អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនេះបានបញ្ចុះបឋមសិលាអគា១១ជាន់ថ្មី មួយដែលត្រូវចំណាយប្រាក់ចំនួន៣,៥លានដុល្លារ ក្នុងគោលបំណងពង្រឹងនិងបង្កើនសកម្មភាពផ្តល់សេវាកម្មសាធារ ណៈក្នុងរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ប្រតិបត្តិការសាងសង់អគារដែលត្រូវបានសាងសង់ឡើងនៅលើដីទំហំ១.០០០ម៉ែត្រក្រឡា នៅក្រោយសាលារាជធានី បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងត្រូវប្រើរយៈពេល១៦ខែដើម្បីបញ្ចប់ ក្រោមការផ្តល់មូលនិធិទាំងស្រុងដោយសាលារាជធានី។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “បន្ទាប់ពីទទួលការយល់ព្រមពីរដ្ឋាភិបាល យើងបានបញ្ចុះបឋមសិលាសំណង់អគារ១១ជាន់ សម្រាប់ផ្តល់សេវាសាធារណៈ ដូចជាការចុះឈ្មោះអាជីវកម្ម ទទួលពាក្យបណ្តឹង និងចុះកម្មសិទ្ធិដី និងការបើកសាលារៀនជាដើម។ អគារនេះត្រូវការ១១ជាន់ ពីព្រោះចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ កំពុងតែកើនឡើងយ៉ាងលឿន ដូច្នេះមានតម្រូវការថែមទៀតសម្រាប់បម្រើសេវាសាធារណៈ”។
លោកបន្ថែមថា “មានការងាររដ្ឋបាលច្រើននិងសេវាសាធារណៈក្នុងការបម្រើប្រជាពលរដ្ឋ ដូច្នេះយើងត្រូវការអគារច្រើនជាងនេះដើម្បីអាចឲ្យមន្ត្រីសាលារាជធានីផ្តល់សេវាសាធារណៈ។ មន្ទីរសាលារាជធានីខ្លះនឹងរើទៅអគារថ្មីនេះ”។
គម្រោងសំណង់អគារនេះបានចាប់ផ្តើម បន្ទាប់ពីមន្ទីររាជធានីមួយចំនួនបានផ្លាស់ទីតាំងទៅនៅជាយរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានកិច្ចព្រមព្រៀងដោះដូរដីមានបញ្ហាជាច្រើន ដែលនាំឲ្យក្រុមហ៊ុនឯកជនទទួលបានសម្បត្តិរដ្ឋ និងដីជាថ្នូរនឹងការសាងសង់អគារជំនួសវិញនៅលើដីមានតម្លៃថោកនៅជាយក្រុង។
កិច្ចព្រមព្រៀងបែបនេះបានធ្វើឲ្យមាន ការរិគន់ ដោយសារតែមូលដ្ឋានហិរញ្ញវត្ថុដ៏ស្មុគស្មាញសម្រាប់ការដោះដូរទាំងនេះ និងសំឡេងរិះគន់ពីប្រជាពលរដ្ឋដែលនិយាយថា ពួកគាត់ មាន ការ លំបាកកាន់តែច្រើនក្នុងការទៅរកសេវាកម្មរដ្ឋ នៅតំបន់ឆ្ងាយៗ។
សកម្មភាពដោះដូរដីមួយក្នុងចំណោមសកម្មភាពដោះដូរថ្មីៗទាំងនេះ កើតឡើងនៅក្នុងខែធ្នូ នៅពេលមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីបានរើពីជិតសា្តតអូរឡាំពិកទៅការិយាល័យថ្មីសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ឃុន សៀ នៅជ្រោយចង្វារ ខណ្ឌឫស្សីកែវ។
លោក ឌីម៉ង់ ក៏បានបញ្ជាក់ផងដែរថា សាលារាជធានីបានរៃអង្គាសបានប្រាក់១៧៥.០០០ដុល្លារក្នុងពិធីរៃអង្គាសប្រាក់តាមបែបព្រះពុទ្ធសាសនាមួយក្នុងថ្ងៃចាប់ផ្តើមសាងសង់អគារថ្មីនេះ។ លោកក៏បានកត់សម្គាល់ផងដែរថា មូលនិធិទាំងនេះនឹងត្រូវបានផ្តល់ឲ្យបណ្ណាល័យ សាលាធម្មវិន័យ និងសាលាបឋមសិក្សានៅក្នុងរាជធានីភ្នំពេញ៕ប៊ុននី