26 C
Phnom Penh

គ្រួសារ​ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​អភិបាល​ខេត្ត​ប៉ៃលិន​ដាក់ពាក្យ​បណ្តឹង​ទៅ​អង្គការ​អាដហុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​សម្រប​សម្រួល​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ប្រចាំខេត្ត​ប៉ៃ​លិន​ម្នាក់បាន​និយាយ​ថា អ្នក​ភូមិ​១៩​គ្រួសារ​នៅក្នុងខេត្ត​ប៉ៃ​លិន​ដែល​ត្រូវ​បាន​​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​​ប្រាប់​ឲ្យចាក​ចេញ​ពីដី​របស់​ខ្លួន​កាល​ពីថ្ងៃ​សៅរ៍​នោះ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គ​ការ​អាដ​ហុក​កាល​ពីម្សិល​មិញ។

ក្រុម​អាជ្ញាធរ​បាន​ប្រាប់​គ្រួសារ​ទាំង​នោះ​​ឲ្យ​ចាក​ចេញ​កាល​ពីថ្ងៃ​សៅរ៍ពីដី​ទំហំ​៩៥​​​​​ហិកតា​ដែល​ពួក​គាត់​បា​នធ្វើ​ស្រែ​ចម្ការ​​​​ចាប់​តាំង​ពីឆ្នាំ​១៩៩៩​មក​ ដោយ​អះ​​​​​អាង​ថា ដី​ដែល​អ្នក​ភូមិ​កំពុង​ធ្វើ​ស្រែ​ចម្ការ​​នេះ តាមពិត​​ជា​ដី​របស់​រដ្ឋ​។

កាល​ពីថ្ងៃ​អាទិត្យ​ លោក អីុ ឈាន អភិ​បាល​​ខេត្ត​ប៉ៃ​លិន​ បាន​លើក​ឡើងពីដី​នោះថា ​“ជា​ដី​របស់​ខ្ញុំ​” មុន​ពេល​និយាយ​កែ​ត​ម្រូវ​ថា ដីនេះ​មួយផ្នែកជា​ដីរបស់​រដ្ឋ​ និង​មួយ​​ផ្នែក​ទៀត​ជា​របស់​ក្រុមហ៊ុន​។

លោក​ស្រី ប្រាក់​ សុភិម៉ា អ្នក​សម្រប​សម្រួល​​អង្គការ​អាដ​ហុក​ប្រចាំខេត្ត​ប៉ៃ​​លិន​​​​​​បាន​មាន​ប្រសាស ន៍ថា អ្នក​ភូមិ​ចំនួន​​​១៩​ គ្រួ​សារ​​បាន​ដាក់​ពាក្យ​បណ្តឹង​នៅការិយា​ល័យ​របស់​គាត់​ ដើម្បី​​​សុំ​ជួយ​កំុ​ឲ្យ មានការ​បណ្តេញ​ចេញ​។

លោកស្រី​បាន​មាន​ប្រសាសន៍ថា “ឥឡូវ​នេះ​យើង​កំពុង​តែ​ជួយ​​ដើម​បណ្តឹង​​រៀប​​ចំពាក្យ​បណ្តឹង​សម្រាប់​គ្រួសារ​ដែលរង​ផល​ប៉ះពាល់​ ហើយ​យើង​បាន​ណែ​នាំ​ឲ្យ​ពួក​គាត់​បញ្ជូន​ឯកសារ​នេះ​ទៅ​មន្ទីរ​រៀប​ចំ​ដែន​​ដី​ខេត្ត​ និង​សាលា​ខេត្ត​”។

លោក​ ឱម​ សំអាត អាយុ​៤៤​ឆ្នាំ​​ដែល​កាន់​​កាប់​ដី​ទំហំ​៥​ហិកតា និង​ជា​អ្នក​ដាក់​ពាក្យ​បណ្តឹង​ម្នាក់​ក្នុង​ចំណោម​អ្នក​ដាក់​ពាក្យ​បណ្តឹង​បីនាក់​បាន​និយាយថា គាត់​មាន​សង្ឃឹម​តិច​តួច​ថា បាន​ជោគជ័យ។

លោក​ ឱម​ សំអាត បាន​និយាយបន្ថែម​​​ថា “ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​អាដ​ហុក​ដើម្បី​សុំ​ឲ្យ​អង្គ​ការ​ជួយ​ ពីព្រោះ​យើង​គ្មាន​សង្ឃឹម​ទេ ហើយ​មិន​ជឿ​​លើ​អាជ្ញាធរ​ឡើយ​ ពី​ព្រោះ​ពួក​គេ​មិនដែល​រក​ដំណោះ​​​ស្រាយ​ឲ្យពួក​យើង​ទេ បើ​ទោះ​ជា​យើង​បាន​​ដាក់​ពាក្យ​បណ្តឹងជា​​​​ច្រើន​លើក​ច្រើន​សា​ហើយ​​​​ក៏ដោយ”។

លោក វ រួម ជំទប់​ទី​១​​ឃុំ​សាលា​ក្រៅ​បាន​មាន​ប្រសាសន៍ថា លោក​ទទួល​បាន​​បទ​បញ្ជា​ឲ្យបណ្តេញ​អ្នក​ភូមិ​ចេញ​ពីដី​នេះ​ដោយ​បង្ខំ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​។

លោក វ រួម បាន​មាន​ប្រសាសន៍បន្ថែម​​​ទៀត​​​ថា “​ ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​បញ្ជា​ខ្ញុំ​នៅ​រសៀល​នេះ​ឲ្យ​​បណ្តេញ​ប្រជា​ពល​រដ្ឋ​ចេញពីដីនេះ​ឲ្យបាន​មុន​ថ្ងៃ​ទី​១៥​ខែ​មីនា។ ប្រសិន​បើ​អ្នក​ភូមិ​​មិនព្រម​​​​ចាក​​ចេញ​ទេនោះ អាជ្ញា​ធរ​​​​ខេត្ត​នឹង​ចាត់​វិធាន​ការ​តែ​ម្តង​។​​​ប្រសិន​បើ​ពួក​គាត់​បដិសេធ​មិន​ព្រម​ចាក​ចេញ អាជ្ញាធរ​នឹង​ចាប់​ខ្លួន​អ្នក​ដែល​​ជា​​មេ​ខ្លោង​ដឹកនាំ​ការ​តវ៉ា​”។ លោក​បាន​ពន្យល់​ថា “ខ្ញុំ​​ឃើញ​ថា លោក អីុ ឈាន បាន​រាន​ដី​នេះ​ ប៉ុន្តែ ខ្ញុំ​មិន​​ដឹង​ច្បាស់​ថា នរណា​កាន់​កាប់​ដី​នេះ​ទេ” ។

លោក​ កើត​ សុធា ដែល​ជា​អភិ​បាល​រង​​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​ថា ដី​ដែល​មាន​ជម្លោះ​​ នេះ​ជា​​ដី​របស់​លោក​ អីុ ឈាន ។ លោក សុធា​ បាន​មាន​ប្រសាសន៍​ថា “ពិត ណាស់ថា​ ដី​នេះ​គឺ​ជា​ដី​របស់​ឯកឧត្តម​អភិ​បាល​ខេត្ត​ ពីព្រោះលោក​បាន​ដាំ​ដំឡូង​មី​នៅ​ទីនោះ​ច្រើន​ឆ្នាំ​មក​ហើយ​​”។

លោក​ កើត សុធា បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ទេ នៅពេល​​សួរ​អំពី​ការ​អះ​អាង​​​​​របស់​​អង្គ​ការ​អាដ​ហុក​កាល​ពីថ្ងៃអាទិត្យ​ដែល​ថា តាម​​ពិត​ដី​នេះ​កាន់​កាប់​ដោយ​លោក​​​ស្រី បាន​ ស្រីមុំ​ ជា​ភរិយា​​របស់​លោក​ អីុ ឈាន ​ហើយ​​លោក​ស្រី​ក៏​ជា​សមាជិក​សភា​​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដែរ​៕​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស