មន្ត្រីនគរបាលប្រមាណ២.០០០នាក់ជាមួយឧបករណ៍ការពារកុបកម្ម បានធ្វើការហ្វឹកហាត់ត្រៀមបង្ក្រាបបាតុកម្ម នៅស្តា តអូរឡាំពិកកាលពីម្សិលមិញ មុនវេទិកាដែលត្រូវបានគ្រោងឡើងមួយ រៀបចំដោយសហជីពការងារនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញនៅថ្ងៃសោរ៍នេះ។

លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយស្វាគមន៍ការលើកលែងការហាមប្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើសិទ្ធិ ស្របច្បាប់នៃការប្រមូលផ្តុំគ្នា បើទោះជាមានការប្រមូលផ្តុំជាសាធារណៈមួយចំនួនកើតមាន ចាប់តាំងពីត្រូវបានបង្គ្រាបដោយហិង្សានៅសប្តាហ៍នេះ និងការប្រមូលផ្តុំផ្សេងទៀតដែលមិនអនុញ្ញាតក៏ដោយ។
លោក ស៊ូបេឌី លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំរីករាយដោយដឹងថា ក្នុងសុន្ទរកថាកាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លែងហាមប្រាម”។
បើទោះជាសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហើយក្រសួងមហាផ្ទៃបញ្ជាក់អំពីសេចក្តីថ្លែងការណ៍របស់លោកលែងហាមប្រាមការប្រមូលផ្តុំសាធារណៈក៏ដោយ ក៏សហជីពស្នើសុំរៀបចំវេទិកានេះ ត្រូវបានបដិសេធដោយសាលារាជធានីដែរ។ ក្នុងនោះដែរ ចាប់តាំងពីមានការលែងហាមប្រាមនេះ លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យ ត្រូវបានបដិសេធម្តងទៀតមិនអនុញ្ញាតឲ្យធ្វើការតវ៉ា និងក្រុមមួយដែលអំពាវនាវឲ្យមានការដោះលែងសកម្មជនចំនួន២១នាក់នោះ ក៏ត្រូវបានបំបែកដោយហិង្សានិងរឹបអូសស្គរប្រារព្ធពិធីផងដែរ។
លោក ស៊ូបេឌី បានដឹងអំពីភាពបត់បែននៃការហាមប្រាមនេះនៅក្នុងលិខិតរបស់លោក និងបានជំរុញឲ្យរដ្ឋាភិបាលទប់ស្កាត់ការរំលោភសិទ្ធិប្រជាពលរដ្ឋឡើងវិញ ដូចដែលបានកើតឡើងកាលពីថ្ងៃទី៤ ខែមករានៅពេលសន្តិសុខខណ្ឌនិងជនស៊ីវិលប្រដាប់ដោយដំបងនិងរបាដែកបានសម្រុកចូលទីលានប្រជាធិបតេយ្យ ដើម្បីបណ្តេញអ្នកតវ៉ា។
លោក ស៊ូបេឌី បានឲ្យដឹងថា “ខ្ញុំបារម្ភថាបាតុកម្មខ្លះនៅតែត្រូវបានគេរារាំង…។ ខ្ញុំមើលឃើញការឈប់ហាមប្រាម សម្រេចឡើងដោយប្រសិទ្ធភាព ដូច្នេះសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធីត្រូវបានធ្វើឡើងឡើងវិញ មិនដូចការប្រព្រឹត្តរបស់រដ្ឋទេ ប៉ុន្តែវាជាសិទ្ធិមនុស្ស”។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលឈរជើងនៅទីលានប្រជាធិតេយ្យ នៅពេល ការតវ៉ាត្រូវបានបំបែកដោយហិង្សាកាលពីក្នុងខែមករា បានមានប្រសាសន៍កាលពីម្សិលមិញថា ការហ្វឹកហាត់បង្ក្រាបការតវ៉ាមិនពាក់ព័ន្ធនឹងវេទិកានៅថ្ងៃសៅរ៍នេះទេ ហើយពួកគេគ្មានបំណងបំភិតបំភ័យកម្មករទេ។ លោកបានលើកឡើងថា “វាជារឿងធម្មតាទេ ដែលកម្លាំងរបស់យើងធ្វើការហ្វឹកហ្វឺន ដើម្បីឲ្យពួកគេអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយប្រសិទ្ធភាពនៅសមរភូមិ។វាមិនមែនជាការគំរាមកំហែងដល់កម្មករទាំងនេះទេ”។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលច្រានចោលសំណើរបស់សហជីពទាំងនេះសុំរៀបចំវេទិកានៅថ្ងៃសៅរ៍ នៅមិនព្រមសម្រេចនៅឡើយ នៅពេលសួរអំពីអំពើហិង្សាដែលអាចកើតមានប្រឆាំងសហជីពនៅថ្ងៃសោរ៍។ លោកបានថ្លែងថា “ដូចខ្ញុំបាននិយាយពីមុនអ៊ីចឹង សហជីពត្រូវបានអនុញ្ញាតឲ្យរៀបចំវេទិកានៅការិយាល័យរបស់ខ្លួន”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយ”៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ ឃួន ណារីម
និង បែន សុខហ៊ាន)