ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រសួងកសិកម្មបានបង្កើតតំបន់ដែលមានមេរោគគ្រុនផ្តាសាយបក្សីនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បន្ទាប់ពីមានសត្វមាន់ទារាប់រយក្បាលបានងាប់ដោយសារមេរោគ H5N1។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះហត្ថលេខាលើសារាចរណែនាំពីរកាល ពីចុងខែមុនដោយលើកឡើងថា សត្វមាន់ទាដែលត្រូវបានគេដឹកចូល និងចេញចម្ងាយ៣គីឡូម៉ែត្រពីកន្លែងដែលមានផ្ទុះឡើងនូវជំងឺនេះ ត្រូវធ្វើតេស្តដើម្បីទប់ស្កាត់កុំឲ្យមេរោគនេះរីករាលដាលបន្ថែមទៀត។
កាលពីឆ្នាំ២០១៣ មនុស្សសរុបចំនួន២៤នាក់បានឆ្លងជំងឺគ្រុនផ្តាសាយបក្សីពីសត្វមាន់ទាឈឺ ឬងាប់ ហើយមនុស្សចំនួន១២នាក់បានស្លាប់។
រហូតមកទល់ពេលនេះក្នុងឆ្នាំនេះ មានមនុស្សប្រាំនាក់ហើយត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគនេះ ហើយក្មេងប្រុសម្នាក់បានស្លាប់។ មន្ត្រីសុខាភិបាលគិតថា បងស្រីរបស់ក្មេងប្រុសនោះក៏បានឆ្លងជំងឺគ្រុនផ្តាសាយបក្សីដែរ ប៉ុន្តែ នាងបានស្លាប់មុនពេលធ្វើតេស្ត។
លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញបានមានប្រសាសន៍ថា សត្វមាន់ ទា និងក្ងាន ប្រហែល២០០ក្បាលដែលគេប្រើសម្រាប់ស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជានៅក្នុងខណ្ឌដង្កោត្រូវបានសម្លាប់និងដុតចោលកាលពីថ្ងៃទី១៩ខែកុម្ភៈដើេម្បីទប់ស្កាត់កុំឲ្យជំងឺនេះរាលដាលដល់សត្វមាន់ទាដទៃទៀតដែលរស់នៅក្នុងតំបន់នោះ។
លោក បូរិន បានមានប្រសាសន៍កាលពីម្សិលមិញថា “ ឥឡូវនេះមិនមានការផ្ទុះឡើង នូវជំងឺគ្រុនផ្តាសាយបក្សីទៀតទេ ពីព្រោះយើងបានចាត់វិធានការភ្លាមៗ”។ លោកបាន បន្ថែមថា សត្វមាន់ទានៅតែមិនទាន់អនុញ្ញាត ឲ្យដឹកចូល ឬដឹកចេញពីកន្លែងនេះដដែល ដោយសារតំបន់មានជំងឺគ្រុនផ្តាសាយបក្សីដែលក្រសួងកសិកម្មបានបង្កើតឡើង។
លោក ហ៊ីង ហៀង មេឃុំកំពង់កុង បានមានប្រសាសន៍កាលពីម្សិលមិញថា តំបន់ទី២ត្រូវបានបង្កើតឡើងក្នុងស្រុកកោះធំខេត្តកណ្តាលកន្លែងដែលសត្វទាប្រហែល២០០ក្បាលបានងាប់ចាប់តាំងពីថ្ងៃទី១៥ខែកុម្ភៈមក។
លោក ហ៊ីង ហៀង បានមានប្រសាសន៍ថា “ មានសត្វទាប្រហែល១៨០ក្បាលដែលយើងបានដុតចោលបន្ទាប់ពីវាបានងាប់នៅផ្ទះរបស់កសិករម្នាក់”។លោកមានប្រសាសន៍ ថា “ យើងបារម្ភអំពីការផ្ទុះឡើងនូវជំងឺនេះ ពីព្រោះជំងឺ គ្រុនផ្តាសាយបក្សីអាចធ្វើឲ្យមនុស្សស្លាប់បាន” ប្រសិនបើមេរោគនេះឆ្លងពីសត្វមាន់ទាទៅមនុស្សនោះ។
លោក Lotfi Allal ប្រធានក្រុមការងារនៃមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់នៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិផ្នែកជំងឺសត្វឆ្លងដែនប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា សត្វទាគឺជាភ្នាក់ងារចម្លងមេរោគដ៏សំខាន់។
លោក Lotfo Allal បានមានប្រសាសន៍ថា “សត្វទាគឺជាកង្វល់ដ៏ចម្បង ពីព្រោះវាអាចចម្លងមេរោគនៅពេលណាមួយ ហើយមិនមែនសត្វទាទាំងអស់សុទ្ធតែងាប់នោះទេ។ ចំណែកសត្វមាន់វិញ វាងាប់បន្ទាប់ពី “ ឆ្លងមេរោគភ្លាម ដោយមិនទំនងជាអាចចម្លងមេរោគ H5N1 ទៅសត្វមាន់ទាដទៃទៀត ឬទៅមនុស្សឡើយ។
លោកបានមានប្រសាសន៍ថា ចន្លោះពីឆ្នាំ២០០៤ ដែលនៅពេលនោះ មេរោគនេះផ្ទុះឡើងដំបូងនៅក្នុងប្រទេសកម្ពុជា ដល់ចុងឆ្នាំមុននោះ មានការផ្ទុះឡើងនូវមេរោគ H5N1 សរុប៤០ករណី ហើយលោកបន្ថែមថា ការផ្ទុះឡើងនោះបានប្រកាសភ្លាមៗថា មានបក្សីតែមួយក្បាលប៉ុណ្ណោះត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគនេះ។
លោក Allal បានមានប្រសាសន៍ថា “ នៅ ពេលមេរោគនេះផ្ទុះឡើង វិធានការចាំបាច់គឺត្រូវសម្លាប់សត្វមាន់ទានិងធ្វើមិនឲ្យមានការចម្លងក្នុងតំបន់នោះ រឹតបន្តឹងការដឹកជញ្ជូនសត្វមាន់ទាពីកន្លែងមួយទៅកន្លែងមួយ ហើយមនុស្សដែលរស់នៅក្នុងតំបន់នោះមិនត្រូវបានអនុញ្ញាតឲ្យចិញ្ចឹមមាន់ទាឡើងវិញក្នុងរយៈពេល៣០ថ្ងៃ”៕សារុន