កាលពីថ្ងៃពុធ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបដិសេធយ៉ាងដាច់អហង្ការថា សាលារាជធានីមិនមែនមិនបានផ្តល់តម្លាភាពនៅក្នុងការដេញថ្លៃយកការវិនិយោគលើសេវារថយន្តសាធារណៈនោះទេ ហើយលោកបានលើកឡើងថា ការដែលគ្មានដំណើរការដេញថ្លៃសម្រាប់កិច្ចសន្យានេះ ព្រោះមានតែក្រុមហ៊ុនមួយប៉ុណ្ណោះដែលត្រៀមខ្លួនរា៉ប់រងការចំណាយទាំងស្រុងលើគម្រោងនេះ។
ដោយឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលបានដកស្រង់សម្តីរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី កាលពីថ្ងៃពុធ ដែលលើកឡើងថា គ្មានដំណើរការដេញថ្លៃសម្រាប់កិច្ចសន្យាវិនិយោគលើសេវារថយន្តក្រុងសាធារណៈនេះ លោក ប៉ា សុជាតិវង្ស បានពន្យល់ថា សាលារាជធានីមិនមានលទ្ធភាពផ្តល់ទុនណាមួយសម្រាប់គម្រោងនេះទេ ហើយមានតែក្រុមហ៊ុន Global (Cambodia) Trade Development តែមួយគត់ដែលនឹងរា៉ប់រងលើគម្រោងនេះទាំងស្រុង។
លោកបានមានប្រសាសន៍ថា “ គម្រោងសេវារថយន្តក្រុងសាធារណៈ ត្រូវការចំណាយពេលវេលាយូរដើម្បីឲ្យគេស្គាល់ ហើយមានដៃគូជាច្រើនដែលដំបូងឡើយចង់សហការជាមួយយើង”។
លោក ប៉ា សុជាតិវង្ស បានលើកឡើងដោយសំដៅទៅលើក្រុមហ៊ុន City Trans Cambodia គ្រប់គ្រងដោយកូរ៉េខាងត្បូង និងក្រុមហ៊ុន Global (Cambodia) Trade Development ដែលសុទ្ធតែផ្តល់សេវារថយន្តតាក់ស៊ីម៉ែត្រនៅក្នុងរាជធានីភ្នំពេញថា សាលារាជធានីបានជម្រុះពីក្រុមហ៊ុនចំនួនប្រាំដែលដាក់សំណើមកនៅត្រឹមក្រុមហ៊ុនចំនួនពីរ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា “ នៅក្នុងប្រទេសផ្សេងៗ ក្រុមហ៊ុនបានបោះទុនជាមួយរដ្ឋ ព្រោះរដ្ឋគឺជាអ្នកផ្តល់សេវា។ ប៉ុន្តែរដ្ឋរបស់យើងវិញមិនមានប្រាក់ដើម្បីផ្តល់ឧបត្ថម្ភធនដល់គម្រោងនេះទេ ហេតុដូច្នេះយើងត្រូវការក្រុមហ៊ុនឯកជនផ្តល់សេវានេះ។ [ក្រុមហ៊ុនផ្សេងៗ] បានស្នើឲ្យជួយចេញប្រាក់ ឬក៏ប្រេង ប៉ុន្តែយើងមិនមានលទ្ធភាពជួយនោះទេ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ចុងបញ្ចប់មានតែក្រុមហ៊ុន Global (Cambodia) Trade Development ទេ ដែលហា៊នជាងក្រុមហ៊ុនផ្សេងៗ ព្រោះក្រុមហ៊ុននេះមិនត្រូវការឲ្យយើងជួយទេ។ គេហ៊ានខាតក្នុងរយៈពេលពីពីរឆ្នាំទៅប្រាំឆ្នាំ”។
លោកបន្ថែមថា ប្រសិនបើគ្មានក្រុមហ៊ុនហ៊ានខាតនៅក្នុងការផ្តល់សេវារថយន្តក្រុងសាធារណៈនោះទេ គម្រោងនេះនឹងមិនកើតឡើងឡើយ។
លោក លឹម អេនដ្រេ នាយកប្រតិបត្តិក្រុមហ៊ុន Global (Cambodia) Trade Development បានបញ្ជាក់កាលពីថ្ងៃពុធថា កិច្ចសន្យាដែលធ្វើឡើងតាមរយៈការសន្យាផ្ទាល់មាត់ និងដែលក្រុមហ៊ុនរបស់លោកត្រូវបោះទុនចំនួន១២លានដុល្លារសម្រាប់រយៈពេលប្រាំឆ្នាំនោះ នឹងមិនទទួលបានផលចំណេញឡើយក្នុងរយៈពេលបីឆ្នាំ។
ក្រុមហ៊ុន Global (Cambodia) Trade Development ដំបូងឡើយបានដកសំណើរបស់ខ្លួនទៅវិញ បន្ទាប់ពីសាលារាជធានីបានស្នើឲ្យចូលហ៊ុនជាមួយក្រុមហ៊ុនផ្សេងគឺក្រុមហ៊ុន City Trans Cambodia ប៉ុន្តែក្រុមហ៊ុននេះទទួលបានកិច្ចសន្យានេះវិញ បន្ទាប់ពីសាលារាជធានីបដិសេធមិនផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន City Trans Cambodia ។
ប៉ុន្តែកាលពីម្សិលមិញ លោក ឆយ ដេយ៉ុង (Choi Dae Yong)នាយកគ្រប់គ្រងក្រុមហ៊ុន City Trans Cambodia បានបដិសេធថា សំណើរបស់ក្រុមហ៊ុនលោកមិនតម្រូវឲ្យសាលារាជធានីផ្តល់ឧបត្ថម្ភធនសម្រាប់គម្រោងនេះទេ។ លោកបានមានប្រសា សន៍ថា “ យើងមិនបានស្នើឲ្យសាលារាជធានី ផ្តល់ឧបត្ថម្ភធនសម្រាប់ជួយយើងនោះទ”។
បណ្តាអ្នករិះគន់បានលើកឡើងថា ភាពមិនច្បាស់លាស់នៅក្នុងដំណាក់កាលចុងក្រោយនៃការផ្តល់កិច្ចសន្យាសម្រាប់ការវិនិយោគលើសេវារថយន្តក្រុងសាធារណៈនេះគឺស្មើនឹងកង្វះតម្លាភាពដែលច្បាប់ស្តីលទ្ធកម្មសាធារណៈអនុម័តឆ្នាំ២០១២មិនអាចជួយសម្រួលបានឡើយ៕ស៊ុយឈាង