ក្រុមហ៊ុនចិនមួយឈ្មោះថា Global (Cam- bodia) Trade Development នឹងអនុវត្តប្រតិបត្តិការរបស់ខ្លួនជាក្រុមហ៊ុនផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញក្នុងថ្ងៃនេះ ក៏ប៉ុន្តែ សាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុននេះមិនបានឆ្លងកាត់ដំណើរការដេញថ្លៃ ដើម្បីទទួលបានកិច្ចសន្យាអនុវត្តប្រតិបត្តិការសេវានេះទេ។
ប្រព័ន្ធដឹកអ្នកដំណើរតាមរថយន្តក្រុងផ្លូវការត្រូវបានបង្កើតឡើងបន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Japanese International Cooperation Agency) ហៅកាត់ថា អង្គការ JICA បានទទួលជោគជ័យក្នុងការសាកល្បងផ្តល់សេវាកម្មរថយន្តក្រុងដឹកអ្នកដំណើររយៈពេលមួយខែកន្លងមកនេះ។ គួរបញ្ជាក់ថា អង្គការ JICA បានកត់សម្គាល់ឃើញថា មានអ្នកដំណើរចំនួន៤២.០០០នាក់ជិះរថយន្តក្រុងជារៀងរាល់ថ្ងៃ តាមបណ្តោយមហាវិថីព្រះមុនីវង្ស។
ក៏ប៉ុន្តែ សេចក្តីសម្រេចផ្តល់កិច្ចសន្យាជាផ្លូវការដល់ក្រុមហ៊ុន Global Trade Development មិនបានប្រព្រឹត្តទៅដោយឆ្លងកាត់ដំណើរការដេញថ្លៃពេញលេញទេ ទោះបីជាក្រុមហ៊ុនដទៃៗទៀតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការដេញថ្លៃទទួលយកកិច្ចសន្យានេះក៏ដោយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Global Trade Development បានផ្តល់សេវាកម្មរថយន្តតាក់ស៊ីដឹកអ្នកដំណើរគិតតាមចម្ងាយម៉ែត្រដំបូងគេបង្អស់តាំងពីឆ្នាំ២០០៨មកគឺរថយន្តតាក់ស៊ី Global Taxi។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា “ នេះមិនមែនជាដំណើរការដេញថ្លៃទេ។ សាលារាជធានីជ្រើសរើសក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលចាប់អារម្មណ៍នានាដោយផ្នែកលើលក្ខខណ្ឌរបស់យើង ព្រោះយើងមិនមានថវិកាគ្រប់គ្រាន់សម្រាប់បំពេញដំណើរការដេញថ្លៃពេញលេញទេ”។ ក៏ប៉ុន្តែ លោកបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទៀតទាក់ទងនឹងបញ្ហាថវិកាមានកម្រិតនេះ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ យើងបានជ្រើសរើសក្រុមហ៊ុននេះ ដោយសារតែក្រុមហ៊ុននេះ[Global Trade Development] មានបទពិសោធផ្តល់សេវាកម្មរថយន្តតាក់ស៊ីដឹកអ្នកដំណើរគិតតាមចម្ងាយម៉ែត្រនៅក្នុងរាជធានីភ្នំពេញ ហើយបានទទួលជោគជ័យមកទល់ពេលបច្ចុប្បន្ននេះ។ អ៊ីចឹងហើយបានជាយើងព្រមទទួលយកក្រុមហ៊ុននេះឲ្យប្រតិបត្តិការបន្តលើគម្រោងនេះ”។ លោកបានលើកឡើងបន្តទៀតថា លោកជឿជាក់ថា ក្រុមហ៊ុននេះ នឹងចាប់ផ្តើមផ្តល់ សេវាកម្មនេះពីប្រតិបត្តិការសាកល្បងក្នុងពេលកន្លងមក ហើយធានាថា ប្រព័ន្ធដឹកអ្នកដំណើរដោយរថយន្តក្រុងនឹងទទួលជោគជ័យ។
គំនិតបង្កើតសេវាកម្មរថយន្តក្រុងដឹកអ្នកដំណើរជាសាធារណៈនេះ ត្រូវបានផ្តួចផ្តើមឡើងជាយូរមកហើយ ពោលគឺតាំងពីមុនមានការសាកល្បងក្នុងឆ្នាំនេះម្លេ៉ះ។ កាលពីឆ្នាំ២០១១ សាលារាជធានីភ្នំពេញបានអញ្ជើញក្រុមហ៊ុននានាឲ្យលើកសំណើសុំអនុវត្តប្រតិបត្តិការសេវាកម្មរថយន្តក្រុងដឹកអ្នកដំណើរជាសាធារណៈនេះ ហើយកាលពីខែមករា ឆ្នាំ២០១២ សាលារាជធានីភ្នំពេញបានប្រកាសថា មានក្រុមហ៊ុនតែបួនប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុនទាំងប្រាំពីរដែលបានដាក់ពាក្យស្នើសុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បន្តទៅដំណាក់កាលដំណើរការដេញថ្លៃ។
ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន អា ហុក ឡេលែន (Ashok Leyland) ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា ក្រុមហ៊ុនអេស្ប៉ាញ អេបេហ្វីស (ABEFIS) ក្រុមហ៊ុន ស៊ីធីត្រេន ខេមបូឌា (City Trans Cambodia) មកពីប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុន Global Trade Develop-ment ដែលជាអ្នកទទួលបានកិច្ចសន្យានេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៣ សាលារាជធានីភ្នំពេញបានប្រកាសថា ក្រុមហ៊ុនពីរត្រូវបានជ្រើសរើសឲ្យសហការជាមួយគ្នាលើគម្រោងនេះគឺក្រុមហ៊ុន ស៊ីធីត្រេនខេមបូឌា និងក្រុមហ៊ុន Global Trade Development។
ក្រោយមកទៀតក្រុមហ៊ុនចិនដែលទទួល បានកិច្ចសន្យានេះបានបដិសេធមិនសហការបែបនេះទេ ហើយបានគំរាមដកឯកសារ និងពាក្យសុំដេញថ្លៃរបស់ខ្លួនមកវិញ។
លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើដូចនោះក្រុមហ៊ុនកូរ៉េខាងត្បូងនឹងទទួលបានកិច្ចសន្យានេះ។
ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ឌីម៉ង់ បានឲ្យដឹងថា ចុងក្រោយ កិច្ចសន្យានេះត្រូវបានប្រគល់ឲ្យក្រុមហ៊ុន Global Trade Develop-ment។ ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ថា តើមានរឿងអ្វីកើតឡើងចំពោះពាក្យដេញថ្លៃរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនោះ។ លោកបានមានប្រសាសន៍បន្តថា “ យើងកំពុងពិភាក្សាជាមួយក្រុមហ៊ុនអំពីរយៈពេលនៃកិច្ចសន្យានេះនៅឡើយ”។
នៅពេលសួរថា តើមូលហេតុអ្វីបានជាមិនមានប្រកាសជាសាធារណៈថា ដំណើរការដេញថ្លៃនេះត្រូវបានបញ្ឈប់ លោក ឌីម៉ង់ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទេ។
លោក លឹម អង់ត្រេ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Global Trade Development និងលោក ចយ ដេយ៉ុង (Choi Dae Yong) មិនអាចទំនាក់ទំនងសុំសេចក្តីអត្ថាធិប្បាយបានទេ។
លោក អេហ្គាមី ម៉ាសាហីុកុ (Egami Masha- hiko) អ្នកនាំពាក្យអង្គការ JICA បានឲ្យដឹងកាលពីម្សិលមិញថា លោកមិនបានដឹងរឿងរ៉ាវទាក់ទងនឹងក្រុមហ៊ុន Global Trade Develop-ment ទេ ហើយក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយអង្គការ JICA ទាក់ទងនឹងការផ្ទេរប្រតិបត្តិការរថយន្តក្រុងនេះឲ្យទៅផ្នែកឯកជនទេ។
លោកបានមានប្រសាសន៍ថា “ ការប្រគល់ការងារនេះឲ្យក្រុមហ៊ុនឯកជន មិនមែនស្ថិតក្នុងសមត្ថកិច្ចរបស់អង្គការ JICA ទេ ហើយយើងមិនមានទំនាក់ទំនងជាមួយពួកគេទេ។ លោកបានលើកឡើងបន្ថែមទៀតថា អង្គការ JICA មិនដឹងពីលក្ខខណ្ឌក្នុងកិច្ចសន្យានេះទេ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា (Transparency Interna tional Cambodia) បានលើកឡើងថា សាលារាជធានីភ្នំពេញគួរតែបើកចំហឲ្យបានច្រើនជាងនេះ ចំពោះដំណើរការលទ្ធកម្មសម្រាប់សេវាកម្មសាធារណៈនានា។
លោកបានមានប្រសាសន៍ថា “ការផ្តល់កិច្ចសន្យាសេវាសាធារណៈត្រូវធ្វើឡើងតាមរយៈដំណើរការសាធារណៈ។ រដ្ឋាភិបាលគួរតែអនុវត្តដំណើរការសាធារណៈប្រកបដោយតម្លាភាព ដើម្បីធានាថា សាធារណជន និងរដ្ឋាភិបាលទទួលបានកិច្ចសន្យាល្អបំផុតដែលអាចមាន”។
ក្រុមហ៊ុនផ្តល់សេវាសាធារណៈមួយផ្សេងទៀតគឺក្រុមហ៊ុន សុីនទ្រី ដែលជាក្រុមហ៊ុនឯកជនទទួលបន្ទុកសកម្មភាពប្រមូលកាកសំណល់ក្នុងរាជធានីភ្នំពេញ បានចុះកិច្ចសន្យារយៈពេល៥០ឆ្នាំកាលពីឆ្នាំ២០០២ ដើម្បីប្រមូលសំរាមនៅក្នុងទីក្រុងនេះ ក៏ប៉ុន្តែ ក្រុមហ៊ុននេះទទួលរងការរិះគន់ជាហូរហែតាំងពីពេលនោះមក ដោយសារតែមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួន៕ សុធា