យោងតាមរបាយការណ៍មួយចេញផ្សាយកាលពីម្សិលមិញដោយក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា យោធាអាមេរិកបានអនុវត្តសេរីភាពប្រតិបត្តិនាវាចរណ៍ ដែលប្រឈមនឹងសេចក្តីអះអាងធ្វើឡើងដោយកម្ពុជានៅក្នុងដែនទឹកពីរក្នុងចន្លោះពីថ្ងៃទី១ ខែតុលាឆ្នាំ២០១២ ដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៤។
របាយការណ៍ប្រវែងមួយទំព័ររៀបចំដោយការិយាល័យអនុរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ បញ្ជាក់ថា ប្រទេសកម្ពុជាបានធ្វើការអះអាងថា សហរដ្ឋអាមេរិកត្រូវបានគេរកឃើញថា ធ្វើប្រតិបត្តិការហួសកំណត់ជុំវិញដែនសមុទ្រ និងសន្តិសុខនៅតំបន់សមុទ្រ។
របាយការណ៍នេះមិនបានពន្យល់អំពីសេចក្តីអះអាងទាក់ទងនឹងដែនទឹក ដោយគ្រាន់តែលើកឡើងថា សហរដ្ឋអាមេរិកបានប្រឈមនឹងសេចក្តីអះអាងទាំងនេះ ដើម្បីរក្សាការពារសិទ្ធិ សេរីភាព និងការប្រើប្រាស់ដែនសមុទ្រ និងដែនអាកាស ដែលត្រូវបានធានាចំពោះប្រជាជាតិទាំងអស់ទៅតាមច្បាប់អន្តរជាតិ។
សេរីភាពនាវាចរណ៍ត្រូវបានការពារដោយច្បាប់អន្តរជាតិ និងចែងថា នាវាដែលមានទង់ជាតិនៃរដ្ឋអធិបតេយ្យណាមួយនឹងមិនត្រូវរងការជ្រៀតជ្រែកពីរដ្ឋផ្សេងទៀតឡើ់យ ព្រោះនាវាទាំងនេះធ្វើចរាចរនៅក្នុងព្រំដែនទឹករបស់ខ្លួន។
កម្មវិធីរបស់អាមេរិកប្រឈមនឹងការអះអាងថា ខ្លួនបំពានដែនទឹករបស់រដ្ឋនានា ដោយធ្វើប្រតិបត្តិការនៅក្នុងតំបន់ជម្លោះរបស់ពួកគេ ដើម្បីជាវិធីមួយសម្រាប់ទប់ស្កាត់មិនឲ្យមានការដាក់កម្រិតលើការធ្វើដំណើរ។ ក៏ប៉ុន្តែ របាយការណ៍នេះឲ្យដឹងថា សហរដ្ឋអាមេរិកមានការប្រឈមនឹងការអះអាងរបស់កម្ពុជាតែឯងប៉ុណ្ណោះ។
ក្នុងឆ្នាំ២០១២ សហរដ្ឋអាមេរិកមានការប្រឈមច្រើនទៅនឹងការអះអាងរបស់ប្រទេសកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ នេះបើយោងតាមរបាយការណ៍ស្តីពីសេរីភាពនាវាចរណ៍ឆ្នំា២០១២។
របាយការណ៍ឆ្នាំ២០១៣ បានបង្ហាញថា ក្រៅពីកម្ពុជា សហរដ្ឋអាមេរិកកាលឆ្នាំមុនប្រឈមនឹងការអះអាងរបស់១១ប្រទេសផ្សេងទៀត ជុំវិញប្រតិបត្តិនាវាចរណ៍។ គួរបញ្ជាក់ថា ប្រទេសបួនក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម។
នៅក្នុងប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំង១១នោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្នុងរាជធានីភ្នំពេញប្រឈមលើសេរីភាពប្រតិបត្តិការនាវាចរណ៍ច្រើនជាងម្តង នេះបើយោងតាមរបាយការណ៍នេះ។
លោក សៀន ម៉ាក់ឃិនតុស អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញបានបង្វែរសំណួរទៅក្រសួងការពារជាតិអាមេរិកនៅក្រុងវ៉ាស៊ិនតោន។
លោក ផៃ ស៊ីផាន អ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីរបាយការណ៍ ឬការប្រឈមរបស់ក្រុមនាវាចរណ៍អាមេរិកចំពោះការអះអាងនៅដែនទឹករបស់កម្ពុជាទេ។ លោកថ្លែងថា “កម្ពុជាគឺជារដ្ឋអធិបតេយ្យ។ ខ្ញុំមិនប្រាកដអំពីការអះអាងទាំងនេះទេ ប៉ុន្តែយើងនឹងការពារទឹកដីរបស់យើង”៕ប៊ុននី
(រាយការណ៍បន្ថែមដោយ មុិច ដារ៉ា)