងត្រូវប្រើប្រាស់ជាតួអង្គនៅក្នុងរឿង “រូបភាពដែលបាត់បង់” ជារឿងរៀបរាប់អំពីរឿងរ៉ាវរបបខ្មែរក្រហម តាមរយៈរូបសូនដែលធ្វើពីដីឥដ្ឋទាំងនេះ។
លោក សារិត បានយកដីឥដ្ឋភាគច្រើនពីស្រុកកំណើតរបស់ភរិយាលោកគឺខេត្តព្រៃវែង។ នៅទីនោះ លោកបានស្នើឲ្យក្មេងៗដែលកំពុងរត់លេង ទៅជីកដីឲ្យគាត់។
នៅពេលលោកចាប់ផ្តើមឆ្លាក់រូបសម្រាប់ ដាក់ចូលក្នុងខ្សែភាពយន្តរឿង “ រូបភាពដែលបាត់បង់” លោក សារិត បានឲ្យដឹងថា លោកអាចឆ្លាក់រូបបានប្រហែលពីររូបក្នុងមួយថ្ងៃ ត្រូវចិត្តរបស់លោក ប៉ាន់ រិទ្ធី។ ក៏ប៉ុន្តែ នៅចុងបញ្ចប់ លោកក៏ឆ្លាក់បានរហូតដល់ប្រាំរូបក្នុងមួយថ្ងៃ ឬក៏កែច្នៃកន្លែងសំខាន់ៗឲ្យក្លាយជារូបមានជំហរថ្មី។
លោក សារិត ក៏មានភារកិច្ចឆ្លាក់រូបអ្វីៗគ្រប់យ៉ាងដែលរូបចម្លាក់មាននៅនឹងខ្លួន អ្វីៗដែលមាននៅជុំវិញរូបចម្លាក់ទាំងនោះក៏ដូចជាវត្ថុ និងសត្វទាំងឡាយដែលមាននៅក្នុងទស្សនីយភាពនីមួយៗ។
លោក សារិត បានមានប្រសាសន៍បន្តថា “លោក ប៉ាន់ បានប្រាប់ខ្ញុំនូវរឿងរ៉ាវរបស់លោក ហើយខ្ញុំស្រមៃមើលសកម្មភាពនៅក្នុងរឿងរ៉ាវទាំងនោះ”។ លោកបានឲ្យដឹងបន្ថែមទៀតថា លោកតែងតែធ្វើការទៅតាមការនឹក ឃើញអនុស្សាវរីយរបស់លោកប៉ាន់។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពេលគាត់រំឭករឿងរ៉ាវណាមួយ គាត់តែងតែមកប្រាប់ខ្ញុំ ហើយខ្ញុំក៏កត់ត្រាទុក”។
លោក សារិត បានលើកឡើងថា ឈុតគួរឲ្យរន្ធត់បំផុតនៅក្នុងខ្សែភាពយន្តនេះ គឺឈុតមួយដែលបង្ហាញពីក្មេងស្រីម្នាក់រាយការណ៍អំពីម្តាយរបស់នាងប្រាប់កម្មាភិបាលខ្មែរក្រហមថា ម្តាយរបស់នាងបានលួចផ្លែឈើ។ ម្តាយរូបនោះក៏ត្រូវបាននាំខ្លួនចេញទៅនៅយប់នោះ ប៉ុន្តែមិនបានត្រឡប់មកវិញទេ។លោក សារិត បានមានប្រសាសន៍ថា “វាជារឿងឃោរឃៅណាស់”។
ក្រៅពីអនុស្សាវរីយរបស់លោក ប៉ាន់ រិទ្ធី លោក សារិត ក៏បាននិយាយជាមួយឪពុករបស់លោកដែរ អំពីការឆ្លងកាត់របស់គាត់ក្នុងរបបខ្មែរក្រហម ជាពេលដែលលោក បានបាត់បង់ឪពុកនិងបងប្អូនប្រុសរបស់លោក។លោកមានប្រសាសន៍បន្ថែមថា “អារម្មណ៍របស់ពួកគាត់ធ្វើឲ្យដៃរបស់ខ្ញុំឆ្លាក់រូបទាំងនេះ”។
ទោះជាខ្សែភាពយន្តរូបភាពដែលបាត់បង់់នឹងទទួលបានពានរង្វាន់អូស្កា ឬក៏មិនទទួលក្នុងកម្មវិធីប្រកាសលទ្ធផលនារាត្រីថ្ងៃអាទិត្យនៅរដ្ឋឡូសអែនជើឡេស សហរដ្ឋអាមេរិកក៏ដោយ ក៏លោក សារិត បានលើកឡើងថា ខ្សែភាពយន្តដែលទទួលបានពានរង្វាន់មួយនៅមហោស្រពខ្សែភាពយន្តអន្តរជាតិកានណេសនេះ គឺជាវណ្ណកម្មដ៏ជោគជ័យមួយរួចទៅហើយ។
លោក សារិត បានមានប្រសាសន៍បន្តថា “ វានឹងជារឿងមិនគួរឲ្យជឿ ប្រសិនបើយើងទទួលបានពានរង្វាន់នេះ ពីព្រោះយើងចង់បង្ហាញថា នេះជារបស់កម្ពុជា។ ប៉ុន្តែប្រសិនបើយើងមិនទទួលបានពានរង្វាន់នេះ យើងក៏នៅតែសប្បាយរីករាយ ពីព្រោះយើងបានឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ”។
ហើយខណៈដែលរូបសូនរបស់លោក ទទួលបានភាពល្បីឈ្មោះទូទាំងពិភពលោក។
លោក សារិត បានមានលើកឡើងថា លោកសង្ឃឹមថា ថ្ងៃណាមួយលោកនឹងនាំរូបសូនចេញពីកម្ពុជាដោយខ្លួនឯង។
លោក សារិត បានមានប្រសាសន៍បន្ថែមដូច្នេះទៀតថា “ខ្ញុំមិនដែលបានចាកចេញពីកម្ពុជាទេ។ ខ្ញុំពិតជាចង់ទៅស្រុកក្រៅ ដើម្បីទស្សនា និងចង់ដឹងអំពីពិភពលោក ក៏ប៉ុន្តែខ្ញុំមិនមានលទ្ធភាពទេ។ សង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចធ្វើបាន”៕ សុធា