លោក ដេវីដ ពុធណាម ដែលបានផលិតភាពយន្ត “រឿងវាលពិឃាត” កាលពីឆ្នាំ១៩៨៤ និងឥឡូវនេះគឺជាបេសកជនពាណិជ្ជកម្មរបស់ប្រទេសអង់គ្លេសប្រចាំកម្ពុជានោះបានកោតសរសើររដ្ឋាភិបាលកាលពីម្សិលមិញ ចំពោះការប្តេជ្ញារបស់ខ្លួនក្នុងការលុបបំបាត់អំពើពុករលួយ ហើយលោកបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីស្ថាបនាថែមទៀតនៅពេលដែលរដ្ឋាភិបាលបឹ្រងប្រែងអភិវឌ្ឍប្រទេស។

លោក ពុធណាម បានថ្លែងនៅពេលពិសាអាហារថ្ងៃត្រង់ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអង់គ្លេសប្រចាំកម្ពុជានៅថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកថា រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់វិធីសាស្ត្រគួរឲ្យកោតសរសើរក្នុងការលុបបំបាត់អំពើពុករលួយដែលផ្តោតលើការកែប្រែឥរិយាបថ និងតម្លៃរបស់មនុស្ស។
លោក ពុធណាម បានប្រាប់អ្នកចូលរួមប្រហែល៥០នាក់ថា “ខ្ញុំមិនគិតថា ខ្ញុំបានទៅកន្លែងណាមួយដែលខ្ញុំបានទទួលការឆ្លើយតបពេញលេញពីរដ្ឋាភិបាលអំពីបញ្ហាទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយនោះទេ”។
“ ខ្ញុំមើលឃើញមានការប្តេជ្ញា និងការតាំងចិត្តនៅទីនេះដើម្បីទប់ស្កាត់អំពើពុករលួយ ហើយការស្វែងរកឫសគល់របស់វាគឺជាការសំខាន់ណាស់។ ចាប់ពីពេលនេះទៅក្នុងរយៈពេលប្រាំឆ្នាំទៀត ខ្ញុំប្រហែលជាត្រូវគេគិតថា ជាមនុស្សភ្លើ ប៉ុន្តែ ខ្ញុំមិនគិតថា ខ្ញុំជាមនុស្សបែបនេះទេ ខ្ញុំមិនគិតថា ខ្ញុំជាមនុស្សបែបនេះឡើយ”។
ឆ្លើយសំណួរបន្ទាប់ពីលោកបាននិយាយពីកេរដំណែលនៃខ្សែភាពយន្តរបស់លោក លោក ពុធណាម បានផ្ញើសារតាមនិស្សិតដែលបានចូលរួមទស្សនាការបញ្ចាំងខ្សែភាពយន្តរឿងវាលពិឃាតកាលពីយប់ថ្ងៃពុធ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបាននិយាយប្រាប់និស្សិតថា តើពួកគេចូលចិត្តរឿងនេះដែរ ឬអត់ ពួកគេនៅតែជាក្មេងនៅក្នុងរឿងវាលពិឃាតជារៀងរហូត។ អ្វីដែលពួកគេត្រូវសម្រេច គឺថា តើរឿងវាលពិឃាតជា រឿងមួយដែលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងប្រទេសនេះ និងជាជោគជ័យដ៏ធំធេង ឬវានៅតែជាការចងចាំដ៏ខ្មៅងងឹតដែលមិនអាចបំភ្លេចបាន?”។
បេសកជនពាណិជ្ជកម្មរូបនេះក៏បានបញ្ជាក់ពីមូលហេតុដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលជំនួបដែលលោកទាំងពីគ្រោងជួបគ្នានៅថ្ងៃពុធផងដែរ។
លោក ពុធណាម បានមានប្រសាសន៍ថា “ខ្ញុំបានទទួលការសូមអភ័យទោសដ៏ស្មោះស្ម័គ្រពីលោក ហ៊ុន សែន ហើយខ្ញុំមិនមានអារម្មណ៍អាក់អន់ចិត្តអ្វីឡើយ”។ លោកបានបញ្ជាក់ថា លោក ហ៊ុន សែន បានត្អូញត្អែរពីសុខភាពមិនល្អនៅឯវេទិកាពាណិជ្ជកម្មរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ។ លោកបានពន្យល់ប្រាប់ថា “តាមពិតវាគឺជារឿងអស្ចារ្យមួយដែលលោកអាចមកចូលរួមថ្លែងសុន្ទរកថាបានព្រមទាំងលោកអាចធ្វើបានផងដែរមួយថ្ងៃមុននោះ”។
ដោយផ្តើមចេញពីការចោទសួរពីសំណាក់អ្នកយកព័ត៌មានម្នាក់អំពីការលុបចោលជំនួបនេះលោក ពុធណាម បានផ្តល់ដំបូន្មានមានខ្លះៗដល់ប្រព័ន្ធផ្សព្វផ្សាយ។
លោក ពុធណាម បានសួរអ្នកយកព័ត៌មានរូបនោះថា “ បញ្ហាប្រឈមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយគឺថា លោកត្រូវសម្រេចថា តើលោកមានតួនាទីជាអ្វី។ តើវាជារឿងត្រូវបន្ទោស ឬផ្តល់ព័ត៌មាន?”។ លោកបានបន្ថែមថា “ខ្ញុំសូមស្នើថា មានចម្លើយតែមួយប៉ុណ្ណោះ គឺព័ត៌មានពិតប្រាកដដែលមានបំណងបង្កើតលើគំនិតផ្តួចផ្តើមរបស់មនុស្សសម្រាប់អនាគត។ មិនមែនដោយការនិយាយទាំងកំហឹងអំពីបញ្ហាដែលអាចកើតមានឡើង និងមិនមែនដោយការផ្តួលរំលំអ្នកកាន់អំណាចនោះទេ”។
បន្ទាប់ពីកិច្ចប្រជុំនោះ លោក ពុធណាម ដែលរឿងវាលពិឃាតរបស់លោកនិយាយអំពីប្រវត្តិរបស់អ្នកកាសែតដែលមានការតស៊ូពីរនាក់ព្យាយាមបង្ហាញពីការភូតកុហករបស់រដ្ឋាភិបាលអំឡុងសម័យសង្គ្រាម បានបញ្ជាក់ពីការលើកឡើងរបស់លោក។ លោកបានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំទៀត រដ្ឋាភិបាលនឹងចរចាពីភាពតានតឹងរវាងស្ថិរភាព និងសេរីភាពក្នុងការបញ្ចេញមតិ ហើយលោកថា សេរីភាពនៃការបញ្ចេញមតិនេះ គឺជាគ្រោះថ្នាក់ប្រសិនបើមានការរំលោភបំពានពីប្រព័ន្ធផ្សព្វផ្សាយ។
លោកបានមានប្រសាសន៍ថា “វាជាការសំខាន់ណាស់ដែលប្រព័ន្ធផ្សព្វផ្សាយត្រូវត្រៀមខ្លួនទទួលខុសត្រូវ ឬប្រព័ន្ធផ្សព្វផ្សាយគ្រាន់តែជាដៃមួយទៀតរបស់គណបក្សប្រឆាំង?”។
អំពីស្ថានភាពនយោបាយនៅទីនោះ គឺបីទសវត្សរ៍បន្ទាប់ពីការបញ្ចេញភាពយន្តរបស់លោកដែលបានជួយឲ្យមានការដឹងទូទាំងពិភពលោកអំពីសង្គ្រាមសីុវិលនៅកម្ពុជា លោក ពុធណាម បានមានប្រសាសន៍ថា សន្តិភាពនេះគួរឲ្យសរសើរ ហើយបានអំពាវនាវឲ្យមានការអត់ធ្មត់។ លោកយល់ស្របតាមដំបូន្មានអំពីការអនុវត្តមិនបានល្អនៃឧត្តមគតិនយោបាយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំប្រាកដជាស្លាប់ដោយមិនមានការពេញចិត្តពីប្រជាជន និងព្រឹត្តិការណ៍នានា ប៉ុន្តែខ្ញុំត្រូវតែមានសុទិដ្ឋិនិយម”។ លោកបានមានប្រសាសន៍ថា “ហេតុអ្វី? ដោយសារហេតុផលតែមួយដែលរឿងវាលពិឃាតមិនដូចមុន យូរៗម្តងមនុស្សប្រព្រឹត្តល្អណាស់ ហើយយូរៗម្តងពួកគេពិតជាយល់ពីផលប្រយោជន៍ផ្ទាល់ខ្លួនដ៏ ល្អបំផុតរបស់ពួកគេ។ លោកត្រូវតែប្រកាន់ខ្ចាប់ទៅនឹងកាលៈទេសៈទាំងនោះ៕គឹមហឿន