26 C
Phnom Penh

រដ្ឋាភិបាល​ប្រគល់​តួនាទី​ចុះ​បញ្ជី​សហ​គ្រាស​​ខ្នាត​តូច​និង​មធ្យ​ម​ទៅ​ក្រសួង​ឧស្សា​ហ​កម្ម​ និង​សិប្បកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីថ្ងៃ​អង្គារ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែនបាន​​បង្ហាញ​ពី​តួនាទី​​របស់​​ក្រសួង​ឧស្សា​ហកម្ម​ និង​សិប្បកម្ម ដែល​ទើប​​បង្កើត​ថ្មី​កាលពីចុង​ឆ្នាំ​ មុន ដោយ​ប្រកាស​​​ថា ក្រសួង​នេះ​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​តែ​មួយ​គត់​​គឺ​ការ​ចុះ​បញ្ជី​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម។

កាលពី​ឆ្នាំមុន រដ្ឋាភិបាល​បាន​ប្រកាស​ថា ក្រសួង​ឧស្សាហកម្ម​ រ៉ែ ន​ិង​ថាម​ពល​ នឹង​ត្រូវ​បំបែក​ជា​ពីរ​ក្រសួង ដែលក្រសួង​មួយ​ទៀត​នោះ គឺ​ក្រសួងរ៉ែ និង​ថាមពល ។

លោក ចម ប្រសិទ្ធ ដែលមកកាន់​តួនាទី​ជា​​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល​នោះ​ ត្រូវ​បាន​ផ្ដល់តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ ឧស្សា​ហ​កម្ម​ និ​ង​សិប្បកម្ម។ លោក​​​ ចម ប្រសិទ្ធ  ក៏ជា​អតី​ត​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផង​ដែរ​​​។

នៅវេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែក​ឯក​ជន​លើក​ទី១៧ កាលពីថ្ងៃ​អង្គារ​ លោក​ ហ៊ុន សែន បាន​អញ្ជើញ​​ប្រធាន​ក្រុម​ការ​ងារ​១០​រូប​​នៅ​ក្នុង​វេទិកានេះ​ឲ្យធ្វើ​សេចក្ដី​រាយ​ការណ៍​ និង​លើក​សំណើ​ទៅ​រដ្ឋា​ភិបាល​សុំឲ្យ​​កែសម្រួល​គោល​នយោ​បាយ​។

លោក តែ តាំងប៉ោ ពាណិជ្ជករ​ម្នាក់​ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​សហគ្រាស​ខ្នាតតូច និង​មធ្យមបាន​ជម្រាប​លោក​ ហ៊ុន សែន ថា ម្ចាស់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ជាច្រើន​មាន​ការ​លំបាក​ក្នុង​ការ​ព្យាយាម​ចុះ​បញ្ជី។

លោក​បាន​មាន​ប្រសាសន៍ថា “ សហ​គ្រាស​​ខ្នាត​តូច​និង​មធ្យមប្រឈមនឹង​ការ​លំបាក…​នៅក្នុង​នី​ត​ិ​វិធី​ច្បាប់​សម្រាប់​ការ​ចុះ​បញ្ជី”​​​ ដោយ​ស្នើឲ្យ លោក​ ហ៊ុន សែន បង្កើត​ “ ច្រក​​ចេញ​ចូល​តែ​មួយ” សម្រាប់​ការ​ចុះបញ្ជី​សហ​គ្រាស​​​​ខ្នាត​តូច​ និង​មធ្យម។

លោក​បាន​មាន​ប្រសាសន៍​ថា “ [ម្ចាស់​សហ​​គ្រាស​ខ្នាត​តូច​ និង​មធ្យម]​ មាន​ការ​លំបាក​ក្នុង​ការ​ចុះបញ្ជី ពីព្រោះ​ពួកគេ​មិន​ដឹង​ថា តើ​ក្រសួង​​មួយ​ណា​ ឬក្រសួង​ប៉ុន្មាន​ដែល​ពួកគេ​ត្រូវ​ចុះបញ្ជី​នោះ”។

លោក​ ហ៊ុន សែន បាន​ប្រកាស​ភ្លាមៗ​ថា មាន​តែ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្មមួយ​ប៉ុណ្ណោះ​​នឹង​ត្រូវ​ផ្ដល់អំណាច​ឲ្យ​​ទទួល​យក​ការ​ចុះ​បញ្ជី​សហ​គ្រាស​ខ្នាត​តូច​ និងមធ្យម​។

លោក​ ហ៊ុន សែន បាន​មា​ន​​ប្រសា​សន៍ថា “ ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស​់​ត្រូវ​​ផ្ទេរ​អំណាច​របស់​ខ្លួន​ទៅ​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​​​កម្ម​ដើម្បី​ឲ្យ​​ការ​​ចុះ​បញ្ជី​​ធ្វើ​ឡើង​​​នៅ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ។​​លោក​បាន​​បញ្ជាក់​ថា វេទិកា​រាជ​រដ្ឋាភិ​បាល​-ផ្នែក​ឯក​ជន​នេះ​ ត្រូវ​​បាន​ផ្សាយ​បន្ត​ផ្ទាល់​ទូទាំង​​ប្រទេស​តាម​ទូរទស្សន៍​​ជាតិ​​​​ កម្ពុជា​​​។ លោក​បាន​បន្ថែម​ថា “ សូម​ចុះ​បញ្ជីតែ​មួយ​កន្លែង​​បាន​ហើយ​ កុំ​ទៅ​ច្រើន​កន្លែងអី​”​​​។

យោង​​តាម​សាជីវកម្ម​ហិរញ្ញវត្ថុអន្ត​រជាត​ិ​ ជា​​ដៃ​គូផ្នែក​ឯក​ជន​របស់​ធនាគារ​ពិភព​លោក​​បាន​ឲ្យដឹង​ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម​មាន​ចំនួន​​៩៩​ភាគរយ​នៃ​ក្រុម​ហ៊ុ​ន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​​មនុស្ស​៤៥​ភាគរយ​​នៅ​ទូទាំង​ប្រទេស​បម្រើការ​ងារ​នៅ​ក្នុង​វិស័យ​នេះ​​៕ សារុន​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស