36 C
Phnom Penh

ព្រះ​សង្ឃ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចែក​អំណោយ​ទៅ​ឲ្យជន​រងគ្រោះ​ដោយ​សារ​ស្នាដៃ​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃសុក្រ​ព្រះ​តេជគុណ​ លួន​ សុវ៉ាត​​ ដែល​​ជា​សកម្ម​ជនជា​ព្រះ​សង្ឃ​ដ៏​ល្បី​ឈ្មោះ​​និង​សមាជិក​សភាជាប់​ឆ្នោត​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​​​ បាន​ចែក​អង្ករ​និង​ប្រាក់​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​និង​ប្រទេស​កាណាដា ទៅឲ្យ​ក្រុម​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​និង​ជាប់​ទាក់​ទិន​នៅ​ជម្លោះ​ដី​ធ្លី​ដ៏​រុាំរ៉ៃ​និង​ការ​តវ៉ា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ដោយ​​មាន​សង្ឃដី​​​កា​​នៅ​ក្នុង​ពិធី​មួយ​ក្នុង​វត្ត​សាមគ្គី​រង្សី​ នៅ​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​ភ្នំពេញ​ ព្រះតេជ​គុណ លួន ​ សុវ៉ាត​ បាន​ប្រើ​ព្រឹត្តិការណ៍ ​នេះ​​ដើម្បី​រិះគន់​​គោល​នយោ​បាយ​ដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​។

ដោយ​រំឭក​អ្នក​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍នេះ​កុំ​ឲ្យ​ភ្លេច​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ របស់​គណបក្ស​​ប្រជា​ជន​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៣​ ដែលបាន​អំពាវ​នាវ​ឲ្យ​អ្នក​បោះ​ឆ្នោត​ “អាណិ​​ត​ ស្រឡាញ់​ និង ជឿ​ទុក​ចិត្ត​” លើ​គណ​បក្ស​កាន់​អំណាច​ ព្រះ​តេជ​គុណ​បាន​​​​មា​ន​សង្ឃដី​កា​​បន្ថែម​ថា “ប្រសិន​បើ​អស់​លោក​អាណិត និង​ស្រឡាញ់​ខ្ញុំ​ សូម​កុំ​​​បាញ់​និង​រំលោភ​យក​ដី​ធ្លី​របស់​ខ្ញុំ​អី”​។

ព្រះ​តេជ​គុណ​ លួន​ សុវ៉ាត​ បាន​មាន​សង្ឃ​ដី​កា​ទៅ​កាន់​មនុស្ស​ជាង​១៧០​នាក់​ពី​សហ​គមន៍​បុរី​កីឡា​ និង​សហ​គមន៍​បឹង​កក់​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​មនុស្ស​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ អំឡុង​ការ​តវ៉ា​របស់កម្មករ​រោង​ចក្រ​កាត់​ដេរ​កាល​ពី​ខែ​មុន​ថា “ប្រទេស​​​កម្ពុជា​សព្វ​ថ្ងៃ​ គ្មាន​ច្បាប់​រដ្ឋ​ គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ​ ព្រោះ​វា​គឺ​ជា​លទ្ធិ​ប្រជា​ធិប​​​តេយ្យ​ក្លែង​ក្លាយ​​”។ លុយ​សុទ្ធ​និង​អង្ករ​ប្រហែល​៤.០០០​ដុល្លារ​​​ ត្រូវ​បាន​ចែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។

អ្នក​ស្រី​ កាន សំនៀង​ អាយុ​២​៤​ឆ្នាំ​ដែល​ប្តី​របស់គាត់​​ឈ្មោះ​ គឹម​ ផលលៀម​ អាយុ​ ២៦​ឆ្នាំ​ត្រូ​វ​គ្រាប់​ស្លាប់​ អំឡុង​ការ​តវ៉ា​នៅ​ផ្លូវ​វេង​ស្រេង​ កាល​ពី​ថ្ងៃ​៣​ ខែ​មករា​ ទទួលបាន​​ប្រាក់​ចំនួន​៨០​ដុល្លារ។

អ្នក​ស្រី​បាន​និយាយ​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ទទួល​អំណោយ​នេះ ​ព្រោះ​ខ្ញុំ​មិន​ដែល​ទទួល​បាន​អំណោយ​ពី​រដា្ឋភិបាល​ឡើយ​ បន្ទាប់​ពី​ប្តី​របស់​ខ្ញុំស្លាប់​មក​”។

លោក​ ឡុង​រី​ សមាជិក​សភា​ជាប់​ឆ្នោត​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​​ បាន​ចោទ​ប្រកាន់​មន្ត្រី​រដ្ឋាភិបាល​ថា  “ បាន​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សំបែង​និង​បាញ​់​សម្លាប់​មនុស្ស​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស