31 C
Phnom Penh

ការ​​​បោះឆ្នោត​​​​​​នៅ​​​កម្ពុជា​​​​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​៥​​​ជា​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដែល​​​មាន​​​គុណ​​​វិបត្តិ​​​​​​ច្រើន​​​បំផុត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍​​​ថ្មីមួយ​​​​​​​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​​​​ក្រុម​​​អ្នក​​​សិក្សា​​​ស្រាវជ្រាវ​​​មក​​​ពី​​​សាកល​​​វិទ្យាល័យ​​​​​​ហាវើដ (Harvard University) និង​​​​​​សាកល​​​វិទ្យា​​​ល័យ​​​សីុដនី (University of Sydney) បាន​​​ដាក់​​​​​​ចំណាត់​​​ថ្នាក់​​​ការ​​​​​​បោះឆ្នោត​​​ជាតិ​​​​​​នៅ​​​កម្ពុជា​​​​​​កាលពីឆ្នាំ​​​២០១៣ ថា ជា​​​​​​ការ​​​បោះឆ្នោត​​​​​​ដែល​​​មាន​​​ “គុណវិបត្តិ​​​ ឬបរាជ័យ​​​” បំផុត​​​ទី​​​៥ ក្នុង​​​ចំណោម​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​ចំនួន​​​៧៣​​​​​​នៅ​​​ទូទាំង​​​ពិភពលោក​​​នៅ​​​​​​ចន្លោះ​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១២ ដល់​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១៣។

ដោយ​​​ផ្អែក​​​លើ​​​ការ​​​​​​ស្ទង់​​​មតិ​​​​​​ ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​អ្នក​​​ជំនាញ​​​​​​ខាង​​​បោះឆ្នោត​​​​​​និង​​​​​​អ្នក​​សង្កេត​​​ការណ៍​​​បោះឆ្នោត​​​​​​សរុប​​​​​​ចំនួន​​​៨៥៥​​​រូប​​​​​​មក​​​ពី​​​ទូទាំង​​​ពិភពលោក​​​ របាយ​​​ការណ៍​​​នេះត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​កុម្ភៈ​​ ដោយ​​​​​​គម្រោង​​​សុចរិត​​​​​​នៃ​​​ការ​​​បោះឆ្នោត​​​​ (Electoral Integrity Project) ដែល​​​មាន​​​មូលដ្ឋាន​​​​​​នៅ​​​​​​សាកលវិទ្យាល័យ​​​​​​ដ៏​​​មាន​​​កិត្យានុភាព​​​ទាំងពីរ​​​នេះ​​​។

អ្នក​​​ស្រាវជ្រាវ​​​ទាំង​​​នេះ​​​​​​បាន​​​សាកសួរ​​​​​​អ្នក​​​ចូលរួម​​​​​​ឲ្យ​​​ផ្ដល់​​​ពិន្ទុ​​​លើ “ភាព​​​សុចរិត​​​” នៃ​​​ការ​​​បោះឆ្នោត​​​មួយ​​​​​​នៅ​​​ទូទាំង​​​តំបន់​​​​​​ចំនួ​​​ន​​​៤៩​​​​​​ផ្សេងៗ​​​គ្នា​​​ ដែល​​​បន្ទាប់មក​​​ត្រូវ​​​បាន​​​បែង​​​ចែក​​​ជា​​​ផ្នែក​​​តូចៗ​​​ចំនួន​​​១១ រួម​​​មាន​​​ទាំង​​​​​​ច្បាប់​​​ នីតិ​​​វិធី​​​ កា​​​រចុះឈ្មោះ​​​​​​បោះឆ្នោត​​​ កា​​​រផ្សាយ​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​និង​​​ការ​​​រាប់​​​សន្លឹក​​​ឆ្នោត​​​​​​ផង​​​ដែរ​​​។

បន្ទាប់មក​​​អ្នក​​​ចូល​​​រួម​​​​​​ត្រូវ​​​បាន​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​ផ្ដល់​​​ពិន្ទុ​​​លើ​​​ផ្នែក​​​នីមួយៗ​​​ក្នុង​​​ចំណោម​​​ផ្នែក​​​ទាំង​​​១១​​​ ហើយពិន្ទុ​​​នៅ​​​ក្នុង​​​ផ្នែក​​​ទាំង​​​នេះ​​​​​​នឹង​​​ត្រូវ​​​យក​​​ទៅ​​​បូក​​​សរុប​​​​​​ដើម្បី​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​​​​ពី​​​ “ភាព​​​សុចរិត​​​​​​នៃ​​​​​​ការ​​​បោះឆ្នោត​​​”។

ប្រទេស​​​កម្ពុជា​​​​​​ដែល​​​ទទួល​​​បាន​​​ពិន្ទុ​​​៤៥,៦​​​​​​​​​គឺ​​​ប្រសើរ​​​ជាង​​​ប្រទេសតែ​​​​​​មួយ​​​​​​ចំនួន​​​តូច​​​ប៉ុណ្ណោះ​​​ដូចជា ប្រទេស​​​បេឡារូស សា​​​ធា​​​រណរដ្ឋ​​​កុងហ្គោ ប្រទេស​​​ជីប៊ូទី និង​​​ប្រទេស​​​ហ្គីណេអេក្វាទ័រ​​​ ជាដើម​​​។

បណ្ដាប្រទេស​​​ដែលក្រុម​​​អ្នក​​​សង្កេត​​​​​​ការណ៍​​​ទទួលស្គាល់​​​ថា មាន​​​ការ​​​បោះឆ្នោត​​​​​​ដែល​​​មាន​​​ភាព​​​សុចរិត​​​ជាង​​​​​​​​​ការ​​​បោះឆ្នោត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ រួមមាន​​​ដូចជា​​​ការ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​សីុមបាវ៉េ ប្រទេស​​​អង់ហ្គោឡា ប្រទេស​​​អ៊ុយក្រែន និង​​​ប្រទេស​​​អាស៊ែបៃហ្សង់ ជា​​​ដើម​​​ ដែល​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​របស់​​​ប្រទេស​​​ទាំង​​​នោះ​​​​​​បាន​​​​​​ចេញ​​​ផ្សាយ​​​​​​លទ្ធផល​​​​​​បោះឆ្នោត​​​​​​មួយ​​​ចំនួន​​​​​​ដោយ​​​ចៃដន្យ​​​នូវ​​​លទ្ធផល​​​​​​​​​មុនថ្ងៃ​​​​​​បោះឆ្នោត​​​​​​ផង​​​ដែរ​​​។

ការ​​​បោះឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​១៣  ខែ​​​កញ្ញា ដែល​​​រៀប​​​ចំ​​​ឡើង​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ន័រវែស​​​ បាន​​​ជាប់​​​​​​នៅ​​​លើ​​​​​​គេ​​​បង្អស់​​​​​​ដោយ​​​ទទួល​​​បាន​​​ពិន្ទុ​​​៨៦,៤​​​​​​​​​ក្នុង​​​ចំណោម​​​ពិន្ទុ​​​១០០​​​។

ក្រុម​​​ស្រាវជ្រាវ​​​​​​លើក​​​ឡើង​​​​ថា ពួក​​​គេ​​​​​​បាន​​​​​​​​​ចងក្រង​​​​​​របាយការណ៍​​​នេះ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ផ្ដល់​​​ “វិធី​​​គ្រប់​​ជ្រុង​​​ជ្រោយ​​​ជា​​​លក្ខណៈ​​​ប្រព័ន្ធ​​​និង​​​ដែល​​​ស៊ី​​​សង្វាក់​​​គ្នា​​​” ដើម្បី​​​ប្រៀប​​​ធៀប​​​​​​​​​ទៅ​​​នឹង​​​​​​របាយ​​​ការណ៍​​​​​​ស្ដីពី​​​​​​ការ​​​​អង្កេត​​​ការណ៍​​​បោះឆ្នោត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ផ្សេង​​​ៗ​​​​។

របាយការណ៍​​​នេះ​​​បាន​​​បញ្ជាក់​​​ថា “បេសក​​​កម្ម​​​អង្កេត​​​ការណ៍​​​បោះឆ្នោត​​​​​​​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​អង្គការ​​​​​​អន្តរជាតិ​​​​​​និង​​​អង្គការ​​​ថ្នាក់តំបន់​​​ ផ្ដល់​​​ការ​​​វាយ​​​តម្លៃ​​​ស៊ីជម្រៅ​​​លើ​​​ការ​​​​​​ប្រកួត​​​ប្រជែង​​​​​​ជា​​​ច្រើននៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​​​​ ប៉ុន្តែ​​​វា​​​ក៏​​​នៅ​​​តែ​​​​​​មាន​​​ការ​​​​​​លំបាកដែរ​​​​​​ក្នុង​​​ការ​​​ប្រៀប​​​ធៀប​​​របាយ​​​ការណ៍​​​នានា​​​​​​ឲ្យ​​​ស៊ី​​​សង្វាក់​​​គ្នា​​​​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​ផ្សេងៗ​​​ទូទាំង​​​​​​ពិភព​​​លោក​​​”។ របាយ​​​ការណ៍​​​នេះបន្ត​​​ទៀត​​​ថា អ្នក​​​ស្រាវជ្រាវ​​​ទាំង​​​នេះ​​​​​​បាន​​​​​​ព្យាយាម​​​​​​ធ្វើឲ្យ​​​មាន​​​ភាព​​​ស៊ី​​​សង្វាក់​​​គ្នា​​​នៅ​​​ក្នុង​​​ប្រទេស​​​នានា​​​។

របាយការណ៍​​​ដដែល​​​នេ​​​ះ​​​បាន​​​បញ្ជាក់​​​បន្ថែមទៀត​​​ថា “ទិន្នន័យ​​​នេះ​​​ត្រូវ​​​បានធ្វើ​​​តេស្ដ​​​និងបាន​​​រក​​​ឃើញ​​​ថា វា​​​បង្ហាញ​​​ពីកម្រិត​​​ខ្ពស់​​​​​​នៃ​​​ការ​​​ជឿទុក​​​ចិត្ត​​​ផ្ទៃ​​​ក្នុង​​​​​​ (ភាព​​​ស៊ី​​​សង្វាក់​​​គ្នា​​​ក្នុង​​​ចំណោម​​​​​​អ្នកជំនាញ​​​​​​) ការ​​​ជឿ​​​ទុកចិត្ត​​​​​​លើ​​​ប្រភព​​​​​​ខាង​​​ក្រៅ​​​ (នៅ​​​ពេល​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​​​​សូច​​​នា​​​ករ​​​​​​ឯករាជ្យ​​​​​​ដូចគ្នា​​​)​​​​ និង​​កេរ​​​ដំណែល​​​​​​ (នៅ​​​ពេល​​​​​​ការ​​​វិនិច្ឆ័យ​​​របស់​​​អ្នក​​​ជំនាញ​​​​​​ត្រូវ​​​បាន​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ការ​​​វាយ​​​តម្លៃ​​​របស់​​​សាធារណជន​​​)”។​

នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​អ្នកសង្កេត​​​ការណ៍​​​ចំនួន​​​៣៨​​​រូប​​​ត្រូវ​​​បាន​​​ស្នើ​​​​​​ឲ្យ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​ស្ទង់​​​មតិ​​​​​​នេះ​​​ មាន​​​១៥​​​នាក់​​​បាន​​​ឆ្លើយ​​​តប​​​ពាក់ព័ន្ធ​​​នឹង​​​​​​ការ​​​​​​ចុះឈ្មោះ​​​បោះ​​​ឆ្នោតកាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​​​​​​​ដែល​​​ទទួល​​​បាន​​​ពិន្ទុ​​​ចំនួន​​​៣០​​​ក្នុង​​​ចំណោម​​​ពិន្ទុ​​​១០០។​​​ ចំណុច​​​ខ្លាំង​​​បំផុត​​​​​​សម្រាប់ការ​​​បោះឆ្នោត​​​​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា​​​ គឺ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​រាប់​​​សន្លឹក​​​ឆ្នោត​​​​​​ ដោយ​​​ទទួល​​​បាន​​​​​​ពិន្ទុ​​​ចំនួន​​​៦៥​​​ក្នុង​​​ចំណោម​​​ពិន្ទុ​​​១០០​​​ ដែល​​​នៅ​​​តែ​​​​​​មាន​​​កម្រិត​​​ទាប​​​​​​នៅ​​​ឡើយ​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​កម្រិត​​​​​​​​​សរុប​​​​​​ជា​​​មធ្យម​​​​​​៧៣​​​ពិន្ទុ​​​។​​​

ចំណុច​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​ទទួល​​​បាន​​​ពិន្ទុ​​​តិច​​​មាន​​​ដូច​​​ជា​​​ “ហិរញ្ញវត្ថុ​​​ប្រើ​​​សម្រាប់​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ (៣៥ពិន្ទុ​​​) “អាជ្ញាធរ​​​បោះឆ្នោត​​​” (៤២​​​ពិន្ទុ) និង​​​ “ការ​​​ផ្សាយ​​​​​​របស់​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​” (៤៣​​​ពិន្ទុ)”។

របាយការណ៍​​​នេះ​​​​​​ធ្វើ​​​ការ​​​​​​កត់​​​សម្គាល់​​​​​​ត្រួស​​​ៗ​​​ថា ការ​​​បោះឆ្នោត​​​​​​នៅ​​​កម្ពុជា​​​​​​ត្រូវ​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ភាព​​​សៅហ្មង​​​ដោយ​​​សារ​​​​​​ទទួល​​​រង​​​​​​ពាក្យ​​​បណ្ដឹង​​​មួយ​​​ចំនួន​​​ពីសាធារណ​​​ជន​​​ជា​​​ពិសេស​​​អ្នក​​​ដែល​​​មាន​​​បញ្ហា​​​​​​ក្នុង​​​​​​ការ​​​ចុះ​​​ឈ្មោះ​​​​​​បោះឆ្នោត​​​​​​ ហើយ​​​ថា​​​ លទ្ធផល​​​បាន​​​ស្ដែង​​​ឲ្យ​​​ឃើញ​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់ពី​​​មាន​​​មហា​​​បាតុ​​​កម្ម​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​។

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​​​​ ទេព នីថា អគ្គ​​​លេខាធិការ​​​គណៈកម្មាធិការជាតិ​​​​​​រៀបចំ​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​ហៅ​​​កាត់ថា គ.ជ.ប. បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​​​​ទេ​​​ពាក់ព័ន្ធ​​​នឹង​​​របាយការណ៍​​​​​​សិក្សា​​​ស្រាវជ្រាវ​​​នេះ​​​ ប៉ុន្តែ​​​លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ការពារ​​​ការ​​​អនុវត្ត​​​ក្នុង​​​ការ​​​ចុះ​​​ឈ្មោះ​​​​​​​​​បោះឆ្នោត​​​​​​របស់​​​ស្ថាប័ន​​​លោក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ.ជ.ប. បាន​​​​​​ជ្រើសរើស​​​​​​ក្រុមហ៊ុន​​​​​​ឯករាជ្យ​​​មួយ​​​​​​ឲ្យ​​​​​​មក​​​វាយ​​​តម្លៃ​​​ពី​​​ការ​​​បោះឆ្នោត​​​នេះ​​​ ហើយ​​​យើង

បាន​​​មើល​​​ឃើញ​​​ថា ប្រជាពល​​​រដ្ឋ​​​ដែល​​​មាន​​​ឈ្មោះ​​​នៅ​​​ក្នុងបញ្ជី​​​បោះឆ្នោត​​​មាន​​​ដល់​​​ទៅ​​​៩១​​​ភាគរយ​​​” នៅ​​​ពេល​​​លោក​​​​​​សំដៅដល់​​​​​​សវនកម្ម​​​មួយ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ធ្វើ​​​ឡើង​​​​​​ដោយ​​​​​​ក្រុមហ៊ុន​​​​​​ប្រឹក្សា​​​យោបល់​​​ថ្នាក់​​​តំបន់​​​មួយ​​​ដែល​​​​​​បាន​​​រក​​​ឃើញ​​​ថា អ្នក​​​ចុះឈ្មោះ​​​​​​បោះឆ្នោត​​​ចំនួន​​​ប្រាំបួន​​​ភាគ​​​រយ​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​បញ្ជី​​​បោះឆ្នោ​​​ត​​​មិន​​​ឃើញ​​​​​​នៅ​​​ថ្ងៃ​​​បោះឆ្នោត​​​។​​​

គណៈកម្មាធិការ​​​​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​​​​ដោយ​​​សេរី​​​និង​​​យុត្តិធម៌​​​​​​នៅ​​​កម្ពុជា​​​​​​ ហៅ​​​កាត់​​​ថា ខុម​​​ហ្វ្រែល​​​ បាន​​​ប៉ាន់ប្រមាណ​​​ថា អ្នក​​​បោះ​​​​​​ឆ្នោត​​​​​​រហូត​​​ដល់​​​ទៅ​​​១,២៥​​​លាន​​​​​​នាក់​​​​​​បាន​​​​​​បាត់​​​បង់​​​សិទ្ធិ​​​បោះឆ្នោត​​​​​​អំឡុង​​​ពេល​​​បោះ​​​ឆ្នោត​​​​​​កាល​​​​​​ពី​​​ខែ​​​កក្កដា​​​។

លោក​​​ សុន ឆ័យ​​​ ដែល​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​នៅ​​​ក្នុង​​​​​​គណៈកម្មការ​​​​​​​​​កំណែ​​​ទម្រង់​​​បោះឆ្នោត​​​​​​ចម្រុះ​​​គណ​​​បក្ស​​​ថ្មីមួយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​ពេលដែល​​​​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ដែល​​​ដំណើ​​​រ​​​ការ​​​ទៅ​​​បាន​​​ត្រូវ​​​ការ​​​​​​សិទ្ធិ​​​​​​សេរីភាព​​​នៃ​​​​​​ការ​​​​​​បញ្ចេញ​​​មតិ​​​និង​​​​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ កា​​​រចុះ​​​ឈ្មោះ​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ដើម្បី​​​បោះឆ្នោត​​​​​​ក៏​​​ជា​​​តម្រូវ​​​ការ​​​សំខាន់​​​បំផុត​​​ដែរ​​​។

លោក​​​ សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​​​​គ.ជ.ប. របស់​​​លោក​​​ ទេព នីថា ដែល​​​មាន​​​សមាសភាព​​​ភាគ​​​ច្រើន​​​​​​លើស​​​លប់​​​​​​មក​​​ពី​​​​​​គណបក្សប្រជាជន​​​កម្ពុជា​​​ថា “ប្រសិន​​​បើ​​​យើង​​​ចង​​​់​​​មាន​​​លទ្ធិប្រជាធិបតេយ្យ​​​ យើង​​​​​​ត្រូវ​​​តែ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ប្រជាពលរដ្ឋ​​​​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​។ យើង​​​​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​ស្ថាប័ន​​​មួយ​​​យក​​​វាទៅ​​​ទេ​​​”៕ សុខុម

​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស