31.4 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​៖ ការ​លក់​ដី​សម្បទាន​ចាស់ៗ​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​កម្ពុជា​​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​ដែល​ចង់​ចាប់​ផ្តើម​ប្រតិបត្តិ​ការចម្ការ​កៅស៊ូ​ ប្រហែល​ជា​អាច​គេច​ចេញ​ពី​​បម្រាម​លើ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ៗ​ ដោយ​កាន់​កាប់​បន្ត​លើ​ដី​ចាស់ៗ​ដែល​គ្មាន​សកម្មភាព​ ជាហេតុ​នាំ​ឲ្យ​វិនិយោគិន​ថ្មី​ៗ​នៅ​ក្នុង​ទីក្រុង​កាលពី​ម្សិលមិញ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​​​ទៅ​លើ​រឿង​នេះ​។

លោក លី ផល្លា អគ្គ​នាយក​នៃ​អគ្គ​នា​យក​ដ្ឋាន​ចម្ការកៅស៊ូ​នៃ​ក្រសួង​កសិកម្ម​ បាន​ថ្លែង​ទៅ​កាន់​វិនិយោគិន​ថ្មី​ៗ​​នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​រយៈ​ពេល​ថ្ងៃ​ស្តី​ពី​វិស័យ​កៅស៊ូ​ ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​វត្ត​មាន​ចូល​រួម​ពី​សំណាក់​អ្នក​ជំនាញ​ការ​ អ្នក​ពិគ្រោះ​យោបល់ និង​អ្នក​ជំនួញ​មក​ពី​ទូ​ទំាង​តំបន់​។

លោកបាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ដី​ជិត​មួយ​លាន​ហិកតា​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ជួល​សម្រាប់​ធ្វើ​ចម្ការ​កៅ​ស៊ូ​ មាន​តែ​មួយ​ចំណែក​ប៉ុណ្ណោះត្រូវ​បាន​ប្រើ​ប្រាស់​ ចំណែក​​​ដី​ផ្សេង​ៗទៀត​ដែល​នៅ​សល់​ត្រូវ​បាន​ទន្ទ្រាន​យក​។

ទោះ​ជាយ៉ាង​ណា អង្គការ​សិទ្ធិមនុស្ស​នា​នា​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​ជំរុញ​ឲ្យ​វិនិយោគិន​ថ្មី​ៗ​ឲ្យ​កាន់​កាប់​បន្ត​បែប​នេះ​គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ ពីព្រោះ​រដ្ឋាភិ​បាលមិន​ទាន់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​​សម្បទាន​ដី​សេដ្ឋកិច្ច​ដ៏​ចម្រូង​ចម្រាសនៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​មិន​ទាន់​បាន​បញ្ចប់​ដំណើរ​ការពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​​​​មាន​ស្រាប់​នៅ​ឡើយ​ផង​ដែរ។

លោក មាធូ ភើឡឺរីន (Mathieu Pellerin)​ ទីប្រឹក្សា​ផ្នែក​បញ្ហា​សិទ្ធិ​ដី​ធ្លី​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា “ស្តាប់​ទៅ​ដូចជា​យក​រទេះ​ដាក់​នៅ​ពី​មុខ​គោ​”។

អង្គការ​សិទ្ធិមនុស្ស​នានា​​​បាន​រិះ​គន់​ប្រព័ន្ធ​​ផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ដោយ​សារ​តែ​ដី​សម្បទាន​សេដ្ឋ​កិច្ច​គឺ​ជា​មូល​ហេតុ​ដ៏​សំខាន់​ដែលនាំ​​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ទន្ទ្រាន​យក​ដី​​កើត​ឡើង​ជា​ច្រើន​។ អង្គការ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ខ្មែរ​ប្រមាណ​ជា​​៧០០.​០០០នាក់​​បាន​រង​ផល​ប៉ះ​ពាល់​​ដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច​ តាម​រយៈពេល​ការ​បណ្តេញ​ចេញ​ ការ​បាត់​បង់​ដី​ធ្លី​ ឬក៏​ការ​រាន​ព្រៃ​ តាំង​ពី​ឆ្នាំ​២០០០មក​។

ក្នុង​ពេល​ដែល​មាន​​សំឡេង​រិះ​គន់​កាន់​តែ​ច្រើន​ឡើងៗ​កាលពី​ខែ​ឧសភា ឆ្នាំ២០១២​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចំណាត់​ការ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ៗ។ រដ្ឋាភិបាល​បាន​ប្រកាស​សកម្មភាព​ចាប់​ផ្តើម​ពិនិត្យដោយ​ស្រប​ច្បាប់​លើ​​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ក៏​ប៉ុន្តែ មិន​បាន​បង្ហាញ​សញ្ញា​វឌ្ឍនភាព​ខ្លះ​ទេ​តាំង​ពី​ពេល​នោះ​មក​។

លោក ភើឡឺរីន ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ យើង​មិន​ទាន់​ឃើញ​មាន​សកម្ម​ភាព​ពិនិត្យ​ជា​លក្ខណៈ​ប្រព័ន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​នានា​ទេ បើ​គិត​រហូត​មក​ទល់​ពេល​នេះ ហើយ​វា​ជា​ជម្រើស​មិន​ល្អ​ទេ​ដែល​ត្រូវ​និយាយ​អំពី​ការ​ផ្ទេរ​សិទ្ធិ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​​ដែល​មាន​ស្រាប់​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “វា​ហាក់​ដូច​ជា​ប្រញាប់​ប្រញាល់​និយាយ​អំពី​ការ​បែង​ចែក​ទ្រព្យ​ដ៏​ច្រើន​… ដែល​អាច​នាំ​ឲ្យ​មាន​កម្មសិទ្ធិ​ឯក​ជន​ដែល​បណ្តាល​ឲ្យ​មាន​វិវាទ​ដី​ធ្លី​ដដែល​ៗ​”។ លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​​ដែល​ជា​ខេត្ត​សាប​ព្រោះ​វិស័យ​កៅស៊ូ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា លោក​មិន​បាន​ឃើញ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ទេ​​ តាំង​ពី​ចំណាត់ការ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​ថ្មី​ៗ​ត្រូវ​បាន​ដាក់​ចេញ​មក​។

ក្នុង​រយៈពេល​ជិត​ពី​ឆ្នាំ​តំាង​ពី​មាន​បម្រាម​នេះ​ និង​មាន​ការ​ពិនិត្យ​ដី​សម្បទាន​ចាស់​ៗ​មក​ លោក ឆាយ ធី បាន​ឃើញ​មាន​តែ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្ត​នេះ​ ត្រូវ​បាន​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​រាន​ដី​ជា​បណ្តោះ​អាសន្ន​។

ទាក់​ទង​នឹង​ផែនការ​របស់​លោក លី ផល្លា​ សម្រាប់​ចាប់​ផ្តើម​ផ្ទេរដី​សម្បទាន​សេដ្ឋកិច្ច​ចាស់​ៗឲ្យ​ទៅ​ម្ចាស់​ថ្មីនោះ​លោក ឆាយ ធី បាន​លើក​ឡើង​ថា “ ​វា​មិន​មែន​ជា​រឿង​ល្អ​ទេ​ ពីព្រោះ​រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ចាស់​ៗ​ដែល​បាន​ទន្ទ្រាន​យក​ដី​របស់​ប្រជាជន​ និង​មាន​សកម្មភាព​កាប់​ដើម​ឈើ​ក្នុង​ព្រៃ​…។ ក្រុម​ហ៊ុន​ថ្មី​ៗ​ដែល​ចង់​ចាប់​ផ្តើម​ធ្វើ​ចម្ការ​កៅ​ស៊ូ​ និង​អនុវត្ត​តាម​សកម្មភាព​របស់​ក្រុម​ហ៊ុន​មុនៗ​តែ​ប៉ុណ្ណោះ​”។

លោក អា៊ង វុទ្ធី ប្រធាន​អង្គការ​សមធម៌​កម្ពុជា​ (Equitable Cambodia)ឲ្យដឹងថា  បច្ចុប្បន្ន​ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ខ្លួន​ចង់​ដោះ​ស្រាយ​​បញ្ហា​ដី​សម្បទាន​ជាច្រើន​ ដូច្នេះ រដ្ឋា​ភិបាល​គួរ​តែផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រគល់​ដី​ឲ្យ​ប្រជា​ជន​ដែល​បាត់​បង់​ដី​នោះ​វិញ មិន​មែន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ផ្សេងៗទៀត​ទេ។

​ទាក់​ទង​នឹង​​ករណី​ជាច្រើន​ លោក​បាន​មាន​ប្រ​សា​សន៍​ថា “ដី​សម្បទាន​សេដ្ឋកិច្ច​មិន​គួរ​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ទេ…។ ដូច្នេះ ឥឡូវ​នេះ​រដ្ឋាភិបាល​មិន​អាច​ផ្តល់​ដី​ទាំង​នោះ​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​បាន​ទេ គឺ​ឲ្យ​ប្រជាជន​វិញ”។

ងាក​មក​រឿង​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​កៅស៊ូ​វិញ​ សេចក្តី​ប្រកាស​របស់​លោក ផល្លា កាលពី​ថ្ងៃ​ពុធ កំពុងតែ​សាយ​ភាយ​យ៉ាង​ទូលំ​ទូលាយ​​។ នៅ​ពេល​សួរ​ថា តើ​គួរ​តែ​ណែនាំ​ឲ្យ​មាន​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​កៅ​ស៊ូ​​របស់​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​ស្រីលង្កាមួយ​ឈ្មោះ​ថា ឡាំងគេម (Lankem) ​ដែល​កំពុង​ទំនាក់​ទំនង​ទិញ​ចម្ការ​មាន​ស្រាប់​មួយ​នៅ​ខេត្ត​កំពង់​ធំ បាន​លើក​ឡើង​ថា ផែនការ​របស់​លោក ផល្លា​ជាមូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​នឹង​ទិញ​ចម្ការ​នោះ។

លោក ស្រុី​យ៉ាន អេរីយ៉ាហ្គាម៉ា (Sriyan Eri-​yagama) នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ឡាំងគេម​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឮ​ដំណឹង​ល្អ​មួយ​ចំនួន​ពី​ឯក​ឧត្តម​ លី ផល្លា ថា គេ​កំពុង​ពិនិត្យ​ដី​សម្បទាន​ទាំង​នេះក្នុង​គំនិត​សុទិដ្ឋិនិ​យម​”។

លោក រ៉ាន់វៀ ចូហាន (Ranveer Chau​-han)​ នាយកគ្រប់គ្រង​ផ្នែក​កៅស៊ូ​ធម្ម​ជាតិ​នៅ​ក្រុម​ហ៊ុន អូឡាម អន្តរជាតិ​ (Olam Interna​-tional) ដែល​ជាក្រុម​ហ៊ុន​ធ្វើ​ពាណិជ្ជ​កម្ម​ផ្នែក​ទំនិញ​ពាណិជ្ជកម្ម​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​សាុំ​ទៅ​នឹង​ការងារ​នៅ​ក្នុងតំបន់​ជា​ច្រើន​ដែល​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​យល់​ឃើញ​ថា មិន​សូវ​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​​ក៏​ប៉ុន្តែ ​លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ក្រុម​ហ៊ុន ឡាំង​គេម បាន​ចាប់​អារម្មណ៍​​​លើ​ប្រទេស​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​ខ្ញុំ​មិន​ស្វែង​រក​គម្រោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ បន្ទាប់​ពី​ស្តាប់​អ្នក ​ខ្ញុំ​ពិត​ជា​នឹង​ពិនិត្យ​មើល​ដោយ​យកចិត្ត​ទុក​ដាក់​”។

រដ្ឋាភិបាលនៃ​ប្រទេស​​កម្ពុជាមាន​ក្តី​​សង្ឃឹម​ថា ខ្លួន​នឹង​ធ្វើ​ឲ្យ​វិស័យ​កៅស៊ូ​ធម្មជាតិ​របស់​ខ្លួន​ក្លាយ​ជា​វិស័យ​កសិឧស្សាហកម្ម​ធំ​បំផុត​របស់​ខ្លួន​បន្ទាប់​ពី​អង្ករ។

​កាលពី​ឆ្នាំ​មុន ប្រទេសក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​សម្រេច​បានផល​​​ចំណូល​១៧០​លាន​ដុល្លារ​ពី​សកម្មភាព​នាំចេញផលិត​ផល​​កៅស៊ូ​ចំនួន​៧៤.២០០​តោន​។ ដោយ​មាន​សកម្មភាព​ដាំ​ដើម​កៅស៊ូ​ថ្មី​ៗ​​បន្ថែម​​ ប្រទេស​កម្ពុជា​សង្ឃឹម​ថា ខ្លួន​នឹងរក​ចំណូល​​បាន​៣.០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​យ៉ាង​យូរ​នៅ​ឆ្នាំ​២០២០ ។ សុធា​

(រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស