29 C
Phnom Penh

អ្នក​ភូមិ​​​​ខេត្ត​រតនគិរី​ជាង​​​២០​​​គ្រួសារ​​​​​ប្តឹង​​​​ចោទ​ក្រុមហ៊ុ​ន​ចម្ការ​ដូងប្រេង​ថា​​មិន​បើ​កប្រាក់​ឲ្យ​ពួកគា​ត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ជាង​២០គ្រួសារ​ដែល​ធ្វើការ​នៅ​លើក​ចម្ការ​ដូងប្រេង​ដ៏ចម្រូង​ចម្រាស​មួយ​​​​របស់​​​​​ក្រុម​ហ៊ុន Hoang Anh Lumphat នៅក្នុ​ង​ខេត្តរតនគិរី​ បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដហុក​ដោយ​ចោទ​ប្រកាន់​ម្ចាស់​ក្រុម​ហ៊ុន​​​​នេះ​​​ថា មិន​បាន​បើក​ប្រាក់​​​មួយ​​​ខែ​​​ឲ្យ​​ពួក​​​គាត់​​​​។

លោក ឡោ សុផល បាន​និយាយថា លោក និង​អ្នកភូមិ​២២គ្រួសា​រទៀត​ សរុបមាន​គ្នា​៤២នាក់​​ត្រូវ​បាន​ក្រុមហ៊ុន​សន្យាថា នឹង​​បើក​ប្រាក់​​ឲ្យ​ពួកគាត់នៅ​រៀង​រាល់​ចុង​​ខែ​នៅ ពេល​ពួកគាត់​ចាប់​ផ្តើម​​ជម្រះ​ស្មៅ​នៅ​​​​ក្នុង​​​ចម្ការ​​​​ដូ​ងប្រេង​​​នោះកាលពីថ្ងៃ​ទី​១៩ខែ​មករា ប៉ុន្តែ​មិន​បាន​បើក​ប្រាក់​ឲ្យ​មួយ​រៀល​ឡើយ​នៅ​ពេលពួកគាត់​​​​ឈប់​ធ្វើ​ការ​កាល​​​ពីថ្ងៃ​ច័ន្ទ ​​​និង​​​​បាន​ដាក់​ពាក្យ​បណ្ដឹង​។

លោក​បាន​និយាយ​ថា “យើង​បាន​ដាក់​ពាក្យ​បណ្ដឹ​ង​ទៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​​​ហុក​ ដើម្បី​ឲ្យ​អង្គការ​នេះ​ផ្ដល់​ព័ត៌​មាន​​​ទៅ​​អាជ្ញាធរ​​​​ខេត្ត​ ដើម្បី​​​ឲ្យ​​​ពួកគេ​​ជំរុញ​​​ក្រុម​ហ៊ុន​​​ឲ្យ​​​​បើក​ប្រាក់​ឲ្យ​ពួកយើង​”។

លោក ឡោ សុផល បាន​និយាយ​ថា ពួក​គា​ត់​​ ត្រូវ​​​​ក្រុម​ហ៊ុន​សន្យា​ឲ្យ​តម្លៃ​៣០០រៀល​ក្នុង​ការ​ជម្រះស្មៅ​ដើមដូង​ប្រេង​មួយ​ដើម ហើយ​​ថាគ្រួសារ​របស់​គាត់​ដែល​មាន​សមា​ជិក​បួន​នាក់​ត្រូវ​ទទួល​បាន​ប្រាក់​ប្រហែល​​​​១​លាន​​រៀល​សម្រាប់​ការ​ងារ​រយៈ​ពេល​មួយ​ខែ​។

លោក​ មាន ព្រហ្មនី អ្នក​សម្រប​សម្រួល​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ បាន​​មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ទៅ​ពិនិត្យ​​មើល​កន្លែង​ធ្វើការ​នោះ ហើយ​​បាន​រកឃើញ​ថា ពិត​ជា​មានការ​​ជម្រះ​ស្មៅ​នៅ​ជុំវិញ​​ដើម​ដូង​​ប្រេង​តាម​ការ​ណែនាំ​របស់​ក្រុម​​ហ៊ុន​មែន។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​ឃើញ​ថា កម្មករ​បាន​ធ្វើការ​ងារ​របស់​ខ្លួន​អនុវត្ត​តាម​បទដ្ឋាន​របស់​ក្រុម​ហ៊ុន​​។ ឥឡូវ​នេះ យើង​កំពុង​រៀប​ចំពាក្យ​បណ្ដឹង​ ហើយ​បញ្ជូន​ទៅ​មន្ទីរការ​ងារ​ខេត្ត​ស្នើសុំ​អន្តរា​គមន៍​ និង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​បើក​ប្រាក់​ឲ្យពួកគាត់​។

លោក ឌុច ចាន់តូ អនុ​ប្រធាន​មន្ទីរការ​ងារ​ខេត្ត​បាន​មាន​​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​អំពី​វិវា​ទ​នេះ​កាលពី​ម្សិល​មិញពីមន្ទីរ​សង្គម​កិច្ច​ខេត្ត ហើយ​លោក​មាន​គម្រោង​ជួប​ប្រជុំ​ជាមួយ​ក្រុម​ហ៊ុន​​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​អញ្ជើញ​តំណាង​ក្រុម​ហ៊ុន​ និង​សុំ​ឲ្យ​ក្រុម​ហ៊ុន​ធ្វើការ​ពន្យល់​មុន​ពេល​ខ្ញុំ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ធ្វើការ​”។

លោក ធឿន លៀក អ្នក​គ្រប់​គ្រង​ចម្ការ​ដូង​ប្រេង​បាន​មាន​ប្រសាសន៍​ថា ក្រុម​​ហ៊ុន​មិន​បើក​ប្រាក់​ឲ្យ​គ្រួសារ​ទាំង​នោះ​​ទេពី​​​ព្រោះ​ពួកគាត់​ជម្រះ​ស្មៅ​មិន​បាន​​ល្អ​។ ដោយ​បដិសេធ​មិននិយាយលម្អិត​ លោក​​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បើក​​ប្រាក់​ឲ្យ​ពួកគាត់​ទេ ពីព្រោះ​ពួកគាត់​មិន​បាន​អនុវត្ត​តាម​បទ​ដ្ឋាន​ត្រឹមត្រូវ​​របស់​​ក្រុម​ហ៊ុន”។

ក្រុម​ហ៊ុន Hoang Anh Lumphat ត្រូវ​បាន​អ្នក​ភូមិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀតថា បាន​កាប់​ឈើ​ខុស​ច្បាប់ទាំង​ក្នុង​ និង​ក្រៅ​ចម្ការ​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​​លំផាត់។

កាលពីខែ​មុន ការិយាល័យ​​​​​​ច្បាប់​​​របស់​​​​​ក្រុម​ហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ បាន​ទទួល​យក​​ពាក្យ​បណ្ដឹងពីអ្នក​ភូមិ​ជាច្រើន​គ្រួសារ​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​ជំទាស់​ទៅនឹង​​​ការ​វិនិ​យោគ​​រាប់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​នេះនៅ​ក្នុង​ក្រុម​ហ៊ុន Hoang Anh Gia Lai (HAGL)​​​ជា​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូវៀតណាម ដែល​គេ​ជឿថា ជា​ក្រុម​ហ៊ុន​មេ​រ​បស់​ក្រុម​ហ៊ុន Hoang Anh Lumphat។

គ្រួសារអ្នកភូមិ​​បាន​ចោទ​ក្រុម​ហ៊ុន​ចម្ការ​​កៅស៊ូ HAGL ថា បាន​ប្លន់​យក​ដី​របស់​ពួក​គាត់​។ ក្រុម​ហ៊ុន​ HAGL បាន​បដិសេធ​ថា មិន​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ Hoang Anh Lumphat ទេ។ ប៉ុន្តែ​លោក ចាន់តូ អនុ​ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​ Hoang Anh Lumphat ជា​​​​ក្រុម​​​ហ៊ុន​​​បុត្រ​សម័្ពន្ធ​របស់​ក្រុម​ហ៊ុន HAGL៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស