26 C
Phnom Penh

អង្គការ​​៖ សកម្មភាព​ចុះ​ស៊ើប​អង្កេត​របស់​ក្រុម​ហ៊ុន​ កូកាកូឡា រង​ការរំខាន​ពី​សំណាក់​​​ក្រុមនគរបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រុម​​អ្នក​ត្រួត​ពិនិត្យ​​មកពី​ក្រុម​ហ៊ុន​ កូកាកូឡា (Coca-Cola) បាន​ចុះ​ទៅ​ខេត្ត​ឧត្តរ​មានជ័យ​កាលពី​ថ្ងៃសុក្រ ដើម្បី​ស៊ើប​​អង្កេត​ករណី​ចោទ​ប្រកាន់​ថា មាន​ការ​ទន្ទ្រាន​យក​ដី​ធ្លី​ ពី​សំណាក់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ ដែល​​ផ្គត់​ផ្គង់​ទំនិញ​ ឲ្យ​ក្រុម​ភេសជ្ជ​ដ៏​ធំ​លំដាប់​សាកល​លោក​មួយ​នេះ​ ក៏​ប៉ុន្តែ ក្រុម​សវនករ​បាន​លុប​​ចោល​កិច្ច​ប្រជុំ​ជាមួយ​សហ​គមន៍​ ដោយ​សារ​តែ​នគរបាល​បាន​បង្ហាញ​វត្ត​មាន​យ៉ាង​ច្រើន​។

លោក ជន បូរ៉ា ដែល​ធ្វើការ​នៅ​សមាគម​អភិវឌ្ឍន៍​កុមារ​ (Children’s Development Ass-ociation) បាន​ឲ្យ​ដឹង​ថា លោក​បាន​ជួប​ពិភាក្សា​ ជាមួយ​តំណាង​ក្រុម​ហ៊ុនកូកាកូឡា ដែល​បាន​ចុះមក​ស៊ើប​អង្កេត​ទាំង​នេះ​ នៅ​ការិយា​ល័យ​​អង្គការ​របស់​លោក​ នៅ​ក្នុង​ក្រុង​សំរោង កាល​​ពី​ថ្ងៃ​សុក្រ ដើម្បី​បង្ហាញ​ពួកគេ​ដោយ​សង្ខេប​អំពី​ករណី​ចោទ​ប្រកាន់​ថា ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ដែល​មាន​ចំនួន​បី​ បាន​ធ្វើ​​​សកម្ម​ភាព​ទន្ទ្រាន​យក​ដី​របស់​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ជាច្រើន​រយ​គ្រួសារ​។

គួរ​បញ្ជាក់​ថា ចម្ការ​អំពៅ​ទាំង​បី​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន មិត្តហ្វុល (Mitr Phol) ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្ករ​​ធំៗរបស់​ក្រុម​ហ៊ុន​ កូកា​កូឡា ​នៅ​ប្រទស​ថៃ។

ក្រុម​ហ៊ុន កូកាកូឡា បាន​ប្រកាសចំណាត់​ការ​ “គ្មាន​ការ​លើក​លែង​” ទៅ​លើ​សកម្ម​ភាព​​ទន្ទ្រាន​យក​ដី​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​របស់​ខ្លួន​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​ថែម​ទាំង​​បាន​ប្រកាស​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទាំង​នោះ​នៅ​ទូទាំង​សាកល​លោក​។

លោក បូរ៉ា បាន​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន​ កូកាកូឡា មិន​ហ៊ា​ន​ធានា​ថា ខ្លួន​នឹង​រក​បាន​ដំណោះ​ស្រាយ​ទេ​​ ​ប៉ុន្តែ គេ​បាន​​សន្យា​ថា នឹង​​​​​ខិត​ខំ​រក​ដំណោះ​ស្រាយ​ជូន​អ្នក​ភូមិ​ ពី​ព្រោះ​គេ​មិន​ចង់​ឮ​ថា ក្រុម​ហ៊ុន​របស់​គេ​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​បាន​ស្នើ​ឲ្យ​តំណាង​ក្រុម​ហ៊ុន​ទាំង​នេះ​ជួយ​ប្រជាជន​ទាំង​នេះ​ ពីព្រោះ​ពួកគាត់​បាត់​បង់​ស្រែ​ចម្ការ​របស់​ពួកគាត់​ និង​ត្រូវ​បាន​ជំរុញ​ឲ្យ​ទៅ​ធ្វើការនៅ​ប្រទេសថៃ”។

នៅ​ពេល​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ទាំង​នេះ​ព្យាយាម​ជួប​ប្រជាជន​រង​គ្រោះ​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ នៅ​ឃុំ​កូនគ្រៀល ពួកគេ​ត្រូវ​បាន​អម​ដំណើរដោយ​នគរបាល​មូលដ្ឋាន​​ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ ប្រហែល​៣០នាក់​ ហើយ​ទី​បំផុត​ ពួកគេ​ក៏​បាន​រំសាយ​​កិច្ច​ប្រជុំ​នេះ​ នេះ​បើ​យោង​តាម​លោក​ បូរ៉ា។

លោក​ បូរ៉ា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “តំណាង​ក្រុម​ហ៊ុន​បាន​ប្រាប់​ពួក​យើង​ថា ពួកគេ​មាន​ផែនការ​ជួប​និយាយ​ជា​មួយ​ប្រជា​ជន​រង​ផល​ប៉ះពាល់​ ដើម្បី​សួរ​ពួក​គាត់​អំពី​អង្គ​ហេតុ​ពិត ក៏​ប៉ុន្តែ ពួកគេ​បាន​លុប​ចោល​កិច្ច​ប្រជុំ​នេះ​ និង​បាន​ត្រឡប់​មក​​រាជ​ធានី​ភ្្នំពេញ​វិញ កាលពី​ថ្ងៃ​សៅរ៍​ ដោយ​សារ​តែ​អាជ្ញាធរ និង​នគរបាល​បាន​ដើរ​តាម​ពី​ក្រោយ​​ពួកគេ​”។

លោក ម៉ៅ សំណាង​ នាយប៉ុស្តិ៍​កូនគ្រៀលបាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​របស់​លោក​បាន​ដើរ​អម​ក្រុម​អ្នក​ចុះ​ស៊ើប​អង្កេត​ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បញ្ជូន​នគរបាល​បួន​នាក់​ទៅ​ គ្រាន់​តែ​ដើម្បី​ផ្តល់​សន្តិសុខ​ដល់​ភ្ញៀវ​ ពីព្រោះ​យើង​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ​”។

អង្គការ​រដ្ឋាភិបាល​នានា​បាន​ឲ្យ​ដឹងផង​ដែរ​​ថា កម្មករ​ចម្ការ​អំពៅ​បាន​ប្រាប់​អង្គការ​ទាំង​នោះ​​ថា លោក លី យ៉ុង​ផាត់ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​អាជីវកម្ម​ចម្ការ​ទាំង​នេះ​ផង​ដែរ ទោះ​បី​ជា​តំណាង​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​​បដិសេធ​ក៏​ដោយ​។

លោក​ ធ្មិន ទី ប្រជាជន​​​ឃុំកូនគ្រៀល​បាន​ឲ្យ​ដឹង​ថា លោក​និង​តំណាង​ប្រជាជន​ពីរ​នាក់​ផ្សេង​ទៀត​នៅ​តែ​បាន​ខិត​ខំ​ជួប​និយាយ​ជាមួយ​ក្រុម​អ្នក​ត្រួត​ពិនិត្យ​របស់​ក្រុម​ហ៊ុន កូកាកូឡា​ កាលពី​ថ្ងៃ​សុក្រ ក៏​ប៉ុន្តែ ប្រជាជន​ជា​ច្រើន​នាក់​ទៀត​​មាន​អារម្មណ៍​ខក​ចិត្ត​ដែល​កិច្ច​ប្រជុំ​របស់​ពួកគាត់​ត្រូវ​បាន​លុប​ចោល​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ក្តី​សង្ឃឹម​តិច​តួច​ថា ក្រុម​ហ៊ុន​អាច​រក​ដំណោះ​ស្រាយ​ឲ្យ​យើង​បាន​”។

ក្រុម​ហ៊ុន​ កូកាកូឡា មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​អំពី​សកម្ម​ភាព​ចុះ​ស៊ើប​អង្កេត​ធ្វើ​ឡើងដោយ​តំណាង​របស់​ខ្លួន​ នៅ​ខេត្ត​ឧត្តរមានជ័យ​ទេ​។ ក្រុម​ហ៊ុន​នេះ​បាន​បញ្ជាក់​ពី​វត្តមាន​របស់​ក្រុម​ការងារ​នេះ​​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ បាន​បដិ​សេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស