31 C
Phnom Penh

រដ្ឋាភិបាល៖ មាន​ដី​យ៉ាង​ច្រើន​សម្រាប់​វិនិយោគិន​បោះ​ទុន​​ទៅ​ក្នុង​គម្រោង​អាជីវកម្ម​កៅស៊ូ​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​លើ​ក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូលជុំ​វិញ​វិស័យ​កៅស៊ូ​ ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ថា វិស័យ​កៅស៊ូ​ធម្ម​ជាតិ​ដ៏​ចម្រូង​ចម្រាស​របស់​ប្រទេស​កម្ពុជា​ បាន​បើក​ចំហ​សម្រាប់​គម្រោង​អាជីវកម្ម​នា​នា​ ទោះ​បី​ជា​មាន​ការ​ផ្អាក​ការ​ផ្តល់​ឲ្យ​​ដី​សម្ប​ទាន​​សេដ្ឋកិច្ច​​ថ្មី​ៗ​ក៏​ដោយ​។

រដ្ឋាភិបាល​មាន​គោល​បំណង​ធ្វើ​ឲ្យ​វិស័យ​កៅស៊ូ​ក្លាយ​ជា​វិស័យ​បង្កើត​ការងារ​មួយ​ដ៏​សំខាន់​ និង​ជា​វិស័យ​កសិ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​​​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​អង្ករ​​ ដោយ​ជំរុញ​ ឲ្យ​មាន​ការ​នាំ​ចេញ​គិត​ជា​ទឹក​ប្រាក់​រាប់​ពាន​លាន​ដុល្លារ​យ៉ាង​យូរ​នៅ​ចុងទសវត្សរ៍​នេះ​។

ទោះ​ជាយ៉ាងណា អង្គការ​សិទ្ធិ​មនុស្ស​នា​នាបាន​ចាត់​ទុក​វិស័យ​កៅស៊ូ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ដែល​ជំរុញ​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​សំខាន់​ៗ និង​ជា​វិស័យ​ដែល​បណ្តាល​ឲ្យ​មាន​សកម្មភាព​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​ពេល​ដែល​មាន​​ការ​រិះ​គន់​កាន់​តែ​ច្រើន​ឡើងៗ​​ កាលពី​ខែឧសភា​ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចំណាត់​ការ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ៗ​។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិភាក្សា​អំពី​វិស័​យ​កៅស៊ូ​កាលពី​ម្សិលមិញ ដែល​មាន​វត្តមានចូល​រួម​ពី​សំណាក់​អ្នក​ជំនាញ​ការ​ អ្នក​ពិគ្រោះ​យោ​បល់​ និង​អ្នក​ជំនួញ​មក​ពី​ទូទាំង​តំបន់​ លោក លី ផល្លា ដែល​ទទួល​បន្ទុក​ផ្នែក​កៅស៊ូ​របស់​រដ្ឋាភិ​បាល​ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​វិស័យ​នេះ​។

លោក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​ “ អនុ​វត្ត​កម្មវិធី​ពិនិត្យ​សនិ្នធិដី​សម្បទាន​ដែល​មាន​ស្រាប់​ ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ និង​តាម​ផ្លូវ​អនុវត្ត​ន៍កិច្ច​សន្យា​​ ជា​ពិសេស​តាម​រយៈ​យន្ត​ការសម្រាប់​សកម្មភាព​ត្រួត​ពិនិត្យ​… ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​​ផែនការ​វិនិយោគ​ និង​ដើម្បី​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​នានាដែលមាន”។

លោក ផល្លា បាន​យល់​ស្រប​ថា វិស័យ​កៅ​ស៊ូ​នេះ​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​ថា មាន​ក្រុម​ហ៊ុន​ចុះ​កិច្ច​សន្យា​ជាច្រើន​ ប៉ុន្តែ​ មិន​អនុវត្ត​។ ទាក់​ទង​​ទៅ​នឹង​ដី​ទំហំ​១,២លាន​ហិក​តា​​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​​បាន​អនុម័ត​ លោកបា​ន​ឲ្យ​ដឹង​ថា ដី​​​៨០ភាគ​រយ​ត្រូវ​បាន​ប្រើ​ប្រាស់​ធ្វើ​ជា​ចម្ការ​កៅ​ស៊ូ​។

ក៏​ប៉ុន្តែ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​មុន មាន​ដី​តែ​១៣៥.០០០​ហិកតា​ប៉ុណ្ណោះ​​ ដែល​មាន​សកម្មភាព​ដាំ​កៅ​ស៊ូ​។ ហើយ​មាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ក្នុង​ចំណោម​ដើម​កៅស៊ូ​ដែល​ត្រូវ​បាន​ដាំ​ទាំង​អស់​ឈាន​ដល់​ដំណាក់​កាល​ល្ម​ម​នឹង​យក​ផល​។

ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បដិសេធ​ក៏​ដោយ​ ក៏​អង្គការ​សិទ្ធិមនុស្ស​នានា​បាន​លើក​ឡើង​ថា ខ្លួន​ដឹង​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ​ក​ិច្ច​នៅ​លើ​ដី​ព្រៃ​ ដល់​ក្រុម​ហ៊ុន​នានា ដែល​គ្រាន់​តែ​ចង់​ទទួល​បាន​ប្រាក់​ចំណេញ​រយៈ​ពេល​​ខ្លី​​ តាម​រយៈ​សកម្មភាព​កាប់​ឈើ​នៅ​លើ​ដី​ទាំង​នោះ ដើម្បី​យក​ទៅ​លក់​។

លោក​ រ៉ាន់វៀ ចូហាន (Ranveer Chauhan) នាយក​គ្រប់​គ្រង​ផ្នែក​កៅ​ស៊ូ​ធម្មជាតិ​​នៅ​ក្រុម​ហ៊ុន អូឡាម អន្តរជាតិ​ (Olam International) ដែល​ជា​ក្រុម​ហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​ផ្នែក​ទំនិញ​ពាណិជ្ជ​កម្ម​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ចង់​ដឹង​ថា តើ​កម្ពុជា​កំពុង​ធ្វើ​អ្វី​ខ្លះ​ ក្នុង​ការ​ការពារ​សិទ្ធិ​​របស់​ប្រជាជន​ក្នុង​មូល​ដ្ឋាន​។

លោក​បាន​សួរ​លោក ផល្លា ថា “តើ​មាន​ក្រប​ខណ្ឌ​រឹង​មាំ​មួយ​ដែរ​ឬទេ? តើ​យើង​មិន​ចាប់​អារម្មណ៍​ទៅ​លើ​សិទ្ធិ​របស់​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ទេ​ឬ?”។

​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ រឿងនេះ​ក្លាយ​​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​​វិនិយោគិន​ថ្មី​ៗ​ទៅ​ទៀត ប៉ុន្តែ វា​ជា​រឿង​ល្អ​ដែល​ឮ​ថា កម្ពុជា​នឹង​ចាត់​វិធាន​ការ​ដើម្បី​បង្ក​ភាព​ទាក់​ទាញ​បន្ថែម​ទៀត​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​មិន​ចាំ​​បាច់​ឲ្យ​វិនិយោគិន​​ថ្មី​ៗ​​ឆ្លើយ​ទេ ​ពីព្រោះ​ពួកគេ​ជឿ​ថា រដ្ឋាភិបាល​នឹង​​ផ្តល់​ចម្លើយ​ដោយ​ខ្លួន​ឯង​”។

ជាការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំង​នេះ លោក ផល្លា បាន​លើក​ឡើង​ជាថ្មី​​អំពី​ស្ថាប័ន​ទទួល​បន្ទុកផ្នែក​​កៅស៊ូ​របស់​រដ្ឋាភិបាល​ថា ព្រៃ​ក្រាស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ចម្ការ​កៅ​ស៊ូ​ទេ​។ ទាក់​ទង​ទៅ​នឹង​ចំណាត់​ការ​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ លោក ផល្លា បាន​រំឭក​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​នោះថា ភាគច្រើន​ក្នុង​ចំណោម​ដី​១,២លាន​ហិកតា​ដែល​រដ្ឋាភិបាល​បា​ន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​​រួច​ហើយ​នោះ មិន​ទាន់​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​ឡើយ​ទេ ហើយ​លោក​បាន​លើក​​​ឡើង​ថា ​ឱកាស​ខក​ខាន​របស់​ក្រុម​ហ៊ុន​មួយ​​ជា​ឱកាស​របស់​ក្រុម​ហ៊ុ​ន​មួយ​ផ្សេង​ទៀត​”។

លោកបាន​មាន​ប្រសាសន៍​ថា សម្រាប់​វិនិ​យោគិន​ថ្មី​ ​​ខ្ញុំ​គិ​ត​ថា ប្រហែល​ជា​ក្រុម​ហ៊ុន​មួយ​​ចំនួន​ទទួល​បាន​ដី​នោះ​រួច​ហើយ​ ប៉ុន្តែ ពួកគេ​​មិន​អាច​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​បាន​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ពួកគេ​មាន​ផែនការ​មេ​ កិច្ចសន្យា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ក៏​ប៉ុន្តែ ពួកគេ​មិន​វិនិ​យោគទេ​។ ដូច្នេះ​ ពួកគេ​ចង់​លក់ ឬ ក៏​ចង់​បោះ​បង់​ចោល​ ឬ​ក៏​ពួកគេ​ចង់​រក​វិនិយោគិន​ថ្មី​មក​ចូល​រួម​សហការ​”។

លោក អាស៊ីស ហ្គោ​វីល (Ashish Govil) ប្រធាន​ផ្នែក​កៅស៊ូ​របស់​ក្រុម​ហ៊ុន​ អូឡាមអន្ត​រ​ជាតិ​ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​កៅ​ស៊ូនា​នា​ត្រូវ​ផ្តោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​បញ្ហា​សិទ្ធិ​ដី​ធ្លី​។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន​ទាំង​អស់​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​។ លោក​បានដឹង​រឿង​រ៉ាវ​ទាក់​ទង​​នឹង​ក្រុម​ហ៊ុន​ HAGL ​ដែល​ទើប​តែ​មក​ដល់​ទីនេះ”។

លោក ហ្គោវីល​ បាន​និយាយ​សំដៅ​ទៅ​លើ​ក្រុម​ហ៊ុន​ Hoang Anh Gia Lai ដែល​ជា​ក្រុម​ហ៊ុន​កៅស៊ូ​វៀតណាម​​ និង​មាន​ចម្ការ​ជា​ច្រើន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ កាលពី​ខែ​ឧសភាឆ្នាំមុន អង្គការ​ ក្លូបល វីណេស (Global Witness) ដែល​ជា​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ចក្រ​ភព​​អង់គ្លេស​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​​លទ្ធផល​របស់​ខ្លួន​ ដែល​វាយ​ប្រហារ​​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​រយៈពេល​ជា​ច្រើន​ខែ​លើ​ករណី​ទន្ទ្រាន​យក​ដី​ និង​កាប់​ឈើ​ខុស​ច្បាប់​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ចម្ការ​​កៅស៊ូ​នេះ។

ទោះ​បី​ជា​មាន​ក្តី​កង្វល់​ទាក់​ទងទៅ​​នឹង​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ និង​មាន​ការ​ព្យាករ​ថា នឹង​មាន​ការ​ផ្គត់​ផ្គង់​កៅស៊ូ​ធម្ម​ជាតិ​​ហួស​កម្រិត​នៅ​ទូទាំង​ពិភពលោក​ សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ក៏​ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​វិស័យ​កៅស៊ូ​របស់​ខ្លួន​ដែរ។

កាលពី​ឆ្នាំ​២០១៣ ប្រទេសកម្ពុជាសម្រេច​​បាន​ចំណូល​១៧០លាន​ដុល្លារ​ពី​សកម្មភាព​នាំ​ចេញ​កៅស៊ូ​ចំនួន​៧៤.២០០តោន​។ ដោយ​មាន​សកម្មភាព​ដាំ​ដើម​កៅស៊ូ​ថ្មី​ៗ​បន្ថែម​លើ​ផលិតភាព​ដែល​កំពុង​តែកើន​ឡើង​ ប្រទេស​កម្ពុជា​ទំនង​ជា​អាច​នាំ​ចេញ​កៅស៊ូ​ជិត​មួយ​លាន​តោន​ និង​រក​ចំណូល​បានចំនួន​​បី​ពាន់​លាន​​ដុល្លារ​​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក យិន សុង អតីត​នាយក​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​កម្ពុជា​ ដែលបច្ចុ​ប្បន្ន​ជា​ទីប្រឹក្សា​រដ្ឋ​សភា​។

លោក ​ដេវីដ ​​អាលឡាន (Devid Allan) ប្រធាន​​​​អ​ង​​្គកា​រក្រៅ​រដ្ឋាភិបាលមួយ​ ដែល​​​ធ្វើ​កា​រ​លើ​​កា​រ​​​អ​ភិ​វឌ្ឍប្រកប​​​ដោ​យ​និរន្ត​រ​ភាព​​​នៅ​ក​្នុង​ប្រទេ​ស​​ភូ​មា​ ​​បា​ន​លើកឡើង​ថា ​​​ប្រទេស​កម្ពុជា​​​គួ​រ​តែ​​ចំ​ណាយចំ​ណូល​​ ខ្លះ​ក​្នុ​ង​  ចំ​ណោម​​ចំ​ណូ​ល​​ទាំង​​​នោ​ះ​ទៅ​​លើ​កា​​រដោ​​ះ​​ស្រាយ​​​បញ្ហា​​​ទាក់ទងនឹងកា​រ​​បាត់​​បង់​ដី​​ធ្លី​ ​ដែលគម្រោង​​​កសិ​​​​ពា​ណិជ្ជកម្មទាំង​នេះ​តែង​តែ​​​បង្ក​ទៅលើ​​សហ​គម​ន៍​មូ​ល​ដ្ឋាន​​។

លោក​​បា​ន​លើក​ឡើ​ង​អ​ំ​ពី​​​តួ​លេខ​​​​​ដែល​លោក សុ​ង​ បាន​បង្ហាញ​ថា “ ប្រ​សិ​ន​បើ​​​នោ​ះ​​ជា​​​តួលេខ​សុក្រឹតមួ​យ​ ​​ពេល​​នោ​ះចំណូល​​​ទាំ​ង​អស់​នេះ​​គួរ​តែ​មា​ន​​សមត្ថភា​ព​​​​គាំ​​ទ្រ​​សកម្ម​ភាព​ចាំ​បាច់ជំរុញ​ឲ្យមានការគោរព​សិទ្ធិ​ប្រកប​ដោយ​យុត្តិ ធម៌និងភាពត្រឹមត្រូវ​ចំពោះ

មនុស្ស​រាល់​​គ្នា​​​ដែល​​ពាក់​​ព័​ន្ធ​​ក្នុ​ង​​ដំ​ណើរ​​​ការ​​ទាំ​ង​​មូ​ល”។ លោក ​​អាល​ឡាន ​​បា​ន​​​មា​ន​ប្រ​សាស​ន៍​ថា ​ប៉ុន្តែ“អ្វី​​ដែល​​​យើង​ឃើញ​​​ក្នុង​ឧទា​ហរណ៍​​ភាគច្រើន​បំផុត​ ​ជា​​ពិ​​សេស​​ក្នុ​ង​ប្រទេសកំពុង​អ​ភិ​វឌ​្ឍ​​​ន៍​ ​យើង​ឃើញមាន​ ការ​រក្សាទុក​​​ទ្រព្យ​​សម្បត្តិ ​ហើយ​​អ្នក​ធ​ំ​កាន់​​តែមា​ន​​​ទៅៗ ប៉ុន្តែ​អ្នក​ក្រ​​កាន់​​តែ​ក្រ​ទៅៗ​” ៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស