33 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ស៊ីសា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានព្រមាន​ម្ចាស់​ហាង​ស៊ីសា​ឲ្យ​បញ្ឈប់​អាជីវកម្ម​នេះ​ជា​បន្ទាន់ ដោយ​បាន​លើក​ហេតុ​ផ​ល​ថា ស៊ីសា​ដែល​គេ​ជក់​​នៅ​ក្នុង​​​រាជ​ធានីភ្នំពេញ មាន​ផ្ទុក​ថ្នាំញៀន​។

លោក​បាន​ថ្លែង​ក្នុង​សុន្ទរកថា​បិទ​សន្និបាត​​របស់ក្រសួង​ទេសចរណ៍​នៅ​កោះពេជ្រ​​ក្នុង​រាជ​ធានីភ្នំពេញថា“ ស៊ីសា​មិន​មែន​ត្រូវ​បាន​ហាម​ឃាត់​​ដោយ​សារ​មាន​បម្រាម​ [លើ​ការ​ជក​់​បារី] ទេ​​ តែ​​វា​ត្រូវ​បាន​យក​មក​ធ្វើ​តេស្ត​​ ហើយ​យើង​បាន​រក​ឃើញ​ថា វា​មាន​ផ្ទុក​ថ្នាំ​ញៀន​ក្នុង​កម្រិត​ខ្ពស់​”។

លោក ហ៊ុន សែន បាន​បន្ថែម​ថា “ប្រសិន​​​បើ​មើល​ឲ្យ​ដិត​ដល់​​ ស៊ីសា​នេះ​គឺ​ជា​អាភៀន គ្រាន់​តែ​ថា គេ​ជក់​វា​ដោយ​វិធី​ផ្សេង​គ្នា​តាម​បំពង់​មួយ​។កាលសម័យ​ដើម​ [អាភៀន​]​ត្រូវ​បាន​គេ​ដាក់​ក្នុង​បំពង់​ឫស្សីដែល​មាន​​គម្រប​ហើយ​គេ​ជក​់​វា​រួម​គ្នា​”​។

លោក ហ៊ុន សែន ដែលគេ​ដឹង​ជា​ទូទៅ​ថា ជា​អ្នក​ជក់​បារី​ម្នាក់​ដែរ​នោះ ក៏​បានអះអាង​ផង​ដែរ​ថា ​ហាង​ស៊ីសា​​នេះ​បាន​​ជំរុញ​ឲ្យ​សិស្ស​​គេច​សាលា​។

លោក​​ថ្លែង​ថា “ឪពុក​ម្ដាយ​បារម្ភ​អំពីរឿង​​​នេះ។​ ខ្ញុំ​​សូម​បញ្ជាក់​ថា ​យើង​នឹង​​មិន​​បិទ​ហាង​​​ទាំង​នោះ​ទេ​​ គឺ​យើង​គ្រាន់តែស្នើ​ឲ្យ​បញ្ឈប់​​​​​​ការ​ផ្ដល់​​ស៊ីសា​សម្រាប់​ជក់​ប៉ុណ្ណោះ​។ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​​នៅតែ​រឹ​ងទទឹង​ យើង​នឹង​បិទ​ហាង​ចោល​តែ​ម្ដង​​”។

ជំហរ​របស​់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ហាង​ស៊ីសា​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក បា៉ សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ ​អំឡុង​​សន្និបាត​ប្រចាំឆ្នាំ​​របស់​សាលា​រាជ​ធានី។

អំឡុង​សន្និបាត​នោះ លោក បា៉ សុជាតិវង្ស បាន​លើក​ឡើង​ថា ស៊ីសា​នេះ​គ្មាន​សារធាតុ​​ណាកូទិក​ ដែល​ជា​​ប្រភេទ​គ្រឿងញៀនម្យ៉ាង​ទេ​​ហើយ​ការ​ជក់​ស៊ីសា​នេះ​ក៏គ្មាន​អ្វី​ខុស​ច្បាប់​​​​ដែរ​ ប៉ុន្តែ​អាជីវកម្មនេះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់​​ ដោយ​សារ​ផល​ប៉ះពាល​់​លើ​សុខ​ភាព​​​​​​បណ្ដាល​មក​ពីការ​ជក់​ស៊ីសា​នេះ​។ លោក​បាន​ឲ្យ​ដឹង​ថា ហាង​ស៊ីសា​ចំនួន​១៥​​នៅ​ក្នុងរាជ​ធានីភ្នំពេញ ត្រូ​វ​បានបិទគិត​ត្រឹម​ថ្ងៃ​ពុធ​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញា​ធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក៏បាន​លើក​ឡើង​ខុស​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដោយ​​លោកបាន​និយាយ​កាល​​​ពី​​​​​ថ្ងៃ​សុក្រថា ថ្នាំញៀន​តែមួយ​ប្រភេទ​គត់​​ែដល​​​​មាន​នៅ​ក្នុង​ស៊ីសា​នេះ គឺ​សារធាតុ​នីកូ​ទីន​​​ដែល​​​​​​មាន​នៅ​ក្នុង​បារី។

លោក វីរិទ្ធ បានមាន​ប្រសាសន៍​ថា “ គ្មាន​អាភៀន​ទេ មាន​តែ​នីកូទីន​ប៉ុណ្ណោះ​” ដោយ​លោក​បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​ធ្លាប់​ត្រូវ​​​បាន​ចាប់​ខ្លួន​​ជំុវិញ​បទចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​​​ការ​ជក់​ស៊ីសា​ទេ។

លោក​បាន​បញ្ជាក់​ថា “ប៉ុន្តែ​ [ស៊ីសា​] ងាយ​​​ស្រួល​ប្រើ​ ដូច្នេះ​វា​អាច​នាំ​ឲ្យ​ឈាន​ដល់​ការ​ប្រើ​ថ្នាំញៀន​បាន​ ដោយ​​មាន​ប្រសាសន៍​ថា “ក្មេង​ៗ​ដែល​ប្រើ​វា​​គឺ​ខ្ជះខ្ជាយ​ពេលវេលា​ដែល​អាច​យក​ទៅ​ប្រើ​ក្នុង​ការ​សិក្សា​ ដូច្នេះ​វាគ្មានប្រយោជន៍អ្វីដល់​សង្គម​ទេ”។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ពាក់​ព័ន្ធ​នឹង​បម្រាម​នេះថា វា​នឹង​ធ្វើ​ឲ្យ​សុខភាព​ប្រជា​ពលរដ្ឋ​មានភាព​ប្រសើរ​ឡើង​។

ក៏ប៉ុន្តែ​ លោក​បាន​​លើក​ឡើង​ថា បម្រាម​នេះនឹង​មិន​ក្ដោប​ទាំង​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​ប្រើ​នីកូទីន​ដូច​ជា​ការ​ជក់​​បារីឡើយ​ ដោយ​​​មាន​ប្រសាសន៍​ថា “បម្រាម​​នេះ​ត្រូវ​បាន​​ដាក់​ដោយ​សម្ដេច​ ព្រោះ​ស៊ីសា​អាច​បំផ្លាញ​​​​សុខ​ភាព​ ​​និង​ធ្វើ​ឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​។ ការ​ជក​់បារី​មិន​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សង្គម​ទេ ​​ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ”​៕ សេរីវុធ​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស