38 C
Phnom Penh

សាលា​​​រាជធានី​​​ចង់​​​ឲ្យ​​​ធនាគារ​​ពិភពលោក​​​និង​​​ NGO ​​​ផ្ដល់​​​សំណង​​​ដល់​​​គ្រួសារ​​​ដែល​​​ខ្លួន​​​បណ្ដេញ​​​ចេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​ប្រជាពល​​​រដ្ឋ​​​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​​​​ប្រជាពលរដ្ឋ​​​៣.០០០​​​គ្រួសារ​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​​​​ពី​​​តំបន់​​​បឹង​​​កក់​​​ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​​​​ថ្មីៗ​​​នេះ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​សាលា​រាជ​ធានី​ ដែល​​​ទី​​​បំផុត​​​​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​ការ​​​បណ្ដេញ​​​ប្រជាពល​​​រដ្ឋ​​​​​​យ៉ាង​​​ច្រើន​​​​​​ចេញ​​ពី​​​ដីធ្លី​​​របស់​​​ខ្លួន​​​ បាន​​​ប្រាប់​​​ពួក​​​គាត់​​​​​​ថា ពួក​​​គេ​​​​​​នឹង​​​​​​ស្នើ​​​ឲ្យ​​​ធនាគារ​​​ពិភពលោក​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ជួយ​​​ផ្ដល់​​​សំណង​​​​​​ដល់​​​ពួក​​​គាត់​​​។

អតីត​​​អ្នក​​​ភូមិ​​​ប្រមាណ​​​២០​​​នាក់​​​​​​ ដែល​​​អះអាង​​​ថា ខ្លួន​​​​​​តំណាង​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​ជាង​​​១.២០០​​​គ្រួសារ​​​​​​ដែល​​​បាន​​​បាត់​​​បង់​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​ នៅ​​​ពេល​​​សាលា​​​រាជធានី​​​បណ្ដេញ​​​​​​ពួក​​​គាត់​​​ចេញ​​​ ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​​​​គម្រោង​​​​​​អភិវឌ្ឍន៍​​​អចលនទ្រព្យ​​​ឯកជន​​​របស់​​​​​​សមាជិក​​​ព្រឹទ្ធសភា​​​​​​មួយ​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នោះ​​​​​​​​​បាន​​​និយាយ​​​ថា លោក​​​ កើត ឆែ​​​ ប្រធាន​ខុទ្ទ​​​កាល័យ​សាលា​​​រាជធានី​បាន​លើក​​​​​​ឡើង​​​ពី​​​គំនិត​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​ធនាគារ​​​ពិភព​​​លោក​​​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ជួយ​​​ផ្ដល់​​​សំណង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​នៅ​​​ឯសាលា​​​រាជធានី​​​។

អ្នកស្រី​​​ សៀ ណារ៉េត​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​ដែ​​ល​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ កើត ឆែ​​​ និង​​​មន្ត្រី​​​ផ្សេង​​​ៗ​​​ទៀត​​​​​​បាន​​​លើក​​​ឡើង​​​ថា “ពួក​​​គេ​​​បាន​​​ប្រាប់​​​​​​យើង​​​ថា ពួកគេ​​​នឹង​​​ចាប់​​​ដៃ​​​គូ​​​ជាមួយ​​​ធនាគារ​​​ពិភពលោក​​​ ដើម្បី​​​សិក្សា​​​ និង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​ពួក​​​យើង​​​ ប៉ុន្តែ​​​ពួក​​​គេ​​​មិន​​​ដឹង​​​ថា ពួក​​​គេ​​​អាច​​​ជួយ​​​យើង​​​បាន​​​​​​ដោយ​​​របៀប​​​ណា​​​នៅ​​​ឡើយ​​​ទេ​​​”។​​​

ធនាគារ​​​ពិភព​​​លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា កំហុស​​​​​​ឆ្គង​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​​​​និង​​​​​​ការ​​​អនុវត្ត​​​​​​គម្រោង​​​​​​ផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​មួយ​​​​​​ដែល​​​ខ្លួន​​​ផ្ដល់​​​មូលនិធិ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​រួម​​​ចំណែក​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​នៅ​​​បឹង​​​កក់​​​បាត់​​​បង់​​​សិទ្ធិ​​​ទទួល​​​បាន​​​ដីធ្លី​​​ស្រប​​​ច្បាប់​​​របស់​​​ពួក​​​គាត់​​​។​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មាន​​​ការ​​​តវ៉ា​​​ចាប់​​​តាំងពី​​​ពេល​​​នោះ​​​មក​​​​​​ថា កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​ធនាគារ​​​នេះ​​​ ដើម្បី​​​ជួយ​​​ដល់​​​គ្រួសារ​​​ទាំង​​​នេះ​​​​​​ ត្រូវ​​​បាន​​​​​​​​​រាំង​​​ស្ទះ​​​ដោយ​​​សារ​​​តែ​​​​​​កង្វះ​​​​​​កិច្ច​​​សហប្រតិបត្តិការ​​​ពី​​​រដ្ឋាភិបាល​​​។

អ្នកស្រី​​​ សៀ ណារ៉េត​​​ បាន​​​និយាយ​​​ថា “យើ​​​ងសង្ឃឹម​​​ថា ពួកគេ​​​​​​នឹង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​ពួក​​​យើង​​​ ពីព្រោះ​​​ធនាគារ​​​ពិភពលោក​​​ និង​​​​​​អង្គការ​​​​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​​​​​​​ជម្លោះ​​​នេះ​​​”។

ទោះ​​​បី​​​ជា​​​គ្រួសារ​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​​​​ក្រុម​​​ហ៊ុន​​​ផ្ដល់​​​​​​ជម្រើស​​​ពី​​​រក្នុង​​​ការ​​​ផ្ដល់​​​សំណង​​​ ទី១ គឺ​​​ទទួល​​​បាន​​​សំណង​​​ផ្ដាច់​​​​​​ជា​​​​​​សាច់​​​ប្រាក់​​​ចំនួន​​​៨.៥០០​​​ដុល្លារ​​​ ឬជម្រើស​​​តាំង​​​លំនៅ​​​ថ្មី​​​នៅ​​​ជាយ​​​រាជធានីភ្នំពេញ​​​​​​​​​ក្ដី​​​ ក៏​​​ពួក​​​គាត់​​​បាន​​​លើក​​​ឡើង​​​​​​ថា ជម្រើស​​​ទាំង​​​ពីរ​​​នេះ​​​​​មិន​​​អាច​​​ជំនួស​​​​​​ដីធ្លី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បាត់​​​បង់​​​​​​​​​ដោយ​​​​​​សារ​​​ការ​​​​​​បណ្ដេញ​​​ចេញ​​​បាន​​​ឡើយ​​​​​​​​​។

ប្រជាពលរដ្ឋ​​​ដែល​​​រង​​​ការ​​​បណ្ដេញ​​​ចេញ​​​​​​ម្នាក់ទៀត​​​ឈ្មោះ​​​ ស្រី តូច​​​ ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញ​​​ដែរ​​​ បាន​​​លើក​​​ឡើង​​​ថា ចាប់​​​តាំងពីខែ​​​វិច្ឆិកា​​​ មក​​​ រដ្ឋាភិបាល​​​បាន​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​គ្រួសារ​​​​​​ទាំង​​​នេះ​​​បំពេញ​​​ទម្រង់​​​​​​​​​រៀប​​​​​​រាប់​​​ពី​​​សំណង​​​​​​បន្ថែម​​​អ្វី​​​ខ្លះ​​​ដែល​​​ពួក​​​គាត់​​​ចង់​​​បាន​​​។​​​ អ្នក​​​ស្រី​​​និយាយ​​​ថា ពួក​​​គាត់​​​ភាគ​​​ច្រើន​​​ចង់​​​បាន​​​ប្រាក់​​​បន្ថែម​​​ទៀត​​​​​​ ឬ​​​ផ្ទះ​​​ថ្មី​​​ដែល​​​ស្ថិត​​​នៅ​​​ជិត​​​រាជធានីភ្នំពេញ​​​ ហើយ​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​​​​ល្អ​​​​​​ប្រហែល​​​​​​ដីធ្លី​​​ដែល​​​ពួក​​​គាត់​​​​​​បាន​​​បាត់​​​បង់​​​​​​នៅ​​​បឹង​​​កក់​​​ដែរ​​​។

អ្នកស្រី​​​ក៏​​​បាន​​​លើកឡើង​​​​​​ដែរ​​​​​​ថា កាល​​​ពី​​​ម្សិលមិញ​​​មន្ត្រី​​​​​​សាលា​​​រាជធានី​​​បាន​​​ផ្ដល់​​​ឥណ​​​ទាន​​​ដល់​​​ពួក​​​គាត់​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​​​​បាន​​​​​​ច្រាន​​​ចោល​​​​​​ភ្លាម​​​ៗ​​​ដោយ​​​ផ្ទាល់​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា “យើង​​​មិន​​​អាច​​​ទទួល​​​យក​​​ឥណទាន​​​​​​ទាំង​​​នេះ​​​បាន​​​ទេ​​​។​​​ យើង​​​ជំពាក់​​​បំណុល​​​គេ​​​ច្រើន​​​ណាស់​​​រួច​​​​​​ទៅ​​​ហើយ​​​ [ដោយ​​​សារ​​​តែ​​​ការ​​​បណ្ដេញ​​​ចេញ​​​] ហើយ​​​ពួក​​​គេ​​​ចង់​​​ឲ្យ​​​យើង​​​​​​ជំពាក់​​​បំណុល​​​កាន់​​​តែ​​​ច្រើន​​​”។ លោក​​​ កើត ឆែ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​​​​បំភ្លឺ​​​ទេ ពាក់​​​ព័ន្ធ​​​នឹង​​​កិច្ច​​​ប្រជុំ​​​នេះ​​​ដោយ​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ត្រូវ​​​បាន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ឡើយ​​​។

លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​អះអាង​​​ថា រដ្ឋាភិបាល​​​​​​បាន​​​ប្រមូល​​​ព័ត៌មាន​​​ពី​​​គ្រួសារ​​​ដែល​​​​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​​​​ ហើយ​​​ថា នឹង​​​មាន​​​​​​ “សិក្ខា​​​សាលា​​​មួយ​​​ស្ដីពី​​​វិធី​​​ជួយ​​​គ្រួសារ​​​ទាំង​​​នេះ​​​ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​បញ្ជាក់​​​ថា តើ​​​ធនាគារ​​​​​​ពិភពលោក​​​ទទួល​​​បាន​​​ការ​​​អញ្ជើញ​​​ឲ្យ​​​ចូល​​​រួម​​​ដែរ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​”។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ប្រមូល​​​ទម្រង់​​​​​​បែប​​​បទ​​​ពី​​​ពួក​​​គាត់​​​​​​ ហើយ​​​​​​នឹង​​​​​​ដោះស្រាយ​​​វា​​​ម្ដង​​​មួយ​​​ៗ។ យើង​​​នឹ​​​ង​​​រៀប​​​ចំ​​​សិក្ខាសាលា​​​មួយ​​​ ហើយ​​​​​​អញ្ជើញ​​​បណ្ដា​​​ដៃ​​​គូ​​​ឯកជន​​​​​​និង​​​សង្គម​​​សីុវិល​​​ ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​សហគមន៍​​​នេះ​​​”។ លោក​​​ ឡុង ឌីម៉ង់ បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា សិក្ខាសាលា​​​នេះ​​​នឹង​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ថ្ងៃ​​​ណាមួយ​​​​​​នៅ​​​ចុង​​​ខែ​​​មីនា​​​នេះ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស