29.3 C
Phnom Penh

រដ្ឋាភិបាល​​​នឹង​​​ពិនិត្យ​​​ប្រវត្តិ​​​ជាប់ទោស​​​របស់​​​មេ​​​​​​សហជីព​​​មុន​​​អនុញ្ញាត​​ឲ្យ​​​​​​បង្កើត​​​សាខា​​​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​សេចក្ដី​​​ប្រកាស​​​មួយ​​​របស់​​​ក្រសួង​​​ការងារ​​​​​​បាន​​​ឲ្យដឹង​​​ថា ពេល​​​នេះ​​​​​​រដ្ឋា​​​ភិបាល​​​តម្រូវ​​​ឲ្យ​​​បណ្ដា​​​មេដឹកនាំ​​​សហជីព​​​​​​បញ្ជាក់​​​ថា ពួក​​​គេ​​​គ្មាន​​​ប្រវត្តិ​​​ជាប់​​​​​​ទោស​​​​​​ មុន​​​ពេល​​​ចុះ​​​បញ្ជី​​​សាខា​​​ថ្មីៗ​​​​​​នៃ​​​សហជីព​​​របស់​​​ខ្លួន​​​​​​​​​ ជា​​​សេចក្ដី​​​សម្រេច​​​មួយ​​​​​​ដែល​​​កើត​​​មាន​​​ឡើង​​​​​​មិន​​​ដល់​​​មួយ​​​សប្ដាហ៍​​​ផង​​​ទេ​​​មុនគម្រោង​​​​​​​​​​​​កូដកម្ម​​​​​​ទូទាំង​​​ប្រទេស​​​​​​នៅ​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​។

សេចក្ដី​​​ប្រកាស​​​នេះ​​​​​​​​​បញ្ជាក់​​​ថា បណ្ដា​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​​​​ត្រូវ​​​តែ​​​​​​ដាក់​​​ជូន​​​​​​លិខិត​​​មួយ​​​ច្បាប់​​​ចេញ​​​ពី​​​ក្រសួង​​​យុត្តិធម៌ ដែល​​​បញ្ជាក់​​​ថា ពួក​​​គេ​​​​​​មិន​​​ធ្លាប់​​​ជាប់​​​ទោស​​​​​​ពី​​​មុន​​​មក​​​ មុន​​​ពេល​​​ពួក​​​គេ​​​​​​អា​​​ច​​​ចុះ​​​បញ្ជី​​​បង្កើត​​​សហ​​​ជីព​​​ថ្មី​​​មួយ​​​បាន​​​ នេះ​​​បើ​​​តាម​​​ប្រសាសន៍​​​របស់​​​លោក​​​ស្រី ជីល ថាក់ឃើ (Jill Tucker) ជា​​​ទី​​​ប្រឹក្សា​​​បច្ចេក​​​ទេស​​​មួយ​​​រូប​​​នៅ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​ ILO ដែល​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​បាន​​​មើល​​​​​​សេចក្ដី​​​ប្រកាស​​​នេះ​​​​​​។​​​

កាល​​​ពី​​សប្ដាហ៍​​​មុន​​​អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការងារ​​​បាន​​​លើក​​​ឡើង​​​ថា សិទ្ធិ​​​បង្កើត​​​សហ​​​ជីព​​​ដូចមាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ត្រូវ​​​បាន​​​ព្យួរ​​​រហូត​​​ទាល់​​​តែ​​​ច្បាប់​​​សហជីព​​​កម្ម​​​ករ​​​ ដែល​​​គេ​​​​​​ទន្ទឹង​​​រង់​​ចាំ​​​ជាយូរ​​​មក​​​ហើយ ​​​ចូល​​​ជា​​​ធរមាន​​​​​​។ អ្នក​​​នាំពាក្យ​​​រូប​​​នោះ​​​បាន​​​ដក​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​ចេញ​​​វិញ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ដោយ​​​គ្មាន​​​ការ​​​ពន្យល់​​​បក​​​ស្រាយ​​​។

លោក​​​ ជា មុនី ប្រធាន​​​សហជីព​​​សេរី​​​កម្ម​​​ករ​​​​​​ដែល​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​​​​ប្រសា​​​សន៍​​​ថា ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​​​​​​​​ដើម្បី​​​ចុះ​​​បញ្ជី​​​សាខា​​​ថ្មីៗ​​​នៃ​​​សហជីព​​​របស់​​​លោក​​​នៅ​​​សប្ដាហ៍​​​នេះ​​​ ត្រូវ​​​បាន​​​រដ្ឋាភិ​​​បាល​​​ច្រាន​​​ចោល​​​​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ ដោយ​​​​​​ពេល​​​នេះ​​​​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​ទាមទារ​​​ឲ្យ​​​មាន​​​ភ័ស្ដុ​​​តាង​​​បញ្ជាក់​​​ពី​​​ប្រវត្តិ​​​គ្មាន​​​ទោស​​​​ឧក្រិដ្ឋ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​ត្រូវ​​​ការ​​​លិខិត​​​ថ្កោល​​​ទោស​​​ពី​​​សហជីព​​​”។ លោក​​​បាន​​​បន្តទៀត​​​ថា រដ្ឋាភិបាល​​​​​​មិន​​​បាន​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ពិគ្រោះ​​​ជាមួយ​​​សហ​​​ជីព​​​នោះ​​​ទេ​​​ ពាក់ព័ន្ធ​​​នឹង​​​សេចក្ដី​​​សម្រេច​​​របស់​​​ខ្លួន​​​។

លោក​​​ ជា មុនី បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា នេះគឺ​​​ជា​​​ការ​​​រើសអើង​​​​​​និង​​​ជា​​​ការ​​​បិទ​​​សិទ្ធិ​​​​​​បង្កើត​​​សហជីព​​​​​​។​​​ [លោក​​​ ហ៊ុន​​​ សែន] នាយក​​​រដ្ឋមន្ត្រី​​​ដែល​​​កាន់អំណាច​​​ជា​​​យូរ​​​មក​​​ហើយ​​​មិន​​​សប្បាយ​​​ចិត្ត​​​ជាមួយ​​​នឹង​​​កម្ម​​​ករ​​​ឬសហជីព​​​ទេ​​​ ដូច្នេះ​​​ហើយ​​​រដ្ឋាភិបាល​​​តែង​​​តែ​​​រក​​​លេស​​​បង្ក​​​បញ្ហា​​​ដល់​​​កម្មករ​​​និង​​​សហជីព​​​”។

លោក​​​ ជា មុនី ដែល​​​សហជីព​​​របស់​​​លោក​​​​​​គាំទ្រ​​​​​​ចលនា​​​ប្រឆាំង​​​របស់​​​លោក​​​ សម រង្ស៊ី ចាប់​​​តាំង​​​ពី​​​សហជីព​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​មក​​​នោះ​​​ ត្រូវ​​​បាន​​​តុលាការ​​​ចោទ​​​ប្រកាន​​​់​​​កាល​​​ពី​​​ឆ្នាំ​​​២០០៥​​​ ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​និង​​​ញុះញង់​​​​​​ដោយ​​​សារ​​​តែ​​​លោក​​​​​​បាន​​​រិះគន់​​​កិច្ច​​​ព្រមព្រៀង​​​ព្រំដែន​​ដ៏​​​ចម្រូង​​​ចម្រាស់​​​មួយ​​​​​​ជាមួយ​​​ប្រទេស​​​វៀតណា​​​ម​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ទទួល​​​ស្គាល់​​​ដោយ​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ លោក​​​ ជា មុនី បាន​​​ភៀស​​​ខ្លួន​​​ទៅ​ប្រទេស​​​អៀរឡង់​​​ ដើម្បី​​​គេច​​​ពី​​​​​ការ​​​ចាប់ខ្លួន​​​។​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៦ លោក​​​ ជា មុនី ក៏​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​ដែរ​​​ចំពោះ​​​ការ​​​រៀប​​​ចំ​​​បាតុ​​​កម្ម​​​ ហើយ​​​ចំពោះ​​​ការ​​​រៀបចំ​​​បាតុកម្ម​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​នៅ​​​ក្នុង​​​ទិវា​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​១ឧសភា​​​។

ច្បាប់​​​​​​ការងារ​​​របស់​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​ដែល​​​បាន​​​អនុម័ត​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​ក៏​​​មាន​​​​​​ចែង​​​ដែរ​​​ថា មេដឹកនាំ​​​នៃ​​​អង្គការ​​​អាជីព​​​រួម​​​ទាំង​​​សហជីព​​​កម្មករ​​​ផង​​​ “មិន​​​ត្រូវ​​​ធ្លាប់​​​ជាប់​​​ទោស​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​ណាមួយ​​​ឡើយ​​​” ប៉ុន្តែ​​​ច្បាប់​​​នេះ​​​គ្មាន​​​អ្នក​​​អនុវត្តន៍​​​តាម​​​ទេ​​​ពី​​​មុន​​​មក​​​។ មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោងចក្រកាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​​​​ហៅ​​​កាត់​​​ថា GMAC បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​សម្រេច​​​របស់​​​​​​រដ្ឋាភិបាល​​​ដើម្បី​​​អនុវត្ត​​​បទ​​​ប្បញ្ញត្តិនៅ​​​ក្នុង​​​ច្បាប់​​​មាន​​​ស្រាប់​​​នេះ​​​​​​បាន​​​បង្ហាញ​​​ពី​​​ការ​​​​​​​​​ប្ដេជ្ញា​​​ចិត្ត​​​របស់​​​ខ្លួន​​​ចំពោះ​​​ការ​​​គ្រប់​​​គ្រង​​​ចល​​​នា​​​​​​ការងារ​​​ដែល​​​លោក​​​បាន​​​អះអាង​​​ថា កំពុង​​​តែ​​​គំរាម​​​កំហែង​​​ដល់​​​ស្ថិរភាព​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ដែល​​​ផ្ដល់​​​ការងារ​​​ដល់​​​កម្មករ​​​ជាង​​​៥០០.០០​​​០​​​នាក់​​​ និង​​​ដែល​​​ការ​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​រហូត​​​ដល់​​​ទៅ​​​ជាង​​​៥ពាន់​​​លាន​​​ដុល្លារ​​​។​​​

លោក​បាន​មាន​​​ប្រសាសន៍​​​ថា “វា​បង្ហាញ​​​ពី​​​ចេតនា​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ឆ្ពោះ​​​ទៅ​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​ដែល​​​មាន​​​ស្រាប់​​​​​​វា​​​ជា​​​សញ្ញា​​​វិជ្ជមាន​​​សម្រាប់​​​ឧស្សាហកម្មនេះ​​​ ជា​​​សញ្ញា​​​វិជ្ជមាន​​​សម្រាប់​​​ការ​​​វិនិយោគ​​​ ជា​​​សញ្ញា​​​វិជ្ជ​​​មាន​​​​​​សម្រាប់​​​អ្នក​​​បញ្ជា​​​ទិញ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “គ្មាន​​​នរណាម្នាក់​​​អាច​​​ធ្វើ​​​ពាណិជ្ជកម្ម​​​​​​នៅ​​​ក្នុង​​​បរិយាកាស​​​មួយ​​​ដែល​​​គ្មាន​​​ភាព​​​ប្រាកដ​​​ប្រជា​​​​​​ដូច​​​ដែល​​​​​​យើង​​​​​​ជួប​​​​​​ប្រទះ​​​​​​បា​​​ន​​​​​​ទេ​​​ ប្រសិន​​​បើ​​​សហជីព​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​អ្វី​​​ខុស​​​ច្បាប់​​​ជាមួយ​​​នឹង​​​និទណ្ឌ​​​ភាពនោះ​​​។ វា​​​ច្បាស់​​​ណាស់​​​ទៅ​​​ហើយ​​​ ពីព្រោះ​​​រដ្ឋាភិបាល​​​ដឹង​​​ថា អ្វី​​​ៗ​​​​​​ហួស​​​ពី​​​ការ​​​គ្រប់គ្រង​​​ ហើយ​​​ពេល​​​នេះ​​​​​​រដ្ឋាភិបាល​​​​​​ដឹង​​​ថា យើង​​​គួរ​​​តែ​​​ប្រើប្រាស់​​​យន្តការ​​​ដែល​​​មាន​​​ស្រាប់​​​​​​”។

ថ្លែង​​​នៅ​​​វេទិការាជ​​​រដ្ឋាភិបាល​​​-ផ្នែក​​​ឯក​​​ជន​​​​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នឹង​​ “គ្មាន​​​ការ​​​អត់​​​ឱន​​​សម្រាប់​​​សកម្មភាព​​​សហជីព​​​ដែល​​​រដ្ឋាភិបាល​​​របស់​​​លោក​​​​​​គិត​​​ថា ខុស​​​ច្បាប់​​​នោះ​​​ឡើយ​​”។

លោក​​​បានមាន​​​ប្រសាសន៍ថា “រដ្ឋាភិ​​​បាល​​​សុំ​​​បញ្ជាក់​​​សាជាថ្មី​​​ម្ដង​​​ទៀត​​​ថា ការ​​​អនុវត្ត​​​សេរីភាព​​​នៃ​​​ការ​​​ទាមទារ​​​​​​ត្រូវ​​​តែ​​​ធ្វើ​​​ដោយ​​​ស្រប​​​ច្បាប់​​​។ ប្រសិន​​​បើ​​​ធ្វើ​​​ខុស​​​ច្បាប់​​​​​​នឹង​​​គ្មាន​​​ការ​​​អត់​​​ឱន​​​​​​ឲ្យ​​​ឡើយ​​​”។

អំឡុង​​​​កិច្ច​​​ប្រជុំ​​​មួយ​​​រវាង​​​រដ្ឋាភិបាល​​​និង​​​ផ្នែក​​​​​​ឯកជន​​​ កាលពីថ្ងៃ​​​អង្គារ​​​ ពាណិជ្ជករ​​​មួយ​​​រូប​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក​​​ ហ៊ុន​​​ សែន​​​ លុប​​​ចោល​​​​​​ការ​​​​​​ផ្ដល់​​​​​​សច្ចានុមតិ​​​​​​របស់​​​កម្ពុជា​​​លើ​​​អនុ​​​សញ្ញា​​​មួយ​​​របស់​​​​​​អង្គការ​​​ ILO ស្ដី​​​ពី​​​សេរីភាព​​​នៃ​​​ការ​​​​​​បង្កើត​​​​​​អង្គការ​​​សមាគមន៍ ​​​ដែល​​​​​​កម្ពុជា​​​​​​បា​​​ន​​​ចុះ​​​ហត្ថលេខា​​​នៅ​​​ឆ្នាំ​​​១៩៩៩​​​។​​​

សហជីព​​​កម្មករ​​​និង​​​សមាគម​​​សរុប​​​ចំនួន​​​១៨​​​ នឹង​​​រៀប​​​ចំ​​​កូដកម្ម​​ស្នាក់​​​នៅ​​​ផ្ទះ​​​នៅ​​​ទូទាំង​​​​​​ប្រទេស​​​សម្រាប់​​​សប្ដាហ៍​​​ក្រោយ​​​ ដើម្បី​​​ទាម​​​ទារ​​​ការ​​​ដំឡើង​​​​​​ប្រាក់​​​​​​ខែ​​​គោល​​​ដល់​​​​​​១៦០​​​ដុល្លារ​​​ ទាម​​​ទារ​​​ឲ្យ​​​ដោះលែង​​​​​​បាតុករ​​​ទាំង​​​២១​​​នាក់ ដែល​​​កំពុង​​​ជាប់ពន្ធនាគារ​​​ក្រោយ​​​ពី​​​​​​បាតុកម្ម​​​កាល​​​ពី​​​ខែ​​​មករា​​​ និង​​​ទាមទារ​​​​​​ឲ្យ​​​ផ្ដន្ទា​​​ទោស​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថដែល​​​បាន​​​បាញ់​​​សម្លាប់​​​កម្មករ​​​​​​កាត់​​​ដេរ​​​ប្រាំនាក់​​​​​​អំឡុង​​​​​​ការ​​​តវ៉ា​​​មួយ​​​​​​នៅ​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​។​​​

មេដឹកនាំ​សហជីព​ចំនួន​ប្រាំមួយ​​​ដែល​​​បាន​​​រៀប​​​ចំ​​​កូដកម្ម​​​​​​ទាំង​​​នេះ​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​ធ្នូ​​​ និង​​​ដើម​​​ខែ​​​មករា​​​ ត្រូវ​​​បាន​​​ម្ចាស់​​​​​​រោងចក្រ​​​​​​យ៉ាង​​​ហោច​​​ណាស់​​​១៥០​​​​​​ប្ដឹង​​​ពី​​​បទ​​​​​​ញុះញង់​​​កម្មករ​​​ឲ្យ​​​ចូល​​​រួម​​​​​​ការ​​​តវ៉ា​​​ខុស​​​ច្បាប់​​​។

លោក​​​ ប្រាក់​​​ សាវុធ​​​ ប្រធាន​​​ក្រឡា​​​បញ្ជី​​​នៅ​​​សាលា​​​រាជធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា សំណុំ​​​រឿង​​​ប្រឆាំង​​​មេដឹកនាំ​​​សហ​​​ជីព​​​ទាំង​​​នេះ​​​ “ហាក់ដូច​​​ជា​​​ស្ងប់ស្ងាត់​​​​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា លោក​​​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ស្ថានភាព​​​​​​នៃ​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​​​​ម្ចាស់​​​រោងចក្រ​​​ទាំង​​​១៥០​​​នេះទេ​​​។​​​

ខណៈ​​​ពេល​​​ដែល​​​​​​បណ្ដា​​​​​​ម្ចាស់​​​រោងចក្រ​​​អះអាង​​​ថា មាន​​​សហជីព​​​ច្រើន​​​ពេក​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ​​​ ក្រុម​​​តំណាង​​​សហជីព​​​បាន​​​លើក​​​ឡើង​​​ថា ដោយ​​​សារ​​​តែ​​​ការ​​​អនុវត្ត​​​​​​ធូរ​​​រលុង​​​​​​នូវ​​​ច្បាប់​​​ការងារ​​​និង​​​ការ​​​ច្រាន​​​ចោល​​​​​​របស់​​​​​​ម្ចាស់​​​រោងចក្រ​​​​​​មិន​​​ព្រម​​​ចរចា​​​គ្នា​ដោយ​​​ភាព​​​ស្មោះត្រង់​​​ កូដកម្ម​​​គឺ​​​ជា​​​មធ្យោ​​​បាយ​​​តែ​​​មួយ​​​គត់​​​ដែល​​​ពួក​​​គេ​​​អាច​​​ប្រើប្រាស់​​​បាន​​​ ដើម្បី​​​ធ្វើ​ឲ្យ​​​ការ​​​ទាមទារ​​​របស់​​​ពួក​​​គេ​​​​​​មាន​​​អ្នក​​​​​ដឹង​​​ឮ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស