31 C
Phnom Penh

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ និង​ពីរនាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​ឆ្លង​កាត់​ព្រំដែន​ថៃ​ដោយ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ​ នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​សប្តាហ៍​មុន​ ទាហាន​ថៃ​បានចាប់​ខ្លួន​បុរស​កម្ពុជា​ម្នាក់​ដែល​គេ​​សង្ស័យ​ថា បាន​ឆ្លង​កាត់ព្រំ​ដែនប្រទេស​​ថៃ​ទៅ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ រីឯ​អ្នក​សម​គំនិត​ជាមួយ​​គាត់​ចំនួន​ពីរ​នាក់​ទៀត​ បាន​បាត់​ខ្លួន​រយៈពេល​១០​ថ្ងៃ​មក​ហើយ​។

យោង​តាម​លោក ស៊ុយ សេង អធិការ​នគរបាល​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមាន​ជ័យ​បាន​ឲ្យ​ដឹង​ថា លោក ឯក វិឆ័យ អាយុ​២៩​ឆ្នាំ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​ រី​ឯ​លោក ហេង​ ហុង អាយុ​៣២​ឆ្នាំ​ និង​លោក យ៉ា អ៊ុំ អាយុ​៤៤​ឆ្នាំ កំពុង​តែ​បាត់​ខ្លួន​ ហើយ​ក្រុម​គ្រួសារ​ពួកគាត់​កំពុង​តែ​ព្រួយ​បារម្ភ​ថា ពួកគាត់​ប្រហែល​ជា​ស្លាប់​ហើយ​។

ពេល​មួយ​កាលពី​ខែ​កុម្ភៈ បុរស​ទាំង​បី​បាន​រៀប​ចំ​ខោ​អាវ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​ថៃ​ ដោយ​ពួកគេ​បាន​ប្រាប់​អាជ្ញាធរ​​មូលដ្ឋាន​ថា ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ចម្ការ​ដំឡូង​មី​ ប៉ុន្តែ លោក កែវ តាន់ អធិ​ការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ដែល​ជា​ស្រុក​មួយ​ក្បែរ​ស្រុក​អន្លង់​វែង បានលើក​ឡើង​​ថា គាត់​ជឿ​ជាក់​ថា ពួកគេ​មិន​មែន​ទៅ​ធ្វើការ​នៅ​ចម្ការ​ដំឡូង​មី​ទេ​​ ព្រោះ​នគរបាល​បាន​ឃើញ​ពួកគេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួួយ​ដែល​អ្នក​កាប់​ឈើ​ខុសច្បាប់​តែង​តែ​ប្រើ​ប្រាស់​។

លោក តាន់ បាន​មាន​ប្រសាសន៍​ថា “ពួក​គេ​មិន​មែន​ទៅ​ធ្វើការ​នៅ​ចម្ការ​ដំឡូង​មី​នៅ​ប្រទេស​ថៃ​ទេ​ ពួកគេ​​បាន​ឆ្លង​កាត់ព្រំដែន​ទៅ​កាប់​ឈើ​ប្រណីត​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​​”។  លោក​​បាន​បន្ត​​ថា “នគរបាល​របស់​យើង​បាន​ឈរ​ជើង​នៅ​ក្បែ​រ​ព្រំ​ដែន​ ហើយ​បាន​ស៊ើប​អង្កេត​និង​ទទួលបាន​​ព័ត៌​មាន​មក​ថា ពួក​គេ​កំពុង​ចូល​ទៅ​ក្នុង​​ព្រៃ​របស់​ប្រទេស​ថៃ”។

យោង​តាម​លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​ឧត្តរមាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​បុរស​ដែលកំ​ពុង​បាត់​ខ្លួន​តាំង​ពី​ពេល​នោះ​មក​បាន​ឆ្លង​កាត់​ព្រំដែន​ដើម្បី​ស្វែង​រក​មេគ្រួសារ​របស់​ខ្លួន​ដោយ​ចូល​ទៅ​រក​នៅ​​តាម​មន្ទីរពេទ្យ​ និង​ពន្ធនាគារ​នានា​ ប៉ុន្តែ​នៅ​តែ​រក​មិន​ឃើញ​។ លោក ណារ៉េន​​មាន​ប្រសាសន៍​ថា “ពួកគាត់​ [ក្រុម​គ្រួសារ​]សង្ស័យ​ថា បុរស​ទាំង​ពីរ​នាក់​នោះ​ត្រូវ​គេ​បាញ់​សម្លាប់​បាត់​ទៅ​ហើយ​”។

យោង​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ចំនួន​៣៨​នាក់​ត្រូវ​គេ​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​ឆ្លង​កាត់​ព្រំ​ដែន​ ដើម្បី​រក​កាប់​ឈើ​ប្រណីត​ៗ​កាលពី​ឆ្នាំ​២០១៣​  ហើយ​មាន​មនុស្ស​ ប្រាំ​នាក់​ត្រូវ​បាន​បញ្ជាក់​ថា ត្រូវ​គេ​សម្លាប់​នៅ​រយៈពេល​ពីរខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៤​នេះ​។

តែ​ទោះ​ជាយ៉ាង​ណា​ ក្រសួង​មហាផ្ទៃ​បាន​​​ផ្តល់​តួលេខ​ផ្សេងៗ​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ស្តី​អំពី​ស្ថាន​ភាព​នៅ​​​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ ដោយ​លើក​ឡើង​ថា  ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទាហាន​ថៃ​គឺ​មាន​ច្រើន​ជាង​នេះ​។

របាយការណ៍​របស់​ក្រសួង​នេះ បាន​ឲ្យ​ដឹង​ថា មាន​សកម្មភា​ព​មិនប្រក្រតី​កើត​ឡើង​ចំនួន​៧២៩ ករណី​នៅ​ព្រំ​ដែន​កម្ពុជា​-ថៃ​ ​ដោយ​កើន​ឡើងចំនួន​១៥១​​ករណី​បើ​ធៀប​នឹង​ឆ្នាំ​២០១២ ដែល​​​​​ពលរដ្ឋខ្មែរ​ចំនួន​៦៩​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ និង​​១៦៥​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ​ ឃី សុវុឌ្ឍី )

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស