32 C
Phnom Penh

បក្ស​សង្គ្រោះ​ជាតិ​ប្រើ​វិធី​សាស្ត្រ​ស្ងៀម​ស្ងាត់​ ខណៈ​សហ​ជីព​​គ្រោង​នឹង​ធ្វើ​កូដ​កម្ម​នៅ​សប្តាហ៍​ក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​សហ​ជីព​ចំនួន​ប្រាំ​មួយ​បាន​រៀប​​​​ចំ​  ការ​ធ្វើ​កូដ​កម្ម​ទូ​ទាំង​ប្រទេស​កាល​ពី​ខែ​ធ្នូ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​១៦០​ដុល្លារ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​សហ​ជីព​ទាំង​នោះ​។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ បាន​នាំ​គ្នា​ចូល​រួម​គាំ​ទ្រ​នៅ​ខាង​ក្រៅ​ច្រក​ទ្វារ​រោង​ចក្រ​នា​នា​​នៅ​ទូទាំង​ប្រទេស​ ហើយ​កម្មករ​រោង​ចក្រ​កាត់​ដេរ​រាប់​ម៉ឺន​នាក់​បាន​​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិតេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ជាទី​ដែល​លោក​ សម​ រង្ស៊ី​ ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​បានប្រាប់​ទៅ​កាន់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ទាំង​នោះ​ថា កុំ​ឲ្យ​ទទួល​យក​​ប្រាក់​ខែ​​ដែល​មិន​ឡើង​ដល់​១៦០​ដុល្លារ​ សូម្បី​តែ​ខ្វះ​១ដុល្លារ​​ក៏​មិន​បាន​ដែរ​។

បន្ទាប់​ពី​កន្លង​ហួស​ជាង​២​ខែ​ក្រោយ​ពេល​​​​​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​ហិង្សា​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​និង​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ធ្វើ​បាតុកម្ម​ សហ​ជីព​​​មួយ​ចំនួន​គ្រោង​នឹង​រៀបចំ​ការ​ធ្វើ​កូដកម្ម​ជា​លើក​ទី​២​ ដែល​នឹង​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​។

ប៉ុន្តែ​លើក​នេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ចេញ​សកម្ម​ភាព​របស់​ខ្លួន​ដើម្បី​គាំ​​ទ្រ​​​កម្មករ​រោង​ចក្រ​កាត់​ដេរ​ឡើយ​។ លោក​ សម​ រង្ស៊ី​ បាន​ឲ្យ​ដឹង​ថា​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោ ះ​ជាតិ​មិន​បាន​ពិភាក្សា​គ្នា​អំពី​ការ​ចូល​រួម​គាំ​ទ្រ​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១២​ ខែ​មី​នា ដែល​ត្រូវបាន​រៀប​ចំ​ដោយ​សហ​ជីព​និង​សមាគម​ចំនួន​១៦​នោះ​ទេ​។

លោក​ សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា “យើង​នឹ​ងសម្តែង​ការ​គាំ​ទ្រ​សម្រាប់​ការ​ទាម​ទារ​របស់​កម្ម​ករ​ ប៉ុន្តែ​ខ្ញុំ​មិន​អា​ច​និយាយ​អ្វី​បាន​ទេ​ក្នុង​ពេល​ឥឡូវ​នេះ​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ពេល​​​ដើម្បី​សម្រេច​ចិត្ត​។ យើង​ត្រូវ​តែ​ពិភាក្សា​អំពី​បញ្ហា​នេះ​ដំបូង​គេ​ ប៉ុន្តែ​បញ្ហា​នោះ​នៅ​ត្រង់ថា ការ​គាំ​ទ្រ​របស់​យើង​ចំពោះ​កម្មករ​និង​​​មេ​ដឹក​នាំ​សហ​ជីព​មិន​មែន​ធ្វើ​ឡើង​ត្រឹម​តែ​មាត់​នោះ​ទេ​”។

បន្ទាប់​ពី​ការ​បង្ក្រាប​ដ៏​បង្ហូរឈាម​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​លើ​ផ្លូវ​វេង​ស្រេង​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ដែល​បណ្តាល​​​ឲ្យ​យុវ​​ជន​​​​​​​គប់​ដុំ​ថ្ម​ចំនួន​ប្រាំ​នាក់​​បាត់​បង់​ជីវិត​ដោយ​​សារ​គ្រាប់​កាំភ្លើង​របស់​កង​រាជ​អាវុធ​ហត្ថ​ រដ្ឋាភិ​បាល​​​​បាន​លើក​ឡើង​ថា លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​​​​បក្ស​សង្គ្រោះ​ជាតិ​គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​​អំពើ​ហិង្សា​ ហើយ​​បាន​កោះ​ហៅ​ពួក​គាត់​ទៅ​តុលា​​​​​ការ​ដើម្បី​សាក​សួរ។

លោក​ សម​ រង្ស៊ី​ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ឆ្លង​កាត់​បញ្ហា​ទាំ​ង​នេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ពិចារណាឲ្យ​បាន​ល្អិត​ល្អន់​ជាង​មុន​ចំពោះ​ការ​ពាក់​ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​របស់​សហ​ជីព​។

លោក​ សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា “គោល​ដៅ​មួយ​ចំនួន​របស់​យើង​គឺ​វាពិត​​ជា​ដូច​ទៅ​នឹង​គោល​ដៅ​របស់​កម្មករ​ដែរ​ ហេតុ​ដូច្នេះ​​ផែន​ការ​បន្ត​ដើម្បី​សម្រេច​គោល​ដៅ​ទាំងនេះ​គឺ​វា​ស្រប​គ្នា​ ប៉ុន្តែ​អ្វី​ដែល​មាន​ការ​កែ​ប្រែ​បន្តិច​បន្តួច​នោះ​គឺ​មធ្យោបាយ​ដែល​យើង​ត្រូវ​ប្រើ​ដើម្បី​សម្រេច​គោល​ដៅ​”។

លោក​បាន​ប្រសាសន៍​បន្ត​ថា​ “ដោយ​ត្រឡប់​​​ទៅ​មើ​ល​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​មករា​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចៀស​វាង​​​កុំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ទៀត​។ ប៉ុន្តែ​ប្រសិន​បើមាន​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ណាមួយ​ យើង​នឹង​ចូលរួម​”។

លោក សុន​ ឆ័យ​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​រិះ​រក​មធ្យោ​បាយ​ផ្សេង​ ដើម្បី​សម្រេច​គោល​ដៅ​​ទាម​ទារ​​​ឲ្យ​មានការ​ដំឡើង​ប្រាក់​ខែ​និង​ការ​ដោះ​លែង​អ្នក​តវ៉ា​ចំនួន​២១​នាក់​ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​មួយ​ដែល​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំងបំផុត​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ក្រោយ​ពេល​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កាល​ពី​ខែ​មករា​។

លោក សុន​ ឆ័យ​ បាន​មាន​ប្រសាសន៍ថា “យើង​មាន​វិធី​សាស្ត្រ​ផ្សេង​នៅ​ក្នុង​ការ​សម្រច​​​គោល​ដៅ​របស់​យើង​ក្រៅ​ពី​ការ​ចេញ​ទៅ​ស្រែក​នៅ​តាម​ផ្លូវ​។ យើង​បាន​ដឹង​ហើយ​ថា យើង​​​មិន​ទទួល​ជោគជ័យ​នោះ​ទេ​ ហេតុ​​ដូច្នេះ​​​​​​​យើង​ត្រូវ​តែ​ស្វែង​រក​វិធីសាស្ត្រ​ផ្សេង​”។

លោក​ សុន ឆ័យ​ បាន​លើក​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​បញ្ចុះ​បញ្ចូល​រដ្ឋា​​ភិបាល​និង​វិនិយោគិ​ន​បរទេស​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​កម្ម​ករ​បាន​ប្រសើរ​ឡើង​និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​របស់​ពល​រដ្ឋ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

លោក​ សុន ឆ័យ បាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​មិន​និយាយ​​​​​​​​​ថា យើង​នឹង​បោះ​បង់​ចោល​ [ការ​ធ្វើ​បាតុកម្ម​] ទេ​​​ ប៉ុន្តែ​យើង​នឹង​ផ្តោត​លើ​វិធី​សាស្ត្រ​​​ផ្សេង​​ ហើយ​​ជម្រើស​​ទាំង​អស់​​គឺ​នៅ​តែ​​​ស្រប​គ្នា​ជាមួយនឹង​គោល​ដៅ​របស់​សហ​ជីព​។ ប្រសិន​​​បើ​​​ពេល​វេលា​មក​ដល់​ ហើយ​យើង​ចាំបាច់​ត្រូវ​តែ​ធ្វើ​បាតុកម្ម​នោះ យើង​នឹង​ធ្វើ​វាម្តង​ទៀត​”។

លោក ប៉ាវ​ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​​​ចលនាកម្មករ​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុ​កម្ម​​នឹង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​ ប្រសិន​បើ​គ្មាន​ការ​​​​ចូល​រួម​ពាក់​ព័ន្ធ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក ស៊ី​ណា​ បាន​មាន​ប្រសាសន៍​ថា “នៅ​​​ពេល​អ្នក​នយោបាយ​ចូល​រួម​នៅ​ក្នុង​ការ​​​ធ្វើ​កូដកម្ម​នេះ សហ​ជីព​នឹង​ជួប​ការ​លំបាក​​​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​បាន​ទាម​ទារ​ទៅ​វិញ​ទេ​។ វា​នឹង​ធ្វើ​ឲ្យ​គេ​គិត​ថា សហ​ជីព​ធ្វើ​អ្វី​​​​បម្រើ​​​អ្នកនយោបាយ​មិន​មែន​កម្មករ​នោះ​ទេ​”។

លោក​បាន​ប្រសាសន៍​បន្ត​ទៀត​ថា “អ្នក​នយោបាយ​មិន​គួរ​លូក​ដៃ​ចូល​ក្នុង​រឿង​របស់​សហជីព​ឡើយ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ការ​ងារ​របស់​សហ​ជីព​អាច​ជួប​បញ្ហា​កាន់​តែ​ច្រើន​។ ហើយ​បន្ទាប់​មក [រដ្ឋាភិបាល​] គិត​ថា នៅ​ពេល​ខ្លួន​ដំឡើង​ប្រាក់​ខែ​ អ្នក​នយោបាយ​ [​មក​ពី​គណ​​បក្ស​ប្រឆាំង​] នឹង​ទទួល​បាន​ផល​ប្រយោជន៍​”។

លោកស្រី​​ យ៉ាង​​ សុភ័ណ្ឌ​​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ បាន​លើក​ឡើង​ថា លោក​ស្រី​ស្វាគមន៍​ចំពោះ​កា​រ​គាំ​ទ្រ​រ​បស់​​គណ​បក្ស​​នយោបាយ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​កម្មករ​​ដែល​រួម​មាន​ការ​ដំឡើង​ប្រាក់​ខែ​។ ការ​បញ្ចប់​ការប្រើ​សកម្មភាព​ស្រ​ប​​​ច្បាប់​ប្រឆាំង​មេដឹក​នាំ​សហ​ជីព​ និ​ងគាំ​ទ្រ​ចំពោះ​​​​​ការ​ផ្តន្ទាទោស​កង​សន្តិសុខ​ដែល​ទទួល​​​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​សម្លាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ កាល​ពីខែ​​មករា​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “​វា​ជា​រឿង​​​ល្អ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​រូម​ជាមួយ​យើង​ម្តង​​ទៀត​ ព្រោះ​ថា យ៉ាង​ហោច​​ណាស់​យើង​នឹង​មាន​សំឡេង​គាំ​ទ្រ​ពី​ពួក​គេ​បន្ថែម​​​ទៀត។ យើង​ក៏​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មក​គាំ​ទ្រ​ដែរ​។ គណ​បក្ស​ប្រជា​ជន​កម្ពុជា​យល់​ច្រ​ឡំ​ថា​ កម្មករ​កំ​ពុង​តែ​ធ្វើ​រឿង​នេះ​​​សម្រាប់​ប្រយោជ​ន៍​នយោបាយ”៕ ស៊ុយ​ឈាង​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស