28 C
Phnom Penh

អភិបាល​រាជ​ធានី​លើក​ឡើង​ថា​ ការ​វិនិយោគ​លើ​សេវា​រថយន្ត​ក្រុង​សាធារណៈ​មិន​មាន​ការ​ជួយ​ផ្តល់​ឧបត្ថម្ភធន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​ពុធ​ លោក ប៉ា​ សុជាតិ​វង្ស​ អភិ​បា​ល​រាជ​ធានី​ភ្នំពេញ​ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការថា សាលា​រាជ​ធានី​មិន​មែន​មិន​បាន​ផ្តល់​​​តម្លាភាព​នៅក្នុង​ការ​ដេញ​ថ្លៃ​យក​ការ​វិនិយោគ​លើ​សេវារថយន្ត​សាធារណៈ​នោះ​ទេ​ ហើយ​លោក​បាន​លើក​ឡើង​ថា ការ​​​ដែល​គ្មាន​ដំណើរ​ការ​ដេញ​ថ្លៃ​សម្រាប់​កិច្ច​សន្យា​នេះ​ ព្រោះ​មាន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ដែល​ត្រៀម​ខ្លួន​រា៉ប់​រង​ការ​ចំណាយ​ទាំង​ស្រុង​លើគម្រោង​នេះ​។

ដោយ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយ​ការណ៍​​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ ដែល​បាន​ដក​ស្រង់​សម្តី​របស់​លោក​ ឡុង​ ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ កាល​ពី​ថ្ងៃ​ពុធ​ ដែល​លើក​ឡើង​ថា គ្មាន​ដំណើរ​ការ​ដេញ​ថ្លៃ​សម្រាប់​កិច្ច​សន្យា​វិនិយោគ​លើ​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ​ លោក​  ប៉ា សុជាតិ​វង្ស ​ បាន​ពន្យល់​ថា សា​​​​លា​​​​​​​រាជ​ធានី​មិន​មាន​លទ្ធ​ភាព​ផ្តល់​ទុន​ណា​មួយ​សម្រាប់​គម្រោង​នេះ​ទេ ហើយ​មាន​តែ​​ក្រុម​ហ៊ុន Global (Cambodia) Trade Development តែ​មួយ​គត់​ដែលនឹងរា៉ប់​រង​​លើ​គម្រោង​នេះ​ទាំង​ស្រុង​។

លោក​បាន​មាន​ប្រសាសន៍​ថា “ គម្រោង​សេ​​វា​រថយន្ត​ក្រុង​សាធារណៈ​ ត្រូវ​ការ​ចំ​ណា​យ​​​​​ពេល​វេលា​យូរ​ដើម្បី​ឲ្យ​គេ​ស្គាល់​ ហើយ​មាន​​ដៃ​គូ​ជា​ច្រើន​ដែល​ដំបូង​ឡើយ​ចង់​សហការ​ជាមួយ​យើង”។

លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​លើក​ឡើង​ដោយ​​​សំដៅ​ទៅ​លើ​ក្រុមហ៊ុន​ City Trans Cambodia គ្រប់​គ្រង​ដោយ​កូរ៉េ​ខាង​ត្បូង​ និង​ក្រុម​​ហ៊ុន Global (Cambodia) Trade Development ដែល​សុទ្ធ​តែ​ផ្តល​់​សេវា​​រថយន្ត​តាក់ស៊ី​ម៉ែត្រ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញថា សាលា​រាជ​ធានី​បាន​ជម្រុះ​ពី​ក្រុមហ៊ុន​ចំនួន​ប្រាំ​ដែល​ដាក់​សំណើ​មក​នៅ​ត្រឹម​ក្រុមហ៊ុន​ចំនួន​ពីរ​។

លោក​ ប៉ា សុជាតិ​វង្ស​ បាន​មាន​ប្រសា​សន៍​ថា “ នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ ក្រុម​ហ៊ុន​បាន​បោះ​ទុន​ជា​មួយ​រដ្ឋ​ ព្រោះ​រដ្ឋ​គឺ​ជា​អ្នក​ផ្តល់​​​សេវា​។ ប៉ុន្តែ​រដ្ឋ​របស់​យើង​វិញ​មិន​មាន​ប្រាក់​​​ដើម្បី​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​គម្រោង​នេះ​ទេ​ ហេតុ​ដូច្នេះ​យើង​ត្រូវ​ការ​ក្រុមហ៊ុន​ឯកជន​ផ្តល់​សេវា​នេះ​។ [ក្រុមហ៊ុន​ផ្សេងៗ​] បាន​ស្នើ​ឲ្យ​ជួយ​ចេញ​ប្រាក់​ ឬ​ក៏​ប្រេង​ ប៉ុន្តែ​យើង​មិន​មាន​លទ្ធភាព​ជួយ​នោះ​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ចុង​បញ្ចប់​មាន​តែ​ក្រុមហ៊ុន Global (Cambodia) Trade Development ទេ​ ដែល​ហា៊ន​ជាង​ក្រុម​ហ៊ុន​ផ្សេង​ៗ​ ព្រោះក្រុម​ហ៊ុន​នេះ​មិន​ត្រូវ​ការ​ឲ្យយើង​ជួយ​ទេ​។​ គេ​ហ៊ាន​ខាត​ក្នុង​រយៈ​ពេល​​ពីពីរឆ្នាំ​ទៅ​ប្រាំឆ្នាំ​”។

លោក​បន្ថែម​ថា ប្រសិន​​​បើ​គ្មាន​ក្រុមហ៊ុន​​ហ៊ាន​ខាត​នៅ​ក្នុង​ការ​ផ្តល់​សេវា​រថយន្ត​ក្រុង​សាធារណៈ​នោះ​ទេ​ គម្រោង​​នេះ​នឹង​មិន​កើត​ឡើង​ឡើយ​។

លោក លឹម អេន​ដ្រេ នាយ​ក​ប្រតិបត្តិ​ក្រុម​​ហ៊ុន Global (Cambodia) Trade Development បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ថា កិច្ច​សន្យា​ដែល​ធ្វើ​ឡើង​តាម​រយៈការ​សន្យា​ផ្ទាល់​មាត់​ និង​ដែល​ក្រុមហ៊ុន​របស់​លោក​ត្រូវ​បោះ​ទុន​ចំនួន​១២​លាន​ដុល្លារ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​នោះ​ នឹង​មិនទទួល​បានផល​ចំណេញ​ឡើយ​​​ក្នុង​រយៈពេល​បី​ឆ្នាំ​​។

ក្រុមហ៊ុន​ Global (Cambodia) Trade Development ដំបូង​ឡើយ​បាន​ដក​សំណើរបស់​ខ្លួន​ទៅ​វិញ​ បន្ទាប់​ពី​សាលា​រាជ​ធានី​បាន​ស្នើ​ឲ្យ​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ផ្សេង​គឺ​ក្រុមហ៊ុន​ City Trans Cambodia ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទទួល​បាន​កិច្ច​សន្យា​នេះ​វិញ​ បន្ទាប់ពី​សាលា​រាជ​ធានី​​​បដិសេធ​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ​City Trans Cambodia ។

ប៉ុន្តែ​កាល​ពី​ម្សិល​មិញ​ លោក ឆយ​ ដេយ៉ុង (Choi Dae Yong)នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​​ City Trans Cambodia បាន​បដិសេធ​ថា សំណើ​របស់​ក្រុមហ៊ុន​លោក​មិន​តម្រូវ​ឲ្យ​សាលា​រាជ​ធានី​ផ្តល់​ឧបត្ថម្ភ​ធន​សម្រាប់​គម្រោង​នេះ​ទេ​។ លោក​បាន​មាន​ប្រសា សន៍​ថា “ យើង​មិន​បាន​ស្នើ​ឲ្យ​សាលា​រាជ​ធានី​ ផ្តល់​ឧបត្ថម្ភធន​សម្រាប់​ជួ​យយើង​នោះ​ទ”។

បណ្តាអ្នក​រិះ​គន់​​បាន​លើក​ឡើង​ថា ​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​​​នៃ​ការ​ផ្តល់​កិច្ច​សន្យា​សម្រាប់​ការ​វិនិយោគ​លើ​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ​គឺ​ស្មើ​នឹង​កង្វះ​​តម្លា​ភាព​ដែល​ច្បាប់​ស្តី​លទ្ធ​កម្ម​សា​ធារ​ណៈ​​​​​អនុម័ត​ឆ្នាំ​២០១២​មិន​អាច​ជួយ​សម្រួល​បាន​ឡើយ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស