36 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​អ្នក​រត់ការ​​នាំស្ត្រីខ្មែរ​ទៅ​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​ បញ្ជូន​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​និយាយ​កាលពី​ម្សិល​មិញថា​ ស្ត្រី​អាយុ​៥១​ឆ្នាំម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម​កាលពី​ថ្ងៃពុធ​ពី​បទ​​រ​ត់​ការឲ្យ​មាន​ការ​រៀប​​ការ​ខុស​ច្បាប់​រវាង​ស្ត្រី ខ្មែរ​ និង​បុរស​នៅ​ប្រទេស​ចិន។

លោក ថុល ម៉េង ​នាយរងការិយាល័យ​​នគរ​បាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​បាន​មាន​ប្រសាសន៍ថា ស្ត្រី​ឈ្មោះ កេត គឹម​យៀង ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​អ្នកស្រី តាំង​ សេង អាយុ​៥៥ឆ្នាំ បាន​ដាក់​ពាក្យ​បណ្តឹង​ ​ទៅ​ក្រសួង​មហាផ្ទៃ​ដោយ​អះអាង​ថា គាត់​មិន​បាន​ទទួល​​​​​ ដំណឹង​ពី​កូនស្រី​អាយុ​៣០​ឆ្នាំរបស់គាត​់​​បន្ទាប់​ពី​ស្ត្រីឈ្មោះ គឹមយៀង ​​បាននាំ​កូនស្រី​របស់ គាត​់​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​​​វិច្ឆិកា ឆ្នាំមុន។

លោក​បាន​មាន​ប្រសាសន៍ពីជន​សង្ស័យ​រូបនេះថា “ស្ត្រី​រូបនេះ​បាន​ប្រាប់​ម្តាយ​ជន​រងគ្រោះ​ថា ប្រសិន​បើ​គាត​់​ចង់​ឲ្យ​កូនស្រី​របស់​គាត់​ត្រឡប់​មកវិញ គាត់ត្រូវ​រក​ប្រាក់​ឲ្យ​នាង​១.០០០ដុល្លារ”។ លោក​បាន​មាន​ប្រសាសន៍ថា “ស្ត្រី​ជា​ម្តាយ​ជន​រងគ្រោះ​បាន​រក​ប្រាក់​ឲ្យ​ស្ត្រី​រូប​នោះ​រួច​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​មិន​បាន​ជួប​កូន​ស្រី​​របស់​គាត់​ដដែល”។

លោក ថុល ម៉េង​ បាន​មាន​ប្រសា​សន៍ថា នគរបាល​ជឿថា ស្ត្រី​ឈ្មោះ គឹម​យៀង បាន​នាំ​ស្ត្រី​យ៉ាង​តិច​បីនាក់​ទៅ​រៀប​ការ​នៅ​ប្រទេស​​​ចិនចាប់តាំង​ពីឆ្នាំ​២០១១​មក។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​​​ទៀត​​​ថា“ យើង​បាន​ចាប់​ខ្លួន​ស្ត្រី​រូបនេះ​បន្ទាប់ពី​មាន​ដីកាពី​ត​ុលា​ការ”។

យោង​តាម​លោក ថុល ម៉េង​ បាន​ឲ្យ​ដឹង​ថា ស្ត្រីឈ្មោះ គឹម​យៀង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវ​បាន​ចោទ ប្រកាន់​ពី​បទ​​ជួញដូរ​មនុស្ស​។

កាលពី​ឆ្នាំ​២០១៣ ក្រសួង​មហាផ្ទៃ​បាន​ជួយ​សង្គ្រោះស្ត្រី​៣៥នាក់​ដែលត្រូវ​គេ​នាំ​ ឬ​កំពុង​​ត្រូវ​គេ​រត់ការ​​យក​ទៅ​រៀប​ការ​​នៅ​ប្រទេស​ចិន ហើយ​បាន​ចាប់ខ្លួន​អ្នក​រត់ការ​​២០នាក់​ដែលបាន​នាំស្ត្រី​ទាំង​នោះ​​ទៅ​រៀប​​ការ​នៅ​ប្រទេស​ចិន៕សារុន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស