កាលពីម្សិលមិញ ក្រុមហ៊ុនគ្រប់គ្រងដោយចិនដែលបានចាប់ផ្តើមប្រតិបត្តិការសេវារថយន្តក្រុងសាធារណៈថ្មី ទទួលបានការយល់ព្រមផ្តល់កិច្ចសន្យារយៈពេលប្រាំឆ្នាំដោយផ្ទាល់មាត់ ហើយនៅមិនទាន់ចុះហត្ថលេខាលើកិច្ចសន្យាជាផ្លូវការជាមួយសាលារាជធានីនៅឡើយទេ នេះបើយោងតាមការឲ្យដឹងពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះកាលពីម្សិលមិញ។
លោក លឹម អេនដ្រេ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Global (Cambodia) Trade Development ដែលក៏ជាក្រុមហ៊ុនមួយគ្រប់គ្រងលើក្រុុមហ៊ុនរថយន្តតាក់ស៊ីម៉ែត្រ (Phnom Penh metered taxi service Global Taxi ) ដែរនោះ បានលើកឡើងថា ក្រុមហ៊ុនរបស់លោកនឹងបោះទុនចំនួន១២លានដុល្លារសម្រាប់គម្រោងរយៈពេលប្រាំឆ្នាំនេះ ដោយនៅឆ្នាំដំបូងក្រុមហ៊ុននឹងបោះទុនចំនួនបួនលានដុល្លារ។
លោកមានប្រសាសន៍ថា “យើងនៅមិនទាន់ចុះហត្ថលេខាលើកិច្ចសន្យានៅឡើយទេ។ យើងគ្រាន់តែមានកិច្ចព្រមព្រៀងដោយផ្ទាល់មាត់ប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនចាំបាច់រង់ចាំរហូតដល់មានការចុះហត្ថលេខាលើកិច្ចសន្យាមុនពេលគម្រោងនេះដំណើរការនោះទេ ព្រោះខ្ញុំរំពឹងថា កិច្ចសន្យានឹងត្រូវបានចុះហត្ថលេខាក្នុងពេលឆាប់ៗ”។
លោក អេនដ្រេ បានបញ្ជាក់អំពីការទទួលស្គាល់របស់សាលារាជធានី កាលពីថ្ងៃអង្គារថា វាគ្មានដំណើការដេញថ្លៃជាផ្លូវការ ដើម្បីជ្រើសរើសក្រុមហ៊ុនទទួលផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈនេះទេ ហើយលោកបានលើកឡើងថា ក្រុមហ៊ុនរបស់លោកត្រូវបានជ្រើសរើស ព្រោះក្រុមហ៊ុនរបស់លោកមានសំណើល្អជាងគេ។ លោកបន្ថែមទៀតថា ក្រុមហ៊ុន Global (Cambodia) Trade Development មិនរំពឹងថា ទទួលបានប្រាក់ចំណេញឡើយនៅក្នុងប្រតិបត្តិការរយៈពេលបីឆ្នាំដំបូង។
កាលពីដើមឆ្នាំ២០១៣ ដំបូងឡើយ ក្រុមហ៊ុនរបស់លោកបានដកសំណើរបស់ខ្លួនទៅវិញ បន្ទាប់ពីសាលារាជធានីបានស្នើឲ្យក្រុមហ៊ុនចូលហ៊ុនជាមួយក្រុមហ៊ុនមួយផ្សេងទៀតគឺក្រុមហ៊ុន City Trans Cambodia ដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង។
លោក អេនដ្រេ បានមានប្រសាសន៍ទៀតថា “ខ្ញុំមិនយល់ទេ ហេតុអ្វីបានជាមានក្រុមហ៊ុនចំនួនពីរត្រូវបានជ្រើសរើស។ វាមិនមែនជាជំនួញមួយដែលមនុស្សជាច្រើនចង់ធ្វើនោះទេ ព្រោះវាលំបាកនឹងទទួលបានប្រាក់ចំណេញណាស់ ហើយក្រុមហ៊ុនទាំងពីរនឹងមានបញ្ហានឹងគ្នា ហេតុដូច្នេះខ្ញុំអបអរសាទរចំពោះក្រុមហ៊ុនផ្សេងដែលបានចាកចេញ។ ប៉ុន្តែនៅពេលក្រុមហ៊ុន City Trans Cambodia មិនបានទទួលអាជ្ញាប័ណ្ណណាមួយពីសាលារាជធានីនោះ យើងបានដាក់សំណើរបស់យើងម្តងទៀត”។ លោកបន្ថែមថា លោកមិនដឹងទេហេតុអ្វីបានជាក្រុុមហ៊ុន City Trans Cambodia នៅមិនទាន់បញ្ចប់ប្រតិបត្តិការសេវារថយន្តក្រុងសាធារណៈ។
ក្រុមហ៊ុន Global (Cambodia) Trade Development បច្ចុប្បន្នកំពុងសម្រេចចិត្តរវាងក្រុមហ៊ុនចិនដែលមិនបញ្ចេញឈ្មោះចំនួនបី ដើម្បីផ្តល់រថយន្តក្រុងមកឲ្យខ្លួនសម្រាប់ផ្តល់សេវារថយន្តក្រុងសាធារណៈថ្មី ប៉ុន្តែនៅរយៈពេល១០ខែដំបូង ក្រុមហ៊ុននេះនឹងបន្តប្រើប្រាស់រថយន្តក្រុងដែលជួលគេដដែលនេះសិន ដែលឥឡូវកំពុងតែត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អំឡុងរយៈពេលសាកល្បងចំនួនមួយខែ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។
ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន City Trans Cambodia បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនត្រូវបានសាលារាជធានីបដិសេធមិនផ្តល់កិច្ចសន្យានេះទេដោយមូលហេតុថា សាលារាជធានីតម្រូវឲ្យក្រុមហ៊ុនប្រើប្រាស់រថយន្តថ្មីពេលដែលចាប់ផ្តើមផ្តល់សេវារថយន្តក្រុងសាធារណៈ។
លោក ឌីន រ៉ាដេត ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា “ថៅកែរបស់ខ្ញុំ [គឺលោក ឆយ ដេយ៉ុង (Choi Dae Yong) ដែលជានាយកគ្រប់គ្រង] ពិតជាមានការខកចិត្តយ៉ាងខ្លាំងជាមួយសាលារាជធានីព្រោះសាលារាជធានីតម្រូវឲ្យយើងទិញរថយន្តក្រុងថ្មី មុនពេលចាប់ផ្តើមសេវារថយន្តក្រុងសាធារណៈនេះ ប៉ុន្តែឥឡូវបែរជាឲ្យក្រុមហ៊ុនផ្សេងចាប់ផ្តើមប្រតិបត្តិការដោយប្រើរថយន្តក្រុងចាស់ដដែល គឺមិនមែនរថយន្តក្រុងថ្មីទៅវិញ”។
លោក រ៉ាដេត ក៏បានឲ្យដឹងដែរថា លោកដឹងថា ក្រុមហ៊ុន Global (Cambodia) Trade Development មានបំណងប្រើប្រាស់រយៈពេល១០ខែបន្ទាប់ទៀតនេះជារយៈពេលសាកល្បង ហើយប្រសិនបើសេវារថយន្តក្រុងសាធារណះនេះទំនងជាមិនផ្តល់ប្រាក់ចំណេញនោះ ពួកគេនឹងដកខ្លួនថយវិញចេញពីគម្រោងនេះ។
លោកមានប្រសាសន៍ថា “ ហេតុដូច្នេះ ពេលបច្ចុប្បន្ន ថៅកែរបស់ខ្ញុំ នៅរង់ចាំមើលក្រុមហ៊ុន Global (Cambodia) Trade Develop-ment បោះបង់ចោលគម្រោងនេះ ហើយគាត់ប្រហែលជាពិចារណាម្តងទៀត”។
កាលពីម្សិលមិញ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា ការលើកឡើងរបស់លោកកាលពីព្រឹកថ្ងៃអង្គារ ដែលថា គ្មានដំណើរការដេញថ្លៃជាផ្លូវការសម្រាប់ការទទួលបានកិច្ចសន្យាផ្តល់សេវារថយន្តក្រុងសាធារណៈនេះ មិនមែនមានន័យថា ខ្វះតម្លាភាពនោះទេ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា “[អត្ថបទមួយកាលពីម្សិលមិញ] លើកឡើងថា យើងធ្វើនេះគ្មានតម្លាភាពនោះទេ ប៉ុន្តែយើងពិតជាធ្វើឡើងប្រកបដោយតម្លាភាព ហេតុដូច្នេះនៅព្រឹកនេះយើងបានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីបញ្ជាក់ប្រាប់ពួកឲ្យបានច្បាស់អំពីបញ្ហានេះ”។លោកបានបដិសេធមិនរៀបរាប់អំពីការបញ្ជាក់របស់លោកឡើយ ហើយលោកបានលើកឡើងថា លោករវល់ខ្លាំងណាស់ លោកមិនអាចធ្វើអត្ថាធិប្បាយចំណុចផ្សេងៗនៃកិច្ចសន្យាផ្តល់សេវារថយន្តក្រុងសាធារណៈនេះបានទេ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីម្សិលមិញថា វាទំនងជាគ្មានតម្លាភាពទេនៅក្នុងដំណើរការដេញថ្លៃដើម្បីទទួលបានកិច្ចសន្យានេះ។
លោកមានប្រសាសន៍ថា “មានព័ត៌មានជាច្រើន [ទាក់ទិននឹងកិច្ចសន្យានេះ] ដែលមិនបញ្ចេញមកក្រៅ ហើយដែលតាមពិតទៅគួរតែបើកជំហឲ្យសាធារណជនដឹងឮ។ ហេតុអ្វីបានជាក្រុមហ៊ុននៅតែចង់បានកិច្ចសន្យានេះ នៅពេលវាមិនផ្តល់ប្រាក់ចំណេញណាមួយ លុះត្រាតែមានការឧបត្ថម្ភធនពីរដ្ឋាភិបាលនោះ? មានរបៀបវារៈលាក់បាំងនៅទីនេះ”៕ ស៊ុយឈាង
រាយការណ៍បន្ថែមដោយ គុច ណារ៉េន