សមាជិកនៃគណៈកម្មការកែទម្រង់ប្រព័ន្ធបោះឆ្នោត បានឲ្យដឹងកាលពីម្សិលមិញថា គណៈកម្មការថ្មីបង្កើតឡើងអំឡុងកិច្ចប្រជុំមួយរវាងសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិកាលពីខែមុននេះ នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅព្រឹកនេះដើម្បីកំណត់របៀបវារៈ។
ស្ថាប័នថ្មីនេះមានភារកិច្ចរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅពេលអនាគត។ គួរបញ្ជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិបានលើកឡើងថាពួកគេសង្ឃឹមថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅមុនរដ្ឋសភាផុតអាណត្តិបច្ចុប្បន្នរបស់ខ្លួនក្នុងឆ្នាំ២០១៨ ដើម្បីកែតម្រូវនូវអ្វីដែលមេដឹកនាំទាំងនេះលើកឡើងថា ជាការបោះឆ្នោតមានការលួចបន្លំកាលពីក្នុងខែកក្កដា។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា ហើយនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំនៅព្រឹកនេះដែរ បានពន្យល់ថា វាជាបុព្វសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ ដែលអះអាងថា មានបញ្ហានៅក្នុងប្រព័ន្ធបោះឆ្នោតនោះ ក្នុងការសំណូមពរនូវអ្វីដែលនឹងដាក់ក្នុងរបៀបវារៈ។
សំដៅដល់ចំណុចចចាររបស់គណបក្សសង្គ្រោះជាតិនាពេលកន្លងមកដូចជាឲ្យមានយន្តការស៊ើបអង្កេតឯករាជ្យមួយក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ឬសេចក្តីអំពាវនាវឲ្យមានការបោះឆ្នោតឡើងវិញ ជាដើមនោះ លោក ជាម យៀប បានមានប្រសាសន៍ថា “អ្វីដែលសំខាន់បំផុត គឺមិនត្រូវចាកប្រធាន ដែលគណបក្សទាំងពីរបានជ្រើសរើស នោះគឺកម្មវិធីកែទម្រង់ប្រព័ន្ធបោះឆ្នោត”។
គណបក្សទាំងពីរបានលើកឡើងថា បញ្ហាទាំងនេះនឹងមិនត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការថ្មីនេះទេ ហើយនឹងតម្រូវឲ្យមានកិច្ចប្រជុំពិសេសមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។
លោក ជាម យៀប ដែលនឹងចូលរួមជាមួយសមាជិកប្រាំរូបទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំនាព្រឹកនេះមានប្រសាសន៍ថា “យើងនឹងរង់ចាំមើល [អ្វីត្រូវបានលើកយកមកពិភាក្សា] នៅថ្ងៃស្អែកនេះ”។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកនិងសមាជិកប្រាំរូបទៀតនៃគណៈប្រតិភូរបស់គណបក្សសង្គ្រោះជាតិក្នុងគណៈកម្មការនេះ នឹងស្នើឲ្យមានការផ្តោតលើការសិក្សាអំពីចំណុចបរាជ័យនៃការបោះឆ្នោតចុងក្រោយ ក្នុងការកំណត់ចំណុចដែលត្រូវកែទម្រង់។
លោកបានមានប្រសាសន៍ថា “ការបង្កើតនីតិវិធីប្រតិបត្តិការរបស់គណៈកម្មការរួមនេះនឹងជាចំណុចសំខាន់ ហើយបន្ទាប់មក នឹងបន្តទៅចំណុចសិក្សាអំពីការបោះឆ្នោតលើកមុន”។ លោក សុន ឆ័យ បានពន្យល់ថា “វាជារឿងសំខាន់ដែលយើងនឹងឃើញអំពីភាពពិតរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើពួកគេប្តេជ្ញាកែទម្រង់ ពេលនោះយើងនឹងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលអង្គការក្រៅរដ្ឋាភិបាលនានាបានលើកឡើង”។
ដោយឡែក សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលកែទម្រង់ការបោះឆ្នោត ដែលគេស្គាល់ថាជា “បន្ទប់ស្ថានភាព” (The Situation Room) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដើម្បីអំពាវនាវឲ្យគណៈកម្មការថ្មីនេះ យល់ព្រមឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលស្ថិតនៅក្រោមឥទ្ធិពលគ្រប ដណ្តប់ដោយសមាជិកគណបក្សប្រជាជនកម្ពុជានោះ កែទម្រង់បញ្ជីឈ្មោះអ្នកបោះឆ្នោតជាតិ ដែលត្រូវបានញាំញីដោយសារការបាត់ឈ្មោះ និងឈ្មោះស្ទួន និងអំពាវនាវឲ្យមានការបោះឆ្នោតជាតិថ្មីនៅចុងឆ្នាំ២០១៥ ពោលគឺនៅពាក់កណ្តាលអាណត្តិនៃការបោះឆ្នោតបច្ចុប្បន្ន៕ ប៊ុននី