34 C
Phnom Penh

កម្ពុជា​នឹង​​ជួប​ប្រជុំ​ជាមួយ​ម៉ាឡេស៊ី​​​​អំពី​​​អនុស្ស​រណៈនៃការ​យោគយល់​ពាក់ព័ន្ធ​ស្ត្រីបម្រើការងារ​តាម​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​ងារ​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា រដ្ឋាភិបាល​បាន​​ព្រមព្រៀង​​លើ​​សេចក្ដីព្រាង​ចុង​ក្រោយ​នៃ​អនុ​ស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ទាក់​ទង​ការ​បញ្ជូន​​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ជន​ជាតិ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ចុះ​ហត្ថ​លេ​ខា​​ លើ​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​​ឡើយ​ទេ។

បន្ទាប់​ពី​មាន​របាយការណ៍​ពីការ​រំលោភ​បំពាន​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ជន​ជាតិ​ខ្មែរ​ជា​បន្ត​បន្ទាប់មក​​ កាលពីឆ្នាំ​២០១១​ លោក​នាយក​​​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ចេញ​បម្រាម​ហាម​ឃាត់​មិន​ឲ្យ​បញ្ជូន​ពល​ករ​ចំណាក​ស្រុក​ខ្មែរ​ទៅ​បម្រើ​ការ​ជា​អ្នក​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

តាំងពីពេល​នោះ​មក ប្រទេស​ទាំង​ពីរ​​កំពុង​​ សិក្សា​លើ​អនុស្ស​រណៈនៃ​ការ​យោគ​យល់​គ្នានេះ​ដើម្បី​ផ្ដល់​ការ​ការ​ពារ​គ្រប់​គ្រាន់​ដល់​ស្ត្រី​បម្រើការងារ​តាម​ផ្ទះ​​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដកបម្រាម​នេះ​ចេញវិញ​។

លោក អូស្មាន ហាសាន់ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​ថា “ ភាគី​កម្ពុជា​បាន​កែ​សម្រួល​ និង​ពិនិត្យ​មើល​[ចំណុច​​ មួយចំនួន​ក្នុង​​​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា​នេះ] ហើយ​យើង​​បាន​បញ្ចប់​​កាល​ពីថ្ងៃ​ទី​២៤​ខែកុម្ភៈ” ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​​ចំណុចដែល​បាន​កែ​សម្រួលឡើយ​។

លោក ហាសាន់ បាន​បន្ថែម​ថា ឥឡូវ​នេះ​រដ្ឋាភិបាល​នឹង​រៀប​ចំកិច្ច​ប្រជុំមួយ​ជាមួយ​តំណាង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ពិភាក្សា​អំពី​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ។

យោង​តាម​លោកស្រី សាន អារុណរដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី​ បាន​ឲ្យ​ដឹង​ថា សេចក្ដីព្រាង​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​ថ្មីនេះ​ចែង​ថា កម្មករ​ខ្មែរ​ទទួល​បាន​ប្រាក់​ឈ្នួល​​​​ទាប​​ កិច្ច​សន្យា​​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​​​មុន​​ពេល​ចេញដំណើរ​ ហើយ​ថា និយោ​ជក​​​ត្រូវ​​ធានា​រា៉ប់​រង​សុខ​ភាព​ ព្រម​ទាំង​​មាន​បន្ទប់​​ដេក​​ មាន​សុវត្ថិ​ភាព និង​​​​ដាច់​​​ដោយ​​​ឡែក​​​។

សេចក្ត​ីព្រាងច្បាប់​ដើម​ដែល​សរសេរ​ដោយ​ប្រទេស​ម៉ាឡេស៊ីនោះ​មិន​​​​មាន​​​​ធានា​​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារមូល​ដ្ឋាន​ឡើយ​។ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ចំណុច​ដែល​បាន​កែសម្រួល​ត្រឡប់ទៅវិញ ហើយ​​​​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​ម្តង​​​ទៀត​​កាលពីឆ្នាំមុន។

នៅ​ក្នុង​សេចក្ដីព្រាង​​​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មុន​​​​ដែល​​​​ទើប​​​​កែសម្រួល​​​​នៅ​​​ពេល​​​នេះ​​​ ប្រទេស​​​​ម៉ាឡេ​ស៊ីបាន​ច្រាន​ចោល​​​ប្រហែល​​​៩០​​​ភាគរយ​​​នៃ​​​​​​ចំណុចដែល​​​​​​​ចែង​​​​​​អំពី​​​ការ​​​ធានា​សិទ្ធិ​របស់​ពល​ករ​ ហើយ​បាន​​​លុប​​​ចោល​​​​ផ្នែក​​​មួយ​​​ដែល​ចែងថា “និយោ​ជក​ត្រូវ​គោរព​សិទ្ធិ​មូល​ដ្ឋាន​របស់​ស្ត្រី​បម្រើ​ការ​ងារតាម​ផ្ទះ”។

លោកស្រី​ សាន អារុណ បាន​មាន​ប្រសា​សន៍​ថា រដ្ឋាភិបាល​នឹ​​ងមិន​ប្រញាប់​ប្រញាល់​អំពី​ដំណើរ​ការ​នេះ​ទេ ពីព្រោះ​វា​សំខាន់​ណាស់​​ដែល​សេចក្ដីព្រាង​ច្បាប់​នេះ​ផ្ដល់​ការ​ការ​ពារ​គ្រប់​គ្រាន់​ដល់​ពលករ​។

លោកស្រី​បានមាន​ប្រសាសន៍​ថា “វា​មិន​មែន​ជា​ដំណើរ​ការ​រហ័ស​​ទេ ពីព្រោះ​យើង​ត្រូវ​​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​ថា វា​ជា​អនុស្ស​រណៈ​នៃ​ការ​យោគយល់​គ្នា​ដ៏ល្អ​មួយ​…។ យើង​ត្រូវ​ពិនិត្យ​មើល​​​​បន្ថែម​ទៀត ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ពិនិត្យ​មើល​ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ​​​​ទាំង​អស់​ ពីព្រោះ​ជាមួយ​​ប្រទេស​ម៉ាឡេ​ស៊ី​វា​ពិបាក​បន្តិច​ហើយ។

លោកស្រី ចេនណា ហូលីដេ អ្នក​ជំនាញ​ផ្នែកទំនាក់ទំនង​នៅ​អង្គការ​​​​ UN Women​ បានមាន​ប្រសា​សន៍​នៅ​​កិច្ច​ប្រជុំ​ប្រចាំ​ត្រី មាស​​​​កាលពី​ម្សិល​មិញជាមួយ​ភាគី​ពាក់​ព័ន្ធ​ស្ដីពីការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​រាជ​ធានី​​​ភ្នំពេញ​​ថា ប្រទេស​កម្ពុជា​គួរ​ប្រកាន់​គោល​​ជំហរ​រឹង​មាំ​ក្នុង​ការ​ចរចា​នៅ​េពល​ខាង​មុខ។ លោកស្រី ហូលីដេ បាន​មាន​ប្រសា​សន៍​ថា “ប្រទេស​កម្ពុជា​មាន​​​​ឥទ្ធិ​​​ពល​​​ច្រើន​ជាង​ពួកគេ​​គិត​ទៅ​ទៀត ​ពីព្រោះ​ម៉ាឡេស៊ី​ចង់​បាន​​ស្ត្រី​បម្រើ​ការងារ​​តាម​ផ្ទះ​”៕សារុន​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស