41.3 C
Phnom Penh

ព្រះ​វិហារ​អូស្ត្រាលី​ ជាអ្នក​ស្ថិត​នៅ​ពីក្រោយ​ពាក្យ​បណ្តឹង​ប្តឹង​ផលិតករ​ភាពយន្ត​ជន​ជាតិ​អូស្ត្រាលី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្នុង​ស្រុក​ម្នាក់​របស់​ព្រះ​វិហារ​ Citipointe ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ក្រុង​ប្រ៊ីសបិន បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ព្រះ​វិហារ​ Citipointe បាន​ស្ថិត​នៅ​ពីក្រោយ​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ផលិត​ករ​ភាពយន្ត​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ពី​បទ​ចោទ​ប្រកាន់​ថា បាន​រារាំង​ការខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​វិហារ​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ស្រី​ពេស្យា​ ឬ​ក៏​ស្រ្តី​រង​គ្រោះ​ដែល​អាច​នឹង​ធ្លាក់​​​​ខ្្លួន​ធ្វើ​ជាស្រី​ពេស្យា​។

លោក ជេម រិកកេតសុន (James Ricketson) អាយុ​៦៤ឆ្នាំ​ត្រូវ​បានតុលាការ​​កោះ​ហៅ​កាលពី​ថ្ងៃ​សុក្រ​ ​ពី​បទ​​រារាំង​​ការ​ងារ​របស់​អង្គការ​ដែល​មិន​បញ្ចេញ​ឈ្មោះ​​មួយ​​ ដោយ​យោង​តាម​ច្បាប់​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​​នៅ​ប្រទេស​កម្ពុជា​ ​​ហើយលោក​ត្រូវ​បាន​​គេ​កោះ​ហៅ​​​ឲ្យ​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ដើម្បី​សាក​សួរ​។

លោកស្រី ចាន់ សុភា ក្រឡា​បញ្ជី​របស់​ចៅ​ក្រម​​ស៊ើប​សួរ ពូ ពៅស៊ុន បាន​បដិសេធ​មិន​បញ្ជាក់​​អត្តសញ្ញាណ​របស់​ដើម​ចោទ​ឡើយ​កាលពី​ម្សិលមិញ​។ លោកស្រី​ ចាន់ សុភា និង​លោកចៅក្រម​ស៊ើប​សួរ ពៅស៊ុន ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា ពួកគាត់​មិន​អាច​ចង​ចាំ​ពី​អត្ត​សញ្ញាណ​របស់​ដើម​ចោទ​ដែល​ប្តឹង​លោក រិក​កេតសុន ឡើយ​។

តែ​ទោះ​ជាយ៉ាងណា ​អ្នក​ស្រី​ ប៊ុន សៅរ៉ា បុគ្គលិក​របស់​ព្រះ​វិហារ​ ​Citipointe ប្រចាំ​ប្រទេស​កម្ពុជា​ ជា​ទី​ដែល​ព្រះ​វិហារ​បាន​បង្កើត​​កន្លែង​ស្នាក់​នៅ​សម្រាប់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់​ថា អង្គការ​របស់​អ្នក​ស្រីគឺ​ស្ថិត​នៅ​ពី​ក្រោយ​ពាក្យ​បណ្តឹង​នេះ​។

អ្នកស្រី​បាន​និយាយថា “ ខ្ញុំ​ដឹង​ថា​ ព្រះ​វិហារ​ Citipointe គឺ​ជា​ដើមបណ្តឹង​នៅ​ក្នុង​សំណុំ​រឿង​នេះ​ ដែល​បាន​ប្តឹង​លោក ជេម រិក​កេត​សុន”។

អ្នកស្រី​ សៅរ៉ា បាន​បង្វែ​សំណួរ​បន្ថែម​ទៅ​លោក ឡាសី ហ្គារ៉ាត (Lacey Garratt) នាយក​ស្តី​ទី​ប្រចាំ​ប្រទេស​របស់​ព្រះ​វិហារ​Citipointe ដែល​មិន​អាច​ទាក់​ទង​បាន​។ បុគ្គលិក​របស់​ព្រះ​វិហារ​ Citipointe ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុងប្រ៊ីសបិនមិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ចាប់​តំាង​ពី​ថ្ងៃ​អាទិត្យ​មក។

ជម្លោះ​រវាង​ព្រះ​វិហារ​ Citipointe និង​លោក រិកកេត​សុន បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្លេ៉ះ​ នៅ​ពេល​ផលិតករ​ភាព​យន្ត​រូប​នេះ​បាន​ខិត​ខំ​ជួយ​ប្តី​ប្រពន្ធ​កម្ពុជា​នៅ​ក្នុង​ការ​ទាម​ទារ​យក​កូន​ស្រី​ចំនួន​ពីរនាក់​របស់​ពួកគាត់​ដែល​ត្រូវ​បាន​គេ​យកឲ្យ​​ទៅ​​ស្នាក់​នៅ​ក្នុង​ព្រះ​វិហារ​ Citipointe អំឡុង​ពួកគេ​ស្ថិត​ក្នុង​សភាព​ក្រីក្រ​បំផុត​មក​វិញ។

លោក រិកកេត​សុន ឲ្យ​ដឹង​ថា លោក​បាន​ចង​ក្រង​ឯកសារ​ទាក់​ទិន​នឹង​ជីវិត​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​តាំង​ពី​គាត់​នៅ​ក្រីក្រ​មក​ម្លេ៉ះ​ ហើយ​បាន​ចោទ​ប្រកាន់​ព្រះ​វិហារ Citipointe ថា​ បាន​រក្សា​កូន​ទុក​កូន​ស្រី​របស់​គាត់​ដោយ​ខុស​ច្បាប់​។

អ្នកស្រី ចាប ចាន់​ទី ម្តាយ​របស់​ក្មេង​ស្រី​ទាំង​ពីរនាក់​ដែល​ម្នាក់​មាន​អាយុ​១១​ឆ្នាំ និង​អាយុ​១២​ឆ្នាំ​បាន​បញ្ជាក់​ថា គាត់​បាន​ព្យាយាម​យក​កូន​ស្រី​របស់​គាត់​ពីព្រះ​វិហារ​ Citipointe មក​វិញ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​ហើយ​ ប៉ុន្តែ គ្មាន​បាន​ផល​នោះ​ទេ​។ អ្នកស្រី ចាន់​ទី ក៏​បាន​និយាយ​ដែ​រថា ព្រះ​វិហារ Citipointe ក៏​បាន​រារាំងអ្នកស្រី​​មិន​ឲ្យ​ទៅ​សួរ​សុខទុក្ខ​កូន​របស់​អ្នកស្រី​ផង​ដែរ។

អ្នកស្រី​បាន​សួរ​កាលពី​ម្សិលមិញ​ថា “ ពួក​គេ​បាន​បដិសេធ​មិន​ព្រម​បញ្ជូន​កូន​ៗ​របស់​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​ ហើយ​ខ្ញុំ​គឺ​ជាម្តាយ​របស់​​ពួកគេ​។ ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​អនុ​ញ្ញាត​ឲ្យ​ខ្ញុំ​យក​កូន​ត្រឡប់​មក​វិញ?”។

អ្នកស្រី​ ចាន់ទី បា​ន​ឲ្យ​ដឹង​ថា លោក រិក​កេត​​សុន បាន​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​អ្នកស្រី​ចាប់​តាំង​ពី​អ្នកស្រី​នៅ​ក្មេង​ម្លេ៉ះ​ ហើយ​អ្នកស្រី​បាន​រិះ​គន់​ព្រះ​វិហារ​ Citipointe ពី​បទ​ប្តឹង​លោក រិកកេត​សុន ដែល​បាន​ជួយ​អ្នកស្រី​ក្នុង​ការ​ទាម​ទារ​កូន​របស់​អ្នក​ស្រី​មក​វិញ​នោះ​។

លោក ប៊ុន ចក ប្តី​របស់​អ្នកស្រី ចានី​ទី បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ទៅ​ដល់​ព្រះ​វិហារ Citi-​​pointe និង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ដែល​ស្ថិត​នៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ព្យាយាម​យក​កូន​ស្រី​របស់​ពួកគាត់​មក​វិញ ប៉ុន្តែ​ នៅ​តែគ្មាន​បាន​ផល​។ លោក ចក បាន​ឲ្យ​ដឹង​ទៀត​​ថា ពួកគាត់​ជា​ចុង​ក្រោយ​បាន​ទៅ​រក​មេធាវី​ម្នាក់​ឲ្យ​មក​ជួយ​ពួកគាត់​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ព្រះ​វិហារ​ Citipointe ប៉ុន្មាន​ខែ​កន្លង​មក​ហើយ​។ លោក ចក បាន​និយាយ​ថា គ្រួសារ​របស់​លោក​ក៏​ទទួល​បាន​ជំនួយ​ពី​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ​ដែរ​។

លោកស្រី ណាលី ពីឡូក​ នាយិកា​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​សី្របាន​ផ្តល់​យោបល់​ផ្នែក​ច្បាប់​ជាមូល​ដ្ឋាន​មួយ​ចំនួន​ដល់​គ្រួសារ​របស់​លោក ចក ប៉ុន្តែ អង្គការ​របស់​លោកស្រី​មិន​បាន​ជួយ​ពួកគាត់​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ឡើយ​។ លោកស្រី ពីឡូក បាន​លើក​ឡើង​ថា ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​គ្រួសារ​លោក ចក ដែល​ប្រហែល​ជា​កត្តា​ធ្វើ​ឲ្យ​ព្រះ​វិហារ​ Citipointe ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រគល់​កូន​ៗ​របស់​ពួកគាត់​ទៅ​វិញ​នោះ ​ចាប់​តាំង​ពី​ពេល​នោះ​មក​​​បាន​ប្រសើរ​ឡើង​ហើយ​ ហេតុ​ដូច្នេះ ម្តាយ​របស់​ក្មេង​ស្រី​ទាំង​ពីរ​ក៏​មាន​សិទ្ធិ​ខ្លះ​ដែរ​។

​ទោះ​ជាយ៉ាងណា ព្រះ​វិហារ Citipointe បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ស្តី​ពី​ការ​ចោទ​ប្រកាន់​ថ្មី​ដែល​ដាក់​បន្ទុក​លើ​លោក រិក​កេត​សុន ក៏​ដោយ​ ក៏​ខ្លួន​នៅ​តែ​ការពារ​​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​ទាក់​ទិន​នឹង​ក្មេង​ស្រី​ទាំង​ពីរ​។

នៅ​ក្នុង​អីុ​ម៉េល​មួយ​​ផ្ញើ​មក​កាន់​អ្នក​យក​ព័ត៌មាន​ម្នាក់​កាលពី​ខែ​ឧសភា លោក ប្រាយ អេន ម៉ូលហេរ៉ាន (Brian Mulheran) ប្រធាន​ប្រតិបត្តិ​ព្រះ​វិហារ​ Citipointe បាន​លើក​ឡើង​

 

ថា ព្រះវិហារ​របស់​លោក​បាន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​របស់​ខ្លួន​ជាមួយ​​រដ្ឋាភិបាល​ និង​​សារាចរ​ណែនាំ​ទាក់​ទិន​ទាំង​អស់​របស់​រដ្ឋាភិបាល​។

លោក ម៉ូលហេរ៉ាន បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា “ យើង​មិន​អាច​បញ្ជាក់​ឲ្យ​បាន​លម្អិត​ទាក់​ទិន​នឹង​ស្ត្រី​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ព្រះ​វិហារ​របស់​យើង​បាន​ឡើយ​”។ ​ លោក​បានមាន​ប្រសាសន៍​បន្ត​ថា “ តែ​ទោះ​ជាយ៉ាង​ណា​ យើង​អាច​បញ្ជាក់​បាន​ថា ក្មេង​ស្រី​ទំាង​អស់​ដែល​រស់​នៅ​ក្នុង​អង្គការ​របស់​យើង​សុទ្ធ​តែ​ស្រប​ច្បាប់​ ព្រោះ​យើង​ទទួល​មើល​ថែទាំ​ពួកគេ​ជំនួស​មុខ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​សិទ្ធិ​ស្រប​ច្បាប់​តាម​រយៈ​អនុ​ស្សរណៈនៃការ​យោគ​យល់​គ្នា និង​គោល​នយោបាយ​ និង​ប្រកាស​ដែល​ពាក់​ព័ន្ធ​។ យើង​មិន​រក្សា​ទុក​​ក្មេង​ស្រី​ណា​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​របស់​យើង​មើល​ថែទំា​នោះ​ទេ​”។

លោក ម៉ូលហេរ៉ាន បានមាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា នៅ​ពេល​នោះ​​ព្រះ​វិហារ​

“ ​ពិត​ជា​ចង់” ប្រគល់​ក្មេង​ស្រី​ទាំង​ពីរនាក់​នេះ​ឲ្យទៅ​ឪពុកម្តាយ​របស់​ពួកគេ​វិញណាស់ ប៉ុន្តែ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ចេញ​បទ​បញ្ជា​មិន​ឲ្យ​ធ្វើ​ដូច្នោះ​ទេ​ ព្រោះ​អាជ្ញាធរ​បាន​ចាប់​ផ្ដើម​ស៊ើប​​អង្កេត​លោក រិកកេតសុន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ “​ ​រារាំង​មិន​ឲ្យ​ព្រះ​វិហារ​​យក​ក្មេង​ស្រី​ទៅ​ចិញ្ចឹម​ថែទាំ​” រួច​ហើយ។

លោក ម៉ូលហេរ៉ាន មិន​បាន​ពន្យល់​ឲ្យ​បាន​ជាក់​លាក់​ថា តើ​លោក ជេម​ រិកកេត​សុន បាន​រារាំង​ព្រះ​វិហារ​ដោយ​របៀប​ណា​​ទេ។

លោក ឡៅ លីម ប្រធាន​​ផ្នែក​ការពារ​អនី​តិជន​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​នៃ​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​សំណុំ​រឿង​នេះ​ទេ​ ព្រោះ​វា​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​។

នៅ​ក្នុង​លិខិត​មួយ​ចុះ​កាល​បរិច្ឆេទ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​ផ្ញើ​ទៅកាន់លោក អាលីសុន បឺរ៉ូ (Alison Burrows) ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ លោក រិកកេត​សុន បាន​លើក​ឡើង​ថា លោក​អាច​បញ្ជាក់​ “ បាន​​​​យ៉ាង​ងាយ” ​អំពី​ភាព​គ្មាន​ទោស​របស់​លោក​ដោយ​លោក​អា​ច​ផ្តល់​ទៅ​ឲ្យ​តុលាការ​នូវ​សារ​​ទាក់​ទង​គ្នា​ចំនួន​ជាង​១៥០​លើកដែល​លោក​ធ្លាប់​មាន​ជាមួយ​ព្រះ​វិហារ​ Citipointe ក្នុង​រយៈពេល​ជាង​​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ​។

លោក​ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​តុលាការ​ផង​ដែរ ដើម្បី​ប្រាប់​តុលាការ​ថា លោកនឹង​មិន​ទៅ​តុលាការ​ដើម្បី​ចូ​ល​រួម​ក្នុង​ការ​សាក​សួរ​ដែល​បាន​គ្រោង​ទុក​នោះ​ទេ​ លុះ​ត្រា​តែ​តុលាការ​ពន្យល់​អំពី​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ និង​ប្រាប់​ថា នរណា​ជា​អ្នក​ប្តឹង​លោក​ជាមុន​សិន​៕ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស