នគរបាលបានឲ្យដឹងថា មនុស្សបីនាក់បានស្លាប់ និងប្រាំមួយនាក់ទៀតរងរបួសនៅពេលរថយន្តដឹកក្តារបន្ទះ និងអ្នកដំណើរមួយគ្រឿងបានក្រឡាប់កាលពីម្សិលមិញ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ។
លោក ចាន់ សុគីម អធិការនគរបាលស្រុកបានមានប្រសាសន៍ថា “ រថយន្តនោះបានដឹកក្ដារបន្ទះ ហើយមនុស្សទាំងអស់អង្គុយលើក្ដារបន្ទះនោះ”។ លោកបន្ថែមថា “រថយន្តបានបែកកង់មុខផ្នែកខាងស្ដាំ បណ្ដាលឲ្យអ្នកបើកបរបាត់បង់ម្ចាស់ការ ហើយរថយន្តបានក្រឡាប់តែម្ដងដោយធ្វើឲ្យមានមនុស្សស្លាប់និងរបួស”។
លោក ចាន់ សុគីម បានមានប្រសាសន៍ថា លោកមិនទាន់ស្គាល់ឈ្មោះអ្នកដែលបានស្លាប់នៅឡើយទេ ប៉ុន្តែថា អ្នករងរបួសត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ អាជ្ញាធរបានឲ្យដឹងថា រថយន្តនោះដឹកក្ដារបន្ទះពីដេប៉ូឈើមួយកន្លែងក្នុងខេត្តស្ទឹងត្រែងទៅកន្លែងមួយដែលគេមិនស្គាល់។
លោក វណ្ណ វ៉េត មេឃុំស្វាយជ្រះ បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានពីសាក្សីថា នៅពេលរថយន្តក្រឡាប់ ក្ដារបន្ទះបានធ្លាក់សង្កត់លើអ្នកដំណើរមួយ ចំនួនបណ្តាលឲ្យពួកគាត់រងរបួស។
នគរបាលបានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់ដាច់ដោយឡែកមួយទៀតពាក់ព័ន្ធរថយន្តដឹកទំនិញ បុរសម្នាក់បានស្លាប់ និងមនុស្សជាង២០នាក់ទៀតរងរបួសនៅពេលរថយន្តដឹកសម្ភារការមួយគ្រឿងបានក្រឡាប់នៅផ្លូវជាតិលេខ៧៦ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃច័ន្ទ។
លោក ងិន សុភឿន អនុប្រធាននគរបាលចរាចរខេត្តបានមានប្រសាសន៍ថា “រថយន្តនោះដឹកសម្ភារការពេញ និងមានមនុស្សជាង២០នាក់អង្គុយពីលើទៀត”។
លោក សុភឿន បានមានប្រសាសន៍ថា “អ្នកបើកបរបើកលឿនពេក នៅពេលឡើងចំណោត ធ្វើឲ្យរថយន្តនោះក្រឡាប់តែម្ដង។អ្នកបើកបរបានរត់គេចខ្លួនបាត់”៕ សារុន