29 C
Phnom Penh

ម​ន្ត្រី​នគរបាលម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ ​បុរស​ម្នាក់​ទៀត​ត្រូវគេ​បាញ់​ក្នុង​ជម្លោះ​គ្រោះ​ថ្នាក់ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម​ន្ត្រី​នគរបាល​ម្នាក់​ដែល​ត្រូវ​​បាន​ផ្តន្ទា​ទោស​​​​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ពី​បទ​បាញ់​ប្រហារ​បុរស​ម្នាក់​​នៅ​ក្នុង​ជម្លោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​ប្រាប់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​ថា ការ​ផ្តន្ទាទោស​ឲ្យគាត់​ជាប់​ពន្ធនាគារ​គឺ​វា​អយុត្តិធម៌ ​​ព្រោះ​គ្រាប់​កាំភ្លើង​ដែល​គាត់​បាន​បាញ់​បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មិន​មែន​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ទេ​។

លោក​ លុយ​ វុទ្ធី​ អាយុ​៣៥ឆ្នាំ​ដែល​បាន​បាត់​បង់​ការងារ​ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​នៅ​ក្នុង​ខណ្ឌ​ចំការ​មន​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​​​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ បាន​និយាយ​ថា “ខ្ញុំ​នឹង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​តុលា​​ការ​​ ព្រោះ​វា​អយុត្តិ​ធម៌”។​

លោក​ វុទ្ធី​ ដែល​បាន​ផ្តល់សក្ខីកម្ម​នៅ​ក្នុង​តុលាការ​ថា គាត់​បាន​បាញ់​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ទៅ​លើ​និង​ពីរ​​គ្រាប់​​ភ្ជុច​​ដី​ដោយ​ក្នុង​​នោះ​​​មានមួយ​គ្រាប់​បាន​ត្រូវ​លោក​ ហម​ ចន្ទ្រា​​​​ បាន​និយាយ​បន្ត​ទៀត​ថា​ “ ខ្ញុំបាន​បាញ់​ចំនួន​បីគ្រាប់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា គ្រាប់កាំភ្លើង​បាន​ប្លាត​​ទៅ​ត្រូវ​​ជើងជន​រង​គ្រោះ​​សោះ​”។

លោក វុទ្ធី​ ក៏​បាន​ជំទាស់​ដែរ​ថា គាត់​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​នៅ​ក្នុង​តុលា​ការ​ទេ​ ព្រោះ​គាត់​បាន​បង់​ប្រាក់​ទៅ​ឲ្យ​ជន​រង​គ្រោះ​រួច​ហើយ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ដើម្បី​ឲ្យ​គេ​លើ​ក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​រូប​គាត់​។ លោក​​​បាន​បន្ថែម​ថា តុលាការ​គួរ​តែ​ដោះ​លែង​គាត់​​​​ព្រោះ​គាត់​បាន​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ឲ្យ​ជន​រង​គ្រោះ​រួច​ហើយ​។

អតីត​ម​ន្ត្រី​នគរបាល​រូប​នេះ​បាន​និយាយ​បន្ត​​​​​ទៀត​មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​​​វិញ​ថា “ ខ្ញុំ​ស្នើ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​”។

លោក​ សួស​ សំអាត​ ចៅ​ក្រម​ប្រធាន​ក្រុម​​​ប្រឹក្សា​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជ​ធានី​​​ភ្នំពេញ​ បាន​រក​ឃើញ​ថា លោក​ វុទ្ធី​ មាន​ទោស​​​កំហុស​ពី​បទ​ប្រើ​ប្រាស់​កាំភ្លើង​ខុស​ច្បាប់​ដោយ​ធ្វើ​ឲ្យ​បញ្ហា​ផ្ទុះ​ឡើង​កាន់​តែ​ធំ​ ប៉ុន្តែ​លោក​​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​ប្រពន្ធ​រ​បស់​គាត់​ ឈ្មោះ អេង​ លី​ហៀង​ អាយុ​៣​១​ឆ្នាំ​ ព្រោះ​គ្មាន​ភ័ស្តុតាង​បញ្ជាក់​ថា អ្នក​ស្រី​ លី​ហៀង​​​ មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ​​ ទោះ​បី​ជា​អ្នក​ស្រី​មាន​ជាប់​ពាក់ព័ន្ធ​ជាលើក​ដំបូង​នៅ​ក្នុង​គ្រោះ​ថា្នាក់​ចរាចរណ៍​តិច​តួច​ជាមួយ​លោក​ ចន្ទ្រា​ ដែល​ក្រោយ​មក​បានក្លាយ​ទៅ​ជា​ផ្ទុះ​ហិង្សា​នៅ​ពេល​អ្នកស្រី​ហៅ​ប្តី​របស់​អ្នក​ស្រី​ឲ្យ​មក​ជួយ​អន្តរាគមន៍​ក៏ដោយ​។

នៅ​ក្នុង​ករណី​ទី​២​ដែល​ទំនង​ជា​ជម្លោះ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែរ​នោះ​ អ្នក​បើក​បរ​រឺុ​ម៉កម៉ូតូ​កង់​បី ​ត្រូ​វ​ជន​ប្រដាប់​ដោយ​អាវុធ​បាញ់ឲ្យរង​របួស​កាល​ពី​ពាក់​កណ្តាល​អធ្រាត្រ​​ម្សិល​មិញ ​បន្ទាប់​ពី​គ្រោះ​ថា្នក់​ចរា​ចរណ៍​តិច​តួច​មួយ​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជ​ធាន​​ី​​ភ្នំពេញ​ នេះ​បើ​យោង​តាម​ លោក​ កាញ់​ វណ្ណៈ​​​ ​​មេ​ប៉ុស្តិ៍​សង្កាត់​ស្រះ​ចក​។

លោក​ វណ្ណៈ​ បា​ន​ឲ្យ​ដឹង​ថា​ បុរ​ស​រង​របួស​ត្រូវ​គ្រាប់​កាំភ្លើង​មួយគ្រាប់​​ត្រង់​ដង​ខ្លួន​ បន្ទាប់​ពី​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ពី​រ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ អាយ​ខុន​ បាន​បាញ់​​ប្រហារ​​ទៅ​លើ​ជន​រង​គ្រោះ​កាល​ពីកណ្តាល​អធ្រាត្រ​​​​ម្សិល​មិញ​។

លោក វណ្ណៈ បានឲ្យ​ដឹង​​បន្ថែម​ថា ជន​រង​គ្រោះ​ដែល​ភ្លាមៗ​​គេ​​​មិន​ដឹង​អត្តសញ្ញា​ណ​​នោះ​ ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​​​ថា ជន​បាញ់​ប្រហារ​បាន​ជិះម៉ូតូ​​តាម​ហើយ​បាន​បាញ់​ប្រហារ​ទៅ​លើ​អ្នក​បើក​បរ​​រឺុ​ម៉ក​ម៉ូតូ​កង់​បី​ បន្ទាប់​ពី​ជម្លោះ​ពាក្យ​សម្តី​បន្តិច​បន្តួច​ដែល​កើតចេញពី​ជម្លោះ​គ្រោះ​ថា្នក់​ចរា​ចរណ៍​មួយ​ដែល​បណ្តាល​​​មាន​គ្រោះ​ថ្នាក់​បន្តិច​បន្តួច​រៀង​ៗ​ខ្លួន​នោះ​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស