27 C
Phnom Penh

ជន​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ដែល​រង​ការ​វាយប្រហារ​ដោយ​ពស់​វែក​ត្រូវ​គេ​វាយ​ប្រហារ​នឹង​ដំបង​ដែក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​​​ដី​ធ្លី​មួយ​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍ​ដ៏​មាន​អំណាច​​​មួយ​ក្នុង​ខណ្ឌ​ទួ​ល​គោក​រា​ជ​ធានី​ភ្នំពេញ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​នគរបាល​សង្កាត់​កាល​ពី​ម្សិល​មិញ ​បន្ទាប់​ពី​បុរស​រូប​នេះ​ត្រូវ​គេប្រើ​ដំបង​ដែក​វាយ​ប្រហារ​ ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្សារ​។

លោក លី ស៊្រាងខេង​ អាយុ​៥៨​ឆ្នាំ​មេ​គ្រួសារ​​​​មួយ​ក្នុង​ចំណោម​គ្រួសារ​ទាំង​បី​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឃុន​សៀ​អាហរ័ណនីហរ័ណ​​ បាន​ចោទ​ប្រកាន់​ថា បុគ្គ​លិក​​​​​ម្នាក់​របស់​ក្រុម​ហ៊ុន​នេះ​បាន​វាយ​ប្រហារ​មក​លើ​រូប​លោក​។ លោក ស៊្រាង​ខេង​ បាន​និយាយ​ដោយ​បង្ហាញ​រូប​ថត​មួយ​បញ្ជាក់​ពី​របួស​នៅ​លើ​ស្មា​របស់​គាត់​ថា “មាន​មនុស្ស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាម​គាត់​ ហើយ​មាន​មនុស្សម្នាក់​បាន​ប្រើ​ [ដំបង​ដែក​] វាយ​ខ្ញុំ​ពី​ក្រោយ​” ។

លោក​ ស៊្រាង​ខេង​ បាន​និយាយ​បន្តថា “ខ្ញុំ​​​ស្គាល់​ជន​វាយ​ប្រហារ​នោះ។​ ខ្ញុំ​ធ្លាប់​បាន​ឃើញ​វា​ជា​ច្រើន​លើក​មក​ហើយ​ពី​មុន​”។ គាត់់​​បន្ថែម​​​ថា គាត់​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​សាលា​​ដំបូង​​​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​។ លោក​ ស៊្រាង​ខេង​ បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​​​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាំងអស់​ទាក់​ទិន​នឹង​ការ​វាយ​និង​​ជន​វាយ​ប្រហារ​​ទៅ​ឲ្យ​នគរ​​បាល​សង្កាត់​រួច​ហើយ​ ប៉ុន្តែ​គាត់​មាន​សង្ឃឹម​តិច​ណាស់​ថា​នឹង​អា​ច​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​នោះ​ ព្រោះ​គ្រួសារ​ទាំង​បី​ធ្លាប់​ដាក់​ពាក្យ​ប្តឹង​ចំនួន​បី​លើក​រួច​មក​ហើយ​ ដើម្បី​ប្តឹង​​ក្រុមហ៊ុន ឃុន សៀ​ អាហរ័ណ​​នីហរ័ណ​​ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ផល​អ្វី​នោះ​ទេ​។

កាល​ពី​ខែ​តុលា​ លោក ស៊្រាងខេង​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលា​ការ​ដោយ​ចោទ​ប្រកាន់​បុរស​ម្នាក់​ថាបាន​គ្រវែង​ បាវ​មួយ​​ដែល​​​មាន​ពស់​វែក​បី​ក្បាល​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់​។ គ្រួសារ​ទាំ​ង​បី​​ក៏បាន​អះ​អាង​ដែរថា ​ភ្នាក់​ងារ​របស់​ក្រុម​ហ៊ុន​ក៏បាន​បំពុល​​សត្វ​ចិញ្ចឹម​របស់​ពួក​​គាត់​ផង​ដែរ​។

លោក​​ ហម​ គា​ មេ​ប៉ុស្តិ៍សង្កាត់​បឹង​កក់​១​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា វា​លំបាក​ណាស់​នៅ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ដែល​បាន​វាយ​ប្រហារ​លើ​លោក​ ស៊្រាង​ខេង​។​

លោក ហម​ គា​ បាន​មាន​ប្រសាសន៍ថា “វា​​​លំបាក​ណាស់​សម្រាប់​យើង​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ ព្រោះ​យើង​មិន​អាច​កំណត់​អត្តសញ្ញា​ណ​​ជន​សង្ស័យ​​ ហើយ​មិន​ដឹង​អ្វី​ទាល់​​តែ​សោះ​អំពី​ជន​សង្ស័យ​រូប​នេះ​”។

គ្រួសា​រ​ទាំង​បី​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ ឃុន ​សៀ បាន​អះ​អាង​បន្ថែម​ថា ពួក​គាត់​បាន​រស់​នៅ​លើ​ដី​របស់​ពួក​គាត់​តាំ​ង​ពី​ទស​វត្សរ៍​ឆ្នាំ​១៩៧០​ នៅ​ក្នុង​អគារ​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​សាលា​សង្កាត់​​​​និង​សា​ខា​​​ការិយាល័យ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

តែ​ទោះ​ជា​យ៉ាង​ណា​ អគារ​ដែល​មាន​សា​​លា​​​សង្កាត់​និង​ការិយាល័យ​របស់​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ក្នុង​នោះ ​ត្រូវ​សាលា​រាជ​ធានី​ភ្នំពេញ​​​​ប្រគល់​ទៅ​​ឲ្យ​ក្រុមហ៊ុន ឃុន សៀ​ កាល​ពីឆ្នាំ​២០១៣​ ដោយ​​​​​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​បី​ត្រូវ​តស៊ូ​ដើម្បី​មាន​សិទ្ធិ​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់ដែលស្ថិត​​​នៅក្នុង​​អគារ​​នោះ​​ដែរ។

លោក អំ សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​​​នៅ​អង្គការ​សិទ្ធិ​មនុស្សលី​កាដូ​ ដែល​ជួយ​ព្យាបាល​លោក​ ស៊្រាងខេង​ នៅ​កន្លែង​កើត​ហេតុ​បាន​លើក​ឡើងថា នគរបាល​ត្រូវ​តែ​ចាត់​វិធាន​ការ​។ លោក អំ សំអាត​ បាន​មាន​ប្រសាសន៍​ថា “យើ​ង​សូម​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​​​​អង្កេត​ពិ​ត​ប្រាកដ​​ ព្រោះ​បញ្ហា​នេះ​កើត​​ឡើង​ដដែល​ លើ​គ្រួសារ​ទាំង​បី​។ ប្រសិន​បើ​ពួក​គេ​មិន​ចាត់​វិធាន​ការ​នោះ​ទេ​ ហើយ​មាន​នរណា​ម្នាក់​ត្រូវ​គេ​សម្លាប់​ ​នោះ​ពួក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​”៕ ស៊ុយ​ឈាង​ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស