លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានចែកប័ណ្ណកម្មសិទ្ធិដីដល់អ្នកភូមិតំបន់បឹងកក់១៧គ្រួសារដោយផ្ទាល់អំឡុងពិធីមួយនៅសាលារាជធានីកាលពីម្សិលមិញ ដោយអ្នកភូមិ៥០ទៅ៦០គ្រួសារទៀតកំពុងរង់ចាំប័ណ្ណកម្មសិទ្ធិដីរបស់ខ្លួន។
អ្នកភូមិនៅសេសសល់ប្រហែល១០០គ្រួសារដែលត្រូវបានដកចេញពីគម្រោងដែលលោកនាយករដ្ឋមន្ត្រីបានប្រកាសកាលពីខែសីហា ឆ្នាំ២០១១ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់អ្នកភូមិតំបន់បឹងកក់រាប់រយគ្រួសារនោះបានតស៊ូនឹងការបណ្តេញពួកគាត់ចេញពីគម្រោងអចលនទ្រព្យរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី ជុំ ទូច ស្ថិតក្នុងចំណោមអ្នកដែលទទួលបានប័ណ្ណកម្មសិទ្ធិដីដែលគាត់បានរង់ចាំជាយូរមកហើយកាលពីម្សិលមិញ។គាត់បាននិយាយថា “ ឥឡូវនេះយើងលែងខ្លាចបាត់បង់ដីរបស់យើងទៀតហើយ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនបានប្រាប់ពីពេលចែកប័ណ្ណ កម្មសិទ្ធិដីដែលនៅសេសសល់ទេ។
អ្នកស្រី ទេព វន្នី អ្នកភូមិតំបន់បឹងកក់ និងជាសកម្មជនប្រឆាំងការបណ្តេញចេញដ៏ឆ្នើមមួយរូបបាននិយាយថា អ្នកភូមិប្រហែល៦០គ្រួសារកំពុងរង់ចាំប័ណ្ណកម្មសិទ្ធិរបស់ខ្លួន។អ្នកភូមិមួយចំនួនបានជំទាស់នឹងទំហំដីដែលសាលារាជធានីផ្តល់ឲ្យពួកគាត់។
អ្នកស្រី ហេង មុំ បាននិយាយថា គាត់ត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែគាត់បានបដិសេធ ពីព្រោះសាលារាជធានីចង់កាត់បន្ថយដីរបស់គាត់ដែលមានទំហំ៥៦៣ម៉ែត្រក្រឡាមកត្រឹមតែ ២០០ ម៉ែ ត្រក្រឡានោះ។ គាត់បាននិយាយថា “ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះវាមានទំហំតូចជាងដីរបស់ខ្ញុំ”៕សារុន