26 C
Phnom Penh

​ជ័យលា​​ភីណូបែល​​​មើល​​ឃើញ​​​ភាពរីកចម្រើន​​នៃ​​​​អា​​​ជី​​វ​កម្ម​ជួយដោះស្រាយបញ្ហាសង្គមនៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជ័​យ​​​លាភី​​​ណូ​​​បែល​សន្តិ​ភាព ​​មូ​ហាមម៉ាត់ យូ​​​នូស (Muhammad Yunus) ​​​​ដែល​​កំពុ​ង​​​បំ​ពេញ​​​ទស្សន​កិច្ច​នៅប្រទេស​កម្ពុជា​ បា​ន​ឲ្យ​ដឹង​កា​ល​​ពី​ម្សិល​មិញ​ថា ​វិស័យ​​អា​​​ជី​​​វ​កម្ម​​ជួយ​ដោះស្រាយបញ្ហាសង្គ​ម​នៅ​ប្រទេ​ស​​​កម្ពុ​​ជា ​ស្ថិត​ក្នុ​ង​កា​រ​​​​ចាប់​ផ្តើមរបស់​​ខ្លួន​ ​ប៉ុន្តែ​​​វានឹង​​រីក​​​ចម្រើន​​ឡើង​ ​​នៅ​ពេល​​​យុវ​ជ​ននៅ​​​​​​​ក្នុ​ង​ប្រទេ​ស​​​​នេះបង្វែរចំណាប់អារម្មណ៍​​​មក​​​ជួយ​ដោះ​​​ស្រាយ​​​​​​បញ្ហា​សង្គមទាំង​ឡាយ​​​ដែល​​​កំ​ពុង​​ ញាំញី​ប្រទេស​​​​​របស់​​ពួកគេ​​។

​​អា​​​ជី​​វ​​កម្ម​ជួយដោះស្រាយបញ្ហា​ស​ង្គម​ ​​ជា​​​ពាក្យ​​​ដែល​ត្រូវ​បាន​លើក​ឡើង​ដំបូង​គេ​​​ដោ​យ​​​លោក យូ​​​នូស ដើម្បី​សំដៅទៅលើ​​អា​​​ជី​វ​កម្ម​​មួ​យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវ​បាន​​បង្កើត​​ឡើង​​ក្នុង​គោល​បំណង​​​​​​​​​ចូលរួម​ដោះ​ស្រាយ​បញ្ហា​​សង្គម​នានា​។

ថ្លែង​បន្ទាប់ពីមានកិច្ច​​​ពិភាក្សា​នៅ​​មជ្ឈ​មណ្ឌល​​សហ​ប្រតិ​បត្តិការ​កម្ពុជា-​​ជប៉ុន ​​លោក​​យូនូសបា​ន​ពន្យល់​​ថា អាជីវ​កម្ម​​បែ​​ប​នេះ​អាច​​​ដំណើរការ​បាន​ដោយ​ខ្លួនឯង​ដោយ​មាន​​​​​​​ហិរញ្ញវត្ថុ ​​​ហើយ​​ប្រាក់​​ចំ​ណេញ​​​ត្រូ​វបា​ន យក​ទៅ​​វិ​និ​យោគ​បន្តក្នុង​​អា​​​​ជី​វ​កម្ម​​ដើម្បី​បង្កើន​ឥទ្ធិពលរបស់​អាជីវកម្ម​ទៅលើសង្គម​។

លោក ​យូ​​​នូស ​​​​ដែលមានអា​យុ​​៧៣ឆ្នាំបា​ន​​​​​​​​​មាន​ប្រសាសន៍​ថា “វាទើប​តែ​ជា​ដំណាក់​ កាល​​​​​​​​​ចាប់​ផ្តើម​​​ប៉ុណ្ណោះ”​។ លោក​​បា​ន​ឲ្យដឹង​ថា “អាជី​វ​​កម្មបែបនេះ ​ត្រូ​វ​ចូលរួម​ដោះស្រាយ​​បញ្ហាសង្គម។​វា​​​ជា​សកម្មភាព​សប្បាយរីករាយ​មួយ ​ហើយ​​​​បញ្ហា​​​មានដូចគ្នា​នៅ​ទូទាំង​ពិ​​ភ​ព​លោក​”។ “មិន​ថា​​ប្រទេសអ្នក​​​មា​ន​​​ដូច​ជា​​​ប្រទេស​​​បារាំ​ង​ ​ឬ​អា​មេ​​រិ​ក​ ​ឬ​ប្រទេស​ក្រី​ក្រ ដូច​ជា​​​បង់​ក្លា​​ដែស ​ឬ​កម្ពុជាទេ​ គឺ​ដូច​តែ​គ្នា​ហ្នឹង គឺមាន​បញ្ហា​​នយោ​​បា​យ​ ​បញ្ហា​​​អត់​​​ការ​​ងារ​ធ្វើ​ បញ្ហា​ហិរញ្ញ​​​វត្ថុ ​​​បញ្ហា​​​ថែទាំ​សុខ​ភាព​ បញ្ហា​​លំនៅ​ដ្ឋាន ​​បញ្ហា​ចំ​ណី​​​អា​​​ហារ​ បញ្ហា​​​ទឹក​។​ ​ដូច្នេះ​ប្រសិន​​បើ​​​អ្នក​​​​អា​ច​ដោះ​ស្រាយ​​​បញ្ហា​​ណាមួ​យ​បាន​​​នៅ​ជ្រុងមួ​យ​នៃ​​​ពិ​​​ភ​​ព​លោក​​​ដូច​​ជា​​កម្ពុជា ជា​ដើមនោះ ​​អ្នក​​​បា​ន​​រក​ឃើញ​ដំ​​ណោះស្រាយ សម្រាប់​​បញ្ហា​​មួយ​សម្រាប់​​​ពិ​ភ​ព​លោក​​​ទាំង មូល​ទៅតាម​ប្រធា​ន​​​​បទជាក់​លាក់នោះ​”។

លោក យូនូស បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​២០០៦ បន្ទាប់​ពី​លោក​បាន​បង្កើត​​ធនាគារ​ហ្គ្រាមីន (Grameen Bank) ដោយ​សារតែ​លោក​បាន​បង្កើត​ និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​សម្រាប់​ប្រជា​ជន​ក្រី​ក្រ​តាម​រយៈ​មីក្រូ​ឥណទាន​។ ក្នុង​ឆ្នាំ​១៩៨៣​​ លោក​បាន​បង្កើត​ធនាគារ​ហ្គ្រាមីន​ ដែល​បាន​ផ្តល់​មីក្រូ​ឥណទាន​​ដល់​ប្រជាជន​ដែល​ត្រូវ​ការ​ប្រាក់​។

លោក យូនូស ​ជា​ជន​ជាតិ​បង់​ក្លាដេស​ បាន​​​បង្ហាញ​អាជីវកម្ម​១.០០១​ ហ្វុនតេណេស (1001​​​ Fontaines) ដើម្បីជា​គំរូ​អាជីវកម្មជួយ​សង្គម​ដែលមានសម្រាប់​នៅក្នុងប្រទេស​​កម្ពុជា​។ គួរ​បញ្ជាក់ថា ​អាជីវកម្មនេះ​ជា​អង្គ​ការ​​​បារាំង​​​​​​​មួយ​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​ ខ្វះ​​​ទឹក​​​ស្អាត​នៅក្នុងភូមិជាច្រើននៅ​កម្ពុជា​។

លោក​បានលើក​ឡើង​បន្ថែម​ទៀត​ថា អ្នក​​​​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​បាន​តាម​រយៈ​ការ​បង្កើត​អាជីវកម្ម​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គម​ ទំនង​ជា​យុវជន​ ពី​ព្រោះ​ពួកគេ​បាន​ឃើញ​បញ្ហា​​​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​។លោក យូនូស ​មាន​ប្រសាសន៍​បន្ត​ថា “ យុវជន​គឺ​ជា​អ្នក​ដែល​មាន​ខួរ​ក្បាល​ថ្មី​ និង​ចិត្ត​ថ្មី​។

ពួកគេ​​ឃើញ​រឿង​រ៉ាវ​ជាច្រើន​ដែល​មនុស្ស​​ជំនាន់​មុន​មើល​មិន​ឃើញ​។ ពួកគេ​ឃើញ​រឿង​រ៉ាវ​ទាំង​នេះ ដោយ​សារពួក​គេ​មិន​​​​​​សុាំ​ទៅ​នឹង​រឿង​រ៉ាវ​ទាំង​នោះ…។ ពួកគេ​សួរ​ថា ‘ម៉េច​បាន​ជា​អ្នក​ធ្វើ​បែបនេះ​?​​’ [ហើយ​​ពួក​គេ​អាច​ផ្លាស់​ប្តូរ​បាន​] ។ ដូច្នេះ​ប្រជាជន​វ័យ​ក្មេង​កំពុង​សម្លឹង​មើល​ពិភព​លោក​តាម​របៀប​ផ្សេង​”។

ក្រោយ​កិច្ច​សម្ភាស​ជាមួយ​អ្នក​សារព័ត៌​មាន​កាលពីម្សិលមិញ លោក យូនូស បាន​ផ្តល់រយៈពេល​៣០នាទី​សម្រាប់​ពិភាក្សា​ជាមួយ​​មនុស្ស​ប្រហែល​៣០០នាក់​ ដែល​រួម​មាន​និស្សិត​ជាដើម​ ទាក់​ទង​ទៅនឹង​ “ អាជីវកម្ម​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គម​ និង​ការពង្រឹង​ឥទ្ធិពល​របស់​យុវជន​” ដោយ​លោក​សង្កត់​ធ្ងន់​បន្ថែម​​​លើ​អំណាច​របស់​យុវជន​ជំនាន់​ក្រោយ​។ លោក​បាន​មាន​ប្រសាសន៍​បន្តថា “សង្គម​ផ្តល់​ឱកាសតិច​តួច​​ដល់​ប្រជាជន​ក្រី​ក្រ​​សម្រាប់​ភាពរីក​ចម្រើន​។សូម​កុំ​​​ទទួល​យក​គំនិត​បែប​នេះ​។ សូម​ពង្រឹង​ជំហរ​របស់​​​​​​​អ្នក​…។ សម្រាប់​ប្រជាជន​វ័យ​ក្មេង​ដឹង​​​​ទេ​ថា អ្នក​មាន​អំណាច​”។

នៅ​ពេល​សួរ​អំពី​ស្ថានភាព​នៃ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ យូនូស បាន​ឲ្យ​ដឹង​ថា លោក​មាន​ផែនការ​ជួប​ពិភាក្សា​ជាមួយ​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ ​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​វាយ​តម្លៃ​វិស័យ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ស្វែង​យល់​បន្ថែម​នៅ​ថ្ងៃ​ស្អែក​”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស