38.8 C
Phnom Penh

រដ្ឋាភិបាល​​​មិន​​​និយាយ​​​​​​​​​​​​ច្បាស់​​​លាស់​​​​​​​​​​​​អំពី​​​បម្រាម​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​បាតុកម្ម​​​​​​​​​​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​​ហាក់​ដូចជា​ មិនបានព្រម​ព្រៀង​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ដក​បម្រាមមិន​ឲ្យ​​​ធ្វើ​​​បាតុកម្ម​​​​នោះ​ ឬអត់​​​​ទេ​។

កាល​ពីសប្តាហ៍​មុន លោក ហ៊ុន សែន បាន​​មាន​ប្រសាសន៍ថា “ខ្ញុំមិន​រារាំង​ការ​ធ្វើ​បាតុ​កម្មទេ​ពីព្រោះ​មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​ស្មើ​គ្នា​” ​​​ហើយ​​​នេះ​​​ធ្វើ​ឲ្យមន្ត្រី​រដ្ឋាភិបាល​បក​ស្រាយ​​​​​ភ្លាមៗ​​​ថា ជាការ​ដក​បម្រាម​មិន​ឲ្យមាន​ការ​ជួប​ជុំគ្នា​ជាសាធារណៈ​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​កាល​ពីថ្ងៃទី​៤ ខែមករា​។ ទោះ​ជា​យ៉ាង​ណា​ តាម​ការ​ជាក់​ស្តែង​ដូច​ជា​គ្មាន​នរណា​ម្នាក់​ស្តាប់​សោះ​។

អតីត​ប្រជាពល​រដ្ឋ​បីនាក់​មក​ពីសហគមន៍​បឹងកក់​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពីម្សិលមិញ​ នៅ​ខាង​ក្រៅ​សាលា​រាជធានី​ភ្នំពេញ​ដែល​នៅ​ ទី​នោះ​ពួក​គេ​បានចត​រ៉ឺម៉ក​មូ៉តូ​កង់​បី​​ស្រែក​តាម​ឧគ្ឃោសនសព្ទ​ទាម​ទារ​ឲ្យលោក ប៉ា សុជាតិ​ វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ផ្តល់សំណង​​ថែម​ទៀត​ចំពោះការ​បាត់​បង់​ផ្ទះ​របស​​់​​​ពួក​គាត់​ដោយសារការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​។

សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ ជា​ក្រុមបង្ក្រាប​បាតុ​កម្ម​​របស់​សាលា​រាជ​​ធានី​បាន​ចាប់​មនុស្ស​បីនាក់​ដែល​មាន​ឈ្មោះ អឹុម​ ស្រីទូច អាយុ​៤០​ឆ្នាំ ស៊ា ណារ៉េត អាយុ​៥៦​ឆ្នាំ  សាត ថា អាយុ​៤០​ឆ្នាំ ​ទាញ​ចូល​ទៅក្នុង​រថយន្ត​កំពុង​រង់​​​ចាំមួយគ្រឿង​ដែល​បាន​​ដឹក​ពួកគេ​ទៅ​​​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ ហើយ​ពួកគេ​ត្រូវ​បានឃាត់​ខ្លួន​នៅ​ទី​នោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​។

កាល​ពីថ្ងៃ​ច័ន្ទ កងសន្តិសុខ​ក៏​បាន​​​ប្រើ​​​កម្លាំង​​​​រុញ​ច្រាន​អ្ន​ក​តវ៉ា​ជាស្ត្រី​​ផង​ដែរ​ដើម្បី​រឹប​អូស​យក​ស្គរ​មួយ​ដែល​ពួកគេ​បាន​វាយ​នៅ​​កន្លែង​នគរបាល​បិទ​ផ្លូវ​តាម​តីរវិថី​ព្រះ​សីុ​សុវត្ថិ​ ។

សាលា​រាជ​​ធានី​​ ក៏​បានច្រាន​ចោល​សំណើ​សុំ​​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ពីរ​លើក​ផង​ដែរ​នៅសប្តាហ៍​នេះ​ គឺ​សំណើ​ទី​១​របស់​សហជីព និង​សមាគម​ចំនួន​​១៣​​ដែល​កំពុង​រៀបចំ​ធ្វើ​​កូដកម្ម​ទូទាំង​ប្រទេស​ទាម​ទារ​ដំឡើង​ប្រាក់​ខែគោល​​​​ឲ្យ​​​បាន​​​១៦០​ដុល្លារ​ ហើយ​សំណើ​ទី២គឺ​សំណើ​របស់​លោក ម៉ម សូណង់​ដូ ម្ចាស់​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​។

លោក ម៉ម សូណង់​ដូ បាន​ផ្ញើ​លិខិត​មួយ​ទៅ​សាលា​រាជ​​ធានី​​កាល​ពីថ្ងៃ​ច័ន្ទ ស្នើ​សុំ​ធ្វើ​បាតុកម្ម​នៅថ្ងៃ​ទី​៣១ ខែមីនា​ ហើយបាន​ជូន​ដំណឹង​ប្រាប់សាលា​រាជ​​ធានី​​ថា មាន​អ្នក​ចូល​រួម​ប្រហែល​២០០នាក់​​ដើម្បីគាំទ្រ​សំណើ​សុំ​អាជ្ញាប័ណ្ណ​ទូរ​ទស្សន៍​របស់​លោក​។

លោក ម៉ម សូណង់​ដូ បាន​មាន​ប្រសាសន៍​ថា “សម្តី​របស់​លោក ហ៊ុន សែន​ មាន​ន័យ​ថា បម្រាម​មិន​ឲ្យធ្វើ​បាតុកម្ម​នេះ​ត្រូវ​បានដក​ហើយ​​ ដូច្នេះគួរ​តែ​អនុញ្ញាត​​​​​​​លើ​​​សំណើ​សុំ​ធ្វើ​បាតុកម្ម​របស់​ខ្ញុំ​”។ លោក​ ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​​ធានី​​មិន​យល់​ស្រប​ទេ​។

លោក ឡុង​ ឌីម៉ង់ បានមាន​ប្រសាសន៍​ថា “យើង​នឹង​អញ្ជើញ​លោក ម៉ម សូណង់​ដូ​ មក​ជួប​ពិភាក្សា​នៅពេល​ឆាប់ៗ​នេះ​ ហើយ​យើង​នឹង​​សម្រុះសម្រួល​ជាមួយ​គាត់​កុំ​ឲ្យធ្វើ​បាតុ​កម្ម​​ដើម្បីរក្សា​សន្តិសុខ​ឲ្យបានល្អ​”។

ច្បាប់​ឆ្នាំ​២០០៩​ស្តីពីការ​ធ្វើ​បាតុកម្ម​អហិង្សា​ចែង​ថា អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​ត្រូវ​តែ​​​​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​អំពីគោល​បំណង​នៃ​ការធ្វើបាតុកម្មរបស់​ខ្លួន​ឲ្យបានមុន​​​ពេល​​​​ធ្វើ​បាតុ​កម្ម​ប្រាំថ្ងៃ ប៉ុន្តែ មិន​ចាំបាច់​​​​ត្រូវ​​​​ការ​​​​​​ការ​​​​អនុ​ញ្ញាត​ពី​អាជ្ញាធរ​ទេ​។

​រដ្ឋាភិបាល​បាន​លើកឡើង​ម្តង​ហើយ​​ម្តង​ទៀត​​អំពី​កង្វល់​ផ្នែក​សន្តិសុខ​ចំពោះ​ការ​ដែល​ខ្លួន​មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ ថ្វី​បើ​រាល់​ការ​ធ្វើ​បាតុ​កម្ម​​នៅ​ទីលាន​ប្រជា​ធិបតេយ្យចាប់​តាំង​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​មក​មាន​លក្ខណៈ​អហិង្សា​ក៏ដោយ​។

អំពើ​ហិង្សា​កើត​ចេញ​តែពី​សន្តិសុខ​ខណ្ឌ​ និង​មនុស្ស​ស្លៀក​ពាក់​សីុវិល​ដែល​​​កាន់​ដំបង​ឆក់​ និង​បំពង់​ទីប​​​ប៉ុណ្ណោះ​​​ នៅពេល​ពួកគេ​ដេញ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចេ​ញ​ពី​ទី​លាន​​ប្រជាធិបតេយ្យ​កាល​ពីថ្ងៃទី​៤ ខែ​មករា​។

លោក ឡុង​ ឌីម៉ង់ បានមាន​ប្រសាសន៍​ថា ស្ត្រីបីនាក់​ដែល​ត្រូវ​បាន​ឃាត់​កាល​ពីម្សិល​មិញ​ នៅមុខ​សាលា​រាជ​​ធានី​​​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​ព្រោះ​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​​​​ដល់​​​សណ្តាប់​ធ្នាប់​​​សា​ធារណៈ​។ លោកក៏បាន​អះអាង​ដែរ​ថា ពួក​គេ​បាន​ព្យាយាម​បិទ​ផ្លូវ​នៅ​​​មុខ​​​​សាលា​រាជធានី​។ លោក​បានមាន​ប្រសាសន៍ថា “ប្រសិន​បើ​ពួក​គេចង់​ធ្វើ​បាតុកម្ម​ ពួកគេ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពីសាលា​រាជ​​ធានី​​”។

លោក ឡុង​ ឌីម៉ង់ ក៏បាន​អះអាង​កាល​ពី​ម្សិលមិញដែរ​ថា ការ​​​​ផ្អាក​​​​មិន​ឲ្យ​មាន​​​ការ​​​​ជួប​ជុំ​​​​គ្នា​នេះ​មិនមែន​ជា​បម្រាម​មិន​ឲ្យធ្វើបាតុកម្ម​ទេ​។ លោក​បាន​ឲ្យដឹង​ថា “តាម​ពិត​មិនមាន​បម្រាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ទេ​” ។ លោក​ពន្យល់​ប្រាប់ថា​ ក្រសួង​មហាផ្ទៃ​គ្រាន់​តែ​ចេញ​​សេចក្តី​ ណែនាំ​ឲ្យផ្អាក​ធ្វើ​បាតុកម្ម​តែ​ប៉ុណ្ណោះ​។

អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​បីនាក់​ដែល​ត្រូវ​បានឃាត់​ខ្លួន​កាល​ពីម្សិលមិញ​​គឺ​អ្នកស្រី ស្រី ទូច ប៉ុន្តែ​​​​ត្រូវ​បាន​ដោះលែង​វិញ​​​​​ហើយ​​​កាល​ពីរសៀលម្សិលមិញ ហើយ​អ្នក​​​ស្រី​​និយាយថា អ្នកស្រី​​យល់ច្រឡំ​​​​​​ចំពោះ​​​ពាក្យសម្តី​មិន​ច្បាស់​លាស់​​​របស់​​​រដ្ឋាភិបាល។

អ្នកស្រីបាន​និយាយថា “នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បញ្ជា​ឲ្យដក​បម្រាម​ធ្វើ​បាតុកម្ម​ហើយ​ ប៉ុន្តែ អាជ្ញាធរ​នៅតែ​រក្សា​បម្រាម​នេះ​ដដែល​”។ “ពួកគេ​មិនបាន​ស្តាប់​នាយករដ្ឋមន្ត្រី​ទេ​ ហើយ​បទ​បញ្ជា​របស់​គាត់​គ្មាន​ន័យ​ឡើយ​។​ ឬ​ប្រហែល ​ជា​លោក​ ហ៊ុន សែន ​គ្រាន់តែ​ធ្វើ​​​​​​​​ពុត​ប៉ុណ្ណោះ ​​​ដើម្បី​បង្ហាញ​ពិភពលោកថា រដ្ឋាភិ​បាល​​គោរព​សិទ្ធិ​មនុស្ស​”។

ឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃបានមាន​ប្រសាសន៍ថា ​សម្តី​របស់លោក ហ៊ុន សែន ​ពិតជា​​​​​​​ដក​​​​បម្រាម​របស់​​​​​​​ក្រសួង​នេះ​មិន​ឲ្យធ្វើ​បាតុកម្មមែន​​​​​ ប៉ុន្តែ ក្រសួង​​​​​នៅតែ​បដិសេធ​សំណើ​របស់​សហ​​​ជីព​​​ដែល​បានដាក់​ជូន​កាល​ពីថ្ងៃ​ទី​២៦​ខែ​មករា​​​​ សុំ​រៀបចំ​​​​ធ្វើ​​​វេទិកា​សាធារ​ណៈ​នៅ​ទី​​​លាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​សៅរ៍​​​​​​ដដែល​​​។ លោក ខៀវ សុភ័គ បានមាន​ប្រសាសន៍​ថា “សហជីព​មិន​អាច​បង្ក​ភាព​ចលាចល​បាន​ទេ​ ហើយច្បាប់​ស្តី​ពីការ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​​មាន​​សុពល​ភាព​នៅឡើយ​”។

​ច្បាស់​ស្តីពី​ការ​​​​ធ្វើ​​​បាតុកម្ម​អហិង្សា​ចែង​ថា បាតុកម្ម​មិនត្រូវ​ធ្វើ​ឲ្យប៉ះពាល់ដល់​សិទ្ធិ​ សេរី​ភាព និង​កិត្តិយស​របស់​អ្នក​ដទៃ ទំនៀម​ទម្លាប់​ល្អរបស់​​ជាតិ សណ្តាប់ធ្នាប់​​សាធារណៈ និងសន្តិសុខ​ជាតិឡើយ​”។

លោក ខៀវ  សុភ័គ ​​​ បាន​អះអាង​ថា វេទិកា​សាធារណៈ​របស់​សហជីពដែល​គេ​បាន​អញ្ជើញ​​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មន្ត្រី​គណ​បក្ស​សង្គ្រោះជាតិ​​ឲ្យថ្លែង​ទៅកាន់​កម្មករ​​ប្រហែល​៣០​.០០០នាក់​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យប៉ះពាល់​​​​ដល់​​​ការ​ចរចា​អំពីការ​កែទម្រង់​ការ​បោះ​ឆ្នោត​រវាងគណបក្ស​ទាំង​ពីរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​រំពឹង​ថា វេទិកាសាធារណៈ​នេះ​ពាក់​ព័ន្ធ​នឹង​នយោបាយ​។ ដូច្នេះ​ដើម្បីធ្វើ​ឲ្យ​មាន​បរិ​យា​កាស​ល្អសម្រាប់​ក្រុម​ការ​ងារ​នៃគណ​បក្ស​ទាំង​ពីរ​ វេទិកា​សាធារណៈ​នេះគួរ​តែ​ធ្វើ​នៅ​ការិយាល័យ​ផ្ទាល់​ខ្លួន​វិញ​”៕គឹម​ហឿន

(រាយការណ៍​​​បន្ថែម​​​ដោយ​ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស