គណបក្សប្រជាជនកម្ពុជាយល់ព្រមជាគោលការណ៍លើសំណើពីរចំណុចក្នុងចំណោម ប្រាំពីរចំណុចដែលគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញ អំឡុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះសម្រាប់កែទម្រង់ការបោះឆ្នោត។

ពេលចេញពីកិច្ចប្រជុំរយៈពេល៤ម៉ោងកន្លះនៅព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានព្រមព្រៀងលើការកែទម្រង់ការចុះឈ្មោះបោះឆ្នោត និងការបង្កើតច្បាប់ថ្មីមួយស្តីពីការផ្តល់ហិរញ្ញវត្ថុដល់គណបក្សនយោបាយ។
សេចក្តីថ្លែងការណ៍រួមមួយចេញបន្ទាប់ពីកិច្ចប្រជុំនេះបានលើកឡើងថា គណបក្សទាំងពីរព្រមព្រៀង “រៀបចំការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោតដើម្បីធានា និងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំបង្កើតច្បាប់មួយស្តីពីការផ្តល់ហិរញ្ញវត្ថុដល់គណបក្សនយោបាយ”។
ប្រតិភូដែលមានសមាជិកប្រាំមួយរូបមកពីគណបក្សនីមួយៗបានព្រមព្រៀងគ្នាបន្តការចរចាអំពីការកែទម្រង់ការបោះឆ្នោតនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយទៀត។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានដឹកនាំមន្ត្រីគណបក្សប្រឆាំងបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនព្រមពិភាក្សាអំពីសំណើកែទម្រង់ប្រាំចំណុចទៀតទេរហូត ដល់ពួកគេបានពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាសិន។
ចំណុចដែលមិនព្រមពិភាក្សាទាំងនោះរួមមានការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅតាមមូលដ្ឋាន ការផ្តល់សិទ្ធិប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយស្មើគ្នាដល់គណបក្សនយោបាយ ការបង្កើតស្ថាប័នឯករាជ្យមួយសម្រាប់ដោះស្រាយជម្លោះបោះឆ្នោត និងវិធានការនានាដើម្បីធានាពីឯករាជភាពនយោបាយរបស់យោធា និងមន្ត្រីរាជការ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ពួកគេនិយាយថា ចំណុចទាំងនេះមិនទាន់បានពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួនទេ ដូច្នេះពួកគេស្នើសុំពិភាក្សាពីបញ្ហានេះនៅពេលកិច្ចប្រជុំលើកក្រោយ” ។ លោកបានបន្ថែមថា ព័ត៌មានជាក់លាក់អំពីការកែទម្រង់នឹងត្រូវពិភាក្សានៅក្នុងដំណាក់កាលក្រោយនៃដំណើរការកែទម្រង់។
លោកបានមានប្រសាសន៍ថា “នេះមានន័យថា យើងត្រូវព្រមព្រៀងលើការកែទម្រង់សំខាន់ៗសិន បន្ទាប់មកយើងនឹង បើកចំហឲ្យមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ និងអង្គការអន្តរជាតិ ដើម្បីផ្តល់អនុសាសន៍ ឬលើកជាសំណើ”។
លោក សុន ឆ័យ បានមានប្រសាសន៍ថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាថា ការពិភាក្សាអំពីការបោះឆ្នោតមុនអាណត្តិគួរតែទុកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងជាអ្នកពិភាក្សាគ្នា។ លោកទាំងពីរមិនទាន់បានជួបគ្នាទេចាប់តាំងពីខែកញ្ញាមក។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាដែលដឹកនាំមន្ត្រីគណបក្សកាន់អំណាចបានប្រាប់អ្នកយកព័ត៌មានថា គណបក្សទាំងពីរនឹងបន្តពិភាក្សាអំពីសំណើកែទម្រង់ការបោះឆ្នោតដែលមិនបានព្រមព្រៀងគ្នាទៀតកាលពីម្សិលមិញ ហើយបានព្យាករថា គណបក្សទាំងពីរនឹងព្រមព្រៀងលើការកែទម្រង់ផ្សេងៗទៀត។
លោក ប៊ិន ឈិន បានមានប្រសាសន៍ថា “យើងនឹងដាក់បញ្ហាជាច្រើនទៀតទៅក្នុងក្របខណ្ឌកែទម្រង់ការបោះឆ្នោតនេះ ហើយយើងនឹងបន្តការពិភាក្សាគ្នាទៀត។ចំណុចដែលត្រូវកែទម្រង់ទាំងនេះនឹងត្រូវអនុម័តនៅក្នុងរដ្ឋសភា”។
គណបក្សសង្គ្រោះជាតិមិនព្រមទទួលយកអាសនៈចំនួន៥៥របស់ខ្លួននៅក្នុងរដ្ឋសភាទេ ហើយបានទាមទារឲ្យគណបក្សប្រជាជនកម្ពុជាព្រមព្រៀងលើការបោះឆ្នោតមុនអាណត្តិ ឬការសើុបអង្កេតលើការបោះឆ្នោតកាលពីខែកក្កដា ដែលពួកគេនិយាយថា មានភាពមិនប្រក្រតីច្រើនដែលផ្តល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាច។
កាលពីខែកក្កដា គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួននឹងបង្កើតគណៈកម្មការកែទម្រង់ការបោះឆ្នោតដែលមានតែមួយគណបក្សដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែ កាលពីខែកុម្ភៈបានកែប្រែផែនការរបស់ខ្លួនវិញ ហើយបានព្រមព្រៀងបង្កើតគណៈកម្មការចម្រុះមួយជាមួយគណបក្សសង្គ្រោះជាតិ។
ទោះបីជាលោក ហ៊ុន សែន និងមន្ត្រីរបស់លោកបាននិយាយដដែលៗថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋសភាឯកបក្សរបស់ខ្លួនមិនរងផលប៉ះពាល់ដោយការបន្តធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិក៏ដោយ ក៏លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យបានមានប្រសាសន៍កាលពី ម្សិលមិញថា ការចូលរួមរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការចរចាអំពីការកែទម្រង់ការបោះឆ្នោត គឺជាបញ្ហាសំខាន់ដើម្បីភាពស្របច្បាប់។
លោកស្រី ជា វណ្ណាត បានមានប្រសាសន៍ថា ការចូលរួមចរចានេះគឺដើម្បីទទួលបានភាពស្របច្បាប់សម្រាប់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបង្ហាញសហគមន៍អន្តរជាតិថា ពួកគេជារដ្ឋាភិបាលប្រជាធិបតេយ្យពហុបក្ស”។
លោកស្រីបានមានប្រសាសន៍ទៀតថា “ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលមិនប្តូរផ្នត់គំនិតរបស់ខ្លួនចំពោះការបោះឆ្នោតទេ វានៅតែមានបញ្ហាដដែលនៅពេលបោះឆ្នោតលើកក្រោយ ហើយគណៈកម្មការនេះមិនសំខាន់ទេ”៕គឹមហឿន