33 C
Phnom Penh

សា​​​​លា​​​រាជធានី​ភ្នំពេញ​ច្រាន​​ចោល​​សំ​ណើ​​​សុំ​​រៀប​​ចំ​​វេទិកា​សា​ធារ​ណៈ​​នៅ​​ទី​លាន​​ប្រ​ជា​ធិ​ប​តេយ្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព និង​សមាគម​សរុប​ចំនួន​១៨​អង្គ​ភាព បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​អនុវត្ត​តាម​ផែន​ការរៀប​ចំ​វេទិកា​សាធារណៈ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ទោះ​បី​ជា​សាលារាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើរបស់​ខ្លួន​ដោយ​ឈរ​លើ​មូលហេតុ​មានក្តី​បារម្ភ​អំពី​សន្តិសុខ​សាធា​រ​ណៈ​ក៏​ដោយ​។

សហជីព​ដែល​កំពុង​រៀប​ចំ​ធ្វើ​កូដកម្ម​ទូ​ទាំង​ប្រទេស​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ថ្ងៃ​ទី​១២​ខាង​មុខ​នេះ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល​អប្ប​បរមា​ខ្ពស់​ជាង​មុន​ និង​ចំណុច​ផ្សេង​ៗទៀត​នោះ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ដើម្បី​ជូន​ដំណឹង​ដល់​ស្ថាប័ន​នេះ​អំពីវេទិកា​សាធារ​ណៈ​របស់​ខ្លួន​​​។ គួរបញ្ជាក់​ថា វេទិកា​សាធារណៈ​នេះ​នឹង​មាន​ការ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិ​បាល​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ឲ្យ​ចូល​រួម​ថ្លែង​ទៅកាន់​កម្មករ​រោង​ចក្រកាត់​ដេរ​​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ប្រហែល​៣០.០០០នាក់​ចូល​រួម​ក្នុង​វេទិកានេះ។

សាលារាជធានី​ភ្នំពេញ​បាន​បដិសេធ​សិទ្ធិ​ជួប​ជុំ​របស់​សហជីព​នៅ​ទីលាន​ប្រជាធិប​តេយ្យ​​ មួយ​សប្តាហ៍​បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ​៊ុន សែន បាន​អះ​អាងថា លោក​ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សិទ្ធិ​ជួប​ជុំ​ក្នុង​រដ្ឋ​ធម្មនុញ្ញឡើង​វិញ​។ គួរ​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ព្យួរ​សិទ្ធិ​នេះ​​កាលពី​ដើម​ខែ​មករា​។

សេចក្តី​ប្រកាស​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​សហជីព​កាលពី​ព្រឹក​ម្សិលមិញ មាន​ខ្លឹមសារ​ថា “ សហព័ន្ធ​ និង​សហ​ជីព​ដែល​ស្នើ​សុំ​រៀប​ចំ​ព្រឹត្តិការណ៍​ខាង​លើ​សូមរៀប​ចំ​ព្រឹត្តិការណ៍​នេះនៅ​ទីស្នាក់​ការ​របស់​ខ្លួន​ ដើម្បី​រក្សា​ស្ថានភាព​សន្តិសុខ​ល្អ​ក្នុង​រាជ​ធានីភ្នំពេញ”។

សេចក្តី​ប្រកាស​ដែល​​​បាន​ចុះ​ហត្ថលេ​ខា​ដោយ​លោក​ កើត​ ឆែ នាយកខុទ្ទកា​ល័យ​​​សាលារាជធានី​ភ្នំពេញនេះ បាន​បង្ហាញ​ទៀត​ថា វេទិកា​សាធារណៈនេះគួរ​​​ត្រូវ​បាន​រៀប​ចំ​​នៅ​ពេល​​ផ្សេង​ និង​មាន​សេចក្តី​អះ​អាង​ផង​ដែរ​ថា រដ្ឋាភិបាល​ត្រូវ​ការ​ស៊ើប​អង្កេត​ករណី​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​ក្នុង​កូដកម្ម​​ និង​កម្លាំង​កង​រាជអាវុធ​ហត្ថ​ដែល​បាន​បាញ់​សម្លាប់​កម្មករ​រោង​ចក្រកាត់ដេរ​​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យ​ជាង​៤០នាក់​ផ្សេង​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៣ ខែមករាកន្លង​ទៅ ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​លើក​ឡើង​ថា លោក​នឹង​ចូល​រួម​ក្នុង​វេទិកា​នៅ​ថ្ងៃ​សៅរ៍​នេះ “ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ចលនា​កម្មករ​ និង​ការ​ទាម​ទារ​របស់​ពួកគេ​”។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និង​លោក អិុត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ក៏​ត្រូវ​បាន​​អ្នក​រៀប​ចំ​កម្មវិធី​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ​នេះ​ផង​ដែរ។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បាន​ឲ្យ​ដឹង​ថា សហជីព​ និង​រៀប​ចំ​វេទិកា​នេះ​ ទោះ​​​ជា​មាន​សេចក្តី​សម្រេច​ចុង​ក្រោយ​​របស់​ក្រសួង​មហាផ្ទៃ​ក៏​ដោយ​។

លោក​ ហ្វា សាលី បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មិន​មាន​ច្បាប់​ណា​មក​ហាម​ប្រជា​ជន​មិន​ឲ្យ​ជួប​ជុំ​គ្នា​ និង​បង្ហាញ​មតិ​របស់​ខ្លួន​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​បាន​ប្រឈម​នឹង​ប្រតិបត្តិការ​បង្ក្រាប​ជា​ច្រើន​លើក​ច្រើន​សា​​រួច​មក​ហើយ​ក្នុង​ពេល​កន្លង​មក​”។

លោក ហ្វា សាលី បាន​បញ្ជាក់​បន្ថែម​ទៀត​​ថា “ដូច្នេះ យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​បង្ក្រាប​នេះ​ទេ។ ប្រតិបត្ត​ិការ​នេះនឹង​បង្ហាញ​ឲ្យ​មជ្ឈដ្ឋាន​នៅ​ទូ​ទាំង​សាកល​លោក​ឃើញ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​គោរព​​សិទ្ធិមនុស្ស​បាន​កម្រិត​ណា​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​​បាន​លើក​ឡើង​ថា សកម្មភាព​ជួប​ជុំ​ក្នុងកម្មវិធី​​វេទិកា​សាធារណៈនៅ​ទីលាន​ប្រជាធិតេយ្យ​នាពេល​ខាង​មុខ​នេះអាច​នឹង​បណ្តោយ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ក៏​ប៉ុន្តែ លោកមិន​បាន​ពន្យល់​ថា តើ​មូលហេតុ​អ្វី​បាន​ជា​លោក​ឈាន​ដល់​ការ​សន្និដ្ឋាន​បែប​នេះ​ទេ​។

លោក ឡុង ឌីម៉ង់ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា សំណើ​របស់​សហជីព​ដែល​ស្នើ​សុំ​រៀប​ចំ​វេទិកា​សាធារណៈនេះ​ នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​ ក្នុង​គោល​បំណង​សុំ​សេចក្តី​សម្រេច​ចុង​ក្រោយ​។

អ្នក​នាំពាក្យ​សាលារាជ​ធានី​ភ្នំពេញរូប​នេះ ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “យើង​បានស្នើ​ឲ្យ​សហជីព​ទាំង​នោះ​រៀប​ចំ​វេទិកា​នេះ​នៅ​ទី​ស្នាក់ការ​របស់​ខ្លួន​”។

លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ទាក់​ទង​ទៅ​នឹង​មូលហេតុ​នៃ​សេចក្តី​ស្នើ​របស់​សា​លា​រាជធានី​ភ្នំពេញ​ទៅ​សហជីព​វិញ​នោះ​ថា “ …ដោយ​សារ​តែវេទិកា​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​បរិយាកាស​មិន​ល្អ​ ឬក៏​អំពើ​ហិង្សា​កើត​ឡើង​… វា​អាច​បណ្តោយ​ឲ្យ​មាន​បញ្ហា​អ​សណ្តាប់​​ធ្នាប់​ដូចកាលពី​ពេល​មុន​ដែរ”។

ក្រៅ​ពី​សេចក្តី​ទាមទារ​ទាំង​ប្រាំពីរ​ចំណុច​របស់​ខ្លួន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពេល​ធ្វើ​កូដកម្ម​ សហជីព​នានា​ក៏​បាន​និង​កំពុង​ទាម​ទារ​ឲ្យមានការ​ដោះ​លែង​អ្នក​តវ៉ា​២១​នាក់ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​មាន​ការ​អនុវត្ត​ប្រតិបត្តិការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​សកម្មភាព​កូដកម្ម​ និង​បាតុកម្ម​កាលពី​ខែមករាឆ្នាំ​នេះ ក្នុង​គោល​បំណង​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​វិស័យ​​កាត់​ដេរ​សម្លៀក​បំពាក់។

សហជីព​ទាំង​នោះ​ក៏​បាន​ទាម​ទារ​​ឲ្យ​មាន​ការ​តាម​ចាប់​ជន​ល្មើស​យក​ទៅផ្តន្ទាទោស​ ពី​បទ​សម្លាប់​​កម្មករ​រោង​ចក្រកាត់​ដេរ​​ប្រាំ​នាក់​ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​ទាម​ទារឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​ថ្ងៃ​ទី៣ ខែមករា៕ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស