38 C
Phnom Penh

រដ្ឋាភិបាលវាយ​បក​ចំពោះលោក សម រង្ស៊ី ដែល​​ប្រៀប​ធៀប​ស្ថានភាព​នៅ​កម្ពុជាជាមួយ​​អ៊ុយ​ក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមaន្ត្រី​បាន​បញ្ចេញ​សេចក្តីរិះ​គន់​សុន្ទ​រកថាមួយ​ធ្វើ​ឡើង​ដោយ​លោក សម រង្ស៊ី មេដឹកនាំគណ​បក្ស​ប្រឆាំង​កាលពី​សប្តាហ៍​មុន។ នៅ​ក្នុង​សុន្ទរកថានោះ លោក​បាន​សន្យា​ចំពោះ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ថា ចលនា​​ផ្លាស់​ប្តូរ​នយោបាយ​ដែល​បណ្តេញ​ប្រធានា​ធិបតី​របស់​ប្រទេស​អ៊ុយ​ក្រែន​ចេញ​ពី​អំណាច​ នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេលឆាប់​ៗនេះ​។

សេចក្តី​ថ្លែ​ងការណ៍​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​ព្រឹត្តិការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ របស់​រដ្ឋសភា​អ៊ុយ​ក្រែនថា​ បណ្តេញ​លោក​ប្រធានា​ធិបតី​ វីក​ទ័រ យ៉ានូកូវិច (Victor Yanukovich) និង​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​។

សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “អ្វី​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​យល់​គឺ​ថា នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ ទោះបី​ជា​ប្រធានា​ធិបតី​ត្រូវ​បានគេ​​បណ្តេញ​ចេញ​ក៏​ដោយ​ ក៏​ដំណើរការ​នេះ​ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​នៅ​ក្នុង​រដ្ឋសភា​ដែរ​”។

សេចក្តី​អត្ថាធិប្បាយ​របស់​អង្គភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័សមានខ្លឹម​សារ​បន្ត​ទៀត​​ថា “នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណបក្ស​ប្រ​ឆាំង​​​​ដើរ​តាម​ផ្លូវ​បញ្ច្រាស​ទៅនឹង​ប្រទេស​អ៊ុយ​ក្រែន គណបក្ស​នេះ​បាន​ព្យាយាមម្តង​ហើយ​ម្តងទៀត​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ជា​ពិសេស​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ពួកគេ​ធ្វើរឿង​នេះ​ដោយ​អនា​ធិប​តេយ្យ​នៅ​តាម​​ផ្លូវ​ ដោយ​មិន​គោរព​រដ្ឋ​ធម្ម​នុញ្ញ​”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​​ធ្វើ​ពហិការ​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​​នៃប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ពេល​បោះ​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ​ដ៏​ចម្រូង​​ចម្រាស​​កាលពី​ឆ្នាំ​មុនមក​ ដោយ​អះ​អាង​ថា ការ​បោះ​​ឆ្នោត​នេះ​មាន​បញ្ហា​ដោយ​សារ​ការ​លួច​បន្លំ​ទូទៅ​ និង​ភាព​មិន​ប្រក្រតី​យ៉ាងទូ​លំទូលាយ។

លោក ទិត្យ​ សុធា អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​​មាន​និង​ប្រតិកម្ម​រហ័ស ​បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដើម្បី​​​រំលេច​ចេត​នា​អាក្រក់នៅពីក្រោយ​សុន្ទរក​ថារបស់​លោក សម រង្ស៊ី។

លោក​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​សរសេរ​ ដើម្បីពន្យល់​ឲ្យសាធារណជន​យល់​ថា ​អ្វី​ដែល​លោក សម រង្ស៊ី​ បាន​លើក​ឡើង​​ មិនស្រប​តាម​ស្ថានភាព​ពិតទេ​​”៕ ប៊ុននី​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស