26 C
Phnom Penh

សាលា​​​ដំបូង​​​រាជធានីភ្នំពេញសម្រេច​​​​​​​ផ្តន្ទាទោស​មនុស្សបីនាក់​ឲ្យ​ជាប់ពន្ធ​នាគារ​ពី​បទ​ជួញដូរថ្នាំញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញបាន​ផ្តន្ទាទោស​មនុស្ស​បីនាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​ដែល​ត្រូវ​បាន​រក​ឃើញ​​ពិរុទ្ធ​ភាព​ពីបទ​ជួញ​ដូរ​ថ្នាំ​ញៀន ចំណែកឯ​​​សាលា​ឧទ្ធរណ៍​​​​បាន​បើក​សវនាការ​ជំនុំ​​ជម្រះ​​រឿង​ក្តី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ដែល​ត្រូវ​បាន​កាត់​​ឲ្យ​ជាប់​ទោស​កាល​ពី​ឆ្នាំ​២០១១​ពី​បទ​នាំ​ចូល​សារធាតុគីមី​សម្រាប់​​ផលិត​ថ្នាំ​ញៀន។

លោកស្រី​ចៅ​ក្រម គឹម ដានី បាន​ផ្តន្ទា​ទោស​ ​បុរ​សពីរ​នាក់​ឲ្យជាប់​ពន្ធនាគារ​ក្នុង​ ម្នាក់​ៗ​​១៣​ឆ្នាំ​ និង​ស្ត្រី​ម្នាក់​ឲ្យជាប់​ពន្ធ​នា​​គារ​រយៈពេល​១២ឆ្នាំ​ និង​ពិន័យ​ពួក​គេ​ទាំ​ងបី​នាក់​​​ជា​​​ប្រាក់​​​សរុប​ចំនួន​៦០​លាន​រៀល​បន្ទាប់​ពីរក​ឃើញថា ពួកគេ​មាន​ពិរុទ្ធ​ភាព​ពីបទ​ជួញ​ដូរ​ថ្នាំ​មេតំហ្វេតាមីន​ទម្ងន់​៧៥០​ក្រាម​។

ប៊ុន លី អាយុ​៤៣​ឆ្នាំ មាស សំណាង អាយុ​៤៦​ឆ្នាំ​ និង​ លី​ សុផល អាយុ​៤៥​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មិថុនា​ បន្ទាប់​ពី​នគរ​បាល​បាន​រក​ឃើញ​ថ្នាំញៀន​នៅក្នុង​រថយន្ត​របស់​ឈ្មោះ​ មាស សំណាង ។

នៅក្នុងករណីដាច់​ដោយ​ឡែក​មួួ​យ​ទៀត​នៅតុលាការ​ដដែល​នេះ ស្ត្រីជន​ជាតិ​ថៃ​ឈ្មោះ ថានយ៉ា​ណាត សាម៉ា​អាផាត អាយុ​៣១​ ឆ្នាំ និង​ វង្ស ត្រកូល សាង​ដាវ អាយុ​៤០​ឆ្នាំ​ត្រូវ​​ បាន​ផ្តន្ទា​ទោស​​តាមការ​ចោទ​ប្រកាន់​ថា ពួក​គេ​ទាំង​ពីរ​នាក់នេះ​បាន​ជួញ​ដូរ​ថ្នាំ​កេតាមីន​ និង​កូកា​អីុន​ទម្ងន់​៦៩៤​ក្រាម​ពី​ប្រទេស​ប្រេស៊ីល​ចូល​ម​ក​​កម្ពុជា​កាល​ពីខែ​ឧសភា​ដោយ​មាន​បំណង​នាំ​ទៅ​ប្រទេស​ថៃ​។

លោក យ៉េ​ង​ ប៊ុណ្ណា ប្រធាន​ការិយា​ល័យ​នីតិ​កម្ម​​នៅ​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​​ញៀន​ក្រសួង​មហា​ផ្ទៃ​​មាន​​ប្រសាសន៍​ថា “នគរ​បាល​បាន​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ក្នុង​ខោ​ខ្លី​​ស្ត្រីឈ្មោះ សាម៉ា អាផាត​ ហើយ​បាន​​រក​ឃើ​ញ​ថា ស្ត្រី​ឈ្មោះ សាង​ដាវ បាន​ព្យាយាម​ជួញដូរ​​ថ្នាំ​ញៀន​នេះ​ទៅ​ប្រទេស​​ថៃ​”។

ស្ត្រី​ឈ្មោះ អាផាត បាន​ប្រាប់​តុលា​ការ​ថា បុរស​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​ដែល​បាន​សន្យា​​ឲ្យប្រាក់​គាត់​៣.០០០​ដុល្លារ​នោះ​បាន​បង្ខំ​ឲ្យ​គាត់​យកថ្នាំ​ញៀន​ពី​ប្រទេស​ប្រេសីុល​ចូល​ប្រទេស​កម្ពុជា​។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៧​ ខែ​មីនា​។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ សា​លា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជម្រះរឿងក្តី​​​​លោក អាន វីរ​ភក្តី​ អាយុ​៤២​ឆ្នាំ ​ជា​អតី​ត​មន្ត្រី​កង​រាជ​អាវុ​ធ​ហត្ថ​ជាមួយ​បុរស​ម្នាក់​ទៀត​ឈ្មោះ​ ង៉ែត​ សីុថាត ដែលសាលាដំបូង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ផ្ត​ន្ទា​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗរយៈ​ពេល​ប្រាំ​បី​ឆ្នាំ​កា​ល​ពីខែ​ឧសភា​ ឆ្នាំ​២០១១​បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​ពីបទ​នាំចូល​សារ​ធាតុ​គីមី​សម្រាប់​ផលិត​ថ្នាំ​ញៀន​។

នៅក្នុងតុលាការ​កាល​ពីម្សិលមិញ ​លោក  វីរភក្តី បាន​បដិសេធ​ថា គាត់​មិន​មែន​ជា​ម្ចាស់​សារ​ធាតុ​គីមី​នោះ​ទេ ដោ​យ​អះ​អាង​ថា គាត់​គ្រាន់​តែ​ជួយ​សម្រប​សម្រួល​ពេល​ថ្នាំញៀន​នេះចូល “ទឹក​ដី​កម្ពុជាប៉ុណ្ណោះ​ ដើម្បី​បាន​​កម្រៃ​ជើង​សាប្រហែល​៥.០០០​ដុល្លារ​។

លោក ឃុន លាង​ម៉េង​ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសា​សន៍​ថា តុលា​កា​រ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​។

ក្រុមប្រឹក្សា​​គ្រប់​គ្រង​ថ្នាំ​ញៀន​​​​​អន្តរ​ជាតិ​ដែលមាន​មូល​ដ្ឋាន​នៅក្នុងទីក្រុង​វីយែន​ បាន​​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០១៣​របស់​ខ្លួន​កាល​ពីម្សិលមិញ​ ដោយ​លើក​ឡើង​ថា  ចាប់​​តាំង​ពីឆ្នាំ​២០០៣​មក ក្រុមប្រឹក្សា​នេះ​ “មាន​​​ការ​​​​​​ព្រួយ​​​បារម្ភ​​​​ដោយ​​​សារ​​​ថា ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជាកន្លែង​ឆ្លង​​​កាត់​​ថ្នាំ​ញៀន​ខុស​ច្បាប់​ក្នុង​តំបន់​ដូចជា  ហេរ៉ូអីុន កូកា​អីុន និង​មេតំ​ហ្វេ​តា​មីន​ជាដើម​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​មាន​ការ​​បង្ហាញ​ថា​មាន​​ការ​ផលិត​ថ្នាំ​មេតំហ្វេ​តាមីន​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​​​​នេះ​​​ទៀត​ផង​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស