សាកលវិទ្យាល័យបញ្ញាជាតិក្នុងរាជធានីភ្នំពេញបានជូនដំណឹងដល់អង្គការសីលការ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថា អង្គការនេះមិនអាចរៀបចំកិច្ចប្រជុំស្តីពីសិទ្ធិស្ត្រីដែលគ្រោងធ្វើនៅថ្ងៃនេះនៅក្នុងបរិវេណសាកលវិទ្យាល័យបានទេ ពីព្រោះកិច្ចប្រជុំនេះប្រហែលជា ’បម្រើផលប្រយោជន៍នយោបាយ’ ។
អង្គការសីលការបានជួលបន្ទប់ប្រជុំនៅសាកលវិទ្យាល័យបញ្ញាជាតិ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ប៉ុន្តែត្រូវបានជូនដំណឹង ក្នុងលិខិតមួយកាលពីម្សិលមិញថា សាកលវិទ្យាល័យនឹងមិនអនុញ្ញាតឲ្យរៀបចំកិច្ចប្រជុំនោះបានទេ ពីព្រោះអង្គការសីលការក៏មានគម្រោងហែក្បួននិងដាក់ញត្តិអំពីសិទ្ធិស្ត្រីទៅ ការិយាល័យរដ្ឋាភិបាលមួយចំនួនទៀត។
សាកលវិទ្យាល័យបានលើកឡើងនៅក្នុងលិខិតផ្ញើជូនលោកស្រី ធីដា ឃិះ នាយិកាប្រតិបត្តិអង្គការសីលការថា “សាកលវិទ្យាល័យបញ្ញាជាតិសូមជម្រាបជូនដំណឹងពីការផ្អាកការជួលបន្ទប់ប្រជុំ…នៅថ្ងៃទី៧ ខែមីនា”។
លិខិតនេះមានខ្លឹមសារថា “សាកលវិទ្យាល័យបញ្ញាជាតិមានកិត្តិយសជម្រាបជូនលោកស្រី [ធីដា ឃិះ] អំពីមូលហេតុខាងលើ…ពីព្រោះលោកស្រី [ធីដា ឃិះ] មានបំណងយកសាកលវិទ្យាល័យបញ្ញាជាតិ ដែលជាសាកលវិទ្យាល័យឯករាជ្យមិនជាប់ពាក់ព័ន្ធនឹងនយោបាយ ទៅបម្រើផលប្រយោជន៍នយោបាយ”។
លិខិតនោះលើកឡើងទៀតថា សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីលោកស្រី ធីដា ឃិះ បានជួបប្រជុំជាមួយមន្ត្រីសាលារាជធានីកាលពីថ្ងៃពុធសុំការអនុញ្ញាតហែក្បួន។ សាលារាជធានីបានបដិសេធសំណើនោះ ប៉ុន្តែបានបញ្ជូនសំណើនោះទៅក្រសួងមហាផ្ទៃឲ្យធ្វើការពិចារណាបន្ថែម។
ស្ថាបនិក និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យបញ្ញាជាតិ គឺលោកឧត្តមសេនីយ៍ទោ រុន រ័ត្នវាសនា អតីតនាយការិយាល័យនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ លោកមិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោកស្រី ធីដា ឃិះ បានបដិសេធការដែលថា កិច្ចប្រជុំ ឬគម្រោងហែក្បួននោះបម្រើឲ្យផលប្រយោជន៍គណបក្សណាមួយនោះ ហើយលោកស្រីបានមានប្រសាសន៍ថា អង្គការសីលការគឺជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ។
លោកស្រីបានមានប្រសាសន៍ថា “តើគេយល់ថា នយោបាយមានន័យយ៉ាងម៉េចទេ? យើងមិនពាក់ព័ន្ធនយោបាយដើម្បីបម្រើឲ្យគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែគឺបម្រើផលប្រយោជន៍ស្ត្រី ហើយយើងរួមគ្នាដើម្បីដោះស្រាយបញ្ហារបស់ស្ត្រី”។
កាលពីម្សិលមិញ លោកស្រី ធីដា ឃិះ បានមានប្រសាសន៍ថា លោកស្រីជឿថា សាលារាជធានីបានដាក់សម្ពាធសាកលវិទ្យាល័យនេះឲ្យផ្អាកការប្រជុំរបស់ខ្លួន។
លោកស្រីបានមានប្រសាសន៍ថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកបម្រាមហាមមិនឲ្យមានការជួបជុំជាសាធារណៈដែលក្រសួងមហាផ្ទៃបានដាក់កាលពីដើមខែមករាចេញច្បាស់ក្រឡែតនោះនៅតែមិនច្បាស់លាស់ចំពោះមន្ត្រីថ្នាក់ក្រោមដដែល។
បើទោះជា លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសុន្ទរកថាកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងមិនរារាំងការធ្វើបាតុកម្មជាសាធារណៈក៏ដោយ តែការអនុវត្តវិញ ក្រុមទំាងអស់ដែលមានបំណងធ្វើបាតុកម្មតាំងពីពេលនោះមកត្រូវបានរារាំងដោយកម្លាំងសន្តិសុខ ឬត្រូវសាលារាជធានីច្រានចោលសំណើរបស់ពួកគេ។
លោកស្រី ធីដា ឃិះ បានមានប្រសាសន៍ ថា ឥឡូវនេះកិច្ចប្រជុំដែលគ្រោងធ្វើនោះ នឹងធ្វើនៅការិយាល័យអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជននៅក្នុងរាជធានីភ្នំពេញវិញ។គេមិនអាចទាក់ទងមន្ត្រីសាលារាជធានីដើម្បីសុំការអត្ថាធិប្បាយបានទេ៕សារុន