សកម្មជនគាំទ្រស្ត្រីស្រឡាញ់ភេទដូចគ្នា បុរសស្រឡាញ់ភេទដូចគ្នា មនុស្សប្រតិព័ទ្ធលើភេទទាំងពីរ និងមនុស្សប្ដូរភេទ ដែលហៅកាត់ថា LGBT និងអ្នកជំនាញខាងច្បាប់បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃមួយ កាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សារិះរកវិធីធ្វើយ៉ាងណាឲ្យសហគមន៍ LGBT នៅក្នុងប្រទេសកម្ពុជាទទួលបានសិទ្ធិនិងការគាំពារស្មើគ្នាតាមផ្លូវច្បាប់។
ប្រទេសកម្ពុជាគ្មានច្បាប់ប្រឆាំងការរើសអើងទេពាក់ព័ន្ធនឹងសហគមន៍ LGBT នេះបើយោងតាមការលើកឡើងរបស់តំណាងមួយរូបមកពីអង្គការ USAID ឈ្មោះ អ៊ែព្រីល អូណេល (April O’Neill) ដែលបានលើកឡើងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដោតជាសំខាន់លើ “ការគាំពារតាមផ្លូវច្បាប់សម្រាប់សហគមន៍ LGBT និងការភ្ជាប់ទំនាក់ទំនងរបស់សហគមន៍នោះទៅនឹងមេធាវីនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឲ្យប្រាកដថា ពួកគេទទួលបានការគាំពារស្មើៗគ្នាតាមផ្លូវច្បាប់”។
ព្រះបរមរតនកោដ្ឋសម្ដេចឪ នរោត្តម សីហនុ ធ្លាប់បានមានបន្ទូលគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នាប៉ុន្មានលើករួចមកហើយ ដោយមានពេលមួយនោះ ព្រះអង្គបានមានបន្ទូលថា “បុរសស្រឡាញ់បុរស និងស្ត្រីស្រឡាញ់ស្ត្រីដូចគ្នានឹងគ្មានឡើយ ប្រសិនបើព្រះជាម្ចាស់មិនបង្កើតពួកគេឡើងទេនោះ” ហើយព្រះអង្គបានមានបន្ទូលទៀតថា លទ្ធិ ប្រ ជាធិបតេយ្យ គួរតែអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា។
លោក ហ្គារី អាតឃីន (Gary Atkins) អ្នកជំនាញអន្តរជាតិខាងច្បាប់ស្ដីពី LGBT នៅអាស៊ីអាគ្នេយ៍ ដែលមកពីសាកលវិទ្យាល័យស៊ីអាថល (Seattle University) នៅក្នុងសហរដ្ឋអាេមរិកបានថ្លែងថា ចាំបាច់ត្រូវតែមានច្បាប់ជាក់លាក់ចែងអំពីប្ដីប្រពន្ធភេទដូចគ្នា។
លោកបានថ្លែងទៀតថា “កុមារ LGBT ចាប់កំណើតជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះវាស្រេចតែលើអ្នកទេក្នុងការធ្វើឲ្យប្រាកដថា ច្បាប់ការពារពួកគេ”។
លោក ម៉ាក វ៉េស (Mark West) ដែលធ្វើការនៅក្នុងកម្មវិធីស្ដីពីសិទ្ធិនិងយុត្តិធម៌របស់វិទ្យាស្ថាន East-West Management Institute ដែលបានរៀបចំសិក្ខាសាលានេះឡើងបានមានប្រសាសន៍ថា ក្រមរដ្ឋប្បវេណីឆ្នាំ២០១១បានបង្ហាញពី “ការកែប្រែយ៉ាងច្បាស់” នៅក្នុងច្បាប់នេះ បើប្រៀបធៀបទៅនឹងច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ឆ្នាំ១៩៨៩ របស់កម្ពុជា ដែលបានហាមឃាត់អាពាហ៍ពិពាហ៍ភេទដូចគ្នា។
លោកបានមានប្រសាសន៍ទៀតថា “ក្រមរដ្ឋប្បវេនីនេះជំនួសច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ហើយជាញឹកញាប់ប្រើពាក្យ ‘សហព័ទ្ធ’ ដើម្បីសំដៅដល់ប្ដីប្រពន្ធ ហើយក៏មានចែងយ៉ាងច្បាស់ដែរថា អាពាហ៍ពិពាហ៍ភេទដូចគ្នានិងភេទផ្ទុយគ្នា គឺជាប្រភេទអាពាហ៍ពិពាហ៍ដែលខ្ញុំគិតថា គួរតែចាប់អារម្មណ៍”។
ទោះបីជារដ្ឋធម្មនុញ្ញមានចែងអំពីអាពាហ៍ពិពាហ៍រវាងបុរសនិងស្ត្រីក្ដី ក៏ច្បាប់នេះមិនបានផាត់ចេញនូវទម្រង់អាពាហ៍ពិពាហ៍ផ្សេងទៀតឡើយ។
លោក សុខ សំអឿន អ្នកជំនាញខាងច្បាប់កម្ពុជា ជានាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការផ្ដល់ជំនួយផ្នែកច្បាប់ បានមានប្រសាសន៍ថា លោកជឿថា ការរើសអើងបានថយចុះហើយ ប៉ុន្តែថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺជារឿងចំាបាច់ដើម្បីទទួលស្គាល់ពេញលេញនូវសិទ្ធិស្នើភាពសម្រាប់សហគមន៍ LGBT។
លោកបានថ្លែងថា “សម្រាប់បុរសនិងស្ត្រី ដែលរស់នៅជាមួយគ្នាដោយគ្មានអាពាហ៍ពិពាហ៍ ច្បាប់គឺស្ទើរតែដូចគ្នា…។ ពួកគេអាចរៀបចំចាត់ចែងគ្រប់គ្រងអចលនទ្រព្យរួមគ្នាបាន។ ទោះបីជាពួកគេគ្មានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ក៏ដោយ ក៏រឿងនេះនឹងត្រូវយកទៅពិចារណាដែរ។ ប៉ុន្តែសម្រាប់ប្ដីប្រពន្ធភេទដូចគ្នាដែលរស់នៅជាមួយគ្នានិងគ្មានលិខិតអាពាហ៍ពិពាហ៍ អចលនទ្រព្យរបស់ពួកគេត្រូវបានចាត់ទុកជាអចលនទ្រព្យបុគ្គល មិនមែនជាអចលនទ្រព្យរួមឯកកម្មសិទ្ធិនោះទេ”៕ សុខុម